Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ជា​មុខសញ្ញា​បាន​ប៉ះពាល់​ជនជាតិ​ម៉ាឡេស៊ី ទាំង ៦​នាក់ ត្រូវ​ស្នាក់​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ក្នុង​រយៈពេល ១៤​ថ្ងៃ

spot_img

​កំពង់ចាម ៖ អាជ្ញាធរ​ក្នុង​មូលដ្ឋាន ត្រូវ​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​សាសនា ក្នុង​ខេត្តកំពង់ចាម ដើម្បី អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ដែលជា​មុខសញ្ញា​បាន​ប៉ះពាល់​ជនជាតិ​ម៉ាឡេស៊ី ទាំង ៦​នាក់​នោះ ឲ្យ​ស្នាក់​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ក្នុង​រយៈពេល ១៤​ថ្ងៃ ដើម្បី​ថែទាំ​សុខភាព​ខ្លួនឯង ក៏ដូចជា សុវត្ថិភាព​ក្រុមគ្រួសារ និង​សហគមន៍​ទាំងមូល​ផងដែរ​។​

​លោក អ៊ុន ចាន់​ដា អភិបាល ខេត្តកំពង់ចាម ស្នើ​ដល់​មន្ទីរ​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន សហការ​ជាមួយ​មេដឹកនាំ​សាសនា យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុវត្ថិភាព​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​មាន​ជំងឺ កូ​វីដ​១៩ ខណៈដែល​ករណីនេះ កំពុង​កើតមាន​នៅលើ​ទឹកដី​ខេត្តកំពង់ចាម​នោះ ។

​ការ​ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​ដែល លោក អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​បន្ទាន់ ដើម្បី​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​របស់​ក្រសួងមហាផ្ទៃ​លេខ ០០៣​ស​.​ណ​.​ន ស្ដីពី​ការផ្សព្វផ្សាយ​អំពី​វិធាន​ការបង្ការ ទប់​ស្កាត​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ ១៩ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ពិភាក្សា ទៅលើ​ពង្រាង​ដីកា ស្ដីពី​ការបង្កើត​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ ក្នុង​ក្របខ័ណ្ឌ​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០​នេះ ។​

​លោក អ៊ុន ចាន់​ដា មានប្រសាសន៍ថា តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​១៩ ខែមីនា​នេះ គឺ​បាន​រកឃើញ​៤​ករណី​ថ្មី​ទៀត ជា​បុរស​ជនជាតិខ្មែរ ដែល​វិលត្រឡប់​មកពី​ចូលរួម​ពិធី​សាសនា នៅ​ប្រទេស​ម៉ាឡេស៊ី និង ៦​ករណី​ថ្មី ជា​បុរស​ជនជាតិ​ម៉ាឡេស៊ី ដែល​វិជ្ជមាន​វីរុស​កូ​វីដ ១៩​។ បុរស​ជា​ជនជាតិ​ម៉ាឡេស៊ី ទាំង​៦​នាក់​នោះ បាន​ស្នាក់នៅ​បណ្ដោះអាសន្ន ក្នុងស្រុក​កងមាស ខេត្តកំពង់ចាម ដែល​បានមក​ធ្វើ​ការងារ​សាសនា នៅតាម​ភូមិ នៃ​ភូមិសាស្ត្រ ស្រុក​កងមាស ខេត្តកំពង់ចាម ។

​លោក បញ្ជាក់ថា ជាការ​ឆ្លើយតប​ទៅនឹង​សេចក្ដីណែនាំ របស់​ក្រសួងមហាផ្ទៃ យើង​ត្រូវបង្កើត​នូវ​គណៈកម្មការ​ប្រចាំការ​១​ក្រុម ដើម្បី​ដឹកនាំ​ទទួលខុសត្រូវ​រដ្ឋបាល​ខេត្ត ដោយមាន នាយករង​រដ្ឋបាល​១​រូប ដើម្បី​ដឹកនាំ​មន្ត្រី​ក្នុង​ការទទួល​ព័ត៌មាន រាយការណ៍​ជូន​គណៈកម្មការ ក៏ដូចជា ក្រសួងមហាផ្ទៃ ផងដែរ ។​

​ដូច្នេះ​ដើម្បី​ចូលរួម​អនុវត្ត​នូវ​សេចក្ដីណែនាំ ក៏ដូចជា ការអនុវត្ត​នូវ​វិធានការ​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ ជាពិសេស កិច្ចការពារ​ដល់​សុខ​សុវត្ថិភាព របស់​ប្រជាពលរដ្ឋ​យើង ស្នើ​ឲ្យ​មន្ទីរ​សុខាភិបាល​ត្រូវ​ចុះទៅពិនិត្យ និង​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ ទៅលើ​ទីតាំង ដែល​ជនជាតិ​ម៉ាឡេស៊ី​ស្នាក់នៅ​នោះ​ជាបន្ទាន់ ។​ត្រូវ​រៀបចំ​មន្ត្រី​ប្រចាំការ នៅតាម​មណ្ឌល​សុខភាព ដើម្បី​ក្ដាប់បាន​ព័ត៌មាន​ផ្សេងៗ ពី​ប្រជាពលរដ្ឋ ដើម្បី​រាយការណ៍​ជូន​ខេត្ត ។ ដោយឡែក ឲ្យ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ត្រូវ​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​សាសនា ក្នុង​ខេត្ត​ដើម្បី អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែលជា​មុខសញ្ញា​បាន​ប៉ះពាល់​ជនជាតិ​ម៉ាឡេស៊ី ទាំង ៦​នាក់​នោះ ឲ្យ​ស្នាក់​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​ក្នុង​រយៈពេល ១៤​ថ្ងៃ ដើម្បី​ថែទាំ​សុខភាព​ខ្លួនឯង ក៏ដូចជា សុវត្ថិភាព​ក្រុមគ្រួសារ និង​សហគមន៍​ទាំងមូល​ផងដែរ​។​

​គួរកត់សម្គាល់​ផងដែរ​ថា គិត​ត្រឹម​ថ្ងៃទី​១៩ ខែមីនា នេះ​កម្ពុជា មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ ១៩ សរុប​ទាំងអស់​ចំនួន ៤៧​នាក់ ក្នុងនោះ ៖ មាន​ជនជាតិ​ចិន ១​នាក់ (​បានជា​សះស្បើយ​) ជនជាតិ​អង់គ្លេស ០៣​នាក់ កាណាដា ១​នាក់ ប៊ែ​ល​ហ្សិ​ក ១​នាក់ បារាំង ០២​នាក់ ម៉ាឡេស៊ី ១១​នាក់ និង​ខ្មែរ ២៨​នាក់ ដែល​ក្នុងនោះ អ្នក​វិលត្រឡប់​មកពី​ការចូលរួម​ពិធី​សាសនា នៅ​ប្រទេស​ម៉ាឡេស៊ី ចំនួន ២៣​នាក់ ៕ដោយ៖កូឡាប

spot_img
×