Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​ផល​វិជ្ជមាន និង​អវិជ្ជមាន​អ្វីខ្លះ ដែល​ទទួលបាន​ពី​វត្តមាន​អ្នកវិនិយោគទុន​ជនជាតិ​ចិន​ចូលមក​ខេត្ត​ព្រះសីហនុ​?

spot_img

​ខេត្ត​ព្រះសីហនុ​៖ អ្នកវិភាគ​សង្គម មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ជំនួញ​មួយចំនួន រស់នៅ​ខេត្ត​ព្រះសីហនុ បង្ហាញ​ទស្សនៈ​ខុសៗ​គ្នា ទាក់ទង​វត្តមាន របស់ អ្នកវិនិយោគទុន​ចិន ឬ​ជនជាតិ​ចិន ដែល​ចូល​មក​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ នាំ​ឲ្យ​ខេត្ត​ទេសចរណ៍​មួយ​នេះ​ទទួលបាន​ផល​វិជ្ជមាន និង​អវិជ្ជមាន​អ្វីខ្លះ​?

​សម្រាប់​ប្រជាពលរដ្ឋ មាន​ប្រាក់​ចំណូល​ទាប ពិសេស​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​មកពី​ខេត្ត​ឆ្ងាយ មក​រក​ការងារ​ធ្វើ​ក្នុង​ខេត្ត​ព្រះសីហនុ ផ្តល់​សម្ភាស​ដល់​អ្នក​យក​ព័ត៌មាន cen.com.kh ប្រចាំ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​អង្គារ ទី​១៦ ខែ​មករា ឆ្នាំ​២០១៨​។ ពលរដ្ឋ​ទាំង​នោះ បាន​ចាត់ទុក​អ្នក​វិនិយោគទុន​ចិន ឬ​ជនជាតិ​ចិន បង្ហាញ​វត្តមាន​ច្រើន​កុះក​រនា​ខេត្ត​ព្រះសីហនុ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​មិន​បាន​ជួយ​បង្កើន​ប្រាក់​ចំណូល​ដល់​ពួកគេ​ទេ​។ ផ្ទុយទៅវិញ បាន​បង្ក​ផលវិបាក​ដល់​ពួកគេ​ទៅ​វិញ ព្រោះ​ត្រូវ​ម្ចាស់​ផ្ទះជួល បាន​តម្លើង​តម្លៃ​បន្ទប់​ជួល ១​គុណ ៣ ឬ​ច្រើន​ជាង​នេះ បើ​ប្រៀបធៀប​មុន​ពេល​ចិន​ចូល​មក​ខេត្ត​ព្រះសីហនុ​។

​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក មក​រក​ការងារ​ធ្វើ និង​បាន​ជួល​បន្ទប់​ស្នាក់នៅ​ភាគច្រើន បាន​រអ៊ូរទាំ​ថា ពួកគេ​មិន​បាន​កើន​ប្រាក់ចំណូល ពី​វត្តមាន​អ្នកវិនិយោគទុន​ចិន ចូល​មក​ខេត្ត​ព្រះសីហនុ​ទេ ព្រោះ​ប្រាក់ចំណូល ដែល​ទទួលបាន​ប្រចាំថ្ងៃ ឬ​ប្រចាំខែ​នៅ​ដដែល ប៉ុន្តែ​បែរជា​បាន​ចំណាយ​ច្រើន ទៅ​លើ​ថ្លៃ​អាហារ​ទទួលទាន សេវា​ដឹកជញ្ជូន ពិសេស​តម្លៃ​ជួល​បន្ទប់​សម្រាប់​ស្នាក់នៅ​កើន​ខ្ពស់កប់ពពក ហើយ​ពេលនេះ ត្រូវ​បង្ខំចិត្ត​ចេញទៅ​រក​ផ្ទះ​ជួល នៅ​ជាយក្រុង ដែល​មិនសូវមាន​សុវត្ថិភាព​ជាដើម​។

​ផ្តើម​ពី​បញ្ហា​នេះ អ្នកឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម​មួយចំនួន ផ្តល់​សម្ភាស​ឲ្យ​អ្នកយក​ព័ត៌មាន​គេហទំព័រ CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ​ដឹង​ដែរ​ថា អ្នកវិនិយោគទុន​ចិន បង្ហាញ​វត្តមាន​ច្រើន​នា​ខេត្ត​ព្រះសីហនុ មិន​មាន​ផលប្រយោជន៍​ច្រើន ឬ​មិន​បាន​កើន​ដល់​ប្រាក់ចំណូល​ចិញ្ចឹម​គ្រួសារ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​មាន​របរ​តូចតាច ពិសេស​ពលរដ្ឋ​ចំណាកស្រុក មាន​ការងារ​ជា​កម្មករ អ្នករត់​តុ​នៅ​តាម​ទីតាំង ឬ​តាម​ភោជនីយដ្ឋាន​នានា ស្ត្រី​បំរើ​នៅ​តាម​ក្លឹប​កម្សាន្ត ខារ៉ាអូខេ ឬ​KTV និង​ក្លឹ​កម្សាន្ត​នានា ជា​ពិសេស​មន្ត្រី​រាជការ​រដ្ឋ មាន​ប្រាក់​ចំណូល​ទាប ហើយ​រស់នៅ​បន្ទប់​ជួល​នោះ​ទេ​។​

