Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គ​ការ​ WWF អំពាវនាវឱ្យបញ្ឈប់ ការជួញដូរ និង​បរិភោគ​សាច់​សត្វ​ព្រៃ ខណៈមានការ​ផ្ទុះ​ឡើង​ និងការ​ឆ្លង​រាល​ដាល​នៃ​វីរុស កូវីដ-១៩

spot_img

ភ្នំពេញ ៖ អង្គ​ការ​ WWF មានទីស្នាក់ការនៅក្នុងតំបន់អាស៊ីប៉ាស៊ី​ហ្វិក​ រួមទាំងកម្ពុជា បាន​អំពាវ​នាវ​ដល់​ប្រទេស​ទាំងអស់នៅក្នុង​តំបន់អាស៊ី​បូព៌ា និងនៅក្នុងតំបន់​អា​ស៊ី​អា​គ្នេយ៍ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការជួញដូរ និងបរិភោគសាច់សត្វព្រៃ ​ដើម្បី​គាំ​ពារ​សុខ​ភាព​ និង​អាយុ​ជីវិត​របស់​ប្រជា​ពល​រដ្ឋ ខណៈមានការ​ផ្ទុះ​ឡើង​ និងការ​ឆ្លង​រាល​ដាល​នៃ​វីរុស កូវីដ-១៩ ដែល​បណ្តាល​មក​ពី​ការ​បរិភោគ​សាច់​សត្វ​ព្រៃ។ នេះបើយោងតាមសេចក្ដីប្រកាស​ព័ត៌មានរបស់អង្គ​ការ​ WWF នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។

ការ​ផ្ទុះ​ឡើង​និងការ​ឆ្លង​រាល​ដាល​នៃ​វីរុស កូវីដ-១៩ និង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ថ្មីៗ​នេះ​ បាន​បង្ហាញ​ពី​គ្រោះ​ថ្នាក់​ទៅ​លើ​សុខ​ភាព​មនុស្ស​ដែល​បណ្តាល​មក​ពី​ការ​បរិភោគ​សាច់​សត្វ​ព្រៃ​ និង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​។

លោក អេ គ្រីស្ទី វី​លៀម​ស៍ (A. Christy Williams) នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក នៃ​អង្គ​ការ WWF អន្តរជាតិបានមានប្រសាសន៍ថា “ប្រទេសនៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ត្រូវ​ពិនិត្យមើល​ករណីនៅ​ប្រទេស​ចិន​ ហើយយកគំរូតាម ដោយដាក់ចេញ​ការហាម​ឃាត់​នូវរាល់​ការ​លក់​ដូរ​សាច់សត្វ​ព្រៃ​ ដើម្បី​ការ​ពារ​សុខុមាល​ភាព​នៃប្រជា​ពល​រដ្ឋ​របស់​ខ្លួន​ ព្រម​ទាំង​បង្ការ​ភាព​ខូច​ខាតដល់​​សេដ្ឋកិច្ច​របស់​ខ្លួន​ ដូចអ្វី​ដែល​កំពុង​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន​ស្រាប់ដោយ​សារ​តែ​វីរុស កូ​វីដ​-១៩”។

លោកបានបញ្ជាក់ថា ប្រទេស​ទាំង​នេះ​ត្រូវ​តែ​បញ្ឈប់​រាល់ការ​ជួញ​ដូរ​សត្វ​ព្រៃ​កុំ​ឱ្យ​ហូរ​ចូល​ក្នុង​ទឹក​ដី​របស់​ខ្លួន​។ លោកបាន​អំពាវ​នាវ​ដល់​រដ្ឋា​ភិបាល​ទាំង​អស់​នៃ​ប្រទេសនៅក្នុងតំបន់​អាស៊ី​បូព៌ា​ និង​អាស៊ី​អាគ្នេយ៍ ឱ្យ​យកគំរូតាមការសម្រេចចិត្តរបស់​ប្រទេស​ចិន​ ហើយ​ដាក់​ចេញ​នូវ​ការ​ហាម​ឃាត់​ជា​អចិន្ត្រៃយ៍​ចំពោះ​ការ​បរិភោគ​ និង​ការជួញ​ដូរ​សត្វ​ព្រៃ។ ជាមួយគ្នានេះ ការ​ខាត​បង់​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​នីមួយៗ សម្រាប់តំបន់ និង​ជាសកល ​ដោយ​សារវីរុស​កូវីដ-១៩ ត្រូវបានគេសង្កេតឃើញកំពុង​កើន​ឡើង​រហូតដល់​រាប់​ពាន់​លាន​ដុល្លា​រ ហើយ​វានឹង​បន្តជះផល​ប៉ះ​ពាល់​ដល់ផ្នែកសេដ្ឋ​កិច្ច​សម្រាប់រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះទៀត​។ លោកបានបញ្ជាក់បន្ថែមថា “យើង​ត្រូវ​តែ​ចាត់​វិធាន​ការឡើងនៅ​ក្នុង​ពេល​ឥឡូវ​នេះ ដើម្បីទប់ស្កាត់កុំឱ្យមាន​ការ​កើត​ឡើង​នូវ​ជំងឺ​ឆ្លង​រាល​ដាល​ដទៃ​ផ្សេងទៀត​ ដែលអាចនឹង​បង្ក​ជា​ទុក្ខ​វេទនា និងការស្លាប់ដល់​ប្រជាជនយើង​”។

