Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល្លឺម៉ង់ ប្តេជ្ញា​បន្ត​ជួយ​ដល់​កម្ពុជា លើ​ការងារ​សកម្មភាព​មីន រហូតដល់​កម្ពុជា សម្រេចបាន​គោលដៅ​របស់ខ្លួន​

spot_img

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​ផ្តល់ជំនួយ ៧,២៥ លាន​ផោន សម្រាប់​ការ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា ដល់​អង្គការ HALO Trust ចាប់តាំងពី​ឆ្នាំ​២០១៦​។ ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន និង​លោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា បាន​ចុះ​ពិនិត្យ​លទ្ធផល និង​ប្រតិបត្តិការ​បោសសម្អាត​មីន​របស់​អង្គការ HALO Trust ក្រោម​ជំនួយ​របស់​ប្រទេស​អាល្លឺម៉ង់ នៅ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ ។​

​លោក Christian Berger បាន​កោតសរសើរ ចំពោះ​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ស្តារ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ដូច​សព្វថ្ងៃនេះ ក្នុងនោះ​ការសម្រេចបាន​នូវ​សមិទ្ធផល​នៃ​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា​នាពេល​កន្លងមក​។​

​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ក៏បាន​ប្តេជ្ញា​បន្ត​ជួយ​ដល់​កម្ពុជា លើ​ការងារ​សកម្មភាព​មីន រហូតដល់​កម្ពុជា សម្រេចបាន​នូវ​គោលដៅ​របស់ខ្លួន គ្មាន​មីន​ឆ្នាំ​២០២៥​។ ជាមួយគ្នានេះ អាល្លឺម៉ង បានប្រកាស​ផ្តល់ជំនួយ ១,៥ លាន​ផោន​សម្រាប់​ឆ្នាំ​២០២០ ដល់​អង្គការ HALO Trust បន្ថែម​លើ​ថវិកា​ដែល​បានផ្តល់​ចំនួន ១​លាន​ផោន រួចហើយ​។​

​ប្រធាន​អាជ្ញាធរ​មីន លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែង​អរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អាល្លឺម៉ង ដែល​បាន​ជួយ​ដល់​កម្ពុជា ក្នុងនោះ ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា នាពេល​កន្លងមក និង​បច្ចុប្បន្ននេះ ផងដែរ​។ លោក ទេសរដ្ឋមន្ត្រី ក៏បាន​ចាត់ទុក​អាល្លឺម៉ង់ គឺជា​មិត្ត​ដ៏​សំខាន់​មួយ និង​ជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​ដ៏​យូរអង្វែង ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា អាល្លឺម៉ង បានផ្តល់​ជំនួយ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា ដល់​អង្គការ HALO Trust ចាប់តាំងពី​ឆ្នាំ​២០១៦ សរុប​ថវិកា​ចំនួន ៧,២៥ លាន​ផោន ក្នុងនោះ​ថវិកា​ចំនួន ២,៥ លាន​ផោន សម្រាប់​ការងារ​សកម្មភាព​មីន​ក្នុង​ឆ្នាំ​២០២០​។ គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោម​ជំនួយ​របស់​ប្រទេស​អាល្លឺម៉ង់ អង្គការ HALO Trust បាន​រំដោះ​ផ្ទៃដី​ប្រមាណ ១២ គីឡូម៉ែត្រ​ក្រឡា និង​បាន​រកឃើញ​និង​បំផ្លាញ​មីន​ប្រឆាំង​មនុស្ស ៣៤២១ គ្រាប់ មីន​ប្រឆាំង​រថក្រោះ ១២៧ គ្រាប់ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ៣៥០៦ គ្រាប់ ដោយមាន​អ្នកទទួលផល​ជាង ១៤​ម៉ឺន​នាក់​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ប្រតិបត្តិ​ករ​ដោះមីន​ទាំងអស់ ត្រូវ​ជឿទុកចិត្ត លើ​វិធានការ​នានា របស់​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ត្រូវ​ចូលរួម​ទប់ស្កាត់ ការរីក​រាលដាល ដើម្បី​បញ្ចៀស​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ដោយ​ត្រូវ​ថែរក្សា​អនាម័យ​ដៃ ខ្លួនប្រាណ ចំណីអាហារ និង បរិស្ថាន​ជុំវិញខ្លួន​ឲ្យ​បាន​ជាប់​ជាប្រចាំ​។​

​មុននឹង​ចាប់ផ្ដើម​ទស្សនកិច្ច​ចម្ការមីន នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក​ទេសរដ្ឋមន្ត្រី លី ធុជ និង​លោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង​ប្រចាំ​នៅ​កម្ពុជា បាន​ចុះ​ពិនិត្យ​ការងារ​ប្រតិបត្តិការ​សកម្មភាព​មីន​របស់​អង្គការ HALO Trust នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩១ រហូតដល់​បច្ចុប្បន្ន នៅ​ទីស្នាក់ការ​អង្គការ HALO Trust ខេត្តសៀមរាប​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×