​ត្រង់​ចំណុច​នេះ លោកស្រី ជៀ​ប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ បង្ហាញ​ទស្សន​ថា វត្តមាន​អ្នកវិនិយោគទុន​ចិន ឬ​ជនជាតិ​ចិន​ចូល​មក​ខេត្ត​នេះ​ច្រើន​កុះករ គឺ​ពួកគេ​ភាគច្រើន​បាន​មក​រកស៊ី និង​វេច​លុយ​ត្រឡប់​ទៅ​កាន់​ស្រុក​គេ​វិញ​ស្ទើរ​ទាំងស្រុង​។ លោកស្រី​បន្ថែមថា វត្ត​មាន​ជនជាតិ​ចិន នា​ខេត្ត​ព្រះសីហនុ គឺ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ភ្ញៀវទេសចរ​មក​ពី​សហគម​ន៍​អឺរ៉ុប ដោយ​ពួកគេ​ចូល​មក​ទស្សនា ឬ​ចូល​មក​ខេត្ត​ព្រះសីហនុ បាន​យក​លុយ​មក​ចាយ​នៅ​ខេត្ត​ទេសចរណ៍​មួយ​នេះ ហើយ​ចំណេញ​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​មាន​របរ​ខ្នាត​តូច​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ ទោះបី​ភ្ញៀវ​ពី​អ៊ឺរ៉ុប មិន​បាន​មក​អភិវឌ្ឍ ឲ្យមាន​សំណង់​ធំ​ស្កឹមស្កៃ​រីក​ដូច​ផ្សិត ដូច​រាល់ថ្ងៃ​នេះ​ក្តី ប៉ុន្តែ​ភ្ញៀវ​ពី​អ៊ឺរ៉ុប ក៏​មិន​បាន​មក​បំផ្លាញ​បរិស្ថាន​ឆ្នេរ ឬ​ធនធាន​ជីវៈចម្រុះ​បាតសមុទ្រ ដែល​មាន​នៅ​ខេត្ត​ព្រះសីហនុ​នោះដែរ​។​

​លោកស្រី សុធា​រី បាន​កត់សម្គាល់​ថា អ្នក​ដែល​បាន​ទទួល​ផលប្រយោជន៍​ភាគច្រើន​ពី​វត្តមាន​អ្នកវិនិយោគ​ចិន ចូល​មក​ខេត្ត​ព្រះសីហនុ គឺ​ភាគច្រើន​បាន​តែ​ទៅលើ​បុគ្គល ឬ​អ្នក​មាន​សំណង់​អគារ​ធំៗ ដីធ្លី​សម្រាប់​លក់ ឬ​ជួល អ្នក​មាន​ផ្ទះសំណាក់ សណ្ឋាគារ និង​ក្លឹប​កម្សាន្ត​សម្រាប់​ដាក់​ជួល ឬ​លក់​ឲ្យ​ចិន បើក​ធ្វើ​អាជីវកម្ម​តែប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​អាជីវករ​ប្រកប​របរ​តូចតាច មន្ត្រីរាជការ ពិសេស​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក ដែល​ចូល​មក​រក​ការងារ​ធ្វើ ក្នុង​ខេត្ត​ព្រះសីហនុ មាន​ប្រាក់​ចំណូល​ទាប និង​ជួល​ផ្ទះ​គេ​ស្នាក់នៅ គឺ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ​ជីវភាព​ប្រចាំថ្ងៃ របស់​ពួកគេ​ទៅវិញ​ទេ ព្រោះ​ត្រូវ​ម្ចាស់​ផ្ទះជួល បាន​តម្លើ​ត​តម្លៃ​ថ្លៃ​បន្ទប់​ជួល​ខ្ពស់កប់ពពក ឬ​មិន​ជួល​ឲ្យ​ខ្មែរ​រស់នៅ​ទេ ដោយ ទុក​ជួល​ឲ្យ​ជនជាតិ​ចិន ព្រោះ​ចិន​ឲ្យ​តម្លៃ​ប្រចាំខែ​ខ្ពស់​ជាដើម​។ ដូច្នេះ​សរុបមក ចិន​បង្ហាញ​វត្តមាន​ច្រើន នា​ខេត្ត​ព្រះសីហនុ គឺ​សម្រាប់​ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ មានរ​បរជា​កម្មករ អ្នករត់​តុ​នៅ​តាម​ភោជនីយដ្ឋាន ស្ត្រី​បំរើ​នៅ​តាម​ក្លឹប​កម្សាន្ត​នានា មន្ត្រីរាជការ​មាន​ប្រាក់ខែ​ទាប ហើយ​រស់នៅ​ផ្ទះ​ជួល គឺ​មិន​ទទួល​បាន​ប្រយោជន៍​ច្រើន ពី​វត្តមាន​អ្នកជំនួញ​ចិន ចូល​មក​ខេត្ត​ព្រះសីហនុ​នោះទេ​។​
​យ៉ាងនេះក្តី លោកស្រី សុធា​រី ទទួលស្គាល់ថា វត្តមាន​អ្នកវិនិយោគទុន​ចិន ចូល​មក​ខេត្ត​ព្រះសីហនុ បាន​ផ្តល់ឱកាស​ធ្វើ​ការងារ ជូន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ពិសេស​យុវជន​មួយចំនួន​អាច​រក​ការងារ​ធ្វើ​ទៅ​ទាម​ជំនាញ ឬ​ចំណេះ របស់​ពួកគេ​បាន​មួយ​ចំនួន​ដែរ ប៉ុន្តែ​អាច​មាន​តួនាទី​ជា​បុគ្គល​ធម្មតា និង​ទទួលបាន​ប្រាក់​ចំណូល​ឬ​ប្រាក់ខែ​ទាប​តែប៉ុណ្ណោះ ព្រោះ​ចំណេះដឹង​នៅមានកំរិត និង​មិនទាន់​មាន​បទពិសោធន៍​ឲ្យបាន​គ្រប់គ្រាន់​ជាដើម​។

