Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង ទទួល​ជួប​ប្រតិភូ​ចិន​ដឹកនាំ​ក្រុមគ្រូពេទ្យ និង​អ្នកស្ម័គ្រចិត្ត​ប្រមាណ ២០០​នាក់ ចុះជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ

spot_img

​ខេត្តស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ពុធ ១​កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨​នេះ នៅ​សាលប្រជុំ VIP សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សមាគម​ទឹកចិត្ត​សប្បុរសធម៌ ប៉ាយ​សួយ​ឡាវ​យាន នៃ​ប្រទេស​ចិន ដឹកនាំ​ដោយ​លោក CP Jacky ។ នៅក្នុង​ជំនួប​ពិភាក្សា​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោកជំទាវ ពៅ សុភាព អភិបាលរង​ខេត្ត លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោកនាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ។​

ក្នុងឱកាស​នោះ លោក CP Jacky តំណាង​សមាគម​ទឹកចិត្ត​សប្បុរសធម៌ ប៉ាយ​សួយ​ឡាវ​យាន នៃ​ប្រទេស​ចិន បាន​ជម្រាបជូន​ថា ដោយមាន​ការសហការ​ជាមួយ​អង្គការ​ពន្លឺ​អភិវឌ្ឍន៍​ដើម្បី​ជនក្រីក្រ សមាគម​នឹង​ដឹកនាំ​ក្រុមគ្រូពេទ្យ និង​អ្នកស្ម័គ្រចិត្ត​ប្រមាណ ២០០​នាក់ ចុះជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ និង​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ នៅ​អំឡុង​ពាក់កណ្ដាល​ខែមីនា ឆ្នាំ​២០១៨​ខាងមុខ ដោយ​ជ្រើសរើស​ក្រុង ស្រុក​ចំនួន ៥ ក្នុង​ខេត្តស្វាយរៀង ។ ទន្ទឹមនេះ លោក​ក៏បាន​សូម​ស្នើ​ដល់​ឯកឧត្ដម​អភិបាលខេត្ត មេត្តាជួយ​សម្របសម្រួល​រៀបចំ​ទីតាំង កំណត់​មុខសញ្ញា​ប្រជាពលរដ្ឋ​ដែល​ត្រូវ​មក​ទទួល​ការព្យាបាល និង​ជួយ​ការពារ​សន្តិសុខ​សុវត្ថិភាព​ដល់​ក្រុមការងារ​នៅក្នុង​អំឡុងពេល​នៃ​ការចុះពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ទាំង ៥​ក្រុង ស្រុក ក្នុង​ខេត្តស្វាយរៀង ។​

មានប្រសាសន៍​ក្នុងជំនួប​ពិភាក្សា​នេះ ឯកឧត្ដម​អភិបាលខេត្ត បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាគម​ទឹកចិត្ត​សប្បុរសធម៌​ប៉ាយ​សួយ​ឡាវ​យាន​នៃ​ប្រទេស​ចិន ដែល​បានជ្រើសរើស​ខេត្តស្វាយរៀង ក្នុង​ការចុះ​មកជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ហើយ​សកម្មភាព​ដ៏​ប្រពៃ​នេះ គឺជា​ចំណែក​មួយ​ដ៏​សំខាន់​មិនអាច​កាត់ផ្ដាច់​បាន​នៃ​ទំនាក់ទំនង​រវាង​វិស័យ​សាធារណៈ និង​សមាគម ក្នុងការ​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​សុខភាព និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ ដែលជា​គោលដៅ​សំខាន់​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​នៅ​ថ្នាក់ក្រោម​ជាតិ ។ ជាមួយនេះ ឯកឧត្ដម​អភិបាលខេត្ត ក៏បាន​បញ្ជាក់​បន្ថែមថា អាជ្ញាធរខេត្ត សូម​ស្វាគមន៍ គាំទ្រ និង​ជួយ​សម្របសម្រួល​ជូន​ដល់​សមាគម​ក្នុង​សកម្មភាព​នៃ​ការចុះ​មកជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅក្នុង​ខេត្តស្វាយរៀង​ឲ្យ​បានល្អ​ប្រសើរ និង​ប្រព្រឹត្ត​ទៅដោយ​រលូន ៕​វ៉ៃ​កូ​

spot_img
×