Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី ថោង ខុន វិធានការ​របស់​រាជ​រដ្ឋាភិបាល​​ជុំវិញ​ការលើកកម្ពស់​វិស័យ​ទេសចរណ៍​ជាតិ ក្នុងដំណាក់កាល​កើតមាន​វិបត្តិ​ជំងឺ Covid-19

spot_img

​សៀមរាប​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​ក្រុមការងារ​ពិសេស​មួយក្រុម របស់​ក្រសួងទេសចរណ៍ ចូលរួម​ឧទ្ទេសនាម​ផ្សព្វផ្សាយ​ពី​វិធានការ​របស់​រាជរដ្ឋាភិបាល និង​របស់​ក្រសួងទេសចរណ៍​ផ្ទាល់ ជុំវិញ​ការលើកកម្ពស់​វិស័យ​ទេសចរណ៍​ជាតិ ក្នុងដំណាក់កាល​កើតមាន​វិបត្តិ​ជំងឺ Covid-19 ជូន​ដល់​អ្នកពាក់ព័ន្ធ​ដែលមាន​វត្តមាន​ក្នុង​សន្និបាត បូកសរុប​ការងារ​របស់​រដ្ឋបាល​ខេត្តសៀមរាប នៅ​សណ្ឋាគារ​សុខា​អង្គរ​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​លើកឡើងថា មកដល់ពេលនេះ កម្ពុជា​មិនទាន់មាន​ករណី​ឆ្លង​ជំងឺ Covid-19 នៅឡើយ​ទេ ក្រៅពី​កើតឡើង​លើ​ជនជាតិ​ចិន​តែ​ម្នាក់​គត់ ខណៈ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល​បាននិងកំពុង​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខមាលភាព និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​។​

​លោក​បាន​ថ្លែងថា កម្ពុជា​នៅតែ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុខសន្តិភាព សុវត្ថិភាព និង​ផ្ដល់​ភាពកក់ក្ដៅ​សម្រាប់​ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី គ្មាន​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​ឆ្លង​ជំងឺ Covid-19 នោះឡើយ ខណៈ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​នេះ​កំពុង​ជួប​បញ្ហា​ប្រឈម​ជុំវិញ​វិបត្តិ​ជំងឺ Covid-19 នេះ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា កម្ពុជា​ក៏​តែមាន​ការប្រុងប្រយ័ត្ន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ជំងឺ​នេះ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បាន​លើក​បង្ហាញ​ពី​វិធានការ​ទាំង ៧​ចំណុច របស់​រាជរដ្ឋាភិបាល និង​វិធាន​ការសំខាន់ៗ​ដែល​ក្រសួងទេសចរណ៍​បាន​ដាក់ចេញ​សម្រាប់​អនុវត្ត​នៅ​ខេត្តសៀមរាប ក្នុងនោះ​ក្រសួងទេសចរណ៍​បាន​បង្កើត​ក្រុមការងារ​ពិសេស​មួយក្រុម ដើម្បី​ចុះ​អនុវត្ត​វិធានការ​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល និង​វិធានការ​របស់​ក្រសួងទេសចរណ៍​ផ្ទាល់​។​

​លោក​បាន​លើកទឹកចិត្ត​ថា ប្រជាពលរដ្ឋ​ខ្មែរ បើ​ស្រឡាញ់​ជាតិ ត្រូវ​ស្គាល់​ទឹកដី​។ ធ្វើ​យ៉ាងដូចម្ដេច​ទើបបាន​ស្គាល់​ទឹកដី​? គឺ​ស្គាល់​តាមរយៈ​ការដើរ​ទេសចរណ៍​នេះឯង​។ ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវតែ​ដើរចេញ​ទេសចរណ៍ កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ក្នុងប្រទេស​ឱ្យបាន​ច្រើន​សិន ចាំ​ចេញ​ដើរ​កម្សាន្ត​នៅក្រៅ​ប្រទេស ព្រោះ​ក្នុងដំណាក់កាល​នេះ នៅក្រៅ​ប្រទេស​ក៏​មិនទាន់មាន​ភាពច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ជំងឺ Covid-19 នៅឡើយ​ទេ ហេតុនេះ​ការដើរ​ទស្សនា​កម្សាន្ត​នៅក្នុង​ប្រទេស គឺ​ពិតជា​សក្តិសម​ល្អ​បំផុត ខណៈដែល​កម្ពុជា​ក៏​កំពុងមាន​សុខសន្តិភាព សុវត្ថិភាព និង​មាន​ផ្លូវ​ធ្វើដំណើរ​ទៅកាន់ រមណីយដ្ឋាន​ទេសចរណ៍​នានា​នោះ​ក៏​ងាយស្រួល​ជាង​មុន​។​

​លោក​បានលើកឡើង​ទៀតថា បុគ្គលិក និយោជិត និង មគ្គុទ្ទេសក៍​ទេសចរណ៍ ដែល​ត្រូវបាន​កាត់បន្ថយ ឬ​ផ្អាក​ការងារ ក្នុង ដំណាក់កាល​លំបាក​នេះ អាចមក​មក​ទទួល​ការបណ្ដុះបណ្ដាល​ជំនាញ​ល្អៗ ជាមួយ​ក្រុមការងារ​រ​បស់​ក្រសួងទេសចរណ៍ ដែល​ជាការ​អនុវត្តតាម​វិធានការ​របស់​រាជរដ្ឋាភិបាល និង​វិធានការ​របស់​ក្រសួងទេសចរណ៍ ដើម្បីឱ្យ​បុគ្គលិក​និយោជិត​កាន់​តែមាន​សមត្ថ​ភាពល្អ​ប្រសើរ​ជាង​មុន លុះ​ដល់ពេល​ភ្ញៀវទេសចរ​កើនឡើង​វិញ ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់​ខ្លួន​នឹង​បាន​រៀបរយ​ទាន់ពេល​ចំពោះ​ការទទួល​ស្វាគមន៍ និង​បម្រើ​សេវាកម្ម​ជូន​ភ្ញៀវទេសចរ​។​

​លោក​ដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍​នៅតែ​ទទូច​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ឱ្យ​ចូលរួម​អនុវត្ត​វិធានការ​នានា​ជាមួយ​រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពង្រីក​សេវាកម្ម​ទេសចរណ៍ បង្កើន​ផលិតផល​ទេសចរណ៍​ថ្មីៗ ពង្រីក​គោលដៅ​ទេសចរណ៍​ក្នុងប្រទេស ជំរុញ​ចលនា​ទេសចរ​ក្នុងស្រុក ពិសេស​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ជាតិ​ឱ្យ​បន្ត​មានការ​អភិវឌ្ឍ ហើយ​សូមកុំ​មានការ​ព្រួយ​ភ័យ​ចំពោះ​បញ្ហា​វិបត្តិ​ជំងឺ Covid-19​។ លោក​ថា មានតែ​ការ​សាមគ្គី​គ្នា​ទប់ទល់​ប្រយុទ្ធប្រឆាំង​ដោះស្រាយ​បញ្ហា​នេះ​ទេ ទើប​កម្ពុជា​អាច​បន្ត​ទៅមុខ វិស័យ​ទេសចរណ៍​ជាតិ​អាច​បន្ត​ការរីកចម្រើន​ទៅមុខ​៕​ដោយ​៖​កូ​ឡាប​

spot_img
×