ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកបើទោះបីធ្វើអ្វីក៏តែងមានការគាំទ្រនិងជួយជ្រោមជ្រែងពីអ្នកដទៃផង។សម្រាប់ថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ដូចនេះលោកអ្នកត្រូវបើចិត្តទូលាយហើយធ្វើអ្វីត្រូវមើលគេឯងនោះផលល្អៗនឹងឆ្លើយតបមកវិញដូចជាទីពេញចិត្តពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបញ្ហាប្រាក់កាសមានការលូតលាស់ទៅមុខគ្រាន់បើហើយបើទោះបីមិនច្រើនក៏មានការចូលគ្រាន់បំពេញក្រពះផងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ នៅថ្ងៃនេះអារម្មណ៍របស់លោកអ្នកងាយជួបបញ្ហាតប់ប្រម៉ល់បង្កើតជារឿងរាវជាមួយអ្នកដទៃណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយកើតឡើង។ក្រៅពីនេះការប្រកបការងារក៏តែងមានការរាំងស្ទះនិងមានបញ្ហាច្រើនជាងសព្វដងផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីលោកអ្នកទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ចិញ្ចឹមគ្រួសារទៅរួច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការអស់សង្ឃឹមព្រោះតែម្នាក់ៗគិតច្រើនតែម្នាក់ឯង៕
ឆ្នាំខាល
រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយបើមិនប្រមាថក៏តែងមិនមានបញ្ហាអាក្រក់កើតឡើងផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលនោះមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេឬអាចនិយាយបានថាទោះខិតខំខ្លាំងត្រឹមកម្រិតណាក៏បានត្រឹមមួយគ្រប់ឆ្នាំងបាយដែរ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីពុំសូវមានការជឿនលឿនទៅមុខទេមានតែការថយក្រោយចូរប្រយ័ត្នជម្លោះវិវាទពីតិចតួចឈានដល់ផ្លូវបំបែក៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើទោះបីកើតបញ្ហាអ្វីក៏ដោយត្រូវរក្សាភាពស្ងប់ស្ងាត់ហើយមិនត្រូវច្រងេងច្រងាងនោះឡើយបើពុំនោះទេអាចនឹងកើតរឿងដូចពាក្យចាស់ថា”យកសាំងជះលើភ្លើង”បន្ថែមជាក់ជាពុំខាន។ការរស់នៅជួបភាពប្រទាំងប្រទើសនិងបញ្ហាច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរទោះជួបបញ្ហាចំណូលបន្តិចក្តីតែយ៉ាងណាការជួញទីជិតឆ្ងាយអាចរកផលកម្រៃហូរចូលតក់ៗគ្រាន់បំពេញបំពង់ផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើនដូចនេះត្រូវចេះកាត់បន្ថយជម្លោះវិវាទខ្លះទើបគ្មានរឿងអាក្រក់នាថ្ងៃខាងមុខ ៕
ឆ្នាំរោង
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការងារអ្វីតែងងាយរាំងស្ទះនិងជួបបញ្ហាចំពោះមុខច្រើន។ក្រៅពីនេះបើលោកអ្នកសម្រេចចិត្តអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាងាយកើតរឿងរាវលុកលុយយាយី។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរឃើញថាបើចង់បើករបរថ្មីៗពិសេសជួញឆ្ងាយតែងផ្តល់ផលល្អមកវិញជានិច្ច។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនទាស់ទែងជួនផ្អែមល្ហែម៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការជឿនលឿនទៅមុខសន្សឹមៗទោះធ្វើអ្វីក៏តែងឆ្លើយតបគ្រាន់កក់ក្តៅមួយចំនួនត្រឡប់មកវិញដែរ ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគួរសមផងហើយបើចង់បើករបរថ្មីៗផងក៏តែងផ្តល់ផលល្អៗមកវិញគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតឃើញថាមិនសូវមានសុវត្តិភាពប៉ុន្មានទគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់តិចឬច្រើនឈានចូលកើត។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើចេះអត់ឱនឱ្យគ្នាជាងនេះទើបប្រសើរពីព្រោះថាការចង់យកចាញ់ឈ្នះគ្នានោះមិនល្អសោះឡើយ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរម្ល៉ោះហើយផ្តល់ផលល្អក្នុងការដោះស្រាយបញ្ហាដែលជាប់គាំងឬបង្កឱ្យមានកំហុសណាមួយពីព្រោះថាផលល្អៗតែងហុចមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោយក្រុមមនុស្សពេកឡើយប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើនហើយនាំជួបស្ថានភាពលំបាកនៅគ្រាខាងមុខ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារហើយ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបញ្ហាតូចធំបានចាកចេញឆ្ងាយហើយលោកអ្នកចង់ប្រកបកិច្ចការអ្វីឃើញថាមានការជឿនលឿនទៅមុខផង។ការរស់នៅមានភាពភ្លឺថ្លាគួរសមហើយពិសេសអាចមានក្រុមមនុស្សជួយជ្រោមថែមទៀត។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរចូរលោកអ្នកបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញ ជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចម្រើនលូតលាស់និងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកហើយ៕
ឆ្នាំវក
រាសីស្រុតចុះ។នាពេលនេះលោកអ្នកមានថ្ងៃមិនល្អច្រើនជាងថ្ងៃល្អហេតុនេះទោះបីធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទនាពេលក្រោយវិញ។ក្រៅពីនេះការប្រកបការងារងាយទទួលរងការកកស្ទះថែមទៀតគប្បីប្រយ័ត្នប្រយែង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញដាច់មួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរតែយ៉ាងណាឱ្យប្រយ័ត្នគ្រោះចាញ់បោកគេបន្តិចព្រោះងាយរងគ្រោះជាងសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់សាកល្បងកាមគុណពិសេសស្រី្តប្រយ័ត្នកើតរឿងធំខូចទាំងកិត្តិយសអស់ទាំងអនាគតភ្លឺស្វាង៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារអ្វីមិនសូវរលូនល្អប៉ុន្មានទេពិសេសធ្វើច្រើនបែរជាខុសច្រើនថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបការលំបាកក្នុងការរកផលកម្រៃណាស់ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសមិនតិចដែរទេ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាគូស្នេហាកំលោះក្រមុំមានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រច័ណ្ឌដឹកមុខច្រើន៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះហេតុនេះការប្រកបការងារតែងមានបញ្ហាខ្លះៗរាំងស្ទះយាយីហេតុនេះគប្បីមានការប្រយ័ត្នប្រយែង។ទោះបីយ៉ាងណាបើលោកអ្នកមានការប្រឹងប្រែងតែងសម្រេចជោគជ័យមកវិញមួយចំនួនផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។
រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីល្អប្រសើរ ម្ល៉ោះហើយទោះប្រកបការងារអ្វីឃើញថាតែងផ្តល់ផលល្អៗមកវិញគ្រាន់ជាទីពេញចិត្តផង។ទោះបីយ៉ាងណាសម្រាប់បុរសនៅក្នុងសប្តាហ៍នេះដំណើរជីវិតមិនល្អប្រសើរប៉ុន្មានដែរទេគឺ គប្បីមានការប្រយ័ត្នប្រយែងជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់ផ្លាស់ប្តូរទីកន្លែងលក់ដូរឬផ្លាស់ប្តូររបរថ្មីក៏តែងមានភាពសមដូចប្រកបច្រើនដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ៕