Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ឡាវ សហប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​នៅ តាម​បណ្ដោយ​ព្រំដែន ពិសេស​បទល្មើស​គ្រឿងញៀន​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​ការងារ រយៈពេល​៣​ថ្ងៃ នៅ​រដ្ឋធានី​វៀង​ច័ន្ទ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។​

​ទស្សនកិច្ច​ការងារ​រ​បស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វិ​ល័យ ឡា​ខាំ​ហ្វង រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដើម្បី​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វាយតម្លៃ​លទ្ធផល​ការអនុវត្ត​កំណត់ហេតុ នៃ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០១៩ និង​កំណត់ហេតុ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០២០ រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វិ​ល័យ ឡា​ខាំ​ហ្វង រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ល្អប្រសើរ ដែល​សម្រេចបាន​តាមរ​យៈ​ការអនុវត្ត​កំណត់ហេតុ ស្ដីពី​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០១៩ រវាង​ក្រសួង​ទាំងពីរ រួមមាន​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​ប្រតិភូ​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន និង​ប្រតិភូ​នៃ​បណ្ដា​អង្គភាព​ពាក់ព័ន្ធ​នៅ​ថ្នាក់​ក្រសួង ការងារ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស និង​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​នៅ តាម​បណ្ដោយ​ព្រំដែន ពិសេស​បទល្មើស​គ្រឿងញៀន​។​

​ភាគី​ទាំងពីរ​ពង្រឹង កិច្ចសហការ​ជិតស្និទ្ធ​រវាង​អាជ្ញាធរខេត្ត និង​កងកម្លាំង​មាន​សមត្ថកិច្ច​នៃ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​របស់​ប្រទេស​ទាំងពីរ ក្នុងការ​ថែរក្សា​បរិយាកាស​សន្តិសុខ​តាម​ខ្សែ​បន្ទាប់​ព្រំដែន បាន​យ៉ាង​ល្អប្រសើរ រួមចំណែក​បង្ក​លក្ខ​ណ្ឌ​អំណោយផល ដល់​ការប្រកប​អាជីវ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ បម្រើការ​អភិវឌ្ឍ​សង្គមជាតិ និង​ផលប្រយោជន៍​ទៅវិញទៅមក របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ កម្ពុជា ឡាវ​។​

​នៅក្នុង​ឱកាស​នោះ ភាគី​ទាំង​ពីរបាន ចុះហត្ថលេខា​លើ​កំណត់ហេតុ​ស្ដីពី​កិច្ចសហប្រតិបត្តិការ សម្រាប់​ឆ្នាំ​២០២០ និង​បាន​ឯកភាព​យកចិត្តទុកដាក់ បន្ត​អនុវត្ត​កិច្ចការ​សំខាន់ៗ​មួយចំនួនទៀត រួមមាន បន្ត​ជំរុញ​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំងពីរ​ឱ្យ​សហការ​បង្កលក្ខណៈ ងាយស្រួល​ដល់​ការ ចេញ ចូល ឆ្លងកាត់​ព្រំដែន​របស់​ប្រជាពលរដ្ឋ និង​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ទៅវិញទៅមក ដើម្បី​បំរើ​ដល់​សេចក្ដីត្រូវការ​នៃ​ការអភិវឌ្ឍ និង​ការរីកចម្រើន នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តំបន់​ព្រំដែន ព្រមទាំង​សហការ​ដោះស្រាយ​បញ្ហា ឬ​បាតុភាព​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា ដោយ​សន្តិវិធី និង​មានការ​យោគយល់​គ្នា​ខ្ពស់​។​

​ភាគី​ទាំងពីរ​នឹង​បន្ត​សហការ​ចាត់វិធានកា​រ ម៉ឺងម៉ាត់​ទប់ស្កាត់ និង​បង្ក្រាប​ទ​ល្មើស គ្រឿងញៀន​ឆ្លងដែន នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​សហការ​ផ្លាស់ប្ដូរ​ព័ត៌មាន និង​បទពិសោធន៍​ទៅវិញទៅមក ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ជាពិសេស​ជំរុញ​បង្កើត​ភូមិ​ឃុំ និង​សាលារៀន​គ្មាន​គ្រឿងញៀន​តាម​តំបន់​ព្រំដែន និង​បន្ត​ជំរុញ​ចាត់វិធានការ​តឹងរឹង​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ការ​លួច​ឆ្លងដែន​ខុសច្បាប់ ព្រមទាំង​បន្ត​កិច្ចសហប្រតិបត្តិការ​គ្រប់គ្រង តាម​ខ្សែ​បន្ទាប់​ព្រំដែន និង​សហការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដោយ​សន្តិវិធី ឈរលើ​គោលការណ៍ គោរព​ឯករាជ្យ និង​អធិបតេយ្យ​គ្នា​ទៅវិញទៅមក​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញលោក​ឧ​ត្ត​ម​សេនីយ៍​ឯក វិ​ល័យ ឡា​ខាំ​ហ្វង រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​បំពេញ​ទស្សនកិច្ច​ការងារ នៅ​រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ពេលវេលា​សមស្រប ដើម្បី​ចូលរួម​កិច្ចប្រជុំ​ពិនិត្យ​វាយតម្លៃ​លទ្ធផល​ការអនុវត្ត​កំណត់ហេតុ សហប្រតិបត្តិការ​ឆ្នាំ​២០២០ និង​ចុះហត្ថលេខា លើ​កំណត់ហេតុ​សហប្រតិបត្តិ​ការ​ឆ្នាំ​២០២១ រវាង​ក្រសួង​ទាំងពីរ​។​

​ដោយឡែក​ក្នុងពេល បំពេញ​ទស្សនកិច្ច​ការងារ​នៅ​រដ្ឋធានី​វៀង​ច័ន្ទ​នេះដែរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រួ​ង​មហាផ្ទៃ ក៏បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចូលជួប សម្ដែង​ការគួរសម និង​បាន​ពាំនាំ ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា ជូន​លោក​ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​លោក ថង​លូន ស៊ី​សូលី​ត ក៏បាន​លើកឡើង ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា និង​ឡាវ តាមរយៈ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​ទៅវិញទៅមក​ជា​ញឹកញាប់ រវាង​ប្រមុខ​ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ ដែល​បានរួម​ចំណែក​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ ទាំង​លើ​វិស័យសេដ្ឋកិច្ច នយោបាយ សន្តិសុខ កាន់តែ​រឹងមាំ​ថែមទៀត​។​
​ក្នុងជំនួប​នោះដែរ ភាគី​ទាំងពីរ​បានកត់សម្គាល់​នូវ​សារសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ រវាង​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន និង​កងកម្លាំង​នគរបាល​នៃ​ប្រទេស​ទាំងពីរ ដែលជា​ការរួមចំណែក​មិនអាច​ខ្វះ បាន​ក្នុង​បុព្វហេតុ​នៃ​ការរក្សាសន្តិសុខ​ជូន​ជាតិ និង​ប្រជាជន ជាពិសេស​ការបង្ការ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ សំដៅ​បម្រើ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ប្រកបដោយ​ចីរភាព នៃ​ប្រទេស​ទាំងពីរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×