Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលក្រុង​ព្រះសីហនុ​ថា មួយថ្ងៃ​​រុះរើ និង​កាយ​កម្ទេច​សំណង់ផ្ទះ​អនាធិបតេយ្យ រស់​នៅលើ​អូរ​ ៥ បាន​ចំនួន ២៩​ គ្រួសារ​

spot_img

​ព្រះសីហនុ ៖ លោក​អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ​បាន​ថ្លែងថា ​ថ្ងៃ​អង្គា​រ៍ ទី​១៧ ខែមីនា ឆ្នាំ​២០២០ គឺ​មួយថ្ងៃ​ពេញ បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ ចុះ​រុះរើ និង​កាយ​កម្ទេច​សំណង់ផ្ទះ​អនាធិបតេយ្យ​រស់នៅ​លើ​អូរ​៥ បាន​ចំនួន ២៩​គ្រួសារ ស្ថិតនៅ​ភូមិ ៥ សង្កាត់​៤ ក្រុងព្រះសីហនុ​។​

​លោក​បាន​ថ្លែងថា ជា​លទ្ធផល ក្រុមការងារ​បាន​រុះរើ និង​កាយ​កម្ទេច​ផ្ទះ​នៅលើ​អូរ​៥ ដូចខាងក្រោម​៖ ១/ កាយ​កម្ទេច​សំណង់​ជា​ផ្ទះ​រំលោភ​លើ​អូរ​ទាំងស្រុង បាន​ចំនួន ៩​ផ្ទះ​។ ២/ កាយ​កម្ទេច​សំណង់​ជា​ផ្ទះ រំលោភ​លើ​អូរ​ផ្នែក​ខាងក្រោយ បាន​ចំនួន ២០​ផ្ទះ​។​៣/ តាម​បណ្តោយ​អូរ​៥ ផ្នែក​ខាងក្រោម ដែល​ថ្ងៃនេះ​ក្រុមការងារ​បាន​រុះរើ និង​កាយ​កម្ទេច​ផ្ទះ​រួច ថ្ងៃទី ១៨ ខែមីនា ឆ្នាំ​២០២០ ក្រុមការងារ​នឹង​បន្ត​ដាក់​គ្រឿងចក្រ ដើម្បី​កាយ​ពង្រីក​អូរ​តាម​ប្លង់​ប្រព័ន្ធ​។ ៤/ រីឯ​តាម​បណ្តោយ​អូរ​៥ ផ្នែក​ខាងលើ ក្រុមការងារ​នឹង​បន្ត​រុះរើ និង​កាយ​កម្ទេច​ផ្ទះ​អនាធិប​តេយ្យ​លើ​អូរ​៥ ដែល​​នៅសល់​ទៀត ដើម្បី​ព​ន្លឿ​ន​ការកាយ​ស្តារ និង​កាយ​ពង្រីក​អូរ​តាម​ប្លង់​ប្រព័ន្ធ​ឲ្យ​ហើយ​មុន​រដូវវស្សា​ខាងមុខ​។

ចំណាត់ការ​របស់​រដ្ឋ​បាល​ក្រុងព្រះសីហនុ ដេី​ម្បី​រំដោះ​អូរ ប្រឡាយ​ដែល​ទាក់ទង​នឹង​ផែនការ​កសាង​ផ្លូវ​ទាំង ៣១​ខ្សែ ក្នុង​ក្រុងព្រះសីហនុ ដែល​ត្រូវ​ស្ថាបនា​ឲ្យ​ហើយ​ក្នុង​ផែនការ​រយៈពេល ៨​ខែ ដឹកនាំ​ស្ថាបនា​ដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួមទាំង​គម្រោង​ស្តារ និង​កាយ​អូរ​ប្រវែង​២៥,៥​គីឡូម៉ែត្រ ទូទាំង​ក្រុងព្រះសីហនុ ដឹកនាំ​ស្តារ និង​កាយ​ដោយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។​