​ចំណែក អាជីវករ​មានមុខរ​បរ​លក់ដូរ​ចំណី​អាហារ​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ ក៏​បានឲ្យ​ដឹង​ដែរថា ពួកគេ​ទទួលបាន​ប្រាក់​ចំណូល​ពី​ភ្ញៀវ​ជនជាតិ​ចិន មករក​សេវា​បម្រើ​ការធ្វើ​អាជីវករ​លក់ដូរ​ទំនិញ សេវា​បម្រើ​លក់​ម្ហូបអាហារ និង​សេវា​ដឹកជញ្ជូន​ជា​ដើម គឺ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ព្រោះ​អ្នកជំនួញ​ជនជាតិ​ចិន មាន​មធ្យោបាយ​គ្រប់គ្រាន់ ឬ​បើក​ធ្វើ​ជំនួញ​ទាំងអស់​នោះ​ដោយ​ខ្លួនឯង ហើយ​ពួកគេ​ភាគច្រើន បាន​ទៅ​គាំទ្រ​សេវា​បំរើ ដែល​ជនជាតិ​ចិន​គ្នា​គេ​បើក​ធ្វើ​អាជីវកម្ម​តែម្តង​។​

ផ្ទុយ​ពី​ការអះអាង​នេះ សម្រាប់​ឈ្មួញ ឬ​អ្នក​មាន​សំណង់​អគារ​ធំៗ មាន​ដី សម្រាប់​ជួល ឬ​លក់ មាន​ដូចជា​អគារ​សំណង់​ធំៗ បន្ទប់​ផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ ក្លឹប​កម្សាន្ត​ឌី​ស្កូ និង​ក្លឹប​ខារ៉ាអូខេ​ជាដើម​នា​ខេត្ត​ព្រះសីហនុ សម្រាប់​លក់ ឬ​ជួល​ឲ្យ​ជនជាតិ​ចិន បាន​គាំទ្រ​វត្ត​មាន​ជនជាតិ​ចិន ហូរ​ចូល​មក​មូលដ្ឋាន​នេះ​។

​ឈ្មួញ​ទាំងនោះ​ចាត់ទុក​វត្តមាន​របស់​ជនជាតិ​ចិន ឬ​អ្នក​វិនិយោគិន​ចិន ដែល​បាន​មក​រក​ជួល​បន្ទប់ ជួល​ដី ជួល​អាគារ​ធំៗ មាន​ផ្ទះសំណាក់ សណ្ឋាគារ​ប្រណិតៗ និង​ក្លឹប​កម្សាន្ត​ជាដើម មាន​តម្លៃ​ខ្ពស់​ថា បាន​បង្កើន​ប្រាក់ចំណូល​សម្រាប់​ជំនួញ​ពួកគេ​មាន​កំណើន​ខ្ពស់ និង​បាន​រិះគន់​វត្ត​មាន​ភ្ញៀវ​មក​ពី​អ៊ឺរ៉ុប ដែល​ចូលមក​ខេត្ត​ព្រះសីហនុ មិន​បាន​ជម្រុញ​ឲ្យ​មូលដ្ឋាន​នេះ​រីកចំរើន ឬ​ជួយ​អភិវឌ្ឍ​មូលដ្ឋាន​នេះ​ទេ​កន្លងមកនេះ​។

អ្នកជំនួញ ឬ​ឈ្មួញ​មួយចំនួន​រស់នៅ​ខេត្ត​ព្រះសីហនុ បានចាត់ទុក​វត្តមាន របស់ អ្នកវិនិយោគទុន​ជនជាតិ​ចិន និង​ភ្ញៀវទេសចរ​ចិន ចូល​មក​ខេត្ត​ទេសចរណ៍​មួយ​នេះ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ពួកគេ​ហ៊ាន​ជួល​សំណង់​អគារ​ធំៗ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ដីធ្លី និង​ក្លឹប​កម្សាន្ត​ជាដើម ក្នុង​តម្លៃ​ខ្ពស់​មិន​ធ្លាប់​មាន​ពីមុន​មក​ទេ ដើម្បី​បើក​ធ្វើ​អាជីវកម្ម​ផ្សេងៗ មាន​ភោជនីយដ្ឋាន ពិសេស​កាស៊ីណូ សណ្ឋាគារ​ជាដើម​។​

