Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​សំណុំរឿង លោក​យោធា​ផ្កាយ ៣ ឡេង ប៊ុន​ស្រ៊ី ករណី​បោក​លុយ​ពលរដ្ឋ រត់ការ​ចូលធ្វើ​ទាហាន និង​ដោះស្រាយ​ជម្លោះដីធ្លី ទៅ​តុលាការ​

spot_img

កណ្តាល​៖ សំណុំរឿង​មន្ត្រី​យោធា​ផ្កាយ​៣ លោក ឡេង ប៊ុន​ស្រ៊ី (​ហៅ ហ៊ុន ប៊ុន​ស្រ៊ី​) ដែល​រង​បណ្ដឹង​ពី​ពលរដ្ឋ ២​នាក់ ថា​បាន​ឆបោក​ប្រាក់​រាប់ពាន់​ដុល្លារ ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ប​ញ្ចូ​ន​សំណុំរឿង​ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។

​បើ​យោងតាម​ការបញ្ជាក់​ពី​ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការនគរបាល​ស្រុក​អង្គស្នួល បាន​ប្រាប់​ឱ្យនៅ​ព្រឹក​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២០​នេះ​ថា នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​របស់លោក​ផ្កាយ​៣ ឡេង ប៊ុន​ស្រ៊ី (​ហៅ​ហ៊ុន ប៊ុន​ស្រ៊ី​) និង​បញ្ជូន​ទៅកាន់​តុលាការ ក្រោម​ការសន្និដ្ឋាន​ចោទប្រកាន់ ពីបទ​រំលោភ​លើ​ទំនុកចិត្ត​។​

​លោក​ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​បន្ថែមថា សមត្ថកិច្ច​បានសម្រេច​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​តុលាការ កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ​២០២០​កន្លងទៅ បន្ទាប់ពី​នគរបាល​កោះហៅ​លោក​ផ្កាយ​៣ ឡេង ប៊ុន​ស្រ៊ី (​ហៅ ហ៊ុន ប៊ុន​ស្រ៊ី​) ឲ្យ​ចូល​ឆ្លើយបំភ្លឺ​តាម​ការប្តឹង​របស់​ពល​រដ្ឋ​រងគ្រោះ ប៉ុន្តែ​ជននេះ​មិន​ព្រម​ចូល​ដោយ​ឲ្យ​ឈ្មោះ ជា គឹម​សេន ទាក់ទង​ទៅ​សមត្ថកិច្ច និង​អះអាងថា ខ្លួន​(​ឡេង ប៊ុន​ស្រ៊ី ហៅ ហ៊ុន ប៊ុន​ស្រ៊ី​) មិនបាន​ដឹង​អ្វី​ទាំងអស់​។

​បើតាម​ការអះអាង​រប​ស់​សមត្ថកិច្ច មាន​ជនរងគ្រោះ​ជាដើម​បណ្តឹង​ចំនួន​២​នាក់ ដែល​បានដាក់​ពាក្យ​ប្តឹង​លោក​ផ្កាយ​៣ ឡេង ប៊ុន​ស្រ៊ី (​ហៅ​ហ៊ុន ប៊ុន​ស្រ៊ី​) ពីបទ​រំលោភ​លើ​ទំនុកចិត្ត​។​

​ជនរងគ្រោះ​ទី​១. ឈ្មោះ ម៉ាប់ វណ្ណៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រូង ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ កាលពី​អំឡុង​ដើមឆ្នាំ​២០១៩ បាន​ចាញ់បោក​លោក​ផ្កាយ​៣ ឡេង ប៊ុន​ស្រ៊ី (​ហៅ​ហ៊ុន ប៊ុន​ស្រ៊ី​) ចំនួន​៣,៥០០​ដុល្លារ ក្នុងករណី​រត់ការ​ចូល​ធ្វើជា​ទាហាន ប៉ុន្តែ​មិនបាន​សម្រេច​។​

ចំណែក​ជនរងគ្រោះ​ទី​២. ឈ្មោះ លាស់ សុខ​ខេន ភេទ​ស្រី មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល កាលពី​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៩ បាន​ចាញ់បោក​លោក​ផ្កាយ​៣ ឡេង ប៊ុន​ស្រ៊ី (​ហៅ​ហ៊ុន ប៊ុន​ស្រ៊ី​) ចំនួន​២,០០០​ដុល្លារ ក្នុងករណី​រត់ការ​ដោះស្រាយ​បញ្ចប់​រឿងក្តី​ដីធ្លី​នៅ​តុលាការ ប៉ុន្តែ​មិនបាន​សម្រេច​ដូច​ការសន្យា​។​

