Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់! ចូល​ទឹកដី​អាមេរិក​តាំង​ឆ្នាំ​១៩៨១ មាន​ទាំង​កាត​បៃតង លុះ​មាន​រឿងរ៉ាវ បែរជា​ត្រូវ​និរទ្ទេស​មក​ដេក​គុក​នៅ​កម្ពុជា​ជិត​២​ឆ្នាំ​ (វីដេអូ)

spot_img

​ជនភៀសខ្លួន​ជនជាតិ​អាមេរិកាំង​ដើមកំណើត​កម្ពុជា​ម្នាក់​ដែល​ត្រូវបាន​និរទេស​ខ្លួន​កាលពី​ខែសីហា ឆ្នាំ ២០១៨ បាន​វិលត្រឡប់​មកជួប​គ្រួសារ​របស់គាត់​វិញ​ហើយ នៅក្នុង​រដ្ឋ​ម៉ាសាឈូសេត នា​សប្តាហ៍​នេះ​។​

​លោក ធី ជា ពលរដ្ឋ​រស់នៅ​ទីក្រុង​ឡូ​វែ​ល រដ្ឋ​ម៉ាសាឈូសេត បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កម្ពុជា នៅ​អាយុ ១០ ឆ្នាំ ជាមួយ​ឪពុកម្តាយ និង​បងប្អូន​បង្កើត ៥ នាក់ ដើម្បី​រួចផុត​ពីរ​បប​ខ្មែរក្រហម​។ ពួកគេ​បាន​ជ្រកកោន​នៅក្នុង​ជំរុំ​ជនភៀសខ្លួន​ថៃ មុនពេល​ហោះហើរ​ទៅកាន់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ១៩៨១ ។​

​ក្នុង​ឆ្នាំ ១៩៩៩ លោក ជា បាន​ចំណាយពេល ៣ ខែ​នៅក្នុង​គុក បន្ទាប់ពី​បាន​សារភាព​ទោសកំហុស​ចំពោះ​ការប្រើ​អំពើហិង្សា និង “​ការ​គំរាម​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​” ហើយ​មន្ត្រី​សហព័ន្ធ​ក៏បាន​បញ្ជា​ឱ្យ​និរទេស​គាត់​នៅ​ឆ្នាំ​បន្ទាប់ ។ នេះ​បើ​យោងតាម​សារព័ត៌មាន Associated Press ។​

​ទោះយ៉ាងណា​ក៏ដោយ ដោយ​គ្មាន​កិច្ចព្រមព្រៀង​ធ្វើ​មាតុភូមិនិវត្តន៍​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា បទបញ្ជា​និរទេស​របស់លោក​ជា ត្រូវបាន​ផ្អាក​នៅ​ឆ្នាំ ២០០៤ ដែល​អនុញ្ញាតឱ្យ​គាត់​ស្នាក់នៅ​ក្នុងប្រទេស​ដរាប​ណា​គាត់​មិនបាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​បន្ថែមទៀត និង​បាន​ចុះ​ត្រួតពិនិត្យ​ជា​ទៀងទាត់​ជាមួយ​មន្ត្រី​អន្តោប្រវេសន៍​និង​គយ (ICE) ។​

​បន្ទាប់មក​នៅ​ខែសីហា ឆ្នាំ ២០១៨ អ្វីដែល​លោក ជា គិតថា​គឺជា​ការត្រួតពិនិត្យ​ជាប្រចាំ​នោះ បានធ្វើ​ឲ្យ​គាត់​ចាប់ផ្តើម​ជីវិត​នៅ​ឆ្ងាយ​ពី​ក្រុមគ្រួសារ​របស់គាត់​។ គាត់​ត្រូវបាន​គេ​ឃុំឃាំង ហើយ​នៅពេល​គាត់​ទទួល​បានការ​ស្នាក់នៅ​បន្ទាន់ គាត់​បានរៀបចំ​ខ្លួន​រួចស្រេច ដើម្បី​ឡើង​យន្តហោះ​ទៅ​ប្រទេស​កម្ពុជា​។​