​អ្នកជំនួញ ឬ​ប្រតិបត្តិ​ករ​ខ្លះ បានបញ្ជាក់​ថា ភាគច្រើន​នៃ​អ្នកវិនិយោគទុន​ចិន បាន​ចាប់យក​ជំនួញ​លើ​វិស័យ​ឧស្សាហកម្ម រោងចក្រ ក្រុមហ៊ុន​ទេសចរណ៍ សេវា​ដឹកជញ្ជូន សណ្ឋាគារ កាស៊ីណូ ក្លឹប​កម្សាន្ត និង​ភោជនីយដ្ឋាន​ជាដើម ក្នុងនោះ​ភ្ញៀវទេសចរ​ចិន ដែល​ធ្វើដំណើរ​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ ជា​អតិថិជន​គាំទ្រ​ការធ្វើ​ជំនួញ​របស់​អ្នកវិនិយោគទុន​ចិន​ទាំង​នោះ​។​

​ត្រង់​ចំណុច​នេះ លោក ស្រេង វ៉ាន់​លី មន្ត្រី​អង្កេត​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​កត់ សម្គាល់ថា រាល់ថ្ងៃនេះ ឃើញ​មាន​បុគ្គល​មួយចំនួន ដែល​មាន​អាគារ ឬ​ផ្ទះ​ជួល ឲ្យ​ចិន ពួកគេ​បាន​ឲ្យ​តម្លៃ និង ចាត់ទុក​វត្តមាន​អ្នកវិនិយោគ​ជនជាតិ​ចិន ឬ​ជនជាតិ​ចិន បង្ហាញ​វត្តមាន​ច្រើន នា​ខេត្ត​ព្រះសីហនុ ថា​ជា​ស្តេច ឬ​ឲ្យ តម្លៃ​ជាង​ខ្លួនឯង​ទៅ​ទៀត ព្រោះ​មាន​បុគ្គល​ខ្លះ ដែល​មាន​បន្ទប់​ជួល ឬ​ផ្ទះ​ជួល និង​សំណង់​អាគារ​ផ្សេងៗ កំពុង រស់នៅ​រាល់ថ្ងៃ​សុខៗ ក៏​បាន​ជួល​ឲ្យ​ចិន​អស់ ហើយ​ខ្លួនឯង​បែរ​ជា​ស្ទើរក​បន្ទប់​សម្រាប់​ផ្តល់​ឲ្យ​ក្រុមគ្រួសារ ឱ​ពុក ម្តាយ និង​កូនចៅ​ខ្លួនឯង​ស្នាក់នៅ ស្ទើរ​ពុំបាន ព្រោះ​ចិន​បាន​ជួល​ក្នុង​តម្លៃ​ខ្ពស់​។ ជាង​នេះ​ទៀត​ក៏​មាន​បុគ្គល​ខ្លះ បាន​វេច​បង្វិច ចាកចេញ​ពី​ផ្ទះ​ខ្លួន​ឯង​កំពុង​រស់នៅ ដោយ​ត្រូវ​ជួល​ឲ្យ​ចិន ហើយ​បាន​ងាក​ទៅរក​ផ្ទះជួល​នៅ​ជាយ ក្រុង ដែល​មាន​តម្លៃ​ទាប ឬ​ទីតាំង​ឆ្ងាយ​ពី​ទីប្រជុំជន​ជាដើម ដើម្បី​រស់​នៅ​ជំនួស​វិញ ព្រោះ​មហិច្ឆិតា​លោភលន់​អំណាច​ទឹកប្រាក់ របស់​ចិន​ផ្តល់ជូន​។

​មន្ត្រី​អង្កេត​អង្គការ​លីកាដូ​រូបនេះ ក៏​ទទួលស្គាល់​ថា រូប​គាត់​ពេលនេះ ក៏​កំពុង​ដើររក​បន្ទប់​ជួល​សម្រាប់​ដាក់​ការិយាល័យ​ថ្មី នៅ​ទីតាំង​ផ្សេង ដោយ​ទីតាំង​ការិយាល័យ​ចាស់ ត្រូវ​ម្ចាស់ផ្ទះ ឈប់​ជួល​ឲ្យ ឬ​ឈប់​បន្ត​កុងត្រា​ជួល​ឲ្យ​ទៀត​ទេ​។ ចំណុច​នេះ លោក ស្រេង វ៉ាន់​លី ឲ្យដឹងថា ការស្វែងរក​ការិយាល័យ​ថ្មី សម្រាប់​អង្គការ​លីកាដូ នា​ខេត្ត​ព្រះសីហនុ​ពេលនេះ ពិបាក​ក្នុង​ការជួល និង​ផ្ទះជួល​មាន​តម្លៃ​ខ្ពស់​ក្នុង​ផ្ទះ​មួយ​ល្វែង​មានតម្លៃ​ចន្លោះ​ពី ៧​រយ​ដុល្លារ​សហរដ្ឋអាមេរិក ទៅ​១​ពាន់​ដុល្លារ​ឯណោះ​។

