Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ប្រាប់​កងកម្លាំង​បញ្ជាការដ្ឋាន​រថក្រោះ និង​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ ទោះ​តម្លៃ​ណាក៏ដោយ កងទ័ព​ត្រូវតែ​ការពារ ទប់ស្កាត់​នូវ​រាល់​ល្បិចកល​នានា​

spot_img

​កំពង់ស្ពឺ​៖ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ប្រាប់​កងកម្លាំង​បញ្ជាការដ្ឋាន​រថក្រោះ និង​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ​ថា តម្លៃ​ណាក៏ដោយ កងទ័ព​ត្រូវតែ​ការពារ ឲ្យ​បាន​នូវ​សុខសន្តិភាព ទប់ស្កាត់​នូវ​រាល់​ល្បិចកល​នានា ក្នុងការ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​ប្រតិភូ​សួរសុខទុក្ខ កងកម្លាំង​បញ្ជាការដ្ឋាន​កងរថក្រោះ និង​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ដែល​ពិធី​សំណេះសំណាល បានធ្វើ​ឡើង​នៅ​បញ្ជាការដ្ឋាន នៃ​អង្គភាព​ទាំងពីរ ក្នុង​មូលដ្ឋាន​ឈរជើង​ខេត្តកំពង់ស្ពឺ​។​

​ក្នុង​មតិ​សំណេះសំណាល​នាឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​រំលឹក​ពី​ការធ្វើ​ពលិកម្ម​ដ៏​ធំធេង​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សហការី ដែល​បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​ការជួយ​សង្គ្រោះ​ប្រជាជន​កម្ពុជា ឲ្យ​រួច​ផុតពី​សេចក្តីស្លាប់ នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​រដោះ​បាន​ទាន់ពេលវេលា​នា ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៧៩​។​

​បើតាម​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ គំរូ​វីរភាព នៃ​ស្មារតី​ស្នេហា​ជាតិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​បុព្វហេតុ​ជាតិ និង​ប្រជាជន បានប្រែក្លាយ​មាតុភូមិ ឲ្យ​ទទួលបាន​សុខសន្តិភាព​ពេញលេញ ហើយ​ដែល​ប្រជាជន​នៅ​ទូទាំងប្រទេស បាន​ចងចាំ និង​ដក់​ជាប់​ជានិច្ច​ក្នុង​អារម្មណ៍​។​

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​បន្តថា ក្នុងនាម​ជា​កងកម្លាំងប្រដាប់អាវុធ សូម​អរគុណ​សន្តិភាព ដោយសារ​នយោបាយ​ឈ្នះ​ឈ្នះ ទើបបាន​បញ្ចប់សង្គ្រាម មាន​សន្តិភាព ដឹងគុណ​ស្ថាបនិក នយោបាយ​ឈ្នះ​ឈ្នះ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​សូម​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​រៀងរហូត ក្នុងការ​ដឹកនាំ​នាវា​កម្ពុជា ប្រកបដោយ​សន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ ដូច្នេះ​ទោះ​ក្នុងតម្លៃ​ណា​ក៍ដោយ កងទ័ព​ត្រូវតែ​ការពារ ឲ្យ​បាន​នូវ​សុខសន្តិភាព ទប់ស្កាត់​នូវ​រាល់​ល្បិចកល​នានា ក្នុងការ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​។​

​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បាន​ក្រើនរំលឹក​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ការហ្វឹកហ្វឺន​រៀនសូត្រ ដោយ​ផ្តោតជាសំខាន់​លើ ចំណេះដឹង​ជំនាញ​បច្ចេកទេស ការ​លត់​ដំ​សមត្ថភាព​កាយសម្បទា​, វិន័យ​, អត្តចរិត​សីលធម៌ ព្រមទាំង​ការគោរព​ច្បាប់ និង​លក្ខន្តិកៈ​ទូទៅ របស់​កងយោធពល​ខេមរភូមិន្ទ​។​

​ទន្ទឹម​នោះ នាយ​ឧត្ដមសេនីយ៍ ក៏បាន​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​ចូលរួមចំណែក​ឲ្យ​សកម្ម ក្នុង​កិច្ចសហការ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ក៏ដូចជា​ការចូលរួម​ចំណែក ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ និង​ការត្រៀមខ្លួន​ជានិច្ច ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ពី​គ្រោះមហន្តរាយ​ផ្សេងៗ​៕​ដោយ​៖​កូ​ឡាប​

spot_img
×