Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំ និង​មន្ត្រី​សម័យនេះ មិនសូវមាន​ពេល​ដើរលេង សប្បាយ ហ៊ឺហារ​នា​ថ្ងៃ​ចុង​សប្ដាហ៍ ដូច​ថ្នាក់ដឹកនាំ និង​មន្ត្រី​សម័យមុន​

spot_img

​ព្រៃវែង​៖​សម្ដេច​ក្រឡាហោម បាន​ថ្លែងថា ថ្នាក់ដឹកនាំ និង​មន្ត្រី​សម័យនេះ មិនសូវមាន​ពេល​ដើរលេង សប្បាយ​ហ៊ឺហា​រនា​ថ្ងៃ​ចុង​សប្ដាហ៍​ដូច​ថ្នាក់ដឹកនាំ និង​មន្ត្រី​សម័យមុន​ឡើយ ព្រោះ ត្រូវឱ្យ​ចុះ​មូលដ្ឋាន​ដើម្បី​ធ្វើ​វេទិកាសាធារណៈ ប្រមូល​សំណូមពរ ក្ដីកង្វល់ និង​ក្ដាប់​នូវ​បញ្ហា​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ ។​

នៅ ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​ឆ្លង​សមិទ្ធផល​នានា នៅ​វត្ត​ស្នា​យសរ ស្ថិត​ក្នុងភូមិ​ព្រៃខ្លា និង​ភូមិ​ពោធិ​សា​បាង ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង​។​

​ពាក់ព័ន្ធ​នឹង​ការស្ថាបនា​ផ្លូវ សម្ដេច​បាន​មានប្រសាសន៍ថា​រាជរដ្ឋាភិបាល បាន​បែងចែក​ថវិកា​សម្រាប់​ការសាងសង់ និង​ជួសជុល​ផ្លូវ កាន់តែច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ពិសេស​ការស្ថាបនា​ផ្លូវ​ថ្មីៗ ការកែប្រែ​ផ្លូវ​ទៅជា​គ្រួស​ក្រហម ផ្លូវ​បេតុង ផ្លូវ​កៅស៊ូ​ទាំង​កម្រិត​ផ្លូវ​ជនបទ ផ្លូវ​ខេត្ត និង​ផ្លូវជាតិ ជាក់ស្ដែង​សម្រាប់​ផ្លូវជាតិ សម្ដេច​បាន​សង្កត់ធ្ងន់​ថា​កម្ពុជា​នៅសល់តែ​កំណត់​ផ្លូវជាតិ​ដែល​សម្ដេច​ប្រកាស​បើក​ការដ្ឋាន​សាងសង់​នៅថ្ងៃនេះ​មួយ​ខ្សែ​ទៀត​ប៉ុណ្ណោះ គឺ​នឹងមាន​ផ្លូវ​ស្អាត​ព័ទ្ធ​មួយ​ជុំ​ប្រទេស​តែម្ដង ដែល​សមិទ្ធផល​នេះ នឹង​ផ្ដល់​ភាពងាយស្រួល​សម្រាប់​ការធ្វើដំណើរ ដឹកជញ្ជូន​ទំនិញ និង​កសិផល​នានា​ដល់​ប្រជាពលរដ្ឋ អាជីវកម្ម និង​វិនិយោគ​គិ​ន​ជាតិ និង​អន្តរជាតិ​។​

​ក្រៅពីនេះ សម្ដេច​ក្រឡ​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​ជម្រាបជូន​ប្រជាពលរដ្ឋ​ក្នុង​អង្គពិធី អំពី​ការបែងចែក​មន្ត្រី​មក​បំពេញការងារ​នៅ​ថ្នាក់មូលដ្ឋាន ព្រមទាំង​បាន​ផ្ទេរសិទ្ធិ​អំណាច និង​ធនធាន​ហិរញ្ញវត្ថុ ដើម្បីឱ្យ​មន្ត្រីរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កាន់​តែមាន​លទ្ធផល​គ្រប់គ្រាន់​ក្នុង​ការផ្ដល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន​សំដៅ​បំរើ​ផលប្រយោជន៍​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។ ជាមួយគ្នានេះ សម្ដេច​បាន​មានប្រសាសន៍ថា​រាជរដ្ឋាភិបាល និង​គណបក្ស​ក៏បាន​ចាត់តាំង​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ដើម្បី​ផ្ដល់​ការគាំទ្រ និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​បន្ថែមទៀត​ជូន​ប្រជាពលរដ្ឋ​។​