​ងាក​មក​ភ្ញៀវទេសចរ​ជាតិ​ដែល​ចូល​ទៅ​កម្សាន្ត​ខេត្ត​ព្រះសីហនុ ភាគច្រើន​បាន​រអ៊ូរទាំ​ថា វត្ត​មាន​ជនជាតិ​ចិន បង្ហាញ​វត្តមាន​ច្រើន​កុះករ​បាន​បង្ក​ឲ្យមាន​ភាព​រញ៉េរញ៉ៃ និង​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នា​មូលដ្ឋាន​នេះ​ទៅ​វិញ​។ ភ្ញៀវ​ជាតិ​ឲ្យដឹង​ថា កន្លងទៅនេះ ពួក​គេ​សង្កេតឃើញ​មាន​បុគ្គល​ជនជាតិ​ចិន ខ្លះ​បាន​បង្ក​បទល្មើស​ចាប់ជំរិត​ទារប្រាក់ ឬ​បង្ហាញ​អត្តចរិត​កោងកាច វាយ​កាប់​ចាក់​គ្នា​នៅតាម​ទីសាធារណៈ និង​នៅ​តាម​ហាង​ផឹកស៊ី បង្ក​ឲ្យមាន​ការភ័យខ្លា​ច​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ដោយ​បង្ហាញ​កាយវិការ​មិន​ខ្លាច​ញញើត​កម្លាំង​សមត្ថកិច្ច​ថែមទៀត​ផង​។​

​ត្រង់​ចំណុច​នេះ ភ្ញៀវទេសចរ​ជាតិ បាន​សំណូមពរ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​នេះ ត្រូវ​យកចិត្តទុកដាក់​ទៅលើ​សកម្មភាព​របស់​ជ​ន​ជាតិចិន បង្ហាញ​វត្តមាន​ក្នុង​មូលដ្ឋាន​នេះ​ឲ្យបាន​ជាប្រចាំ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​វត្តមាន​ភ្ញៀវទេសចរ​បរទេស​ដទៃ​ទៀត ជា​ពិសេស​កុំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​រដ្ឋាភិបាល​ប្រសិទ្ធិ​នាម​ថា​ជា «​តារា​រះ​នា​ទិសនិរតី​»​។​

​ដោយឡែក​សម្រាប់​ស្ត្រី​បម្រើ​ការងារ​នៅតាម​ភោជនីយដ្ឋាន និង​ក្លឹប​កម្សាន្ត​ខារ៉ាអូខេ ឬ​ហៅ​ខ្លី​ថា​ខេ​ធី​វី (KTV) ភាគច្រើន​នា​ខេត្ត​ព្រះសីហនុ នា​ពេល​កន្លង​ទៅ ពួកគេ​បាន​ចាត់ទុក​វត្ត​មាន​ជនជាតិ​ចិន ពិសេស​ភ្ញៀវ​បុរស​ចិន ដែល​បាន​បង្ហាញខ្លួន​ច្រើន​នា​មូលដ្ឋាន​នេះ ថា​នាំ​ឲ្យ​របរ​អង្គុយ​កំដរ​ភ្ញៀវ​ចិន នៅពេល​យប់​ព្រលប់ របស់​ពួកគេ អាច​រក​ប្រាក់ចំណូល​កើន​មួយ​ទ្វេ​ជា ៣​ដង ឬ​ច្រើន​ជាង​នេះ បើ​ប្រៀបធៀប​ពេល​មុន​មាន​វត្តមាន​ជនជាតិ​ចិន​ចូល​មក​មូលដ្ឋាន​នេះ​។ ប៉ុន្តែ​ពេល​បច្ចុប្បន្ន​នេះ ស្ត្រី​បំរើ​នៅ​តាម​ក្លឹប​កម្សាន្ត​ទាំងនោះ បែរជា​បាន​រអ៊ូរទាំ​ថា ភ្ញៀវ​ចិន​ឬ​បុរស​ចិន ហាក់​លែង​សូវ​ជាប់​អារម្មណ៍ នឹង​សម្រស់ របស់​ពួកគេ​ជា​បណ្តើរៗ​ហើយ​ពេលនេះ ព្រោះ​អ្នកវិនិយោគ​ចិន​ភាគច្រើន គេ​បាន​បើក​ធ្វើ​ជំនួញ​ជា​ក្លឹប​កម្សាន្ត KTV ឬ​ក្លឹប​រាំច្រៀង​ផ្សេងៗ ដោយ​ខ្លួនឯង ហើយ​បាន​នាំយក​ស្ត្រី​បំរើ​មកពី​ក្រៅ​ប្រទេស​មាន​មក​បំរើ​សេវា​ដ៏​សម្បូរ​បែប​មាន​ទាំង​ស្ត្រីជន វៀតណាម ចិន ចិន​តៃវ៉ាន់ និង​ស្ត្រី​មកពី​ប្រទេស​ថៃ​ជាដើម មក​បំរើ​សេវា​នៅ​ក្នុង​ក្លឹប​កម្សាន្ត​ខេ​ធី​វី របស់​ពួកគេ ដោយ​ក្នុង​នោះ មាន​ស្ត្រី​ខ្មែរ​ភាគតិច​បំផុត​។ ជាងនេះទៀត ពួកគេ​ក៏​មាន​ផលវិបាក​ក្នុងការ​ជួល​បន្ទប់​ស្នាក់នៅ ព្រោះ​ត្រូវ​ម្ចាស់ផ្ទះ​តម្លើ​តម្លៃ​ជួល​ខ្ពស់កប់ពពក នៅ​គ្រា ពួកគេ​រក​ប្រាក់ចំណូល​ប្រចាំ​ថ្ងៃ​មិនសូវ​បាន ហើយ​រាល់ថ្ងៃ​នេះ​ស្ទើរ​មិន​អាច​ទប់ទល់​តម្លៃ​ផ្ទះជួល ដែល​ម្ចាស់​បាន​តម្លើង​តម្លៃ​ខ្ពស់​ទ្វេដង​នាពេល​បច្ចុប្បន្ន​នេះ​បាន​ទៀត​ទេ​។​

