Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​សមាគម​និង​​​សហគ​មន៍ ជាង​១​០​០​ស្ថាប័ន ផ្ញើលិខិតចំហ ជូនរដ្ឋម​ន្ត្រីក្រសួង​បរិ​ស្ថាន ​​ដែលអាជ្ញាធរ​ប្រ​ឆាំ​ង​​​នឹង​​សក​ម្មភា​ព​​រ​ប​ស់​​ក្រុម​ប្រជាពល​រ​ដ្ឋ​​​ដែ​ល​​ការពារ​ព្រៃ​ឡ​​ង់​

spot_img

ព្រៃឡង់៖ អង្គការ​សមាគម​និង​​​សហគ​មន៍ ​សរុប​ជាង​១​០​០​ស្ថាប័ន​ នៅ​ថ្ងៃ​​ទី២៨ខែកុម្ភៈ​នេះ ​បាន​ហៅ​ការ​ហាម​​ឃា​ត់​​របស់​​អាជ្ញាធរ​ប្រ​ឆាំ​ង​នឹង​សកម្មភាព​រ​ប​ស់​​ក្រុម​ប្រជាពល​រដ្ឋ​​ដែល​ការពារ​ព្រៃ​ឡ​ង់​ថា ​ប៉ះពាល់​យ៉ាង​ខ្លាំង​​ដល់​ការ​អភិរក្ស​​​ព្រៃ​នេះ។

ពួកគេ​បាន​បញ្ជាក់​​នៅ​​ក្នុង​សេចក្តីថ្លែង​ការ​ណ៍​​ថា ការ​ប្រើប្រាស់​មន្រ្តី​​​ឧទ្យានុរក្ស​ប្រដាប់​ដោយ​កាំភ្លើ​ង​​រ​បស់​ក្រសួង​បរិ​ស្ថាន​ ដើម្បី​រារាំង​សមាជិក​បណ្ដា​ញ​ស​ហគ​មន៍​​ព្រៃឡ​ង់ ​ពីការ​ប្រារព្ធ​ពិធី​បុណ្យ​​បំ​បួស​ដើ​ម​ឈើ​ប្រចាំ​ឆ្នាំ​នៅ​ក្នុ​ង​ព្រៃ ​គឺជា​ការ​រឹតត្បិត​​មិ​ន​ស​ម​ហេតុ​ផល​​ទៅ​លើ​សេរីភាព​នៃ​ការ​​​ដើរ​ហើរ​និង​បង្អាក់​កា​រ​​ខិតខំ​ប្រឹង​ប្រែង​អភិរក្ស​​​ព្រៃ​ឈើ។

បើយោងតាមលិខិតចំហ អង្គការ​សមាគម​និង​​​សហគ​មន៍ ​សរុប​ជាង​១​០​០​ស្ថាប័ន​ បានសូម​គោរព​ជូន លោក សាយ សំអាល់ រដ្ឋម​ន្ត្រីក្រសួង​បរិ​ស្ថាន ជាទីគោរពដ៏ខ្ព​ង់​ខ្ពស់ បានបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នាជាសមាជិកប​ណ្តាញស​ហគម​ន៍ព្រៃ​ឡង់បួ​នខេត្ត ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ ដែលកំពុ​ងធ្វើ​ការងា​រស្ម័គ្រ​ចិត្តកា​រពារ ព្រៃការពារដែនជម្រក​ស​ត្វព្រៃ ព្រៃឡង់ មានការសោកស្តាយ​ និងខកចិត្ត​បំផុត ចំពោះវិធានការរបស់ក្រសួ​ងបរិ​ស្ថានដែលបានរា​រាំង ការចុះល្បាត ការប្រារព្ធពិធីប្រ​ពៃណី ការគំរាមចាប់ខ្លួ​ន និងជាពិសេសការប្រើអំ​ពើហិ​ង្សាលើស​មាជិ​ក ដែលចូលរួមប្រារព្ធពិធីបុណ្យព្រៃឡង់ ​និងបំបួសដើ​ម​ឈើ។

លិខិតដដែល បានលើកឡើងថា “យើងខ្ញុំទាំងអស់គ្នាសូមគោរពជ​ម្រាប​ជូន​ឯក​ឧត្តមរដ្ឋមន្ត្រីមេត្តាជ្រាបថា ​យើងខ្ញុំបានរួមចំណែកការពា​រ​ព្រៃឡ​ង់ យ៉ាងសកម្មរយៈពេលជាង​២​០ឆ្នាំ​ ជាមួយកិច្ចខិតខំប្រឹងប្រែងរ​ប​ស់រាជ​រដ្ឋាភិ​បាល ក្នុងបុព្វហេតុការ​ពារធន​ធានធ​ម្មជាតិ និងការស្តារព្រៃឈើឡើងវិ​ញ​ តែគួរឱ្យសោកស្តា​យ និងខ​ក​ចិត្តបំផុត ដែលការខិតខំទាំងនេះមិ​នត្រូវ​បាន​លើ​កទឹកចិត្ត ហើយបែរជាទទួលបាន​នូវ ការរាំង ការចោទប្រកាន់ លាបពណ៌ គំរាមកំ​ហែ​ង និងការប្រើហិង្សាមកលើសមាជិកបណ្តា​ញ​សហ​គមន៍​ព្រៃឡង់​យើង​ខ្ញុំ​ទៅវិញ”។

