Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ផៃ ស៊ី​ផាន ថា ជំងឺឆ្លង​វីរុស​កូ​វីដ​-១៩​អាច​ព្យាបាល​បាន តែ​ការភ័យខ្លាច គឺជា​ជំងឺ​ដ៏​កាច​សាហាវ​ជាង​កូ​វីដ​-១៩​ទៅទៀត​

spot_img

​សៀមរាប​៖​ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ថ្លែងថា​​ក្រុមការងារ​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បានបញ្ចប់ បេសកកម្ម​ដោយ​បរិបូណ៌​ជាមួយ​ការប្រមូល​ព័ត៌មាន​ពិត និង​ផ្ទា​ល់ពី​មន្ត្រី​ជំនាញ​ខេត្តសៀមរាប​។​

​លោក​បាន​លើកឡើងថា ​ក្នុងជំនួប​ផ្ទាល់​ជាមួយ​លោក​លី រិទ្ធី អភិបាលរង​ខេត្ត​ទទួលបន្ទុក​អ្នកនាំពាក្យ រួមទាំង​ប្រធាន​មន្ទីរ​ព័ត៌មាន តំណាង​មន្ទីរ​សុខាភិបាល មន្ត្រី បុគ្គលិក​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​នា​រសៀល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០​នេះ ក្នុង​កិច្ច​ជួយ​ពង្រឹង​យុទ្ធសាស្ត្រ​គ្រប់គ្រង​មតិសាធារណៈ​ក្នុង​វិស័យ​ព័ត៌មាន​ឆ្លើយតប​នឹង​ជម្ងឺ​ផ្លូវដង្ហើម​កូ​វីដ​-១៩​។ ជាមួយគ្នា​នោះដែរ ក្រុមការងារ​ក៏​ទទួលបាន​ព័ត៌មាន​លម្អិត​ស្តីអំពី​ស្ថានភាព និង​បច្ចុប្បន្នភាព​ពាក់ព័ន្ធ​ជម្ងឺ​ផ្លូវដង្ហើម​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ ជាពិសេស​ការផ្តល់​ចម្លើយ​ពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប ដែល​បានបង្ហាញ ភាពស្មោះត្រង់​ក្លាហាន បើទោះបី​ជាមាន​ការបារ​ម្ភ​ខ្លះ​ក៏ដោយ ក៏ប៉ុន្តែ​មិន​ស្លន់ស្លោ​រហូត​ធ្លាក់ខ្លួន​ក្លាយជា​ចំណាប់ខ្មាំង​នៃ​ជម្ងឺ​ភ័យខ្លាច​តាម​ការ​ញុះញង់​ព័ត៌មាន​ប្រឌិត របស់​ជនខិលខូច​មួយ​ចំនួន​នោះឡើយ​។​

​បេសកកម្ម​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក្នុង​ខេត្តសៀមរាប​ក្នុង​គោលបំណង​ជម្រះ​មន្ទិល និង​គ្រប់គ្រង​សតិអារម្មណ៍ ព្រមទាំង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​អោយ​យល់ដឹង​អំពី​ជម្ងឺ​ផ្លូវដង្ហើម​កូ​វីដ​-១៩​ពិតជា​អាច​ព្យាបាល​ជាសះស្បើយ​។​

​ក្រុមការងារ​បាន​ចុះ​ជួប​ជាមួយ​ពលរដ្ឋ​មួយរូប​ស្ថិតក្រោម ការសង្ស័យ និង​ត្រួតពិនិត្យ​របស់​មន្ទីរពេទ្យ​បង្អែក ដែល​ត្រូវបាន​អនុញ្ញាត​វិលត្រឡប់​ទៅ​ជួបជុំ​គ្រួសារ ក្រោយ​រកឃើញថា​ពុំមាន​ផ្ទុកមេរោគ​កូ​វីដ​-១៩​។​

​ក្រុមការងារ​ក៏បាន​ចូលរួម​ចែកជូន​ម៉ាស់​សុវត្ថិភាព និង​ប្រេងរំអិល​សម្អាត​ដៃ (Alcohol Sanitising Gel) ដោយ​ឥតគិតថ្លៃ​ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត Manulife ចំនួន​មួយ​ម៉ឺន​ក្នុង​មួយ​មុខ​។ ជាមួយគ្នា​នោះ ក៏បាន​ចែកចាយ​ខិតប័ណ្ណ​ផ្សព្វផ្សាយ​វិធី​សម្អាត និង​ការពារ​ជម្ងឺ Covid-19 ។ ជាពិសេស ក្រុមការងារ​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ ដែល​បាន​យល់ដឹង​អំពី​ផលវិបាក វិធី​បង្ការ ការការពារ​ដោយ​ប្រុងប្រយ័ត្ន​តាម​ការអំពាវនាវ​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុន សែន ។​

