ឆ្នាំជូត
រាសីស្រុតចុះ។ ថ្ងៃនេះបើលោកអ្នកធ្វើអ្វីដោយការតាំងចិត្តនិងមានការប្រុងប្រយ័ត្ននោះក៏មិនមានបញ្ហាអាក្រក់ចោទឡើងដែរ។ ការរស់នៅក្នុងផ្ទះសម្បែងចូរប្រយ័ត្នមាត់កប៉ប៉ាច់ច្រើននាំកើតជម្លោះវិវាទនាំតែកើតរឿងសៅហ្មងតែប៉ុណ្ណោះ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះកុំខ្ជះខ្ជាយដៃធំព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាថ្ងៃខាងមុខ។
រីឯមនោសញ្ចេតនាបញ្ហាគូស្នេហ៍កំលោះក្រមុំមានការលូតលាស់ទៅមុខសន្សឹមៗ ប៉ុន្តែក៏ងាយកើតជម្លោះផងដែរ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ នាពេលនេះលោកអ្នកគប្បីតាំងចិត្តធ្វើការនិងព្យាយាមអត់ធ្មត់ពីព្រោះថាផលលំបាកក្នុងអំឡុងពេលនេះមានច្រើនដែលត្រូវឆ្លងកាត់ ។ ដោយឡែកសម្រាប់ទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាមានការចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាឱ្យប្រយ័ត្នការកើតជម្លោះវិវាទព្រោះតែក្រុមមនុស្សចាក់ដោត។
រីឯមនោសញ្ចេតនាបញ្ហាស្នេហាប្រុសស្រីមានភាពកក់ក្តៅដោយសារម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នា៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ ក្នុងអំឡុងពេលនេះលោកអ្នកត្រូវអត់ធ្មត់តស៊ូបន្តិច ហេតុនេះត្រូវជម្រុះ បញ្ហាខ្ជិលច្រអូស បញ្ហាស្ពឹកស្រពន់ចេញហើយត្រូវរវាសរវៃការងារទើបផលចម្រុងចម្រើនលូតលាស់នឹងមានភាពប្រសើរជាងនេះទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញឃើញថាលោកអ្នកអាចបណ្តាក់ទុនរកស៊ីក៏អាចហុចផលមួយចំនួនគ្រាន់ដោះស្រាយជីវភាពផងដែរ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកអាចសាងស្នេហ៍ចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងច្រើននោះដែរ៕
ឆ្នាំថោះ
រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមិនតានតឹងអារម្មណ៍ច្រើនខ្លាំងពេកឬធ្វើអ្វីមិនធ្វេសប្រហែសនោះផលអាក្រក់ទាំងឡាយក៏មិនហ៊ានមកក្បែរដែរ។ការរស់នៅក្នុងរង្វង់គ្រូសារទាំងស្វាមីភរិយាមើលមុខគ្នាមិនសូវចំប៉ុន្មានទេគឺតែងមានការពាក់មុខយក្សនិងប្រឆាំងគ្នា។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិនិងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។
រីឯស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខទេដូចនេះគប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ នៅដួងរាសី ស្រុតចុះ ហេតុនេះឃើញថាដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើននាំឱ្យជួបបញ្ហាលំបាកជាងសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរដោយសារក្រុមមនុស្សកេងបន្លំបោកប្រាស់ដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរទៅមុខយឺតហើយងាយថយក្រោយណាស់៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អក្នុងការទំនាក់ទំនងចរចាឬពិភាក្សាការងារអ្វីមួយ។ការរស់នៅទាំងស្ត្រីបុរសដែលធ្លាប់តែឧបទ្រពចង្រៃយាយីឬទទួលរងសម្ពាធផ្លូវចិត្តនឹងបានធូរស្បើយឡើងវិញហើយកំពុងទទួលជោគសំណាងថ្មីៗទៀតផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗកើត។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងកំពុងស្រស់ស្រាយល្អណាស់៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នអ្នកដទៃបំពានដែលនាំឱ្យកើតជាបញ្ហាចំពោះគ្នាឡើងដោយប្រការណាមួយ។ក្រៅពីនេះការប្រកបការងារក៏ដូច្នេះដែរបើជាការងារសំខាន់តោងតែមានការប្រយ័ត្នប្រយែងបើពុំនោះទេអាចធា្លក់ក្នុងគ្រោះមហន្តរាយជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃបន្តិចវិញ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសមិនតិចដែរទេ។
