Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​ល្មម​ដល់ពេល ACU សាកសួ​រលោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ រឿង​នាំចូល​ទំនិញ​គេច​ពន្ធ​ឬ​នៅ​?

spot_img

​ខេត្ត​ព្រះសីហនុ​៖ អ្នកឃ្លាំមើល​ការអភិវឌ្ឍ​សង្គម និង ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់ ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យជួយ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត អំពី​សកម្មភាព របស់ លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ និង លោក ឡឹង សុភាព ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ផែ​ទំនប់រលក ដែល​ជាប់​សង្ស័យ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ជា​ថ្នូរ​ទទួលបាន​សំណូក​ពុករលួយ​។

​ប្រភពពី មន្ត្រី​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ថ្នាក់ទាប នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឲ្យ​អ្នកយក​ព័ត៌មាន​គេហទំព័រ CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ​ដឹង​នៅ​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៨ បង្ហាញ​មន្ទិលសង្ស័យ​ថា ទំនិញ​គេច​ពន្ធ​ជាច្រើន​ប្រភេទ​មាន​ដូចជា​៖ សម្ភារៈ​ការិយាល័យ គ្រឹះស្ថានសិក្សា ម៉ូតូ​សេរី​ទំនើប គ្រឿងក្រអូប ឬ​សំអាង សំភារៈ​សំណង់ ភេសជ្ជៈ​កំប៉ុង ឬ​ដប​គ្រប់​ប្រភេទ ស្រា​បៀ ទូរស័ព្ទដៃ​សេរី​ទំនើបៗ និង​គ្រឿង​អេឡិចត្រូនិច​ជាដើម ទំនង​ជា​នៅ​តែ​បន្ត​នាំ​ចូល​តាម​កំពង់ផែ​មួយចំនួន នា​ខេត្ត​ព្រះសីហនុ​រួមមាន​៖ ផែ​ទំនប់រលក ឬ ផែ លោក សូ ជុង​ហ៊ួ​រ​។ ផែ​កែវផុស និង ផែ​អន្តរជាតិ​ស្ទឹងហាវ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម​។

​ត្រង់​ចំណុច​នេះ ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ សំណូមពរ​ដល់ ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គការ​ភាព​ប្រឆាំង​អំពើពុករលួយ ជួយ​បញ្ជូន​មន្ត្រី​ចុះ​ឃ្លាំមើល សកម្មភាព​នាំ​ចូល​ទំនិញ នៅតាម​កំពង់ផែ​នី​មួយៗ ដើម្បី​ឲ្យ​ប្រាកដថា ការនាំ​ចូល​ទំនិញ​ទាំងនោះ មាន​ការត្រួតពិនិត្យ និង​មាន​បង់ពន្ធ​ចូល​រដ្ឋ ស្របតាម​ច្បាប់​ត្រឹមត្រូវ​ដែរឬទេ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​ចោទ​ថា កន្លង​មក​ទំនិញ​ភាគច្រើន ដែល​បាន​នាំ​ចូល​តាម​ច្រក​កំពង់ផែ​មួយចំនួន​នា​ខេត្ត​ព្រះសីហនុ ជាពិសេស​កំពង់ផែ​ឯកជន គឺ​មិន​ត្រូវបាន​មន្ត្រី​ការិយាល័យ​គយ និង​រដ្ឋាករ ព្រមទាំង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ប្រចាំការ​តាម​កំពង់ផែ​នីមួយៗ​ត្រួតពិនិត្យ ឲ្យបាន​ត្រឹមត្រូវ​ទេ ឬ​ជួនកាល​មិន​មាន​ការត្រួតពិនិត្យ​សោះ​តែ​ម្តង​។

​បញ្ហា​នេះ ទាំង​មន្ត្រីរាជការ និង​ប្រជា​រដ្ឋ​មួយចំនួន នា​ខេត្ត​ព្រះសីហនុ សម្គាល់ថា ជា​រៀងរាល់ថ្ងៃ​ទំនិញ ដែល​ដឹក​តាម​រថយន្ត​សណ្តោង​ធំៗ មិន​ត្រូវបាន​មន្ត្រី​ការិយាល័យ​គយ និង​សមត្ថកិច្ច​ប្រចាំការ នៅ​ច្រក​កំពង់ផែ​នីមួយៗ ត្រួតពិនិត្យ​ឲ្យបាន​ដិត​ដល់​ទេ​។​