​ជាថ្មី​ម្តងទៀត ក្រុមការងារ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់លោក ផៃ ស៊ី​ផាន សូម​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ហ៊ុន សែន បានផ្តល់​ពេលវេលា​សមស្រប និង​ចំ​កាលៈទេសៈ​ដើម្បី​សិក្សា​ស្វែងយល់​អំពី​ស្ថានភាព​ជាក់ស្តែង​នៃ​ជម្ងឺ​កូ​វីដ​-១៩​ក្នុង​ខេត្តសៀមរាប​។​

​លោក​ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល មានប្រសាសន៍ថា ជំងឺឆ្លង​ដោយ​វីរុស​កូ​វីដ​-១៩​អាច​ព្យាបាល​បាន តែ​ការភ័យខ្លាច គឺជា​ជំងឺ​ដ៏​កាច​សាហាវ​ជាង​កូ​វិត​-១៩​ទៅទៀត ដូច្នេះ​កត្តា​សំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់​នៅក្នុង​វិបត្តិ​នេះ គឺ​ការថែរក្សា​សុវត្ថិភាព​ផ្លូវចិត្ត​ជូន​ប្រជាពលរដ្ឋ ព្រោះថា​ករណី​កូ​វីដ​-១៩ មកដល់ពេលនេះ នៅ​កម្ពុជា​ពុំទាន់​មាន​ករណី​ស្លាប់​នៅឡើយ​ទេ ក៏ប៉ុន្តែ ដោយសារតែ​ការបញ្ចេញ​ព័ត៌មាន​មិន​ពិត បានធ្វើ​ឲ្យ​ករណី​កូ​វីដ​-១៩ ក្លាយជា​វិបត្តិ​នៃ​ការភ័យខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​សង្គម​។​

​លោក​ផៃ ស៊ី​ផាន មានប្រសាសន៍​ទៀតថា ក្នុង​ដំណាក់​ការ​នៃ​វិបត្តិ​កូ​វីដ​-១៩ ការពង្រឹង​វិស័យ​ព័ត៌មាន ដើម្បី​ថែរក្សា​សុវត្ថិភាព​ផ្លូវចិត្ត​ជូន​ប្រជាពលរដ្ឋ គឺជា​កត្តា​សំខាន់​ខ្លាំងណាស់ ហើយ​អ្វីដែល​ត្រូវធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​ការផ្សព្វផ្សាយ​ឲ្យ​ប្រជាជន មហាជន គ្រប់​ស្រទាប់​ជាន់ថ្នាក់ ទាំង​នៅ​ទីក្រុង​និង​ជនបទ បាន​យល់ បាន​ជឿ និង​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​នេះ ក្រោម​ការចាត់តាំង​សកម្មភាព នៃ​ការធ្វើ​សន្និសីទ​សារព័ត៌មាន ការផ្សព្វផ្សាយ​តាមរយៈ​វេទិកាសាធារណៈ ។​

​លោក ផៃ ស៊ី​ផាន មានប្រសាសន៍​បន្ថែមទៀត​ថា ជាពិសេស​ត្រូវ​សកម្ម​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​លើ​កម្មវិធី​សន្ទនា​មតិ ដែលមាន​ស្រាប់​នៅក្នុង​កម្មវិធី​ទូរទស្សន៍​អន​ឡាញ និង​វិទ្យុ​ហ្វេ​ស​អឹម នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត ដោយ​ការអញ្ជើញ​មន្ត្រី​ជំនាញ​សុខាភិបាល ឆ្លើយតប​ចម្ងល់​តាម​ទូរស័ព្ទ ជាមួយ​ប្រជាពលរដ្ឋ និង​បន្ត​ការផ្សព្វផ្សាយ​ព័ត៌មាន​បច្ចុប្បន្នភាព នៃ​ការតាមដាន​ស្ថានភាព​វិបត្តិ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ញឹកញាប់ ដែល​អាច​បញ្ជាក់ប្រាប់​ជូន​ប្រជាពលរដ្ឋ​ថា ព័ត៌មាន​ពិត​នៅទីនេះ ចៀសវាង​ការ​ស្តាប់ ការមើល ហើយ​ទទួលយក​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ព័ត៌មាន​មិន​ពិត បង្កើត​ការភ័យខ្លាច​នោះ ដូច្នេះ​បើ​ប្រជាជន​ទទួលបាន​សុ​វត្តិភាព​ផ្លូវចិត្ត គឺជា​ប្រក្រតីភាព​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន មិន​ភ័យខ្លាច​ចំពោះ​វិបត្តិ​កូ​វីដ​-១៩ តែ​ប្រុងប្រយ័ត្ន​ការពារ​សុខភាព​បានល្អ​ប្រសើរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×