Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​កសិកម្ម​ជឿជាក់ថា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប នឹង​ខិតខំ​ពង្រឹង កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​បន្ថែមទៀត​

spot_img

​ភ្នំពេញ​៖ ​ទោះបី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​ថ្មីៗ​នេះ បាន​ជួបប្រទះ​នូវ​បញ្ហា​មួយចំនួន​ក៏ដោយ ក៏​សហភាព​អឺរ៉ុប ដែលជា​និច្ច​ជា​កាល​តែងតែ​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​មក​កម្ពុជា តាមរយៈ​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​បច្ចេកទេស និង​ហិរញ្ញប្បទាន​ដល់​កម្មវិធី និង​គម្រោង​ជាច្រើន​លើ​គ្រប់​វិស័យ ជាពិសេស​លើ​វិស័យ​កសិកម្ម​។​

​លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​ថ្លែង​បែបនេះ ពេល​បានទទួល​ជួប​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​សហភាព​អឺរ៉ុប និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លើ​វិស័យ​កសិកម្ម នៅ​ទីស្ដីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ ទី​១១ ខែមីនា ឆ្នាំ​២០២០​។​

​ជា​កិច្ច​ស្វាគមន៍ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ទោះបី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​ថ្មីៗ​នេះ បាន​ជួបប្រទះ​នូវ​បញ្ហា​មួយចំនួន​ក៏ដោយ តាមរយៈ​លោកជំទាវ​ឯកអគ្គរដ្ឋទូត ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​សហភាព​អឺរ៉ុប ដែលជា​និច្ច​ជា​កាល​តែងតែ​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​មក​កម្ពុជា តាមរយៈ​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​បច្ចេកទេស និង​ហិរញ្ញប្បទាន​ដល់​កម្មវិធី និង​គម្រោង​ជាច្រើន​លើ​គ្រប់​វិស័យ ជាពិសេស​លើ​វិស័យ​កសិកម្ម ដែល​សហភាព​អឺរ៉ុប​នៅតែ​បន្ត​គាំទ្រ ដូចជា​ក្នុង​អនុវិស័យ​ជលផល ដែល​សហភាព​អឺរ៉ុប​បានផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ជាង ១៤០​លាន​អឺរ៉ូ ដើម្បី​លើកកម្ពស់​ការងារ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធាន​ជលផល​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​។ គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​នៅតែ​បន្ត​មានការ​កើនឡើង​គួរ​ជាទី​មោទនៈ​ផងដែរ ដោយ​ក្នុង​រយៈពេល​០២​ខែ ដើមឆ្នាំ​ដូចគ្នា​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ គឺមាន​ការកើនឡើង​ជា​ង ២១,៧១%​។ ទិន្នផល​សរុប​សម្រាប់​រយៈពេល​០២​ខែ ដើមឆ្នាំ​នេះ គឺ​បាន​នាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​បាន​ជាង ៤១,៣​ពាន់​តោន និង​បន្លែ​បាន​ប្រមាណ​ជា ៣៤,៥​តោន​ផងដែរ​។

