Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងរ៉ាវ​ស្ត្រី​បីនាក់ នៅក្នុង​ពន្ធនាគារ ជាមួយ​កូនតូច​

spot_img

​ភ្នំពេញ​៖​ដើម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិ​ទិ្ធ​នារី ៨ មីនា អង្គការ លីកាដូ នឹងធ្វើ​ការចែករំលែក​រឿងរ៉ាវ​របស់​ស្ត្រី​ទាំងបី​នាក់ ដែលមាន​កូនតូច​នៅ​ជាមួយ​ក្នុង​ពន្ធនាគារ ដែល​អ្នក​ទាំងនោះ​ស៊ូទ្រាំ​រស់នៅក្នុង​ពន្ធនាគារ ដែលមាន​ស្ថានភាព​យ៉ាប់យ៉ឺន ដូចជា ភាព​ចង្អៀត​ណែន កង្វះ​អាហារូបត្ថម្ភ​គ្រប់គ្រាន់ និង​កង្វះ​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ កង្វះខាត​ឱកាស​ក្នុងការ​ទាក់ទង​ជាមួយ​ក្រុមគ្រួសារ​របស់​អ្នក​ទាំងនោះ ការកម្រិត​ពេលវេលា និង​ទីធ្លា​សម្រាប់​លំហែរ​របស់​កុមារ​នៅក្រៅ​ពន្ធនាគារ ។​

​ស្ត្រី​ដែល​ជាប់ពន្ធនាគារ​ជាមួយ​កូនតូច និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន មាន​សិ​ទិ្ធ​ទទួលបាន​ការដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​រង់ចាំ​សវនាការ ប៉ុន្តែ​អ្នក​ទាំងនោះ តែងតែ​ត្រូវបាន​តុលាការ​ដាក់​ឲ្យ​នៅ​ឃុំខ្លួន បណ្តោះអាសន្ន​រង់ចាំ​សវនាការ និង​មិនមាន​ការទទួលបាន​នូវ​មេធាវី​ការពារ​ក្តី​ដល់​អ្នក​ទាំងនោះ ។ គិត​ត្រឹម​ខែមករា ឆ្នាំ ២០២០ ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៤៣ នាក់ និង​កូនតូច​ចំនួន ១០៣ នាក់ កំពុង​រស់នៅ​ជាមួយ​ម្តាយ​នៅក្នុង​ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា ។​

​អង្គកា លីកាដូ បន្ត​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល សូម​លោក​មេត្តា​ពិចារណា​នូវ​អនុសាសន៍​ខាងក្រោម​៖

● មនុស្ស​គ្រប់រូប ទទួលបាន​សិ​ទិ្ធ​សុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​រង់ចាំ​សវនាការ ជាពិសេស​ជន​ដែល​ងាយ​រងគ្រោះ ដូចជា​ស្ត្រី​ដែលមាន​កូនតូច​ក្នុង​ពន្ធនាគារ និង​អនីតិជន​ដែល​ជាប់ឃុំ ។

● ធានាថា ការឃុំខ្លួន​បណ្តោះអាសន្ន ត្រូវបាន​តុលាការ​ប្រើប្រាស់ តែ​ក្នុងករណី​ជា​ជម្រើស​ចុងក្រោយ ដោយយោង​តាម​គោលការណ៍​សន្មត​ជាមុន​ថា​គ្មាន​ទោស​របស់​ជនជាប់ចោទ ។

● ធានាថា នឹងមាន​ការពិចារណា​ត្រឹមត្រូវ ស្របតាម​ការការពារ​របស់​ច្បាប់ ទៅលើ​ស្ថានភាព​ផ្ទាល់ខ្លួន​របស់​ជនជាប់ចោទ​ទាំងអស់ ជាពិសេស​ជន​ដែល​ងាយ​រងគ្រោះ មុនពេល​សម្រេចចិត្តថា​នឹងដាក់​ឲ្យ​ជាប់​ឃុំខ្លួន​បណ្តោះអាសន្នរ​ង់​ចាំ​សវនាការ ។

● ធានាថា គ្រប់​ជនជាប់ចោទ មាន​សិ​ទិ្ធ និង​ការការពារ​តាមផ្លូវ​ច្បាប់​ក្នុងពេល​ឃុំខ្លួន​បណ្តោះអាសន្ន រួមមាន​សិ​ទិ្ធ​ទទួលបាន​មេធាវី សិ​ទិ្ធ​ទទួលបាន​ការជូនដំណឹង​អំពី​បទចោទប្រកាន់ និង​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​និង​ការទទួល​បានការ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ហើយ​និង​លទ្ធភាព​ដែល​អាច​ស្នើសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ជាពិសេស​ទៅលើ​ជន​ដែល​ងាយ​រងគ្រោះ ។ នីតិវិធី​ទាំងនេះ គួរ​ត្រូវបាន​ពន្យល់​ឲ្យ​បាន​ច្បាស់ និង​អនុវត្ត​ឲ្យ​ទាន់ពេលវេលា ។​

● ផ្តល់​អាទិភាព​ដល់​សវនាការ​លើ​ការស្នើសុំ នៅក្រៅ​ឃុំ​បណ្តោះអាសន្ន លើ​សំណុំរឿង​របស់​ជន​ងាយ​រងគ្រោះ ដូចជា​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​មានកូន​តូច នៅ​ជាមួយ​ក្នុង​ពន្ធនាគារ ជន​ជាប់ឃុំ​ជា​អនីតិជន និង​អ្នកការពារ​សិ​ទិ្ធ​មនុស្ស ។ ដូចនេះ​អ្នក​ទាំងនោះ នឹងមិន​នៅក្នុង​ការជាប់​ឃុំ​បណ្តោះអាសន្ន​រយៈពេល​យូរពេក ឬ​ដោយ​មិនមាន​កំណត់ពេល​នោះទេ ៕ ដោយ​៖​កូ​ឡាប​

spot_img
×