​ដូច្នេះ​ឯង ទើប​មន្ត្រី​រាជការ និង​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ ព្រមទាំង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន នា​ខេត្ត​ព្រះសីហនុ រួមមាន​៖ សមាគម​អាដហុក​(Adhoc) និង អង្គការ​លីកាដូ (Licadho) ជាដើម ស្នើ​ដល់​ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ជួយ​បញ្ជូន​មន្ត្រី​ចុះ​ស្រាវជ្រាវ ជុំវិញ​បទ​សង្ស័យ នៃ​បទល្មើស​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​កំពង់ផែ​នានា ក្នុង​ខេត្ត​ព្រះសីហនុ ឲ្យបាន​ឆាប់ និង​មាន​ប្រសិទ្ធភាព​។​

​លោកស្រី ជៀ​ប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ ផ្តល់​សម្ភាស​ឲ្យ​អ្នកយក​ព័ត៌មាន​គេហទំព័រ CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ​ដឹងថា ធ្លាប់បាន​ទទួល​ព័ត៌មាន​បទ​ល្មើស​នាំចូល​ទំនិញ​គេច​ពន្ធ ត្រូវ​អាជីវករ និង​ពលរដ្ឋ​រាយការណ៍​មក​ថា នៅ​តាម​ច្រក​កំពង់ផែ​មួយចំនួន មាន​ផែ​ទំ​បន់រ​លក ផែ​អន្តរជាតិ​ស្ទឹងហាវ និង​ផែ​កែវផុស​ជាដើម គឺ​សង្ស័យ​បាន​នាំ​ចូល​ទំនិញគេចពន្ធ​ខុសច្បាប់​។ ពិសេស​ក្នុង​ករណី “​មន្ទិលសង្ស័យ​”​ខាងលើ​នោះ ប្រហែល​ជា​លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ ពុំមែន​មិន​ដឹង​នោះទេ​។​

​អ្នកឃ្លាំមើល​សង្គម​រូបនេះ សំណូមពរ​ថា បើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ រកឃើញ​កំហុសឆ្គង ថា​ពិតជា​មាន​មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខ្លះ ពិតជា​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​អនុញ្ញាត ឲ្យ​នាំ​ចូល​ទំនិញគេចពន្ធ​ខុសច្បាប់ តាម​ច្រក​កំពង់​ផែ​ទំនប់រលក ជា​ថ្នូរ​ទទួលបាន​សំណូក​ពុករលួយ គឺ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន បុគ្គល​ទាំងនោះ​ទៅកាន់​តុលាការ​ផ្តន្ទាទោស​ឲ្យបាន​ធ្ងន់ធ្ងរ ដើម្បី​ជា​ការព្រមាន និង​ឈាន​ទៅ​បង្កើន​ប្រាក់​ចំណូល​ពន្ធ​រដ្ឋ​នា​ថ្ងៃ​អនាគត​។​

​ទោះជា​បែប​នេះ​ក្តី អ្នកយក​ព័ត៌មាន​គេហទំព័រ CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ មិនទាន់​អាច​ទាក់ទង លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ និង​លោក ឡឹង សុភាព ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់រលក ដើម្បី​ឆ្លើយបំភ្លឺ​ជុំវិញ​បទចោទប្រកាន់​សង្ស័យថា នៅ​តាម​ច្រក​កំពង់ផែ​ឯកជន​មួយចំនួន នា​ខេត្ត​ព្រះសីហនុ មាន​លួច​នាំ​ចូល​ទំនិញគេចពន្ធ​ខុសច្បាប់ បាន​នៅឡើយ​ទេ​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​មករា ឆ្នាំ​២០១៨៕ ដែន សីមា

spot_img
×