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ស្ថិតក្នុង​បរិបទ​នៃ​កំណើនសេដ្ឋកិច្ច និង​ប្រជាជន​ក្នុងពេល​បច្ចុប្បន្ន និង​ជាពិសេស​នាពេល​អនាគត ដែល​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល​គឺ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០ ទាមទារ​ឲ្យ​ក្រសួង​ធ្វើកំណែទម្រង់​គោលនយោបាយ និង​បង្វែរ​ទិសដៅ​របស់ខ្លួន​ពី​ការផលិត​ផលិតផល​កសិកម្ម​ដើម្បី​ធានា​សន្តិសុខ​ស្បៀង មកជា​ការផលិត​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ដូច្នេះ ដើម្បី​ឆ្លើយតប ក្រសួង​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការធ្វើ​ទំនើបកម្ម​កសិកម្ម យ​ន្តុ​ប​នី​កម្ម​កសិកម្ម កសិកម្ម​បៃតង និង​ជាពិសេស​ការ​ពិពិធ​កម្ម​កសិកម្ម សំដៅ​ទៅមុខ​ដំណាំ​ដែល​កំពុងមាន​សក្តានុពល​ក្នុង​ទីផ្សារ ដូចជា​ចេកអំបូង​លឿង ស្វាយ ដំឡូង​មី ពោត ។​ល​។ និង​ជំរុញ​វារីវប្បកម្ម​ទាំង​ត្រី​ទឹកសាប និង​ត្រី​សមុទ្រ ផលិតកម្ម​សត្វ ស្តារ​និង​អភិវឌ្ឍន៍​ព្រៃឈើ រួមជាមួយ​ការលើកទឹកចិត្ត​ដល់​ការកែច្នៃ វេច​ខ្ចប់ ប្រកបដោយ​អនាម័យ និង​គុណភាព ដើម្បី​បំពេញ​នូវ​សេចក្ដីត្រូវការ​នៃ​ទីផ្សារ និង​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​ឲ្យ​នៅត្រឹម​អប្ប​បរិ​មា​។ ជារួម ការងារ​នេះ​សម្រេច​ទៅបាន គឺ​ត្រូវមាន​កិច្ចសហការ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ និង​ប្រទាក់ក្រឡា​គ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​ស្ថាប័នរដ្ឋ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​ប្រជាកសិករ​ដែលជា​អ្នក​ផលិត​។ លោក​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់ថា លោកស្រី​ឯកអគ្គរដ្ឋទូត​នឹង​ខិតខំ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហភាព​អឺរ៉ុប​បន្ថែមទៀត ហើយ​បន្ត​ផ្តល់​ការគាំទ្រ​ដល់​ក្រសួង ដើម្បី​ប្រយោជន៍​ដល់​ប្រជាជន និង​ប្រជាកសិករ​កម្ពុជា​។

​ក្នុងឱកាស​នោះ លោកស្រី​ឯកអគ្គរដ្ឋទូត ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការវិវត្តន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​ដែល​កម្ពុជា​សម្រេចបាន​នាពេល​បច្ចុប្បន្ន និង​កន្លងមក​។ ហើយ​លោកស្រី​ក៏បាន​អរគុណ​ដល់​លោក​រដ្ឋមន្ត្រី និង​មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​តែងតែ​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ដល់​ក្រុមការងារ​នៃ​សហភាព​អឺរ៉ុប រួមគ្នា​សម្រេចបាន​សមិទ្ធផល​ជាច្រើន ដែល​សមិទ្ធផល​ទាំងអស់​នេះហើយ​បាននិងកំពុង​ជួយ​ឲ្យ​វិស័យ​កសិកម្ម​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ហើយ​បាន​ចាត់ទុកជា​វិស័យ​មួយ​ដ៏​សំខាន់​ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​។ ទន្ទឹមនឹងនេះ លោកស្រី​ឯកអគ្គរដ្ឋទូត​ក៏បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី ពិសេស​លើ​ការជំរុញ​ទំនើបកម្ម​កសិកម្ម ការធ្វើ​ពិពិធ​កម្ម​កសិកម្ម​លើ​មុខ​ដំណាំ​អាទិភាព និង​ការលើកកម្ពស់​ការអភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ រួច​ជាមួយ​ការប្រែប្រួល​អាកាសធាតុ ដែល​ទាំងអស់នេះ លោកស្រី​ឯកអគ្គរដ្ឋទូត​បានបញ្ជាក់​ថា គឺ​ត្រូវបាន​ចាត់ទុកជា​អាទិភាព​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​គាំទ្រ​ដល់​កម្ពុជា​ក្នុង​វិស័យ​កសិកម្ម​។ ដូច្នេះ លោកស្រី​ជឿជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នឹង​សហការ​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​រៀបចំ​កម្មវិធី និង​គម្រោង​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×