Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី 1 នៃ​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង មាន​អ្នកទស្សនា​ជាង 3 ម៉ឺន​នាក់​

spot_img

​បាត់ដំបង​៖ ក្រសួងទេសចរណ៍ ព័ត៌មាន​នៅ​ថ្ងៃទី 14​មីនា​នេះ​ថា ​នៅ​ថ្ងៃ​ទីមួយ (១៣ មីនា ២០២០) នៃ​បុណ្យ​ទន្លេ នៅ​ខេត្តបាត់ដំបង មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​បរទេស​មក​កំសាន្ត​ចំនួន​ប្រមាណ ៣ មុ​ឺ​ន​នាក់ (​ក្នុងនោះ​បរទេស​ប្រមាណ ៣០០​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​បារាំង​)​។​

​នា​ល្ងាច​ថ្ងៃ​សុក្រ ទី​១៣ ខែមីនា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ពិនិត្យ​ទីតាំង​សំខាន់ៗ​នៃ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​៦​នៅ​ខេត្តបាត់ដំបង​។​

​រដ្ឋបាលខេត្ត​បាត់ដំបង បានទទួល​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​៦​នេះ ចាប់ពី​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០​នេះ ដោយមាន​សកម្ម​ភាពជា​ច្រើន​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ សិល្បៈ វប្បធម៌ កីឡា និង​បរិស្ថាន រួមមាន​ស្តង់​អាហារ និង​ស្តង់​លក់​ផលិតផល​ផ្សេងៗ​សរុប​ជាង​៤០០​ស្តង់​។​

​សម្ដេច​ក្រឡាហោម ស ខេង ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ បាន​អញ្ជើញ​ពិនិត្យ និង​ទស្សនា​ស្តង់​ពិ​ពណ៌​ផលិតផល​ទាំងនោះ ដោយបាន​បង្ហាញ​ការគាំទ្រ និង​លើកទឹកចិត្ត​ខ្ពស់ ដល់​ស្តង់​ពិ​ពណ៌​ទាំងអស់ ទាំង​ស្តង់​ផលិតផល​ក្នុងស្រុក និង​ស្តង់​ផលិតផល​មកពី​ប្រទេស​ថៃ​។​

​នៅ​ថ្ងៃទី 14 មីនា​នេះ សម្តេច​តេ​ជោ​េ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នឹង​អញ្ជើញ ធ្វើដំណើរ​ទៅ​ខេត្តបាត់ដំបង​ដើម្បី​បើកសម្ពោធ​ជា​ផ្លូវ ការ​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​នេះ​។​

ក្នុង​រាត្រី​ថ្ងៃទី​មួយ​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ នៅ​ខេត្តបាត់ដំបង ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០​នេះ ឃើញថា​មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​បាន​មួរ​មី​មក​ទស្សនា​យ៉ាងច្រើន​កុះក​នៅតាម​ដង​វិថី ស្ពាន សួនច្បារ ជាមួយនឹង​ការទទួល​ទាន​ម្ហូបអាហារ ចំណីចំណុក​នៅតាម​វិថី​លក់​ម្ហូបអាហារ ទស្សនាការ​សម​សម្ដែង​សិល្បៈ​នៅលើ​ឆាក​ធំ ការ​ទស្សនា​តាម​ស្ដង់​ពិព័រណ៍​នានា ការប្រគំ​តន្ត្រី ព្រមជាមួយ​ភ្លើង​បំភ្លឺ​យ៉ាង​អញ្ចាច​នៅ​កណ្ដាល​ទីក្រុង​បេតិកភណ្ឌ​មួយ​នេះ​។​

​មិន​ខុសពី​ការរៀបចំ​នៅ​ឆ្នាំមុនៗ​នោះឡើយ ពិធីបុណ្យ​ទន្លេ​លើក​ទី​៦​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣-១៥ ខែមីនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្តិភាព ទន្លេ​នៃ​វិបុលភាព​»​។​

​យ៉ាងណាមិញ​លោក រដ្ឋមន្ត្រី ថោង ខុន និង​លោក អភិបាលខេត្ត ងួន រតនៈ បាន​ដឹកនាំ​ការងារ​រៀបចំ​ពិធីបុណ្យ​មួយ​នេះ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ប្រព្រឹត្ត​ប្រកបដោយ​ភាព​អធិកអធម និង​រលូន​ជោគជ័យ ពិសេស​រក្សាបាន​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និង​ភាពកក់ក្ដៅ​ចំពោះ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​កម្សាន្ត​គ្រប់គ្នា ដោយមាន​ការចូលរួម​ថែរក្សា​សន្តិសុខ សម្រួល​ចរាចរណ៍​យ៉ាង​សស្រាក់សស្រាំ​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​នៅ​គ្រប់​គោលដៅ​។ ចំណែក​ក្រុមគ្រូពេទ្យ និង​រថយន្ត​សង្គ្រោះ​ក៏​កំពុង​ត្រៀម​ប្រចាំការ​ជួយសង្គ្រោះ​យ៉ាង​មាន​របៀបរៀបរយ​។​

