Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ខៀវ កាញារីទ្ធ ៖ ជំងឺឆ្លង​កូ​រ៉ូ​ណា នឹង​រលាយបាត់​នៅពេល​ណាមួយ ប៉ុន្តែ​អ្វីដែល​មិន​បាត់ គឺ​ប្រវត្តិសាស្ត្រ និង​ចរិត​មនុស្ស​រើសអើង​ចំពោះ​ជាតិ​សាសន៍

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អះអាងថា ពាក់ព័ន្ធ​នឹង​ជំងឺឆ្លង​កូ​រ៉ូ​ណា (COVID-19) ដែល​កំពុង​វាយលុក​សកលលោក ក៏ដូចជា​ប្រទេស​កម្ពុជា​ផងដែរ​នោះ វា​នឹង​រលាយបាត់​ក្នុងពេល​ណាមួយ ប៉ុន្តែ​អ្វីដែល​មិន​បាត់ គឺ​ប្រវត្តិសាស្ត្រ នឹង​កត់សម្គាល់​ចរិត​មនុស្ស​រើសអើង ។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០២០​នេះ​ថា “COVID-19 វាយលុក​សកលលោក តែ​វា​នឹង​រលាយបាត់ អ្វីដែល​មិន​បាត់​គឺ​ប្រវត្តិសាស្ត្រ​នឹង​កត់សម្គាល់​ចរិត​មនុស្ស​ចិត្ត​ទូលាយ ចិត្តចង្អៀត ចិត្តឫស្យា ចរិត​រើសអើង ចង្អៀតចង្អល់ “​។

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​យើង​នៅក្នុង​សង្គម​តែមួយ យើង​ចង់​រស់​ដូចគ្នា បងប្អូន​ខ្មែរឥស្លាម​ពេលនេះ ត្រូវ​យល់ថា យើង​មិនមាន​ការបែងចែក​ទេ មិនត្រូវ​អស់សង្ឃឹម​ទេ មនុស្ស​ថោកទាប​នឹង​ប្រឹង​បន្ទាបបន្ថោក​បងប្អូន តែ​បងប្អូន​មិនត្រូវ​ថោក តាម​ពួក​ទាំង​នោះទេ !”​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Kon Damrey Srok Page Officail បាន​ផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃទី​២១​មីនា​នេះ​ថា “​ខណៈពេល​នេះ បងប្អូន​ខ្មែរឥស្លាម​ស្រុក​មេមត់ កំពុង​សហការ​ធ្វើតេស្ត​រក Covid19 នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មេមត់ ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺឆ្លង​មួយ​នេះ និង​បំបាត់​ចម្ងល់ ដែល​បង្កើត​ឲ្យ​ការរើសអើង ពី​ជន​មួយចំនួន ។ ខ្ញុំ​សូម​គោរព​ថ្លែងអំណរគុណ ដល់​បងប្អូន​ខ្មែរ​កាន់សាសនា​ឥស្លាម មួយចំនួន នៅ​ស្រុក​មេមត់ ដែលមាន​សមាជិកគ្រួសា​រ ត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី ចំពោះ​ការចូលរួម​ធ្វើតេស្ត​រក Covid-19 ជា​បន្តបន្ទាប់ ក្រោយពី​មានការ​ពន្យល់​ណែនាំ​របស់​ក្រុមគ្រូពេទ្យ និង​ថ្នាក់ដឹកនាំ​ដែល​ជាប់​ពាក់ព័ន្ធ ។ គិត​មកដល់​ព្រឹក​ថ្ងៃទី ២០ មីនា ២០២០ នេះ ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យបង្អែក​ស្រុក​មេមត់ បានធ្វើ​តេស្ត​រក Covid19 ចំពោះ​បងប្អូន​ខ្មែរ ដែលមាន​សមាជិក​ក្រុមគ្រួសារ ទើប​ត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី​នោះ ចំនួន ៦ នាក់ ជា​លទ្ធផល​ឃើញថា​អវិជ្ជមាន​ទាំងអស់​”​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែមីនា ឆ្នាំ​២០២០ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ក្នុងពេលដែល​សម្តេច បាន​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​វិធានការណ៍​ការពារ មេរោគ​វិ​រុស​កូ​រូ​ណា ឬ​ហៅថា ជំងឺ​កូ​វីដ​-១៩ (COVID-19)​ថា ពាក់ព័ន្ធ​នឹង​ការរើសអើង ប្រកាន់​ដល់​បងប្អូន​ខ្មែរឥស្លាម ដែល​ត្រូវបាន​រកឃើញ មាន​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​ទៅធ្វើ​ពិធី​សាសនា​នៅ​ម៉ាឡេស៊ី​នោះ​។​

សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ច្បាប់ និង​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា ប្រឆាំង​ដាច់ខាត​ប្រកាន់​រើសអើង​នេះ កុំថាឡើយ​បងប្អូន​ខ្មែរឥស្លាម​យើង សូម្បីតែ​ជនបរទេស​ផ្សេងទៀត ដែលមាន​បញ្ហា គឺ​យើង​មើលថែទាំ​ទាំងអស់​។​

ក្រោយពី​ជំងឺ​កូ​វីដ​-១៩ កំពុងមាន​កំណើន នៃ​ការឆ្លង​នៅ​កម្ពុជា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានធ្វើការ​អំពាវនាវ ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ថា កុំ​មានការ​រើសអើង​បក្ខពួក និង​ពណ៌​សម្បុរ ចំណែក​អ្នក​បង្ហោះ​ព័ត៌មាន​មិន​ពិត ជុំវិញ​បញ្ហា កូ​វីដ​-១៩ នឹងត្រូវ​ទទួលខុសត្រូវ​មុខ​ច្បាប់​ជាមិនខាន​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ ស្ដីពី វិធានការណ៍​ការពារ​ជំងឺ កូ​វីដ​-១៩ នា​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ នៅ​ទីស្ដីការ ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា នាពេល​កន្លងមក រាជរដ្ឋាភិបាល ក៏បាន​ធ្វើការ​ណែនាំ ដល់​ប្រជាជន​កម្ពុជា មិនត្រូវ​បែងចែក​ជាតិ​សាសន៍​ឡើយ ជាពិសេស មិនត្រូវ​រើសអើង​ផងដែរ​។​

​ប្រសាសន៍​សម្ដេច​ក្រឡាហោម “​សម្ដេច​តេ​ជោ​លោក បាន​ណែនាំ​ថា មិនត្រូវ​ចែក​ខ្មែរឥស្លាម ខ្មែរ​នេះ ខ្មែរ​នោះទេ គឺ​បងប្អូន​ខ្មែរ យើង​បាន​ផ្សាយ​ហើយ​។ ក្នុង​សេចក្ដីណែនាំ របស់​ក្រសួងមហាផ្ទៃ ទៅតាម​ខេត្ត​បញ្ជាក់​ចំណុច​នេះ ផងដែរ គឺថា មិនត្រូវ​រើសអើង​ទេ ហើយ​មិន​ត្រឹម​ខ្មែរឥស្លាម​ទេ ជនជាតិ​ណាក៏ដោយ ដែល​បាន​ម​កម្ពុជា ជួប​បញ្ហា​នឹង (​កូ​វីដ​-១៩) យើង​ក៏​មិនត្រូវ​រើសអើង​ដែរ​”​។​

​សម្ដេច​ក្រឡាហោម​បន្ដថា “​ដូច​ខ្ញុំ​បាន​បញ្ជាក់ថា នៅក្នុងពេល​ហ្នឹង ដែល​សាកលលោក​ទាំងមូល កំពុងតែ​សាមគ្គី​គ្នា ដើម្បី​ទប់ស្កាត់​ជំងឺ​នឹង​(​កូ​វីដ​-១៩) ហើយ​ខ្មែរ​យើង​ក៏​ដូចគ្នា​ដែរ​។ ខ្ញុំ​នៅ​បន្ដ​អំពាវនាវ​ថា ទុកដាក់​ផលប្រយោជន៍​បុគ្គល​ដោយឡែក​ទៅ​ផលប្រយោជន៍ ក្រុម​បក្ខពួក និង​ពណ៌​សម្បុរ​ដោយឡែក​សិន​ទៅ​ដើម្បី​រួមគ្នា​សិន​”​។​

​ជាងនេះទៅទៀត សម្ដេច​ក្រឡាហោម ស ខេង លើកឡើងថា ចំពោះ​អ្នក​រិះគន់​រាជរដ្ឋាភិបាល តាមបែប​ប្រជា​ធិ​តេ​យ្យ រដ្ឋាភិបាល​ស្វាគមន៍ និង​ទទួលយក​។ ជាពិសេស អ្នក​រិះគន់ រដ្ឋាភិបាល និង​បង្ហោះ​ព័ត៌មាន​មិន​ពិត ជុំវិញ​បញ្ហា កូ​វីដ​-១៩ នាំ​ឲ្យ​ច្របូកច្របល់​សង្គមជាតិ នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ផងដែរ​។​

