Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២​នាក់​ប្តី​ប្រពន្ធ គាល់ផ្ទះគេ លួច​ម៉ូតូ​​២​គ្រឿង ត្រូវនគរបាលឃាត់ខ្លួន , ជនសង្ស័យ​ មិនសារភាព

spot_img

​ភ្នំពេញ ៖ កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ សហការ​នគរបាល​ប៉ុស្តិ៍ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ ពីបទ​សមគំនិត​គាស់​ទម្លុះទម្លាយ ឆ្កឹះ​សោរ​ទ្វាររបង​ផ្ទះ លួច​យក​ម៉ូតូ​ចំនួន​២​គ្រឿង កាល​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក
​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​២៧ ផ្លូវ​លេខ​៨៣​បេ​តេ ស្ថិតនៅ​ភូមិ​ចំរើន​ផល​១ សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ ។​

​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ មៀ​ច ថាវ​រ៉ា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ក្បាល​ទំនប់​២ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន មាន​ផ្ទុក​សារធាតុ​ញៀន​) ជា​ប្ដី ។ ទី​២ ឈ្មោះ នួន រស្មី ហៅ ស្រី​ពេជ្រ អាយុ ២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន មាន​ផ្ទុក​សារធាតុ​ញៀន​)​។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ ប៉ោ ឧ​ត្ត​ម​ចរិយា ភេទ​ស្រី អាយុ ៣០​ឆ្នាំ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ មុខរបរ លក់ដូរ ។​

​លោក គឹម កល្យាណ អធិការរង​ទទួល​ផែន​យុត្តិធម៌ បាន​ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី ១៧ ខែមីនា​ឆ្នាំ ២០២០ វេលា​ម៉ោង ១​និង ៥០​នាទី​រំលងអធ្រាត្រ ជនសង្ស័យ​ទាំង​២​នាក់ បានធ្វើ​សកម្មភាព​គាស់ និង​ឆ្កឹះ​សោ​របង​ផ្ទះ​ជនរងគ្រោះ លួច​យក​ម៉ូតូ​ចំនួន​២​គ្រឿង​។ លុះដល់​ព្រឹក​ឡើង ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង នៅ​ប៉ុស្តិ៍នគរបាល​បឹងទំពន់​ទី ១​។ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង នគរបាល​ប៉ុស្តិ៍ បាន​រាយការណ៍​ទទួល​ផែន​ជំនាញ ចុះ​បានមក​មើល​កាមេរ៉ា​សុវត្ថិភាព ក៏​ឃើញ​ភិនភាគ​ដូច​ជនសង្ស័យ ទើប​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រហូត​បា​ន​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​២​នាក់​ខាងលើ យកមក​សួរនាំ ។​

​សម្ភារ​ដែល​សមត្ថកិច្ច ដកហូត​បានរួម​មាន ម៉ូតូ​១​គ្រឿង ម៉ាក​ហ្ស៊ូ​ម​មឺ​រ​អ៊ិ​ច ពណ៌​ផ្ទៃមេឃ ពាក់​ផ្លាកលេខ ភ្នំពេញ 1FM 8728 (​ជា​របស់​ជនរងគ្រោះ​) និង ម៉ូតូ​១​គ្រឿង​ម៉ា​កនិច ពណ៌​ទឹកមាស (​បិទ​ស្កុ​ត​ពណ៌​ឈាមជ្រូក​) ផ្លាកលេខ ភ្នំពេញ 1GO 6776 ,​ទូរស័ព្ទដៃ​ចាស់​ចំនួន ២​គ្រឿង​, កាបូបដៃ​១, លុយ​ខ្មែរ​ចំនួន​២០០០០​រៀល ( ជា​របស់​ជនសង្ស័យ​ឈ្មោះ មៀ​ច ថាវ​រ៉ា​) ។

​សម្ភារ​បាត់បង់ ម៉ូតូ​១​គ្រឿង​ម៉ាក​ហុង​សេ​១១០ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1BE 0752 ។​

​បច្ចុប្បន្ន​ជនសង្ស័យ​២​នាក់ មិនបាន​សារភាពថា បាន​លួច​ម៉ូតូ​នោះទេ តែម៉ូតូ​រងគ្រោះ នៅក្នុង​ផ្ទះ​ខ្លួន គឺ​ទទួល​ផ្ញើ​ពី​បុរស​២​នាក់ មិន​ស្គាល់ឈ្មោះ​។ យ៉ាងណា នគរបាល​ឃាត់ខ្លួន ពីបទ​សមគំនិត គាស់​ផ្ទះ​លួច​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​បឹងទំពុន​ទី ១ កសាង​សំណុំរឿង បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×