Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តពោធិ៍សាត់ ត្រូវ​ជាប់ ពន្ធនាគារ​៨​ឆ្នាំ និង​រឹបអូស​ទ្រព្យសម្បត្តិ​ទុកជា​របស់​រដ្ឋ​ និងបក្ខពួក២នាក់ ជាប់គុក២ឆ្នាំ

spot_img

​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ បានសម្រេច​ផ្តន្ទាទោស​ជន​ត្រូវ​ចោទ​ឈ្មោះ លឿម ប៊ុន​រឿន អតីត​ប្រធាន​មន្ទីរ​ខេត្តពោធិ៍សាត់ ពីបទ​សម្អាត​ប្រាក់ បទ រំលោភ​អំណាច និង​បទ វិ​តិ​ក្រម ដាក់ពន្ធនាគារ​រយៈពេល​៨ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨.០០០.០០០​លាន​រៀល​។​

​ចំណែក ទ្រព្យសម្បត្តិ​មួយចំនួន​ដែលជា​ផល​នៃ​បទល្មើស ឬ​កើតចេញពី​ផល​នៃ​បទល្មើស​ត្រូវ​តុលាការ សម្រេច​រឹបអូស​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ មាន​ជាអាទិ៍​ដូចជា អចលនវត្ថុ (​ដី​ផ្ទះ​) មាន​ទីតាំង​ស្ថិតនៅ​បុរី​ប៉េង​ហួត (​ប៉ុស្តិ៍​វិទ្យុ​ស្ទឹងមានជ័យ​) រាជធានី​ភ្នំពេញ​។ អចលនវត្ថុ (​ដី​ផ្ទះ​) មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដូង​ជ្រុំ ខេត្តពោធិ៍សាត់​
​។ អចលនវត្ថុ (​ដី​ផ្ទះ​) មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្ពានថ្ម ខេត្តពោធិ៍សាត់​។ រថយន្ត​ចំនួន​ពីរ​គ្រឿង ម៉ាក Lexus 570 ពណ៌​មាស ស៊េរី​ឆ្នាំ​២០១០ មួយគ្រឿង និង​រថយន្ត​ម៉ាក KIA Morning ពណ៌​ស ស៊េរី​ឆ្នាំ​២០១២ មួយគ្រឿង និង​ទ្រព្យសម្បត្តិ​មួយចំនួនទៀត​។​

​ដោយឡែក អ្នកពាក់ព័ន្ធ ១-​ឈ្មោះ តែ ប៊ុន​ថេ​ង អតីតមន្ត្រី​ច្រកចេញចូល​តែមួយ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល ២​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥០០០០០០ រៀល និង ២-​ឈ្មោះ ជាង វុទ្ធី អតីត​អនុប្រធាន​មន្ទីរ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥០០០០០០ រៀល​ពីបទ​វិ​តិ​ក្រម​។​

​សូមបញ្ជាក់ថា កាល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅ លោក លិ សុខា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន ប្រធាន អនុប្រធាន និង​មន្ត្រី​សុរិយោដី​ខេត្តពោធិ៍សាត់​ទាំង ៣​នាក់ ដាក់ពន្ធនាគារ​ព្រៃ​ស ជា​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ចំនួន​៣​បទល្មើស​។​

​លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យដឹងថា មុន​ការឃុំខ្លួន​នេះ​តំណាង​អយ្យការ​បានសម្រេច​ចោទប្រកាន់ បុគ្គល​ទាំង​៣​នាក់​នេះ ចំនួន ៣​បទល្មើស​រួមមាន​៖ ទី​១៖ បទ​វិ​តិ​ក្រម តាម​ក្រមព្រហ្មទណ្ឌ​, ទី​២៖ បទ​រំលោភ​អំណាច តាមច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ និង​ទី​៣៖ បទ​សម្អាត​ប្រាក់ តាមច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញវត្ថុ​។​

​សូមជម្រាបថា មន្ត្រី​សុរិយោដី​ខេត្តពោធិ៍សាត់​ទាំង​៣​រូប ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៣០ ខែកក្កដា ក្នុងនោះ​រួមមាន​៖ ១ ឈ្មោះ លៀម ប៊ុន​រឿន ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់​, ២ ឈ្មោះ ជាង វុទ្ធី អនុប្រធាន​មន្ទីរ​ទទួល​ការងារ​សំណង់ ៣ ឈ្មោះ តែ ប៊ុន​ថេ​ង មន្ត្រី​សុរិយោដី​ខេត្ត​ទទួលបន្ទុក​ច្រក​។ ប្រធាន អនុប្រធាន​និង​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះទៅ​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ខេត្តពោធិ៍សាត់ ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដោយ​សង្ស័យ​ប្រព្រឹត្ត​អំពើពុករលួយ គប់គិត​ទារលុយ​ពី​ម្ចាស់​ដី ដោយ​ខុសច្បាប់​ចំនួន ១០​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​ចេញ​ច្បាប់​សាងសង់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×