​ប្រសាសន៍​សម្ដេច​ក្រឡាហោម “​ព័ត៌មាន​ពិត យើង​សូម​ស្វាគមន៍ ព័ត៌មាន​ពិត​នេះ​ថា ជួន​អី​គេ​ប្រឆាំង​រដ្ឋាភិបាល ក្នុង​ក្របខណ្ឌ​ប្រជាធិបតេយ្យ​។ រដ្ឋាភិបាល​មិន​យកចិត្តទុកដាក់ ស្អីៗ​អីចឹង អាហ្នឹង​ជា​ព័ត៌មាន​ពិត​។ ប៉ុន្ដែ​មួយទៀត ព័ត៌មាន​វា​អត់​មាន​ទេ រួចហើយ​គាត់​បំផុស អាហ្នឹង​ខ្ញុំ​សូមមេត្តា​កាត់បន្ថយ ឈានទៅ​លុប​បំបាច់ ដើម្បី​យើង​រួមគ្នា ការពារ​ជីវិត​សង្គម​របស់​យើង ប្រជាជន​របស់​យើង ឥឡូវ​នឹងមាន​បញ្ហា​(​កូ​វីដ​-១៩) ហើយ​ប្រហែលជា​អាច​នឹង តាមច្បាប់​របស់​យើង ជា​ធរមាន​អាច​ថា អ្នក​ទាំងឡាយណា​នៅតែ​ប្រើប្រាស់ វោហា​ស័ព្ទ​បង្កបញ្ហា​ច្របូកច្របល់ ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​”​។​

​ជាមួយគ្នា​នោះ​សម្តេច​ក្រឡាហោម​បាន អះអាងថា រាជរដ្ឋាភិបាល​នឹង​បន្ដ​ដោះស្រាយ បញ្ហា​ប្រឈម​ការលំបាក​ពលរដ្ឋ ដោយ​មិន​រត់ចោល​ពលរដ្ឋ​។ ហើយ​សម្ដេច​ក្រឡាហោម​ក៏បាន​បញ្ជាក់ថា ឥឡូវនេះ​យក​វិធានការ​ធំ​បំផុត ការពារ​អាយុជីវិត​ព​ល​រដ្ឋ ខណៈ​ជំងឺ កូ​វីដ​-១៩ មានការ​កើនឡើង ហើយ​រហូតដល់​ពេលនេះ មិនមាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់ ស្លាប់​ដោយ កូ​វីដ​-១៩​ទេ​។​

​ជាងនេះទៅទៀត សម្ដេច​ក្រឡាហោម ស ខេង រំលឹកថា នាពេល​កន្លងមក រាជរដ្ឋាភិបាល​ហាមឃាត់ ជនជាតិ​មួយចំនួន ដូចជា អឺរ៉ុប អាមេរិក អ៊ីរ៉ង់ មិន​ឲ្យ​ចូល​ស្រុក​ខ្មែរ​។ ដោយឡែក ជនជាតិ​ថៃ រាជរដ្ឋាភិបាល​មិនទាន់មាន​គោលការណ៍ បិទ​ច្រកព្រំដែន​ឡើយ ខណៈ​រាជរដ្ឋាភិបាល បាន​បិទ​ច្រកព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ផងដែរ​។​

​ក្រសួងសុខាភិបាល បានប្រកាសថា គិត​ត្រឹម​ម៉ោង ៩​យប់ ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ នៅ​កម្ពុជា មាន​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន ៥១​នាក់ ( ស្ត្រី ៤​នាក់ ) ក្នុងនោះ មាន​ពលរដ្ឋ​ខ្មែរ​៣១​នាក់​។ ក្នុងចំណោម​ខ្មែរ ៣១​នាក់ ដែល​កើត​ជំងឺ​កូ​វីដ គឺមាន​អ្នក​ដែល​ទើប​វិលត្រឡប់​មកពី​ពិធីបុណ្យ​សាសនា នៅ​ប្រទេស​ម៉ាឡេស៊ី​ចំនួន​២៥​នាក់​។ រីឯ​ស្ត្រី​ខ្មែរ ២​នាក់ ដែល​មិនបាន​ធ្វើដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី គឺជា​ភរិយា ដែល​ឆ្លង​ពី​ស្វាមី ព្រមទាំង​មាន​បុរស​ម្នាក់ មិនដែល​ទៅ​ក្រៅប្រទេស តែមាន​ប៉ះពាល់​ជិតស្និទ្ធ និង​បាន​ចាប់ដៃ​ជាមួយ​បុគ្គល ដែល​បាន​វិលត្រឡប់ មកពី​ការចូលរួម​ពិធី​សាសនា នៅ​ប្រទេស​ម៉ាឡេស៊ី​៕​ដោយ​៖​កូ​ឡាប​

spot_img
×