Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ឡាវ បន្ត​ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ តាម​ព្រំដែន និង​ការបង្កា​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ឆ្លងដែន​

spot_img

​ឡាវ ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ បន្ត​ពង្រឹង​លើ​វិស័យ​សន្តិសុខ តាមរយៈ​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍ និង​ការចែករំលែក​ព័ត៌មាន សំដៅ​គ្រប់គ្រង​ការចេញចូល​ឆ្លងកាត់​ព្រំដែន ការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ តាម​ព្រំដែន និង​ការបង្កា​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ឆ្លងដែន គ្រប់​ប្រភេទ​។​

​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែមីនា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡ​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ជា បាន​ដឹកនាំ​គណៈប្រតិភូ ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អញ្ជើញ​ដល់​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​ការអញ្ជើញ​ដល់​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ព្រមទាំង​គណៈប្រតិភូ អមដំណើរ​នាឱកាស​នោះ ត្រូវ​បានទទួល​បដិសណ្ឋារកិច្ច និង​ស្វាគមន៍ ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វិ​ល័យ ឡា​ខាំ​ហ្វង រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់ និង​មាន​រៀបចំ​ពិធីត្រួតពល កងកិត្តិយស នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វិ​ល័យ ឡា​ខាំ​ហ្វង បាន​អញ្ជើញ​ជួបពិភាក្សា ផ្លាស់ប្ដូរ​យោបល់​គ្នា អំពី​សភាព​សន្តិសុខ នយោបាយ និង​សេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ការផ្លាស់ប្ដូរ​គណៈប្រតិភូ និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស ការងារ​ឃុំខ្លួន​អ្នកទោស ព្រមទាំង​កិច្ចការ​សំខាន់ៗ​មួយចំនួនទៀត ដែល​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍ ទៅវិញទៅមក​នៃ​ប្រទេស​ទាំងពីរ​។​

​បន្ទាប់មក​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វិ​ល័យ ឡា​ខាំ​ហ្វង បាន​អញ្ជើញ​ធ្វើជា​សហប្រធាន ដឹកនាំ​កិច្ចប្រជុំ​វាយតម្លៃ​លទ្ធផល កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០១៩ និង​ចុះហត្ថលេខា លើ​កំណត់ហេតុ នៃ​សហប្រតិបត្តិការ​ឆ្នាំ​២០២០ រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ​។​

​កិច្ចប្រជុំ​ដែល​ក្រសួង​ទាំងពីរ ផ្លាស់​វេន​គ្នា​រៀបចំ​ជា​រៀងរាល់​ឆ្នាំនេះ គឺ​ដើម្បី​អនុវត្ត​នូវ​យន្តការ សហប្រតិបត្តិការ​ទ្វេភាគី​ប្រចាំឆ្នាំ ក្នុង​គោលដៅ​លើកកម្ពស់ ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍ​រវាង​ខេត្ត​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​ដើម្បី​ពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងការ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម នៃ​ប្រទេស​ទាំងពីរ​។​

​សម្ដេច​ក្រឡ​ហាម ស ខេង និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វិ​ល័យ ឡា​ខាំ​ហ្វង នៅតែ​បន្ត​ចាត់ទុក កិច្ចសហប្រតិបត្តិការ រវាង​ក្រសួង​ទាំងពីរ ថា​ជា​កិច្ចការ​មួយ​ដ៏​មាន​សារសំខាន់ ក្នុង​វិស័យ​សន្តិសុខ តាមរយៈ​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍ និង​ការចែករំលែក​ព័ត៌មាន សំដៅ​គ្រប់គ្រង​ការចេញចូល ឆ្លងកាត់​ព្រំដែន ការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ តាម​ព្រំដែន និង​ការបង្កា​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ឆ្លងដែន គ្រប់​ប្រភេទ​។​

​ភាគី​ទាំងពីរ​ក៏បាន​បង្ហាញ​ការ​ជឿជាក់ថា កំណត់ហេតុ​កិច្ចសហប្រតិបត្តិការ ឆ្នាំ​២០២០ នឹង​បន្ត​ក្លាយជា​ឯកសារ តម្រង់ទិស​សម្រាប់​អាជ្ញាធរ ខេត្ត​ជាប់​ព្រំដែន និង​បណ្ដា​អង្គភាព ពាក់ព័ន្ធ​ចំណុះ​ក្រសួង​ទាំងពីរ យកទៅអនុវត្ត​ប្រកប ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​លើកកម្ពស់ ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ថែរក្សា​សន្តិសុខ ស្ថិរភាព​តំបន់​ព្រំដែន ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច ដើម្បី​លើកកម្ពស់​ជីវភាព ប្រជាជន​តាម​បណ្ដោយ​ព្រំដែន​។​

​នៅក្នុង​ឱកាស​នោះដែរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញលោក​ឧ​ត្ត​ម​សេនីយ៍ វិ​ល័យ ឡា​ខាំ​ហ្វង ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ បំពេញ​ទស្សនកិច្ច ចូលរួម​កិច្ចប្រជុំ​ពិនិត្យ វាយតម្លៃ​លទ្ធផល កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០២០ និង​ចុះហត្ថលេខា លើ​កំណត់ហេតុ​កិច្ចសហប្រតិបត្តិការ ឆ្នាំ​២០២១ ក្នុង​ពេលវេលា​សមស្រប ហើយ​ជាការ​ឆ្លើ​ត​តប លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ក៏បាន​ទទួល​ការអញ្ជើញ​នេះ ដោយ​ក្ដី​រីករាយ​បំផុត ៕​ដោយ​៖​កូ​ឡាប​

spot_img
×