Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកដំណោះស្រាយលើបញ្ហាកកស្ទះ ការដឹកជញ្ជូនទំនិញនាំចេញ-នាំចូល នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ ផ្លាស់ប្តូរទំនិញ នៅតំបន់ ស

spot_img

ខេត្តស្វាយរៀងៈ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល​ទទួ​លប​ន្ទុក​ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញ ជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ នៃខេត្តតៃនិញ ដែលដឹកនាំដោយលោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ដើម្បីពិភាក្សា សម្របសម្រួល រកដំណោះស្រាយលើបញ្ហាកកស្ទះការដឹកជញ្ជូនទំនិញនាំចេញ-នាំចូល នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ ។

 

​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ បានចេញ​ប្រកាស​ព័ត៌មាន​ថា ទំនិញ​ចេញចូល កម្ពុជា វៀតណាម នៅតែ​ធ្វើជា​ធម្មតា ដោយ​ផ្អែកលើ​ជម្រើស​ចំនួន ៤ ក្នុងនោះ​ក៍​ត្រូវតែមាន លក្ខខណ្ឌ មួយ គឺ​ដូរ​តៃកុង​រថយន្ត​នៅ​តំបន់ស ផងដែរ​។ សមាគម​រោងចក្រ​កាត់ ដេរ​កម្ពុជា​បានបញ្ជាក់ នៅមុននេះ​បន្តិច​ថា ការដោះដូរ​ទំនិញ​នៅ​ព្រំដែន កម្ពុជា វៀតណាម បាវិត – ម៉ុក​បៃ គឺមាន ដំណោះស្រាយ​ហើយ ដោយ​ឈរលើ​ជម្រើស ចំនួន ៤​គឺ ៖ ១) ដូរ​តៃកុង​រថយន្ត​នៅ​តំបន់ស ២) ដូរ​ក្បាល​ឡាន​អូស​រ៉ឺម៉ក​សណ្តោង ៣) ដូរ​កុងតឺន័រ ៤) អនុញ្ញាត​ឲ្យ​ដឹក​ចូលដល់​ផែរ​ស្ងួត (​តៃកុង​ឡាន​អាច​ត្រឡប់​ចូល​ប្រទេស​ខ្លួន​វិញ​ដោយ​មិន​ជាប់ Quarantine)​។​

​សូម​បញ្ជាក់ដែរថា កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ​នៅថ្ងៃនេះ បានប្រកាសថា កំពង់ផែ​នៅ​បន្តការងារ​អាជីវកម្ម ឬ​ប្រតិបត្តិការ​ជា​ប្រក្រតី ២៤​ម៉ោង​/៧​ថ្ងែ ដោយ​ពុំមាន​ការផ្អាក ឬ​បិទ​សកម្មភាព​អាជីវកម្ម​ឡើយ ។

ចូលរួមក្នុងកិច្ចប្រជុំនេះ មានលោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោកអភិបាលរងខេត្តស្វាយរៀង តំណាងសមាគមដឹកជញ្ជូនកម្ពុជា លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត លោកអភិបាលក្រុងបាវិត លោកប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកអនុប្រធាននាយកដ្ឋានគយខេត្តតៃនិញ រួមនិងមន្ត្រីគយ និងរដ្ឋាករ មន្ត្រីចត្តាឡីស័ក កងម្លាំង និងមន្ត្រីមានសមត្ថកិច្ច ដែលឈរជើងនៅច្រកទ្វារព្រំដែន នៃភាគីទាំងពីរ ជាច្រើនរួមទៀត ។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានសម្រេចព្រមព្រៀងគ្នា លើជម្រើសមួយចំនួន ដើម្បីសម្រួលដល់ការចរាចរណ៍ទំនិញចេញចូល រវាងប្រទេសទាំងពីរ ឲ្យប្រព្រឹត្តទៅដោយរលូន ល្អប្រសើរ ផ្ដល់នូវផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ក្រោមការយកចិត្តទុកដាក់ខ្ពស់ ក្នុងការសហការរួមគ្នាពង្រឹងកិច្ចអនុវត្ត វិធានការបង្ការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ស្របតាមការណែនាំ និងបទប្បញ្ញត្តិ នៃវិធានសុខាភិបាលរបស់ប្រទេសទាំងពីរ និងរក្សាឲ្យបាននូវស្ថិរភាព លំហូរចរាចរណ៍ទំនិញនាំចេញ-នាំចូលឆ្លងកាត់ព្រំដែន ។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានឯកភាពផ្សព្វផ្សាយ នូវដំណោះស្រាយទាំងនោះ ដល់ធុរជននៃប្រទេសទាំងពីរ ដើម្បីឲ្យធុរជនជ្រើសរើស យកការអនុវត្តដ៏សមស្របមួយ ក្នុងអំឡុងពេលនេះ ។

ដោយឡែកដើម្បីដោះស្រាយបញ្ហាចំពោះមុខ ភាគីទាំងពីរ បានសម្រេចអនុវត្តជាបណ្តោះអាសន្ន នូវជម្រើសចំនួនពីរ គឺទី១ អនុញ្ញាតឲ្យមធ្យោបាយដឹកជញ្ជូនចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ និងទី២ អនុញ្ញាតឲ្យមធ្យោបាយដឹកជញ្ជូន ចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរក្បាលឡានសណ្ដោង ។

គួរបញ្ជាក់ថា ចំពោះជម្រើស នៃដំណោះស្រាយដែលបានព្រមព្រៀងគ្នា នឹងត្រូវបានយកមកអនុវត្ត ចំពោះគ្រប់មាត់ច្រក ដែលមានព្រំប្រទល់ជាប់ខេត្តតៃនិញ របស់ប្រទេសវៀតណាម ហើយភាគីទាំងពីរក៏បានឯកភាពគ្នា បន្តកិច្ចសហការដោះស្រាយ នូវបញ្ហាប្រឈមចំពោះមុខ ដែលអាចកើតមានជាយថាហេតុ ៕ ដោយ៖វ៉ៃកូ

spot_img
×