លោកបានបន្ដទៀតថា តំបន់​អាស៊ី​អា​គ្នេយ៍​ជា​ប្រភព​នៃ​ផលិត​ផល​សត្វ​ព្រៃ​ជា​យូរមក​ហើយ​ ហើយ​ក៏​ជា​ទី​តាំងច្រករបៀង​សម្រាប់​ការបញ្ជូន​ផលិត​ផល​សត្វ​ព្រៃ​បន្ត​ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ​។ ទន្ទឹមនេះ ការ​បរិភោគ​សាច់​សត្វ​ព្រៃ​ ដែល​អាច​បង្ក​ជា​វីរុស​ដ៏​គ្រោះ​ថ្នាក់​ ដែល​ប្រព័ន្ធ​ភាព​ស៊ាំរបស់​មនុស្ស​មិន​អាច​ការ​ពារ​បាន​ អាច​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​ ហើយក៏ជាហេតុ​ម៉្យាងដែលអាច​កើតមាន​នៅ​តំបន់​អាស៊ី​អា​គ្នេយ៍​ ដូច​ជា​ករណី​ក្នុង​ប្រទេស​ចិន​ អីច្ចឹង​ដែរ។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សុខ​ភាព​សាធារណៈ​នេះ​ ដែល​បណ្តាល​មក​ពី​ការ​បរិភោគ​ និង​ជួញ​ដូរ​សត្វ​ព្រៃ​ ហើយ​ក្រសួង​ពាក់ព័ន្ធទាំងអស់ ដែលមានភារៈកិច្ចទទួលខុស​ត្រូវក្នុងវិស័យ​ការពារ​សត្វ​ព្រៃ និងវិស័យ​សុខាភិបាល និងសុខ​ភាព​សាធារណៈ​ ឱ្យរួម​គ្នាដើម្បីសហការទាំង​ក្នុង​ផ្នែកជំនាញឯកទេស និង​ការប្រើប្រាស់ធន​ធានដែលមាន​ ដើម្បី​បង្កើន​ការត្រួតពិនិត្យ និងតាមដាន​រាល់ទី​ផ្សារ​ដែលមានផលិតផលសត្វ​ព្រៃ។ ជាមួយគ្នានេះ ផ្សព្វ​ផ្សាយ​ឱ្យបាន​ទូលំ​ទូលាយដល់​សារណៈជនដើម្បីឱ្យពួកគេ​ ​បញ្ឈប់​ការ​លក់​ដូរ​ និង​បរិភោគ​សាច់សត្វ​ព្រៃ​ ព្រម​ទាំង​​ផលិត​ផល​សត្វ​ព្រៃដទៃផ្សេងៗទៀត​។

លោក​ រ៉ុន ត្សុត​ត្សួយ (Ron Tsutsui) អគ្គនាយក​នៃ​អង្គ​ការ​ WWF-ជប៉ុន និង​ជា​ប្រធាននៃគណៈកម្មការនាយកសម្រាប់“​កម្មវិធីយុទ្ធ​សាស្ត្រ​កំណើន​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក” បានលើកឡើងថា ​ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ឆ្លង​មុនៗដែលមានប្រភព​​ចេញ​ពី​ទីផ្សារ​លក់សត្វ​ព្រៃ វិធាន​ការ​ចម្បង​ដែល​គេ​បានប្រើ​នោះ​គឺ​ការ​បង្ខាំង​ទុកអ្នកដែលបាន​​ឆ្លង​ជំងឺឱ្យនៅដោយឡែកពីគេ។​

លោកបានចាត់ទុក​ការ​សម្រេច​ចិត្ត​របស់​ចិន​ក្នុង​ការ​ចាត់​វិធាន​ការ​ចំ​ប្រភព​នៃ​បញ្ហា​ គឺ​ការ​បិទរាល់​ទី​ផ្សារលក់​សត្វ​ព្រៃ និង​ការ​ហាម​ឃាត់​ការ​បរិភោគ​សាច់​សត្វ​ព្រៃ​ជា​អចិន្ត្រៃយ៍​ ​ជា​ដំណោះ​ស្រាយមួយ​ដែល​អាចនាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ស្ថាន​ការ​បាន​។

លោក បានបន្ថែមថា “គ្រប់​រដ្ឋា​ភិបាលទាំងអស់នៃបណ្តាប្រទេសក្នុងតំបន់​អាស៊ី ​​ត្រូវ​តែ​យក​គំរូតាម​ចំណាត់ការ​នេះ​ ដើម្បី​ការពារ​សុខុមាល​ភាព​របស់​មនុស្ស ក៏​ដូច​ជា​ការ​អភិរក្ស​សត្វ​ព្រៃ​ផងដែរ”៕
ដោយ៖បញ្ញាស័ក្តិ

spot_img
×