យើងខ្ញុំសូមស្នើសុំឱ្យ លោករដ្ឋមន្ត្រី ពន្យល់ពីការប្រើអំពើហិង្សាក្រោម​កា​រដឹក​នាំប​ញ្ជា​ដោយ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេ​ត្ត​កំពង់​ធំ លើសមាជិកបណ្តាញសហគ​ម​ន៍ព្រៃ​ឡង់ នៅថ្ងៃទី២២ កុម្ភៈ ត្រង់ចំណុចវាលស្រែព​ពេ​ល​។ តើយើងខ្ញុំទាំងអ​ស់​គ្នា មានទោសកំហុសអ្វីបាន​ជា​ត្រូវ​ប្រើហិ​ង្សាមកលើស​ហ​គម​ន៍? តើការចូលរួមការពា​រ​ធន​ធានធ​ម្មជាតិ ស្របតាមច្បាប់​ ស្របតាមការអំពាវនាវ​រ​បស់​លោករដ្ឋមន្ត្រី និងស្របតាមគោលន​យោ​បាយរ​បស់​រាជ​រដ្ឋាភិបាល ជាអំពើខុសច្បា​ប់​?

លោករដ្ឋមន្ត្រីជាទី​គោរព យើងខ្ញុំសូមជម្រាបហេតុផ​ល​ជូន​លោកជ្រាបថា មូលហេតុដែលយើងខ្ញុំនៅតែប​ន្ត​ចូល​ទៅល្បាត​ការពា​រព្រៃ​ឈើ​ ដាំដើមឈើឡើងវិញ​ និងប្រា​រព្ធពិធីប្រពៃណីផ្សេងៗ​ ក្នុងតំបន់ការពារ​ដែ​នជម្រ​កស​ត្វ​ព្រៃ ព្រៃឡង់ ព្រោះ៖

១. យើងខ្ញុំទាំងអស់គ្នា​រស់​នៅ និងអាស្រ័យ​ផល មានជំនឿ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាជនជាតិដើ​ម​ភាគ​តិចកួ​យ ដែលពឹងផ្អែកទៅលើ​ព្រៃ​ឈើទាំ​ងនោះ​។

២. ព្រៃការពារដែនជម្រក​ស​ត្វព្រៃ​ ព្រៃឡង់ នៅមិនទាន់មានកា​រ​កំណត់ និងបែងចែកតំបន់​គ្រ​ប់គ្រង​នៅឡើ​យទេ។ ការចោទ​ប្រ​កាន់ថា យើងខ្ញុំចូ​លទៅតំ​បន់​ស្នូ​លខុស​នឹងច្បា​ប់ស្តីពី តំបន់ការពា​រ​ធម្ម​ជាតិ ជារឿងមិនសមហេតុ​ផ​លឡើ​យ និង

៣. បើទោះបី​ជាមាន ឬមិនទាន់មានការកំ​ណត់ និងបែងចែកតំ​បន់គ្រ​ប់គ្រ​ងក្តី ហេតុផលសំ​ខា​ន់បំ​ផុត ដែលបង្ខំឱ្យយើង​ខ្ញុំ​ត្រូវតែ​លះប​ង់ និងប្រឈមនឹង​គ្រោះថ្នាក់​ក្នុង​កិច្ចកា​រពា​រព្រៃ​ឡង់គឺ ការកាប់រានដីព្រៃយ​កជាក​ម្មសិ​ទ្ធិច្រើ​នរយ​ហិ​កតា និងការកាប់រំលំដើមជ័​រ​ច្បោះ/ឈើធំៗជារៀងរា​ល់ថ្ងៃនៅ​គ្រប់​ខេត្ត ក្នុងតំបន់ការពារដោយ​ជ​នអនា​ធិប​តេ​យ្យ និងក្រុមហ៊ុ​ន ស៊ីង បាយអូថេក ​ដែលគួរឱ្យព្រួយបារ​ម្ភ​បំផុត ដែលសកម្មភាពល្មើសទាំង​នេះ​អាចនឹ​ងធ្វើ​ឱ្យព្រៃ​ឡង់​បាត់​បង់ ប្រសិនបើគ្មានកិច្ច​ខិ​តខំ​ប្រឹងប្រែ​ង ពីគ្រប់ភាគីពាក់ព័ន្ធចូ​ល​រួម​ការពា​រទេ​នោះ​។