​ងាក​មក​ស្ត្រី​វ័យក្មេង ដែល​មាន​សាច់​សខ្ចី​ដូច​បណ្តូលចេក មើលឃើញ​នៅ​ពេល​រាត្រី បំរើ​ការងារ​នៅ​ក្លឹប​ខារ៉ាអូខេ​ឬ​ខេ​ធី​វី KTV មួយចំនួន បានឲ្យ​អ្នកយក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ​ដឹងថា ពេល​មាន​វត្តមាន​ជនជាតិ​ចិន ហូរ​ចូល​មក​ខេត្ត​ព្រះសីហនុ គឺ​ការ​កំដរ​ភ្ញៀវ​ជនជាតិ​ខ្មែរ របស់​ពួកគេ​ទទួលបាន​ថវិកា​ចន្លោះ​ពី ១០ ទៅ ២០​ដុល្លារ​សហរដ្ឋអាមេរិក ឬ​លើស​នេះ​បន្តិចបន្តួច​ទេ ប៉ុន្តែ​នៅពេល​មាន​វត្តមាន​ភ្ញៀវ​ជនជាតិ​ចិន​ចូលមក​ដល់​មូលដ្ឋាន​នេះ​ភ្លាមៗ ឬ​មក​ដល់​ថ្មីៗ​ដំបូងដៃ​វិញ គឺ​ការ​អង្គុយ​កំដរ​បុរស​ចិន​មួយពេល ឬ​ចប់​មួយ​កម្មវិធី​ច្រៀង​រាំ មួយពេល ទទួលបាន​ប្រាក់ចំណូល​កើន​ទ្វេគុណ គឺ​ទាប​បំផុត​ទទួល​បាន​ចន្លោះ​ពី​ជាង ៥០ ទៅ​ជាង ១០០​ដុល្លារ សហរដ្ឋអាមេរិក ឬ​ច្រើន​ជាង​នេះ​។ ពិសេស​ជាង​នេះ ប្រសិនបើ​បុរស​ចិន បាន​ហៅ​ដើរ​ដាច់​យប់​ទៅ​ជាមួយ​ពួកគេ​វិញ គឺ​អាច​ទទួលបាន​ប្រាក់ចំណូល​ចន្លោះ​ចាប់ពី ២០០ ទៅ ដល់ ៣០០​ដុល្លារ​សហរដ្ឋអាមេរិក​។ យ៉ាងនេះក្តី បច្ចុប្បន្ននេះ ស្ត្រី​វ័យក្មេង​បំរើ​ការងារ​នៅតាម​ក្លឹប​ខេ​ធី​វី ឬ​ក្លឹប​កម្សាន្ត​ភាគច្រើន បាន​ទទួលស្គាល់ថា នៅ​ពេល​ពួកគេ​ដាច់​យប់​ទៅ​ជាមួយ​ភ្ញៀវ​ចិន​ម្តងៗ គឺ​យ៉ាប់​ខ្លួន​ខ្លាំង​សម្បើម​ណាស់ ហើយ​បច្ចុប្បន្ន​នេះ មានពេលខ្លះ ស្ត្រី​បំរើ នៅ​តាម​ក្លឹប​ខេ​ធី​វី​មួយចំនួន មានគំនិត​ថា លែង​ចង់​បាន​លុយ​ពី​ភ្ញៀវ​ចិន​ទៀត​ហើយ​ព្រោះ​ពេល​នៅ​ជាមួយ​បុរស​ចិន​ម្តងៗ​ទ្រោម​ខ្លួន​ជា​រហូត​។

