Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងទង​កូរ​សមុទ្រ​ទឹកដោះ​ក្នុង​ប្រាសាទអង្គរវត្ត នឹង​មាន​ការបំពាក់​ពិតាន​ឡើងវិញ​

spot_img

​សៀមរាប​៖ រោងទង​កូរ​សមុទ្រ​ទឹកដោះ​នៃ​ប្រាសាទ​អង្គរវត្ត​ដែល​ស្ថិតនៅ​ផ្នែក អាគ្នេយ៍ នឹង​ត្រូវ​ធ្វើ ការបំពាក់​ពិតាន​ឡើងវិញ​។ ការបំពាក់​ពិតាន​ឈើ​នៅលើ​រោងទង​កូរ​សមុទ្រ​ទឹកដោះ​នៅ ប្រាសាទអង្គរវត្ត ជា​គម្រោង​សហការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង អង្គការ​មូលនិធិ​ប្រាសាទ បុរាណ​ពិភពលោក (World Monument Fund-WMF) របស់​សហរដ្ឋអាមេរិក​។​

លោកស្រី ជាម ផល្លី អ្នកសម្របសម្រួល​អង្គ​ការ​មូលនិធិ​ប្រាសាទបុរាណ​ពិភពលោក​ ​និងជា​អ្នកអនុវត្ត​គម្រោង បានឱ្យ​ដឹង​នៅ ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៨ នេះ​ថា ៖ ពិតាន​ឈើ ទាំងអស់​ត្រូវ​ឆ្លាក់​តាម​ទម្រង់​ដើម ដែល​មាន​បន្សល់​ទុក​តាំង​បុរាណកាល​មក ដើម្បី​ដាក់​នៅ លើ​ពិតាន​រោងទង​កូរ​សមុទ្រ​ទឹក​ដោះ​។ ម្យ៉ាងទៀត ទាំង​សមត្ថភាព​ឆ្លាក់ និង គុណភាព​រូប ចម្លាក់​ក៏​ត្រូវ​ទទួលស្គាល់​ដោយ​គណៈកម្មការ​អាយ​ស៊ី​ស៊ី​-​អង្គរ ដែរ​ឈើ​ដែល​ត្រូវ​យកមក​​ឆ្លាក់​ធ្វើជា​ពិតាន​គឺ​ប្រភេទ​ឈើ​គគីរ​។ ហេតុផល​ដែល​ជ្រើសរើស​ឈើ​គគីរ ព្រោះ​ថា​ឈើ​ពិ​តាន ដែល​បន្សល់​ពី​បុរាណ​និង​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ និង សារមន្ទីរ​នៅ​ប្រទេស​បារាំង ក៏​ជា​ប្រភេទ​ឈើ​គគី​រដែរ​។​

​លោកស្រី ជាម ផល្លី ពន្យល់​ទៀត​ថា សាច់​ឈើ​គគីរ​ធន់​នឹង​ទឹក​ហើយ​គម្រោង​នេះ ត្រូវ ការ​ឈើ​គគីរ​ប្រមាណ​ជាង ១០​ម៉ែត្រ​គីប ។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នៅពេលនេះ គឺ​កង្វះ​ឈើ​ដែល ធ្វើឱ្យ​គម្រោង​មាន​ភាពយឺតយ៉ាវ​។​គម្រោង​បំពាក់​ពិតាន​ឈើ​ថ្មី​លើ​រោងទង​កូរ​សមុទ្រ​ទឹកដោះ​នេះ ទទួលបាន​ការគាំទ្រ​ពី​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​អង្គរ តាំង​សម័យ​កិច្ចប្រជុំ​បច្ចេកទេស លើក​ទី​២៥ នៅ ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥​កន្លង​មក​ម្លេះ​។​

លោក លី វណ្ណា ប្រធាន​នាយកដ្ឋាន​អភិរក្ស​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើង​នៅ​ថ្ងៃ​ដដែល​ថា ពិតាន​ឈើ​ថ្មី​ដែល​នឹង​ត្រូវ​យក​ទៅ​បំពាក់ លើ​ថែវ​កូរ​សមុទ្រ​ទឹកដោះ​នេះ គឺ​មាន​ឆ្លាក់​ចម្លាក់​ក្បាច់ ធ្វើតាម​សំណល់​បុរាណ​ដោយមាន ក្បាច់​ចំនួន​១០​ប្រភេទ គឺ ក្បាច់​ផ្កា​ចាន់ ក្បាច់​ផ្កា​ពងត្រី ក្បាច់​ត្រឡាច​បំបែក ក្បាច់​ពេជ្រ​ក្តារ ក្បាច់​ចែង​អង្គរ ក្បាច់​ស្នឹង​ព័ទ្ធ ក្បាច់​សន្លឹក​ឈូក​បំបែក ក្បាច់​ពងត្រី​រង្វង់ ក្បាច់​កេសរ និង ក្បាច់​ផ្លែ​ឈូក​។​

​គួរបញ្ជាក់​ថា​នៅ​ឆ្នាំ​២០០៨​រហូតដល់​ឆ្នាំ​២០១២ អាជ្ញាធរ​ជាតិ​អប្សរា និង អង្គកា​រមូល និធិ​ប្រាសាទបុរាណ​ពិភពលោក​បាន​ជួសជុ​ល​ដំបូល​រោងទង​កូរ​សមុទ្រ​ទឹកដោះ​ដើម្បី​រក្សា​ឱ្យបាន​នូវ​ផ្ទាំង​ចម្លាក់​ដែល​រៀបរាប់​ពី​ការ​កូរ​សមុទ្រ​ទឹកដោះ​តាមរយៈ​ការ​ទាញ​ព្រ័ត​យក​ឈ្នះ​ចាញ់ រវាង​ពួក​ទេព​និង​ពួក​អសុរ​។ ឯ​ការជួសជុល ចាំបាច់​ត្រូវ​ប្រើប្រាស់​បន្ទះ​សំណ ពី​២​ទៅ​៣​មី​លី​ម៉ែត្រ ធ្វើយ៉ាងណា​កុំ​ឱ្យ​ទឹក​លិច​ដំបូល ដែល​នឹង​អាច​ប៉ះពាល់​ដល់​ចម្លាក់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×