លោក​អុ​ី សុខ​ឡេង​អភិបាលក្រុង​ព្រះសីហនុ​ថ្លែងថា មុនពេល​អាជ្ញាធរ​ចុះ​វាយកម្ទេច​ផ្ទះ​វីឡា​មួយ​កាលពី​រសៀល​ថ្ងៃ​១៦​មិនា​២០២០ រដ្ឋបាល​ក្រុងព្រះសីហនុ អញ្ជើញ​ប្រជាពលរដ្ឋ​ចំនួន ២៩​គ្រួសារ រស់​នៅតាម​បណ្តោយ​អូរ​៥ ដែល​រង​ផលប៉ះពាល់​ក្នុង​គម្រោង​កាយ​អូរ​ពង្រីក​តាម​ប្លង់​ប្រព័ន្ធ មក​ពន្យល់​ប្រាប់​ពី​គោលការណ៍​របស់​អាជ្ញាធ​រ​ខេត្ត ក្នុង​ការមិន​អនុញ្ញាត​ឲ្យ មាន​សំណង់​ផ្សេងៗ​នៅលើ​ដី​អូរ​នេះ​ទៀត​ទេ ។ បើតាម​លោក​អភិបាលក្រុង​បញ្ជាក់ថា ក្រៅពី​ផ្ទះ​វីឡា​ដែល​បាន​វាយកម្ទេច​កាលពី​ម្សិលមិញ សំណង់​ផ្សេងៗ​ទៀត​របស់​ពលរដ្ឋ​ដែល​ប៉ះពាល់​ដី​អូរ​នេះ​នឹងត្រូវ​អនុវត្តន៍​ដូចគ្នា តាមរយៈ​ការរុះរើ​ដោយ​ខ្លួនឯង​ឬ​រុះរើ​វាយកម្ទេច​ដោយ​កម្លាំង​អជ្ញាធរ​នៅ​ថ្ងៃទី​១៧​មីនា​២០២០​នេះ​បន្តទៀត ក្នុងនោះ​បើតាម​លោក​អភិបាលក្រុង​បញ្ជាក់ថា ពលរដ្ឋ​ម្ចាស់​សំណង់​បាន​យល់ព្រម​ចូលរួម​សហការ​ក្នុងការ​វាយកម្ទេច​នេះ ដោយ​មិន​ធ្វើ​ការតវ៉ា​ជំទាស់​ឡើយ ។ ចំពោះ​ប្រតិកម្ម​មួយចំនួន​ដែល​លើកឡើងថា ពេល​ពលរដ្ឋ​សាងសង់ ផ្នែក​ជំនាញ​មិន​ចុះ​ហាមឃាត់ លោក​អភិបាលក្រុង​ពន្យល់​ត្រឡប់​វិញ​ថា ជាធម្មតា​នៅពេល​មានការ​សាងសង់​សំណង់​មិន​រៀបរយ​ឬ​មិន​ស្របច្បាប់​ណាមួយ​(​សំណង់​គ្មាន​ប្លង់​) អាជ្ញាធរ​ឬ​មន្ត្រី​ជំនាញ​បាន​ចុះ​ហាមឃាត់​ជាមួយនឹង​ការធ្វើ​កំណត់ហេតុ កិច្ចសន្យា​ផ្សេងៗ​ជាមួយ​ពលរដ្ឋ​ពាក់ព័ន្ធ​មិនដែល​រំលង​ឡើយ ក្នុងនោះ​មាន​ពលរដ្ឋ​មួយចំនួន​អនុវត្តន៍​តាម និង​ម្ចាស់​សំណង់​មួយចំនួន​មិន​អនុវត្តន៍​តាម បន្ត​សាងសង់​លើ​ទីតាំង​ដែល​បាន​ហាមឃាត់​នោះ​។

ទោះជា​យ៉ាងនេះ​ក្តី លោក​អភិបាលក្រុង​ព្រះសីហនុ​ថ្លែង​ជាការ​រំលឹក​ដាស់តឿន​ថា ចាប់ពីពេលនេះ​តទៅ សូម​ពលរដ្ឋ​ទាំងអស់​បញ្ឈប់​ការសាងសង់​សំណង់​ឬ​ផ្ទះ​ស្នាក់នៅ​ដោយ​ពុំបាន​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ឬ​ស្ថាប័ន​ជំនាញ ដើម្បី​បង្ការ​កុំ​ឲ្យ មានការ​ខាតបង់ ក្នុងពេលដែល​អាជ្ញាធរ​ឲ្យ រុះរើ​ចេញ​វិញ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×