Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កអក ស្នើ​ឲ្យ​អ្នកកាសែត រាយការណ៍​ព័ត៌មាន ដោយ​គោរព​សិទ្ធិ​ឯកជន របស់​អ្នក​ដែល​ឆ្លង​វីរុស​កូ​វីដ 19

spot_img

​ភ្នំពេញ​៖ ក្លិប​អ្នកកាសែត​កម្ពុជា​បានស្នើ​សុំ​ឲ្យ​អ្នកកាសែត ប្រកាន់​ក្រមសីលធម៌​វិជ្ជាជីវៈ ឲ្យ​បាន​ខ្ពស់បំផុត ក្នុង​ការគោរព​សិទ្ធិ​ឯកជន របស់​អ្នក​ដែល​ឆ្លង​វីរុស​កូ​វីដ 19 ដោយ​មិនត្រូវ​បញ្ចេញ​អត្តសញ្ញាណ របស់​ពួកគេ​ជាដាច់ខាត​។​

​បើតាម​សេចក្តីអំពាវនាវ​របស់​ក្លិប​អ្នកកាសែត​កម្ពុជា​ជូន​ចំពោះ​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី 18 ខែមីនា​ឆ្នាំ 2020 នេះ ដោយ​យល់ឃើញថា សារព័ត៌មាន​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ និង​ដោយ​យល់ឃើញថា បញ្ហា Covid-19 ជា​រឿង​សំខាន់​មួយ​ដែល​ទាមទារ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ក៏ដូចជា​ប្រជាពលរដ្ឋ​ម្នាក់ៗ​ចូលរួម​ក្នុងការ​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​កុំ​ឲ្យ​មាន​ការរីក​រាលដាល​ទៅក្នុង​សហគមន៍ ក៏ដូចជា​ដើម្បី​បញ្ចៀស​ការរើសអើង ក្លិប​អ្នកកាសែត​កម្ពុជា សូម​អំពាវនាវ​ដល់​អ្ន​ក​សារព័ត៌មាន​ទាំងអស់​ដែល​កំពុង ប្រកប​អាជីព​វិជ្ជាជីវៈ​ក្នុងប្រទេស​កម្ពុជា​សូមមេត្តា​យកចិត្តទុកដាក់​ចំពោះ​ចំណុច​សំខាន់ៗ មួយចំនួន​ដូចខាងក្រោម​៖

​ទី​១៖ សូម​ធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ហា Covid-19 ប្រកបដោយ​ភាពច្បាស់លាស់​ស្របតាម​បច្ចេកទេស ផ្នែក​វេជ្ជសាស្ត្រដោយ​សំអាង ទៅលើ​ការពន្យល់​របស់​អ្នកជំនាញ ឬ​លើ​ការស្រាវជ្រាវ​ឯកសារ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ចៀសវាង​ការ​ផ្តល់ព័ត៌មាន​មិន​ច្បាស់លាស់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភាន់ច្រឡំ​អំពី Covid-19 ។​

​ទី​២៖ សូម​ប្រកាន់​ក្រមសីលធម៌​វិជ្ជាជីវៈ​ឲ្យ​បាន​ខ្ពស់បំផុត ក្នុង​ការគោរព​សិទ្ធិ​ឯកជន​របស់​អ្នក ដែល​ឆ្លង​វីរុស Covid-19 ដោយ​មិនត្រូវ​បញ្ចេញ​អត្តសញ្ញាណ​របស់​ពួកគេ​ជាដាច់ខាត​មិន​ថា អ្នកនោះ​ជា​ជនបរទេស​ឬ​ខ្មែរ​នោះឡើយ លើកលែងតែ​អ្នកនោះ​ជា​បុគ្គល​សាធារណៈ​សំខាន់ៗ ដែល​ក្រសួងសុខាភិបាល​ប្រកាស​ជា​ផ្លូវការ ឬ​សា​ម៉ី​ខ្លួន​ផ្ទាល់​ជា​អ្នក​ប្រកាស​ជា​សាធារណៈ​។