ជនរងគ្រោះ​ឈ្មោះ ម៉ាប់ វណ្ណៈ បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា ខ្លួន​បាន​ស្គាល់​លោក​ផ្កាយ​៣ ឡេង ប៊ុន​ស្រ៊ី​(​ហៅ​ហ៊ុន ប៊ុន​ស្រ៊ី​)​តាមរយៈ​ឈ្មោះ ណូន រស់ នៅក្នុង​ស្រុក​អង្គស្នួល​។ ឈ្មោះ ណូន បាន​នាំ​ជនរងគ្រោះ​ឲ្យ​ជួប​លោក​ផ្កាយ​៣ ហ៊ុន ប៊ុន​ស្រ៊ី (​ឡេង ប៊ុន​ស្រ៊ី​) ដើម្បី​ឲ្យ​ជួយ​រត់​ការចូល​ធ្វើជា​យោធា ក្នុងតម្លៃ​ព្រមព្រៀងគ្នា ចំនួន​៣,៥០០​ដុល្លារ​។​

​ដោយ​ការជឿជាក់​លើ​ឈ្មោះ ណូន និង​លោក​ផ្កាយ​៣ ហ៊ុន ប៊ុន​ស្រ៊ី ដែល​អះអាងថា ជា​សាច់ញាតិ​ថ្នាក់ដឹកនាំ​កំពូល​របស់​ជាតិ និង​មាន​បក្ខពួក​ច្រើនណាស់ ចង់​ធ្វើការ​នៅ​ស្ថាប័ន​ណា​ក៏​បានដែរ ទើប​ជនរងគ្រោះ​ព្រម​យកលុយ​ចំនួន​៣,៥០០​ដុល្លារ ទៅ​ប្រគល់​ឲ្យ​លោក​ផ្កាយ​៣ ហ៊ុន ប៊ុន​ស្រ៊ី (​ឡេង ប៊ុន​ស្រ៊ី​)​ដល់ផ្ទះ នៅ​ភូមិ​អង្គស្នួល​ទី​២ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជាការ​ឆ្លើយតប​ជុំវិញ​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍ ឡេង ប៊ុន​ស្រ៊ី បាន​ច្រានចោល​ការចោទប្រកាន់​ទាំងស្រុង និង​បាន​អះអាងថា លោក​ពុំបាន​ស្គាល់​បុគ្គល ២​រូប​ដែល​ចោទ​លោក​នោះទេ ហើយ​ស្នើសុំ​យក​ភស្តុតាង​ជាក់លាក់​មក​ផង​។​

​បើ​យោងតាម​ការបញ្ជាក់​ពី​លោក មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​ភ្លាម ជំនាញ​ក៏បាន​កោះហៅ​ផ្កាយ ៣​រូបនោះ ចូលមក​បំភ្លឺ​ដែរ កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅ ប៉ុន្តែ​បុគ្គល​រូបនោះ មិន​មក​តាម​ការកោះហៅ​នោះឡើយ ប៉ុន្តែ​បែរជា​លេចមុខ​ឈ្មោះ ជា គឹម​សេន ទាក់ទង​ទៅ​សមត្ថកិច្ច​វិញ ដោយ​អះអាងថា លោក ឡេង ប៊ុន​ស្រ៊ី ហៅ ហ៊ុន ប៊ុន​ស្រ៊ី មិនបាន​ដឹង​អ្វី​ទាំងអស់​។​

​លោក​អធិការ​បន្តថា ដោយសារតែ​សា​ម៉ី​ខ្លួន មិន​ព្រម​ចូលមក​តាម​ការកោះហៅ ទើប​ជំនាញ​បាន​កសាង​សំណុំរឿង របស់លោក​ផ្កាយ​៣ ឡេង ប៊ុន​ស្រ៊ី ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ក្រោម​ការសន្និដ្ឋាន​ចោទប្រកាន់​ពីបទ រំលោភ​លើ​ទំនុកចិត្ត​៕ ដោយ​៖​កូ​ឡាប​

spot_img
×