រីឯស្នេហាកំលោះក្រមុំពេលនេះគឺពុំទៀងទាត់ឡើយព្រោះជួនត្រូវចំណាយពេលច្រើនតែទទួលបានផលតិចមកវិញ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ យីអ៊ុនរបស់លោកអ្នកថ្ងៃនេះមិនគាប់ប្រសើរប៉ុន្មានទេដូច្នេះទោះធ្វើអ្វីក៏ដោយសន្សឹមៗបានហើយបើពុំនោះក្រែងជួបផលលំបាកណាមួយដែលជះឥទ្ធិពលដល់យូរអង្វែង។ ការប្រកបការងារចូរប្រយ័ត្នភាពមោហៈទោសៈកើតជាជម្លោះវិវាទមើលមុខគ្នាមិនចំដោយប្រការណាមួយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយជាងការជឿនលឿនទៅមុខ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះទោះធ្វើអ្វីត្រូវសម្រុកឱ្យបានពេញទីនោះផ្លែផ្កាល្អៗតែងហុចមកវិញដូចជាទីពេញចិត្តផង។ក្នុងរង្វង់គ្រួសារកើតមានភាពសុខដុមនិងកំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំណាស់ដែរ។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរឃើញថាក៏ជាឱកាសប្រពៃណាស់ព្រោះអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីកុំគប្បីពុះកញ្ជ្រោលព្រោះតែការសេពកាមគុណប្រយ័ត្នរែកពន់ទុក្ខសោកនៅគ្រាក្រោយហើយអសោចកេរ៍ឈ្មោះឥតអំពើ៕
ឆ្នាំរកា
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដួងរាសីដាំក្បាលចុះ ដូចនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងក្រែងជួបបញ្ហាអាក្រក់ណាមួយត្រូវពិបាកក្នុងការរែកពន់។ការបំពេញការងារដូច្នេះដែរត្រូវយកចិត្តទុកដាក់ហើយបើធ្វេសប្រហែសតែបន្តិចការងារធំៗដែលជាបញ្ហាប្រាក់កាសនិងត្រូវរបូតពីដៃតែម្តង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានភាពប្រទាំងប្រទើសច្រើននិងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ការធ្វើដំណើរទីឆ្ងាយជិតពុំសូវមានសុវត្តិភាពទេពិសេសឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយី ។
រីឯបញ្ហាស្នេហាប្រុសស្រីចូរប្រយ័ត្នសម្តីលេងម៉េះម៉ោះកើតជាជម្លោះវិវាទណាមួយឡើង៕
ឆ្នាំច
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតលូតលាស់សន្សឹមៗជានិច្ចហើយបើលោកអ្នកចង់សម្រេចធ្វើអ្វីមួយក៏តែងពុំហុចផ្លែផ្កាដូចជាទីគាប់ចិត្តដែរគឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។ក្រៅពីនេះបើលោកអ្នកចង់ប្រកបការងារអ្វីមួយត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវភ្លាំងភ្លាត់ត្រូវមកដេកសោកស្តាយព្រោះតែការធ្វេសប្រហែសរបស់ខ្លួនឯង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីបង្កជាជម្លោះវិវាទពីតូចរីកជាធំណាមួយកើតឡើង ។
បញ្ហាគូស្នេហាប្រុសស្រីត្រូវចេះពូនជ្រោយចំណងស្នេហ៍ឱ្យបានល្អហើយមិនត្រូវយកភាពមានះចង់ចាញ់ឈ្នះគ្នាច្រើនឡើយ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចសម្រុការងារបានហើយនិងត្រូវចងចាំថាធ្វើច្រើនទទួលបានផលច្រើនធ្វើតិចទទួលបានផលតិចទៅតាមនោះផង។ការប្រកបការងារបើបម្រុងលិចក៏ត្រូវអណ្តែតឡើងវិញដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើហើយពិសេសបើមានបើករបរថ្មីៗផងល្អប្រពៃណាស់។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយល្អ ៕