​ទី​៣៖ សូម​ធ្វើ​សេចក្តីរាយការណ៍​ពាក់ព័ន្ធ​នឹង​ករណី​អ្នក​ឆ្លង​វីរុស Covid-19 ដោយ​ចៀសវាង​ការប្រើ​ពាក្យពេចន៍ ឬ​សំនួនវោហារ​ណា​ដែល​នាំ​ឲ្យ​មានការ​បែងចែក ឬ​ការរើសអើង​ចំពោះ​បុគ្គល ឬ​សហគមន៍​ណាមួយ​។​

​ទី​៤៖ សូមអ្នក​សារព័ត៌មាន​ទាំងអស់​ប្រកាន់ខ្ជាប់​នូវ​វិធីសាស្ត្រ និង​ក្បួន​អនាម័យ​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​វីរុស Covid-19 តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទាំង​ក្នុងពេល​ចុះ​យក​ព័ត៌មាន ទាំង​នៅ​កន្លែងធ្វើការ និង​ទាំង​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​អ្នកដទៃ ជាពិសេស​ក្នុងពេល​ចុះទៅ​កាន់​កន្លែង​ដែលមាន​ហា​នី​ភ័យ​ខ្ពស់​។

​ក្លិប​អ្នកកាសែត​កម្ពុជា សង្ឃឹមថា អ្នកសារព័ត៌មាន​ទាំងអស់​នឹង​ប្រើប្រាស់​តួនាទី​របស់ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវ​ទាំង​ចំពោះមុខ ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ផង និង​ចំពោះ​បទដ្ឋាន​បច្ចេកទេសផ្នែក​វេជ្ជសាស្ត្រ ផង​ដើម្បី​ធានាថា សារព័ត៌​មានបាន​បំពេញ​តួនាទី​យ៉ាង​ល្អ ក្នុងការ​ផ្តល់ព័ត៌មាន​ពិត ឥត​ក្លែងបន្លំ និង​គ្មាន​ការរើសអើង ដើម្បី​ជា​ប្រយោជន៍​ដល់​សាធារណ ជន​ទូទៅ ក៏ដូចជា​ប្រយោជន៍​សម្រាប់​សង្គម​ទាំងមូល​។

​ក្លិប​អ្នកកាសែត​កម្ពុជា យល់ឃើញថា​ដើម្បី​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ជាមួយនឹង Covid-19 ប្រកបដោយ​ប្រសិទ្ធភាព ទាល់តែ​ប្រជាពលរដ្ឋ​ម្នាក់ៗ​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់​អំពី Covid-19 យល់ច្បាស់​អំពី​វិធី​ការពារ​ខ្លួន ហើយ​នាំគ្នា​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង ជាមួយ​វីរុស​នេះ​ប្រកបដោយ​ការទទួលខុសត្រូវ ដោយ​ប្រើ​ភាពឈ្លាសវៃ គឺ​មិនមែន​ជាការ​ភ័យ​ស្លន់ស្លោ ឬ​ការរើសអើង​គ្នា​នោះឡើយ​។ ក្នុង​បរិបទ​បែបនេះ សារព័ត៌មាន​ពិតជា​មាន​តួនាទី​សំខាន់​ណាស់ ក្នុងកា​រួមចំណែក​ប្រយុទ្ធប្រឆាំង​ជាមួយ Covid-19 ដែលជា​បញ្ហា​ប្រឈម​ដ៏​ធំ របស់​ពិភពលោក​ទាំងមូល​និយាយ​ជារួម និង​របស់​ប្រទេស​នីមួយៗ និយាយ​ដោយឡែក​ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​យើង​ផង​។

​ក្លិប​អ្នកកាសែត​កម្ពុជា សូម​ជូនពរ​ដល់​អ្នក​សារព័ត៌មាន ទាំងអស់​សូម​ទទួលបាន​ជោគជ័យ ក្នុង​បេសកកម្ម​នាំសារ​ពិត​ដល់​ប្រជាពលរដ្ឋ និង​ដល់​សង្គម​ទាំងមូល និង​សូម​ចៀស​ផុតពី​ការឆ្លង​វីរុស Covid-19 ៕​ដោយ​៖​កូ​ឡាប​

spot_img
×