Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ច្រកទ្វារព្រំដែន​កម្ពុជា មួយចំនួន ឈម​នឹង​ប្រទេស​ថៃ និង​វៀតណាម ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​

spot_img

​ព្រំដែន​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានប្រកាស​ព័ត៌មាន​ថា ចាប់ពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន មួយចំនួន​ឈម​នឹង​ប្រទេស​ថៃ និង​វៀតណាម ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន ដើម្បី​អនុវត្តតាម​សេចក្តីជូនដំណឹង​លេខ ៩០៦ សជណ របស់​ក្រសួងមហាផ្ទៃ​។

​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រំ ចាប់ពី​វេលា​ម៉ោង ៦​និង​០០​នាទី ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០​ទៅ សមត្ថកិច្ច​ថៃ បានធ្វើ​ការបិទច្រក​ជា​ស្ថាពរ ទាំង​មនុស្ស មធ្យោបាយ ទំនិញ​ចេញ​-​ចូល​គ្រប់​ប្រភេទ យោងតាម​ការជូនដំណឹង របស់​អន្តោប្រវេសន៍​ថៃ កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង ១៦​និង​៥០​នាទី និង​តាម​ការពិភាក្សា​ភាគី​ថៃ និង​ភាគី​កម្ពុជា រវាង​អភិបាលខេត្ត​ប៉ៃលិន និង​អភិបាលខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ មិន​ឲ្យ​ដំណើរការ​ទេ គឺ​ត្រូវ​បិទ​តាម​ឯកសារ ដែល​សមត្ថកិច្ច​អន្តោប្រវេសន៍​ថៃ ជូនដំណឹង​មក​ប៉ុស្តិ៍​។​

​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ ចាប់ពី​វេលា​ម៉ោង ២៣​និង​៥៩​នាទី ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ បាន​អនុវត្តតាម​សេចក្តីជូនដំណឹង​លេខ ៩០៦ សជណ របស់​ក្រសួងមហាផ្ទៃ ស្តីអំពី​ការផ្អាក​បណ្តោះអាសន្ន នូវ​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​កម្ពុជា ទៅកាន់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ការធ្វើដំណើរ​ចូល ព្រះរាជាណាចក្រ​កម្ពុជា របស់​ប្រជាពលរដ្ឋ​វៀតណាម​។​

​ដោយឡែក​នា​វេលា​ម៉ោង ១០​និង​០០​នាទី ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ ដោយមាន​ការដឹកនាំ​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សំ ដា​រ៉ា អនុប្រធាន​នាយដ្ឋាន​ច្រកទ្វារ​ទី​២ និង​លោកនាយ​ប៉ុស្តិ៍ បាន​សហការ ជាមួយ​សាខាគយ និង​រដ្ឋាករ ខេត្តក្រចេះ នាយការិយាល័យ​គយ​ច្រកទ្វារ​ត្រពាំង​ស្រែ បាន​ត្រួតពិនិត្យ​គោលដៅ​ផ្លាស់ប្តូរ ក្បាល​រថយន្ត ដែល​ដឹកទំនិញ​ចេញពី​វៀតណាម នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ ៦៩ ការងារ​ពង្រឹង និង​ត្រួតពិនិត្យ​បន្ថែម ការ​អនុ​វន្ត​សេចក្តីជូនដំណឹង លេខ ៩០៦ សជណ របស់​ក្រសួងមហាផ្ទៃ ស្តីអំពី​ការផ្អាក​បណ្តោះអាសន្ន នូវ​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​កម្ពុជា ទៅកាន់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ការធ្វើដំណើរ​ចូល ព្រះរាជាណាចក្រ​កម្ពុជា របស់​ប្រជាពលរដ្ឋ​វៀតណាម ។​

​ស្របពេល​ជាមួយគ្នានេះដែរ ប៉ុស្តិ៍​បាន​ចាត់តាំង​មន្ត្រី ឲ្យ​បិទ​ប្រព័ន្ធគ្រប់គ្រង​ព្រំដែន​កម្ពុជា មួយរយៈ​ខ្លី និង​ធ្វើ​អនាម័យ​ទាំងស្រុង ដោយ​ជូត​សម្អាត ជាមួយ​អាល់កុល លើ​ឧបករណ៍ តុ កៅអី សម្ភារ បម្រើ​ឲ្យ​ការងារ​ជំនាញ និង​ស្នើ​មន្ត្រី​ច​ត្តា​ឡី​ស័ក បាញ់ថ្នាំ​សម្លាប់​មេរោគ ក្នុង​និង​ជុំវិញ បញ្ជរ​បែបបទ​។​

​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ នា​វេលា​ម៉ោង ៨​និង​០០​នាទី ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ លោក ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​អញ្ជើញ​មក​ត្រួតពិនិត្យ នៅ​មាត់ច្រក​ព្រំដែន ព្រមទាំង​ធ្វើការ​ជួបពិភាក្សា ជាមួយ​លោក អភិបាលខេត្ត​សុរិន្ទ ប្រទេស​ថៃ បន្ទាប់ពី​ភាគី​ថៃ បាន​អនុវត្តតាម​ការជូនដំណឹង កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ គឺ​តម្រូវ​ឲ្យ​បិទ​ច្រកព្រំដែន​។ ក្នុង​កិច្ចពិភាក្សា​នេះ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា គឺ​សម្រួល​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​ត្រូវ​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់​។​

​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ នា​វេលា​ម៉ោង ៨​និង​៣០​នាទី ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ បានទទួល​ស្វាគមន៍ គណៈប្រតិភូ​ខេត្តស្វាយរៀង ១​ក្រុម ដែលមាន​សមាជិក​ចំនួន ៣០​នាក់ ដឹកនាំ​ដោយ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​មក​ពិនិត្យ មើល​ស្ថានភាព​ជាក់ស្តែង របស់​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ និង​ចូល​ពិនិត្យមើល​អគារ​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​ថ្មី​។​

​ការអញ្ជើញ​ចុះមក​ពិនិត្យ​នេះ ក៏មាន​អមដំណើរ​ដោយ លោកស្នងការ​នគរបាល​ខេត្ត​, លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត ក្នុង​ខេត្ត​៕​ដោយ​៖​កូ​ឡាប​

spot_img
×