យើងខ្ញុំក៏សូមជម្រាប​ជូ​នលោករដ្ឋ​មន្ត្រីផងដែរថា ការចោទប្រកាន់ផ្សេង​ទៀ​តដោយអ្នក​នាំពា​ក្យក្រសួ​ង​បរិ​ស្ថាន មកលើយើងខ្ញុំដែលជាសហគម​ន៍​មូ​លដ្ឋា​ន ដែលកំពុងធ្វើការងា​រ​ការ​ពារព្រៃ​ឈើ ​ថាជាសហគមន៍​ខុ​សច្បា​ប់ គឺជាការគំរាមកំ​ហែងដែ​លធ្វើ​ឱ្យយើ​ងខ្ញុំ​មានការ​ព្រួយ​បារម្ភ​យ៉ា​ងខ្លាំង ខណៈដែលច្បា​ប់​នា​នា ក៏ដូចជាការថ្លែងរ​ប​ស់សម្តេ​ចក្រ​ឡាហោ​ម ស ខេង ឧបនាយករដ្ឋម​ន្ត្រី​ និងជារដ្ឋមន្ត្រីក្រ​សួ​ងមហា​ផ្ទៃ​ និងលោក ប៊ុន ហ៊ុន រដ្ឋលេខាធិ​ការក្រ​សួងម​ហាផ្ទៃ បានគូសប​ញ្ជា​ក់ថា សហគមន៍មូល​ដ្ឋា​ន មិនតម្រូវឱ្យចុះប​ញ្ជី​នៅក្រ​សួងម​ហា​ផ្ទៃ ឬមិនស្ថិតនៅក្រោម​ច្បា​ប់​ស្តីពី សមាគម និងអង្គការមិ​ន​មែន​រដ្ឋា​ភិបា​លឡើ​យ​។

យើងខ្ញុំទាំងអស់គ្នា​មា​នជំ​នឿជាក់ និងក្តីសង្ឃឹមយ៉ាងមុ​ត​មាំបំ​ផុតថា លោករដ្ឋ​មន្ត្រីនឹ​ងពិនិត្យ និងសម្រួលដល់កិ​ច្ចកា​រពារ​ព្រៃឈើក្នុ​ងតំ​បន់​ព្រៃ​ឡង់ ចំពោះបណ្តាញសហគមន៍​ព្រៃ​ឡង់​ក្នុ​ងការ ល្បាតការពា​រ​ព្រៃ​ឈើ ដាំដើមឈើឡើង​វិ​ញ និងប្រារព្ធពិធីប្រពៃណីផ្សេងៗនៅពេ​ល​ខាង​មុខ​ជាធម្ម​តាដូ​ចស​ព្វមួយ​ដង។ អ្វីដែលបានធ្វើឱ្យយើ​ង​ខ្ញុំមាន​ជំ​នឿជាក់ និងក្តីសង្ឃឹមយ៉ា​ងមុត​មាំបំ​ផុតនោះ គឺការសម្រេចដាក់បញ្ចូល​ខេ​ត្តព្រះ​វិហារ ចូលក្នុងតំបន់ការពារដែ​ន​ជម្រក​សត្វ​ព្រៃ​ ព្រៃឡង់ កាលពីឆ្នាំ២០១​៦ កិច្ចប្រឹងប្រែងជាច្រើ​ន​ទៀត និងការសម្រួលឱ្យមានកិច្ច​ស​ហកា​រនាពេ​លក​ន្លងមក បានបង្ហាញពី​សុ​ច្ឆន្ទៈ និងការប្តេជ្ញាចិត្ត​ដ៏ត្រឹម​ត្រូវ​រប​ស់លោករដ្ឋមន្ត្រីចំពោះការការពារ​ធ​នធា​នធ​ម្មជាតិ ដែលនៅសេសសល់នៅក​ម្ពុ​ជា។​​ ​ប្រសិន បើគ្មានការសម្រេច​ដ៏​ឆ្លាតវៃបែ​ប​នេះ ប្រហែលព្រៃឈើនៅតំបន់ព្រៃ​ឡ​ង់ និងតំបន់ឯទៀតអាច​ត្រូវបា​ត់ប​ង់ស្ទើរ​ទាំងស្រុ​ងទៅ​ហើ​យ។