​ត្រង់ចំណុច​នេះ​សម្ដេច​ក្រឡាហោម​បាន​ទាញ​ចំណាប់អារម្មណ៍​អង្គពិធី​ថា​ថ្នាក់ដឹកនាំ និង​មន្ត្រី​សម័យនេះ មិនសូវមាន​ពេល​ដើរលេង សប្បាយ​ហ៊ឺហា​រនា​ថ្ងៃ​ចុង​សប្ដាហ៍​ដូច​ថ្នាក់ដឹកនាំ និង​មន្ត្រី​សម័យមុន​ឡើយ ពោលគឺ​រាជរដ្ឋាភិបាល និង​គណបក្ស បាន​ចាត់តាំង​ការទទួលខុសត្រូវ​ឱ្យ​ចុះ​មូលដ្ឋាន​ដើម្បី​ធ្វើ​វេទិកាសាធារណៈ ប្រមូល​សំណូមពរ ក្ដីកង្វល់ និង​ក្ដាប់​នូវ​បញ្ហា​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ ហើយ​រួមគ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា ហើយ​បញ្ហា​ណា​ដែល​លើសពី​សមត្ថកិច្ច ឬ​សមត្ថភាព ក្រុមការងារ​នឹង​លើក​យកមក​ដោះស្រាយ​ជាមួយ​ថ្នាក់ដឹកនាំ​បន្តទៀត ដោយ​មិន​ទុកឱ្យ​បញ្ហា​ណាមួយ​របស់​ពលរដ្ឋ​ត្រូវ​កប់​ចោល​ជាដាច់ខាត​។​

​តំណាលគ្នា​នេះ រាជរដ្ឋាភិបាល បាន​ប្ដេជ្ញាចិត្ត​ធ្វើកំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដោយបាន​ផ្ទេរ​មុខងារ សិទ្ធិអំណាច ធនធាន ពី​ថ្នាក់ជាតិ​មកឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជា​បន្តបន្ទាប់ រួមមាន​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ និង​ឃុំ​សង្កាត់ ហើយ​ជាក់ស្ដែង​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២០​នេះ បានទទួល​ការបង្កើន​ថវិកា​រដ្ឋបាល និង​ថវិកា​អភិវឌ្ឍន៍​ទ្វេដង ក្នុងនោះ​សម្រាប់​ថវិកា​អភិវឌ្ឍន៍ ក្នុង​មួយ​ឃុំ ឬ​សង្កាត់ បានទទួល​ពី​ប្រមាណ​៣​ម៉ឺន​ដុល្លារ​នៅ​ឆ្នាំ​២០១៩ មកដល់​ជាង​៧​ម៉ឺន​ដុល្លារ​នៅ​ឆ្នាំ​២០២០​។ ដូច្នេះ​ក្រុមប្រឹក្សាឃុំ​ខ​ង្កា​ត់ នឹង​កាន់តែ​មានលទ្ធភាព​ច្រើនជាង​មុន​ក្នុងការ​សម្រេចចិត្ត​អភិវឌ្ឍន៍​មូលដ្ឋាន​ទៅតាម​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​សម្ដេច​បាន​បន្ថែ​មការ​ធ្វើកំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល គឺ​ដើម្បី​ផ្ដល់​សិទ្ធិអំណាច និង​ផលប្រយោជន៍​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ជូន​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រី​ដែល​នៅក្បែរ​ពលរដ្ឋ មិនមែន​ក្ដោប​អំណាច​ទុក​តែ​នៅ​ថ្នាក់លើ​ដូច​ពី​អតីតកាល​នោះឡើយ ហើយ​ថា​ការងារ​នេះ​គឺ​ត្រូវការ​ការចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ​។ សម្ដេច​បន្តថា​កិច្ច​ការដែល​ត្រូវបាន​លើកទឹកចិត្ត​ឱ្យចូល​រួម​ខ្ពស់បំផុត​នោះ គឺ​ការ​រួមគ្នា​ការពារ​សុខសន្តិភាព ឯករាជ្យភាព បូរណភាព​ដែនដី និង​អធិបតេយ្យ​ជាតិ​។ សម្ដេច​បាន​រំលឹកថា​កម្ពុជា​ពី​អតីតកាល យើង​មាន​ដែនដី​ធំ​ណាស់ ប៉ុន្តែ​ព្រោះតែ​បាត់​សន្តិភាព យើង​បាត់​ឯករាជ្យ​ជាតិ យើង​បាត់បង់​ទឹកដី និង​ទទួលរង​វិនាសកម្ម​គ្រប់បែបយ៉ាង ដូច្នេះ​ពេលនេះ​យើង​ដែលមាន​បទពិសោធន៍​គ្រប់គ្រាន់ ត្រូវតែ​រួមគ្នា​ការពារ​សុខសន្តិភាព​ឱ្យបាន​។​