​រាល់ថ្ងៃនេះ ស្ត្រី​បំរើ​នៅ​តាម​ក្លឹប​កម្សាន្ត ឬ KTV មួយចំនួន បាន​រអ៊ូរទាំ​ប្រាប់​អ្នកយក​ព័ត៌មាន cen.com.kh ប្រចាំ​ខេត្ត​ព្រះសីហនុ​ថា ពេលនេះ ពួកគេ​មិន​សូវ​ចាប់​អារម្មណ៍​ភ្ញៀវ​ចិន ឬ​បុរស​ចិន​ទៀត​ទេ ព្រោះ​បុរស​ជនជាតិ​ចិន​ភាគច្រើន ដែល​ទៅ​រក​សេវា​សប្បាយ​នៅតាម​ក្លឹប KTV មាន​ចរិត​ព្រហើន​កោងកាច មិន​គោរព​ពួកគេ និង​ជក់បារី​ត​កន្ទុយ​គ្នា​ស្អុយ​ពុល​ស្ទើរ​ទ្រាំ​ពុំ​បាន នៅពេល​អង្គុយ​កំដរ​បុរស​ជិន​ក្នុង​បន្ទប់ KTV ម្តងៗ ហើយ​ពេលនេះ ក៏​មិនសូវ​ទទួលបាន​ប្រាក់​ចំណូល​ច្រើន ដូច​កាលពី​ពេល​មុនទៀ​ត​ដែរ​។

​ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា អ្នកវិនិយោគទុន​ចិន មាន​វត្តមាន​ច្រើន​នា​មូលដ្ឋាន​នេះ នឹង​រួមចំណែក​ជំរុញ​ឲ្យ​ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​មាន​ការរីកចម្រើន​គួរឲ្យ​កត់សម្គាល់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជា​ពិសេស​តម្លៃ​ទិញ ឬ​ជួល​អចលនទ្រព្យ និង​ការទិញ​លក់​អគារ​សំណង់​ផ្សេងៗ​មានតម្លៃ​ខ្ពស់កប់ពពក​។

​លោក​អភិបាលខេត្ត បានចាត់ទុក​វត្តមាន​វិនិយោគិន​ចិន ចូល​មក​ខេត្ត​ព្រះសីហនុ​ថា បាន​ជម្រុញ​ឲ្យ​មូលដ្ឋាន​នេះ មាន​ការរីកចម្រើន​ច្រើន ពិសេស​វិស័យ​សំណង់​អាគារ​ខ្ពស់ៗ​ខ្នាត​អន្តរជាតិ និង​ចំណាយ​លុយ​វិនិយោគ​រាប់រយ​លាន​ដុល្លារ​អាមេរិក សម្រាប់​អាគារ​នី​មួយៗ​។ បច្ចុប្បន្ន​អាគារ​ធំ​ស្កឹមស្កៃ​ជាច្រើន បាន​រីក​ដូច​ផ្សិត មាន​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ និង​បាន​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​នេះ ពិសេស​យុវជន អាច​ស្វែងរក​មាន​ការងារ​ធ្វើ ទទួលបាន​ប្រាក់ចំណូល​ចិញ្ចឹម​គ្រួសារ​កើន​ខ្ពស់​ជា​បន្តបន្ទាប់​ទាំង​ពេលបច្ចុប្បន្ន និង​តទៅ​ថ្ងៃ​អនាគត​។​

ទន្ទឹមគ្នានេះ លោក យន្ត មីន ក៏​បាន​ទទូច​ដល់​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ប្រជាពលរដ្ឋ អាជីវករ និង​ផ្នែក​ពាក់ព័ន្ធ​នានា ត្រូវ​ចូលរួម​ថែរក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​គាំទ្រ​អ្នកវិនិយោគទុន​ចម្រុះ​ជាតិ​សាសន៍​ដែល​ចូល​មក​បោះទុន​វិនិយោគ​នា​មូលដ្ឋាន​នេះ​ឲ្យបាន​ទាំង​អស់​គ្នា ជៀសវាង​ការ​លាប​ពណ៌​គ្នា​បង្កើតឲ្យមាន​ជម្លោះជាតិសាស​ន៍​រវាង​ជនជាតិ​មួយ​ទៅ​ជនជាតិ​ផ្សេង បង្ក​ឲ្យ​ជម្លោះ​បន្តិចបន្តួច បង្ក​ឲ្យក្លាយ​ទៅ​ជា​ជម្លោះ​ធំ នាំឲ្យ​ប៉ះពាល់​ដល់​សុខ​សុវត្ថិភាព​ភ្ញៀវទេសចរ និង​អ្នកវិនិយោគទុន​ចិន​ចូល​មក​មូលដ្ឋាន​នេះ​។​