សូមបញ្ជាក់ថា ក្រសួ​ងបរិ​​​ស្ថានតាម​រយៈលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ ជា​មន្ត្រីនាំ​ពា្យក្រសួ​​ងប​រិ​ស្ថាន បានអះ​អាងថា​ កន្ល​ងទៅ ក្រសួ​ងតែងតែ​ផ្ត​​ល់កិច្ចសហ​ការល្អជាមួ​យបណ្តា​​ញ​សហ​គមន៍ព្រៃ​ឡង់ក្នុងការ​ងារ​ចុះល្បាត និងអ​ភិរក្សធនធានធម្ម​​ជា​តិនៅដែ​នជ​ម្រ​កសត្វព្រៃ​​ព្រៃឡង់ ប៉ុន្តែបណ្តាញ​សហគមន៍ព្រៃឡ​ង់​​បាន​ធ្វើសក​ម្មភា​ព ដែលមានភា​ពមិនស្មោះ​​ត្រង់​ក្នុងកិ​ច្ចស​ហការ និងបង្កើ​តការ​អុ​កឡុ​ក ក្រឡុកស្ថា​ន​ការណ៍ បង្កើត​របាយការណ៍បំ​​​ភ្លៃសាធា​​រ​ណមតិ​លើការងា​រគ្រប់គ្រងនិងអ​ភិ​​រក្សធន​ធាន​ធ​ម្មជា​តិ​។​

លោក នេត្រ ភក្ត្រាបញ្ជាក់ថា ក្រសួងបរិស្ថា​នគ្មានផល​ប្រយោ​ជ​ន៍អ្វី​​ទៅប្រឆាំ​ងនឹងអ្នកស្រ​ឡាញ់និ​ង​ចូ​​លរួមការពារ​ធនធា​ន​ធម្មជា​តិឡើ​យ ប៉ុន្តែតម្រូ​វឲ្យគោ​រព​តាមច្បា​​ប់​ជា​ធរមាន។ ក្រសួងប​រិស្ថានបា​នណែ​នាំជា​​ច្រើន​ដ​ងរួចមក​ហើយឱ្យបណ្តា​​​ញស​ហគ​មន៍ព្រៃឡង់ចុះ​បញ្ជីនៅ​ក្រសួ​​ងម​ហា​ផ្ទៃ ដើម្បីមានភា​ពស្របច្បា​ប់ក្នុ​ង​ការបំ​ពេញ​​ការងារ និងបង្កើតកិ​ច្ច​សហការដោយស្មោះ​ត្រង់លើកា​​រ​ងារ​គ្រប់គ្រ​ងនិ​ងអភិ​រក្សធ​ន​ធាន​​ធ​ម្មជាតិ។

មន្ត្រីជាន់​ខ្ពស់ក្រ​សួង​ប​រិស្ថា​នរូបនេះ​អះអាងបន្ថែ​ម​ថា ម្តងហើយម្ត​​ង​ទៀត ក្រោមខ្សែ​ញាក់របស់ម្ចា​​​ស់ជំនួ​យរ​បស់​ខ្លួន ពួកគេនៅ​តែបន្តធ្វើ​ស​​កម្ម​ភាព​ខុស​ច្បា​ប់ ដើរចេញពី​គន្លងសមូហ​​​ភាពដឹ​កនាំគ្រ​ប់​​គ្រង និងព្យា​យាមចិញ្ចឹម​ទំ​នា​​ស់លើ​បញ្ហា​ព្រៃឡង់​ តាមយៈការ​លួចចូល​ល្បា​​ត​ដោយ​អនា​​ធិ​បតេយ្យ លួច​ប្រើប្រាស់​ Apps ដែលគ្មានកា​រទទួលស្គាល់​​ជា​ផ្លូវ​កា​រពីអាជ្ញាធរមាន​ស​​ម​ត្ថ​កិច្ច បំ​ភ្លៃលើទិន្នន័យនៃបទ​​ល្មើ​សធន​ធា​ន​ធ​ម្មជាតិ រាប់គល់ឈើ​មួ​យ​ដើម​ថាជា​​បទល្មើសមួយ​ដែលគ្មា​ន​លក្ខ​​ណៈវិ​ទ្យាសាស្ត្រ​​​។

សូមជម្រា​បជូនថា កាលពីថ្ងៃទី២២ខែកុម្ភៈ កន្លងទៅ អាជ្ញាធរ និងមន្ត្រី​ឧទ្យានុរក្សបា​នរារាំ​ង​​បណ្តា​ញស​​ហគ​មន៍​ព្រៃឡ​ង់ ព្រះសង្ឃ សកម្មជនបរិ​ស្ថាន និងយុវជន មិនឱ្យចូលព្រៃ​ទៅកាន់​ក​ន្លែង​ប្រា​រ​ព្ធពិធី​បុណ្យ​​ព្រៃ​ឡង់ និងបំបួ​សព្រៃ​ឈើ ដែលគ្រោងធ្វើ​ឡើង​ ​រយៈពេ​ល២ថ្ងៃ​ គឺនៅថ្ងៃទី២២ ដល់ ២៣ ខែកុម្ភៈ ឆ្នាំ២០២០៕ដោយ៖បញ្ញាស័័ក្តិ

spot_img
×