​មេធាវី​របស់លោក ជា ឈ្មោះ Bethany Li បានធ្វើ​លើកឡើងថា កាត​បៃតង​របស់គាត់​ត្រូវតែ​ប្រគល់​ឲ្យ​គាត់​វិញ ពីព្រោះ​មិន​ត្រឹមតែ​បទល្មើស​របស់គាត់​មិនអាច​ត្រូវ​បា​និរទ្ទេស​នោះទេ ប៉ុន្តែ គាត់​ក៏​ត្រូវបាន​កាត់ទោស​មិន​ត្រឹមត្រូវ​ផងដែរ​។​

​ដំបូង ចៅក្រម​បាន​បដិសេធ​ការលើកឡើង​របស់ Li ប៉ុន្តែ​នៅ​ខែមិថុនា ឆ្នាំ ២០១៩ ទីបំផុត លោកស្រី​បានប្រគល់​ប័ណ្ណ​បៃតង (Green Card) ឲ្យ​លោក ជា វិញ​។​

​ជា​អកុសល ពួកគេ​នៅតែ​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​។ ស្ថាន​កុងស៊ុល​សហរដ្ឋអាមេរិក​បាន​បដិសេធ​មិន​ចេញ​ឯកសារ​ធ្វើដំណើរ​របស់លោក ជា ខណៈពេលដែល​ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​បញ្ចូល​គាត់​នូវ​នីតិ​វិធីដក​យកចេញ​ថ្មី​។​

​នៅ​ខែធ្នូ ឆ្នាំ ២០១៩ Li បានស្នើ​សុំឱ្យ​តុលាការ​បញ្ជា​ឱ្យចេញ​ឯកសារ​ធ្វើដំណើរ​របស់លោក ជា ។​

Li បាន​និយាយថា​៖ “​គ្រប់គ្រាន់​ហើយ​។ យើង​បានដាក់​លិខិត​ទាមទារ​មួយ​នៅ​តុលាការ​សហព័ន្ធ ដែល​មានន័យថា យើង​កំពុង​ស្នើសុំ​តុលាការ​បញ្ជា​ឱ្យ​ក្រសួងការបរទេស ចេញ​ឯកសារ​ធ្វើដំណើរ ដើម្បី​ឲ្យ​គាត់​អាច​ត្រឡប់មកផ្ទះ​វិញ ក្នុងនាម​ជា​អ្នក​កាន់​ប័ណ្ណ​បៃតង​។​

​បន្ទាប់ពី​ការដោះដូរ​ពីរ​បី​សប្តាហ៍​រវាង Li និង DHS ទីបំផុត ស្ថាន​កុងស៊ុល​បានចេញ​ឯកសារ​ធ្វើដំណើរ​របស់លោក ជា​។​

​កាលពី​ថ្ងៃ​ពុធ លោក ជា បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​បូ​ស្តុ​ន​ឡូ​ហ្គែ​ន ដើម្បី​ជួបជុំ​ជាមួយ​ភរិយា និង​កូន​ពីរ​នាក់​។ អ្នកគាំទ្រ​បាន​ស្វាគមន៍​គាត់​ដោយមាន​ស្លាក​សរសេរថា “​ស្វាគមន៍​ការមកដល់​” និង “​និរទេស​ដោយ​អយុត្តិធម៌​” ។​

​លោក ជា បាន​និយាយ​ខណៈ​សម្លឹង​មើលមុខ​កូនប្រុស​អាយុ ១ ឆ្នាំ ដែល​គាត់​បាន​ជួប​ជា​លើកដំបូង​ថា​៖ “​ខ្ញុំ​ពិតជា​រំភើបចិត្ត​ខ្លាំងណាស់ ដែល​បានមក​ជួបជុំ​ក្រុមគ្រួសារ​របស់ខ្ញុំ​វិញ​។ វា​មាន​រយៈពេល ១៨ ខែ​ហើយ​។ នេះ​ជា​កូន​របស់ខ្ញុំ​” ។​

​សូមបញ្ជាក់ថា លោក ជា គឺជា​ជនជាតិ​អាមេរិកាំង​ដើមកំណើត​ខ្មែរ​ទី​៤​ហើយ ដែល​បាន​វិលត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ បន្ទាប់ពី​ត្រូវបាន​និរទេស​ខ្លួន ៕

ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ nextshark)​

spot_img
×