​បើតាម​ក្រសួងទេសចរណ៍​បានឱ្យដឹងថា ការតាំងពិព័រណ៍​សមិទ្ធ​ផល ផលិតផល​ក្នុងស្រុក មហោស្រព​ម្ហូបអាហារ និង​ភេសជ្ជៈ រួមមាន​ប្រមាណ​ជាង ៣០០​ស្តង់ ក្នុងនោះ​មាន​ស្តង់​ក្រសួង​-​ស្ថាប័នរដ្ឋ​មាន​ប្រមាណ ៣០​ស្តង់ ស្តង់​ផលិតផល​នាំចេញ និង​ស្តង់​វិស័យ​ទេសចរណ៍​មាន​ប្រមាណ ២០​ស្តង់ ស្តង់​ផលិតផល​ក្នុងស្រុក​មាន ៥០​ស្តង់ ស្តង់​ផ​លិ​ផល​ទូទៅ​មាន​ប្រមាណ ១៥០​ស្តង់ និង​ស្តង់​វិថី​ម្ហូបអាហារ​មាន​ចំនួន ៥០​ស្តង់​ទៀត ជាពិសេស​ការរៀបចំ​វិថី​ម្ហូបអាហារ​ក្នុង​ក្រុង​បាត់ដំបង (Food Street) ដែល​សម្រាប់​ជា​គំរូ​ទី​២​ដល់​ខេត្ត​ដទៃ​។​

​ប្រជាពលរដ្ឋ អាជីវករ​មួយចំនួន​បាន​ចូលរួម​លក់ដូរ​ម្ហូបអាហា​រ នំចំណី ភេសជ្ជៈ ទឹក​ពិសា​បរិសុទ្ធ របស់របរ​ប្រើប្រាស់ ចម្លាក់​ស្ពាន់​-​ឈើ ផលិត​សិប្បកម្ម កសិផល សម្លៀកបំពាក់ វាយ​ន​ភណ្ឌ និង​ផលិតផល​ទំនិញ​នានា​ផ្សេងទៀត​យ៉ាង​មមាញឹក រីឯ​ប្រជាពលរដ្ឋ​មួយចំនួន​ក៏បាន​ដើរ​ទស្សនា ទិញដូរ​របស់របរ ទទួលទាន​អាហារ ពិសេស​ពួកគាត់​បាននាំគ្នា​ថតរូប​នៅតាម​ទីតាំង​ល្អៗ​មួយចំនួន​ទុកជា​អនុស្សាវរីយ៍ និង​បង្ហោះ​នៅតាម​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​បន្ត​ដល់​មិត្តភក្តិ សាច់ញាតិ​ដទៃ​ឱ្យបាន​ឃើញ និង​មក​ទស្សនា​កម្សាន្ត​តាម​ក្រោយ​។​

​យុវជន​បុរស​នារី លោកយាយ​លោកតា មន្ត្រីរាជការ​បានបង្ហាញ​ទឹកមុខ​សប្បាយរីករាយ ពួកគាត់​ម្នាក់ៗ​ហាក់ដូច​គ្មាន​ព្រួយ​ភ័យ​អំពី​ជំងឺ Covid-19 ឬ​បញ្ហា​អ្វី​ផ្សេង​ឡើយ ដោយ​ជឿជាក់​លើ​ការការពារ​របស់​អាជ្ញា​ធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​អ្នក​បាត់ដំបង​ក៏បាន​ចូលរួម​ដើរលេង​កម្សាន្ត​ច្រើន​ខ្លាំង​ណាស់ដែរ​។​

​ក្រុមការងារ​អ្នករៀបចំ​ស្ដង់​ពិព័រណ៍​ផលិតផល ពិព័រណ៍​ផលិតផល​គោលដៅ​ទេសចរណ៍ ពិព័រណ៍​រូបភាព​សមិទ្ធផល ពិព័រណ៍​ផលិតផល​របស់​ស្ថានទូត​បរទេស​មួយចំនួន ក៏​កំពុង​មមាញឹក​នឹង​កិច្ចការងារ​រៀបចំ ការសម្ដែង​ការ​រាក់ទាក់​ទទួលភ្ញៀវ ការ​ពិពណ៌នា​ជូន​ភ្ញៀវ​អំពី​ផលិតផល​ដែល​ខ្លួន​មាន ដើម្បី​ទាក់ទាញ​ចំណាប់​អំពី​ភ្ញៀវ​អ្នកដើរ​ទស្សនា​។​

​តាមរយៈ​ទិដ្ឋភាព​សកម្មភាព​ទាំងនេះ​គេ​បានកត់សម្គាល់​ឃើញថា ក្រៅពី​ផ្ដល់នូវ​ភាពសប្បាយ​រីករាយ ការជួបជុំ កិច្ចសហប្រតិបត្តិការ សាមគ្គី​រួបរួម ការបញ្ចេញ​សមត្ថភាព ការ​បំផុសស្មារតី​ស្រលាញ់​ជាតិ និង​កេរដំណែល​ដូនតា ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​មួយ​នេះ​ក៏​បាននិងកំពុង​ជួយ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​នៅ​ខេត្តបាត់ដំបង ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​បានឃើញ​បាន​ស្គាល់ និង​មាន​ចំណាប់អារម្មណ៍​ទៅ​ទស្សនា​កម្សាន្ត​ផងដែរ​។​

​គួរ​ជម្រាប​ថា នៅ​ថ្ងៃ​បើក​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ជា​ផ្លូវការ នា​រាត្រី​ថ្ងៃទី​១៤ ខែមីនា​ស្អែក​នេះ នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករ​​ដ្ឋ​មន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧ​ត្ត​ម​មន្ត្រី ថ្នាក់ដឹកនាំ គណៈប្រតិភូ មន្ត្រីរាជការ និង​តំណាង​ស្ថានទូត​បរទេស​ជាច្រើនរូប​ទៀត៕ ដោយ​៖​កូ​ឡាប​

spot_img
×