​សម្ដេច​បាន​ពន្យល់​ជូន​ប្រជាពលរដ្ឋ​ថា​ជា​ការពិត​សុខសន្តិភាព​គឺជា​គន្លឹះ​នាំឱ្យមាន​ការអភិវឌ្ឍ ហើយ​ពលរដ្ឋ​អាច​ទទួលបាន​ផល​ពី​ការអភិវឌ្ឍ​នេះ ទៅតាម​ចំណេះដឹង សមត្ថភាព និង​ការចេះ​ក្ដាប់​យក​ឱកាស​នានា​។ យ៉ាងណាក៏ដោយ សម្ដេច​បាន​សង្កត់ធ្ងន់​ថា​រាជរដ្ឋាភិបាល កំពុង​ខិតខំ​ធ្វើយ៉ាងណា​ឱ្យ​ផល​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​បាន​មកដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ តាមរយៈ​ការអនុវត្ត​គោលនយោបាយ ទឹក ផ្លូវ ភ្លើង និង​ធនធានមនុស្ស និង​ការផ្ដល់​សេវាសាធារណៈ​នានា​។ សម្ដេច​បន្តថា​នៅពេល​ពលរដ្ឋ​មាន​ទឹកស្អាត​ប្រើប្រាស់​ពួកគាត់​នឹងមាន​សុខភាព​ល្អ មាន​ផ្លូវ និង​មាន​ភ្លើង​អគ្គីសនី​ប្រើប្រាស់ នឹង​ធ្វើឱ្យ​ពលរដ្ឋ​ងាយស្រួល​ធ្វើដំណើរ និង​មានឱកាស​ប្រកប​អាជីវកម្ម​កាន់តែច្រើន និង​នៅពេល​មាន​សាលារៀន​ពលរដ្ឋ​នឹងមាន​ឱកាស​ឱ្យ​កូនៗ​បាន​សិក្សា​រៀន​សូត្រ​មានចំណេះដឹង​ប្រកួតប្រជែង​ក្នុ​សង្គម​ការងារ​កាន់តែច្រើន​។​

​ពី​វេ​ធិ​កា​អធិបតី​នេះដែរ សម្ដេច​ក្រឡ​ហោម ស ខេង ក៏បាន​មានប្រសាសន៍​ជម្រាបជូន​ប្រជាពលរដ្ឋ​អំពី​ស្ថានភាព​នៃ​ជំងឺ​ផ្លូវដង្ហើម​ថ្មី ឬ​COVID19 និង​ការព្យាយាម​ទប់ស្កាត់​ទាំង​នៅ​ប្រទេស​ចិន នៅក្នុង​ប្រទេស​មានការ​រីក​រាលដាល និង​នៅ​កម្ពុជា​យើង​បន្ទាប់ពី​មានការ​រកឃើញថា​ជន​ជាតិ​ជប៉ុន​ម្នាក់​មាន​ផ្ទុក​ជម្ងឺ​នេះ ហើយ​បាន​ឆ្លង​លើ​ពលរដ្ឋ​ខ្មែរ​ម្នាក់​នៅ​ខេត្តសៀមរាប​។ សម្ដេច​បាន​មានប្រសាសន៍​ពី​ចំណាត់ការ​ប្រកបដោយ​ភាពជឿជាក់​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ក្រសួងសុខាភិបាល និង​យន្តការ​សកល​ក្នុង​ការបង្កា​ទប់ស្កាត់​មេ​រោយ​នេះ ព្រមទាំង​បាន​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​កុំ​មាន​ក្ដី​ព្រួយបារម្ភ​ជ្រុល​ហួសហេតុ ប៉ុន្តែ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោល​ការ​អនាម័យ និង​វិធាន​ការការពារ​ខ្លួន​ឱ្យបាន​ល្អ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ សម្ដេច​ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ចូលរួម​បង្កា​ទប់ស្កាត់​គ្រឿងញៀន និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​៕ ដោយ​៖​កូ​ឡាប​

spot_img
×