Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនមានពលរដ្ឋ​ខេត្តក្រចេះ​១៩​នាក់ ឆ្លង​មេរោគ​កូ​វីដ​១៩ ដូច​ការបំពុល​ព័ត៌មាន​លើ​បណ្ដាញ​សង្គម នោះទេ​

spot_img

ភ្នំពេញ ៖ មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​បានបញ្ជាក់​ថា​​គិត​មកដល់​ត្រឹម ១៤:០០​នាទី ថ្ងៃ​៩ ខែមីនា ឆ្នាំ​២០២០​នេះ នៅក្នុង​ខេត្តក្រចេះ គ្មាន​អ្នកណាម្នាក់​សង្ស័យ​កើត​កូ​វីដ​១៩ (Covid-19) ទេ​។

​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​មួយ ដោយ​បដិសេធ​ចំពោះ​ព័ត៌មាន​មិន​ពិត​ថា ប្រជាពលរដ្ឋ​នៅ​ស្រុក​សំបូរ​ចំនួន​សរុប ១៩​នាក់ ក្នុងនោះ​មាន​សិស្ស​វិទ្យាល័យ​ហ៊ុនសែន​ស​ម្ភៈ​បុ​រៈ​សំបូរ ចំនួន​០៦​នាក់ ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ខេត្តសៀមរាប ឆ្លង​ជំងឺ​កូ​វីដ​១៩​។​

ទន្ទឹមនឹងនេះ មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ ក៏បាន​ស្នើឱ្យ​អ្នកលេង​បណ្តាញ​សង្គម សុំ​បញ្ឈប់​ជាបន្ទាន់ ព័ត៌មាន​ប្រឌិត​មិន​ច្បាស់លាស់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច ច្របូកច្របល់​ក្នុងសង្គម​។​

​បើតាម មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ គឺ​ប្រជាពលរដ្ឋ​នៅ​ស្រុក​សំបូរ​ចំនួន​សរុប ១៩​នាក់​នោះ ក្នុងនោះ​មាន​សិស្ស​វិទ្យាល័យ​ហ៊ុនសែន​ស​ម្ភៈ​បុ​រៈ​សំបូរ ៦​នាក់ បានធ្វើ​ដំណើរ​ទៅកាន់​ខេត្តសៀមរាប ដើម្បី​ជូន​ដំណើរ​ពលករ​ចំនួន ៣​នាក់ ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២០​។ ពលករ​ទាំង​៣​នាក់​នោះ បាន​រៀន​ភាសា​ជប៉ុន នៅ​សាលា​មួយ​ដែលមាន​បុគ្គលិក ១​នាក់​ធ្វើការ​នៅក្នុង​សាលា​នេះ​កើត​ជំងឺ​កូ​វីដ​១៩ (Covid-19) ( បញ្ជា​ក់ដោយ​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២០)​។​

​ក្រុមការងារ​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត បានធ្វើ​ការអង្កេត​ស្រាវជ្រាវ​រកឃើញថា ក្រុមមនុស្ស​ទាំង​១៩​នាក់​ខាងលើ មិនបាន​ជួប​ជាមួយ​ជនជាតិខ្មែរ​ដែលមាន​ជំងឺ​កូ​វីដ​១៩ (Covid-19) នោះទេ និង​មកដល់ពេលនេះ គាត់​ទាំងអស់គ្នា​មាន​សុខ​ភា​ល្អជា​ធម្មតា គ្មាន​បញ្ហា​សុខភាព​អ្វី​ឡើយ​។ ពួកគាត់​ទាំងនោះ កំពុងតែ​រស់នៅ ធ្វើ​ការងារ និង​រៀនសូត្រ​ធម្មតា មិនមាន​ការដាក់​ឱ្យនៅ​ដាច់ដោយឡែក​ឡើយ​។ ប៉ុន្តែ​ពួកគាត់​ត្រូវ​តាមដាន​សុខភាព​ជាប្រចាំ និង​ត្រូវ​ទៅ​ពិគ្រោះ​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក ប្រសិនបើ​មាន​បញ្ហា​សុខភាព​។ នេះ​បើតាម​ការប្រកាស​របស់​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​។​

មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បាននិងកំពុង​វិធានការ​បង្ការ និង​ត្រៀម​អន្តរាគមន៍​ឆ្លើយតប​ទៅនឹង​ការ​រាតត្បាត​ជំងឺ​កូ​វីត​១៩ (Covid-19) យ៉ាង​យកចិត្តទុកដាក់​បំផុត តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​កម្ពុជា ចាប់តាំងពី​២០ ខែមករា ឆ្នាំ​២០២០ ដែល​ក្នុងនោះ​រួមមានៈ ពង្រឹង​មន្ត្រី​ច​ត្តា​ឡី​ស័ក​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​សែ ពិនិត្យ​សុខភាព​អ្នកធ្វើដំណើរ​ឆ្លង​ព្រំដែន រៀបចំ​បន្ទប់​ដោយឡែក​សម្រាប់​ជំងឺ​កូ​វីត (Covid-19) នៅក្នុង​មន្ទីរ​បង្អែក​ទាំង​៣ ពង្រឹង​សម​ត្ថិ​ភាព​ក្នុងការ​ថែមទាំង​ព្យាបាល និង​ការបង្ការ​ការចម្លង​រោគ​ដល់​សេវា​សុខាភិបាល​សាធារណៈ និង​ឯកជន អប់រំ​អំពី​វិធានការ​បង្ការ​ការចម្លង​កូ​វីត ១៩ (Covid-19) ដល់​ប្រជាពលរដ្ឋ​ទូទៅ និង​សិស្សានុសិស្ស និង​បាន​តាមដាន អង្កេត​អំពី​វិធានការ​ស្រាវជ្រាវ​ជាប្រចាំ​។​

​គិត​មកដល់​ត្រឹម ១៤:០០​នាទី ថ្ងៃ​៩ ខែមីនា ឆ្នាំ​២០២០​នេះ នៅក្នុង​ខេត្តក្រចេះ គ្មាន​អ្នកណាម្នាក់​សង្ស័យ​កើត​កូ​វីដ​១៩ (Covid-19) ទេ​៕ ដោយ​៖​កូ​ឡាប​

spot_img
×