Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ក្រុងព្រះសីហនុ បន្ត​ចុះ​រុះរើ​ផ្ទះ និង​សំណង់​ផ្សេងៗ របស់​ពលរដ្ឋ​២៩​គ្រួសារ សង់​ប៉ះ​ដី​ពង្រីក​ផ្លូវ និង​ដី​អូរ​

spot_img

​ក្រុងព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​១៧ ខែមីនា ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ក្រុងព្រះសីហនុ បាន​បន្ត​ចុះ​រុះរើ​ផ្ទះ និង​សំណង់​ផ្សេងៗ របស់​ពលរដ្ឋ​២៩​គ្រួសារ ដែល​អាជ្ញាធរ​បញ្ជាក់ថា សង់​ប៉ះ​ដី​ពង្រីក​ផ្លូវ និង​ដី​អូរ​ប្រឡាយ នៅ​ម្តុំ​ខាងក្រោយ​សាលារៀន​អូរ​២ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

​លោក​អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​ថ្លែងថា សកម្មភាព​នេះ នឹងធ្វើ​ទៅលើ​សំណង់ ដែល​ប៉ះពាល់​ទាំងអស់ ដើម្បី​បើក​ឲ្យ​ដំណើរ​ការពង្រីក​ផ្លូវ និង​កាយ​ស្តារ​អូរ តាម​គម្រោង​របស់​ថ្នាក់ជាតិ និង​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​

​លោក​អ៊ី សុខ​ឡេង បាន​ថ្លែងថា​កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០ នៅ​សាលាក្រុង​ព្រះសីហនុ បាន​ដឹកនាំ​ប្រជុំ​សម្របសម្រួល ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ២៩​គ្រួសារ ដែល​រស់​នៅតាម​បណ្តោយ​អូរ​៥ ដែល​រង​ផលប៉ះពាល់ ក្នុង​គម្រោង​កាយ​អូរ​ពង្រីក​តាម​ប្លង់​ប្រព័ន្ធ​។ សមាសភាព​ចូលរួម​ប្រជុំ រួមមាន តំណាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ប្រធាន​មន្ទីរ​ធនធានទឹក តំណាង​មន្ទីរ​សាធារណការ តំណាង​មន្ទីរ​បរិស្ថាន និង​មន្ត្រី​ក្រុង​ជាច្រើនរូប​។ លទ្ធផល​អង្គប្រជុំ ចំណាយពេល​ជិត ២​ម៉ោង ដើម្បី​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ២៩​គ្រួសារ សម្រេច​ជោគជ័យ ១០០​ភាគរយ​។​

​លោក​អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ​ថ្លែងថា មុនពេល​អាជ្ញាធរ​ចុះ​វាយកម្ទេច​ផ្ទះ​វីឡា​មួយ​កាលពី​រសៀល​ថ្ងៃ​១៦​ខែមីនា​ឆ្នាំ​២០២០ រដ្ឋបាល​ក្រុងព្រះសីហនុ អញ្ជើញ​ប្រជាពលរដ្ឋ​ចំនួន ២៩​គ្រួសារ រស់​នៅតាម​បណ្តោយ​អូរ​៥ ដែល​រង​ផលប៉ះពាល់ ក្នុង​គម្រោង​កាយ​អូរ​ពង្រីក​តាម​ប្លង់​ប្រព័ន្ធ មក​ពន្យល់​ប្រាប់​ពី​គោលការណ៍​របស់​អាជ្ញាធ​រ​ខេត្ត ក្នុង​ការមិន​អនុញ្ញាត​ឲ្យ​មាន​សំណង់​ផ្សេងៗ នៅលើ​ដី​អូរ​នេះ​ទៀត​ទេ ។ បើតាម​លោក​អភិបាលក្រុង បាន​បញ្ជាក់ថា ក្រៅពី​ផ្ទះ​វីឡា ដែល​បាន​វាយកម្ទេច​កាលពី​ម្សិលមិញ សំណង់​ផ្សេងៗ​ទៀត របស់​ពលរដ្ឋ​ដែល​ប៉ះពាល់​ដី​អូរ​នេះ នឹងត្រូវ​អនុវត្តន៍​ដូចគ្នា តាមរយៈ​ការរុះរើ​ដោយ​ខ្លួនឯង ឬ​រុះរើ​វាយកម្ទេច ដោយ​កម្លាំង​អាជ្ញាធរ នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០​នេះ​បន្តទៀត ក្នុងនោះ​បើតាម​លោក​អភិបាលក្រុង​បញ្ជាក់ថា ពលរដ្ឋ​ម្ចាស់​សំណង់ បាន​យល់ព្រម​ចូលរួម​សហការ ក្នុងការ​វាយកម្ទេច​នេះ ដោយ​មិន​ធ្វើ​ការតវ៉ា​ជំទាស់​ឡើយ ។ ចំពោះ​ប្រតិកម្ម​មួយចំនួន ដែល​លើកឡើងថា ពេល​ពលរដ្ឋ​សាងសង់ ផ្នែក​ជំនាញ​មិន​ចុះ​ហាមឃាត់ លោក​អភិបាលក្រុង បាន​ពន្យល់​ត្រឡប់​វិញ​ថា ជាធម្មតា នៅពេល​មានការ​សាងសង់​សំណង់​មិន​រៀបរយ ឬ​មិន​ស្របច្បាប់​ណាមួយ (​សំណង់​គ្មាន​ប្លង់​) អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ បាន​ចុះ​ហាមឃាត់ ជាមួយនឹង​ការធ្វើ​កំណត់ហេតុ កិច្ចសន្យា​ផ្សេងៗ ជាមួយ​ពលរដ្ឋ​ពាក់ព័ន្ធ មិនដែល​រំលង​ឡើយ ក្នុងនោះ​មាន​ពលរដ្ឋ​មួយចំនួន​អនុវត្តន៍​តាម និង​ម្ចាស់​សំណង់​មួយចំនួន មិន​អនុវត្តន៍​តាម បន្ត​សាងសង់ លើ​ទីតាំង​ដែល​បាន​ហាមឃាត់​នោះ​។​

​លោក​អភិបាលក្រុង​ព្រះសីហនុ បាន​ថ្លែង​រំលឹក​ដាស់តឿន​ថា ចាប់ពីពេលនេះ​តទៅ សូម​ពលរដ្ឋ​ទាំងអស់ បញ្ឈប់​ការសាងសង់​សំណង់ ឬ​ផ្ទះ​ស្នាក់នៅ ដោយ​ពុំបាន​សុំច្បាប់​អនុញ្ញាត ពី​អាជ្ញាធរ ឬ​ស្ថាប័ន​ជំនាញ ដើម្បី​បង្ការ​កុំ​ឲ្យ​មានការ​ខាតបង់ ក្នុងពេលដែល​អាជ្ញាធរ​ឲ្យ​រុះ​រើចេញ​វិញ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×