​ទោះជា​បែប​នេះ​ក្តី មន្ត្រីរាជការ​ថ្នាក់ទាប និង​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ ពិសេស​ពលរដ្ឋ ដែល​ធ្វើ​ចំណាកស្រុក​មករក​ការងារ​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ ហើយ​បាន​ជួល​ផ្ទះ ឬ​បន្ទប់​គេ សម្រាប់​ស្នាក់នៅ​ភាគច្រើន បាន​ពេបជ្រាយ​ថា វត្ត​មាន​ជនជាតិ​ចិន បាន​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ របស់​ពួកគេ ព្រោះ​ត្រូវ​ម្ចាស់​ផ្ទះជួល បាន​តម្លើង​តម្លៃ​ផ្ទះ ឬ​បន្ទប់​ជួល​ប្រចាំខែ ខ្ពស់កប់ពពក ឬ​តម្លើង​ទ្វេគុណ ១ ទ្វេ​ជា ៣​ដង ឬ​ច្រើន​ជាង​នេះ បន្ទាប់​ពី​ចិន បង្ហាញ​វត្តមាន​ច្រើន​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​។ ពលរដ្ឋ​អះអាងថា ស្រប​ពេល​វត្តមាន​អ្នកវិនិយោគ​ចិន​ចូល​មក​ខេត្ត​ព្រះសីហនុ គឺ​ប្រាក់​ចំណូល​ប្រចាំថ្ងៃ ឬ​ប្រចាំខែ របស់​ពួកគេ មិន​បាន​កើន​នោះទេ ប៉ុន្តែ​សម្រាប់​ការចំណាយ​វិញ​ទៅលើ​សេវា​ផ្សេងៗ​វិញ គឺ​បាន​កើន​ទ្វេដង ទាំង​តម្លៃ​អាហារ​ទទួលទាន តម្លៃ​សេវា​ដឹកជញ្ជូន និង​តម្លៃ​ជួល​បន្ទប់​ស្នាក់នៅ ជាដើម គឺ​បាន​កើន​ទ្វេដង​ទាំងអស់​។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ភាគច្រើន​រស់នៅ​ខេត្ត​ព្រះសីហនុ ក៏​បាន​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ឥរិយាបថ​បើកបរ​របស់​ជនជាតិ​ចិន ដែល​សកម្មភាព​ការ​បើកបរ​រថយន្តរ​បស់​ពួកគេ​នៅតាម​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង ពិសេស​នា​ពេល​រាត្រី​ភាគច្រើន ពួកគេ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន មិន​គោរព​ច្បាប់​ចរាចរណ៍ និង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោក ហើយ​តែង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជា​បន្តបន្ទាប់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ​។​

​ផ្តើម​ពី​បញ្ហា​នេះ អាណា​ព្យាបាល​មួយចំនួន រស់នៅ​ខេត្ត​ព្រះសីហនុ ក៏​បាន​សំណូមពរ​ដល់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឲ្យជួយ​ចេញ​បទបញ្ជា​ក្តៅ​ឲ្យ​បាន​ច្រើន​ថែម​ទៀត មក​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​បង្កើន​ការដាក់​ប៉ុស្តិ៍​ចុះ​ត្រួតពិនិត្យ ការធ្វើ​ចរាចរណ៍​តាម​ផ្លូវ​សាធារណៈ ពិសេស​នៅ​ពេលយប់​។ ជាង​នេះ ក៏​ស្នើ​ទប់ស្កាត់​កុំ​ឲ្យ​ជនជាតិ​ចិន​ទាំងនោះ មាន​សិទ្ធិ​បើកបរ​រថយន្ត​ដោយ​ខ្លួនឯង​នាទី​ប្រជុំជន​ក្រុង​ព្រះសីហនុ ជា​បន្ត​ទៀត​នា​ថ្ងៃ​ខាង​មុខ ព្រោះ​ឥរិយាបថ​បើកបរ​របស់​ជនជាតិ​ចិន ភាគច្រើន​មាន​ល្បឿន​លឿន ស្រវឹង មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឬ​ភ្លើង​បញ្ជា​ចរាចរណ៍ និង​តែង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​ជាច្រើន​ករណី និង​បាន​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​។

ឆ្លៀត​ឱកាស​នេះ អាណាព្យបាល​មួយចំនួន ក៏​បាន​ស្នើ​ដល់​សម្តេច​ក្រឡាហោម ស ខេង ឲ្យ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត ទៅលើ​បុគ្គល​ជា​មន្ត្រី​នគរបាល​ជាន់ខ្ពស់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​មួយចំនួន ដែល​ត្រូវ​ប្រជាពលរដ្ឋ​មូលដ្ឋា​នេះ​ចោទថា បាន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​កាង​ការពារ​បទល្មើស​ផ្សេងៗ មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​បទ​ល្មើ​វាយ​កាប់​ចាក់​ហិង្សា​ផ្សេងៗ ដែល​ជនជាតិ​ចិន​បាន​ប្រព្រឹត្ត​កំហុសឆ្គង​នា​ពេលកន្លងមក ឲ្យ​ងាក​មក​អនុវត្តការ​ងារ ឬ​បំពេញ​តួនាទី ឲ្យបាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ជាក​កងកម្លាំង​នគរបាល​ជាតិ​ឡើងវិញ​៕ ដែន សីមា

spot_img
×