Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក​អូស្មាន ហាស្សាន់ ស្នើសុំ​កុំឱ្យ​មានការ​រើសអើង​លើ​បងប្អូន​ខ្មែរឥស្លាម​, ខ្មែរឥស្លាម​៧៩​នាក់ ធ្វើតេស្ត​វិជ្ជមាន កូ​វីដ​១៩ ចំនួន​២៣​នាក់​

spot_img

ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា បងប្អូន​ជនជាតិខ្មែរ​ឥស្លាម ដែល​បាន​ត្រឡប់​មកពី​ចូលរួម​ក្នុង​ពិធី​សាសនា នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ចំនួន​៧៩​នាក់ ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩ អស់ហើយ ហើយ​ចេញ​លទ្ធផល​ផ្លូវការ​វិជ្ជមាន​ចំនួន​២៣​នាក់ ។ ចំណែកឯ​សាច់ញាតិ​បងប្អូន​ខ្មែរឥស្លាម ចំនួន​៣០០​នាក់​ផ្សេងទៀត ដែលមាន​ការប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​បងប្អូន​ខ្មែរឥស្លាម​ទាំង​៧៩​នាក់ ក៏បាន​ទៅពិនិត្យ​សុខភាព​ស្វែងរក​វីរុស​កូ​វីដ​១៩ ក្នុងនោះ​មាន​៥​នាក់ មាន​លទ្ធផល​វិជ្ជមាន​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​ដែល​បង្កឡើង​ដោយ​វីរុស Covid-19 និង​ផលប៉ះពាល់​មកលើ​សហគម​ន៍​ឥស្លាម​កម្ពុជា នា​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទទួលបន្ទុក​បេសកកម្ម​ពិសេស បាន​មានប្រសាសន៍ថា បងប្អូន​ខ្មែរឥស្លាម ៧៩ នាក់​ដែល​បាន​ត្រឡប់ មកពី​ចូលរួម​ក្នុង​ពិធី​សាសនា នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​រក្សា​ទុកឱ្យ​មួយកន្លែង ដើម្បី​ធ្វើការ​ពិនិត្យ និង​ចៀសវាង​ការ​ឆ្លងទៅ​អ្នកដទៃ ហើយ​រកឃើញ​លទ្ធផល​វិជ្ជមាន​លើ​បងប្អូន​ខ្មែរឥស្លាម​ចំនួន​២៣​នាក់​។ លោក​បាន​បញ្ជាក់ថា “៧៩​នាក់ ដែល​ចេញ​មកពី​៩ រាជធានី ខេត្ត គឺ​បាន​ទៅធ្វើ​តេស្ដ​ទាំង​អស់ហើយ ហើយ​ពួកគាត់​ត្រូវបាន​ថែទាំ​ដោយ​មន្ទីរ​សុខាភិបាល​នានា ក៏ដូចជា​បណ្តាញ​ពេទ្យ​ដែល​នៅ​ប្រចាំការ​ទាំងអស់ បាន​ថែរក្សា​យ​ពួកគាត់ ឲ្យ​នៅ​នឹង​មួយកន្លែង ហើយ​ក្នុង​អ្នក​ជាប់​ទាំង​២៣​នាក់ គឺ​បាន​នៅ​សម្រាល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហើយ ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់បំផុត របស់​ក្រសួងសុខាភិបាល​ផងដែរ​”​។​

​លោក​ទេសរដ្ឋមន្ដ្រី បានស្នើ​សុំ​កុំឱ្យ​មានការ​រើសអើង​លើ​បងប្អូន​ខ្មែរឥស្លាម ព្រោះ​មិន​ថា​ជនជាតិ​ណា​នោះទេ ត្រូវ​រស់នៅ​មាន​សុខសន្តិភាព​ដូចគ្នា ទាំងអស់ ហើយ​បងប្អូន​ខ្មែរឥស្លាម ក៏ដូចជា​ជនជាតិខ្មែរ​ផងដែរ ព្រោះថា​បាន​ចូលរួម ជាមួយ​ប្រជាជន​ខ្មែរ ជា​យូរណាស់​មកហើយ ។ លោក​បាន​បន្ដថា ថ្នាក់ដឹកនាំ​ខ្មែរឥស្លាម ក៏បាន​ហាមឃាត់​ចំពោះ​ជនជាតិខ្មែរ​ឥស្លាម​ទាំងអស់​ថា បើ​កន្លែង​នោះ​មាន​គ្រោះថ្នាក់ និង​ជំងឺ​ណា​នោះ មិន​អនុញ្ញាត​ទៅ​ចូលរួម​នោះទេ​។ បងប្អូន​ខ្មែរឥស្លាម ដែល​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​សាសនា នៅ​ប្រទេស​ម៉ាឡេស៊ី ចំនួន​៧៩​នាក់​នោះ មិន​បានដឹង​ភ្លាមៗ​នោះទេ​ថា មាន​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​នៅពេលដែល​ម៉ាឡេស៊ី ផ្ទុះ ក៏មាន​ការស្រាវជ្រាវ ពី​បងប្អូន​ខ្មែរឥស្លាម​ដែល​ត្រឡប់មក​កម្ពុជា ទើប​ដឹងថា អ្នក​ទាំងនេះ​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នេះ​តែម្តង​។ ទន្ទឹមនេះ បងប្អូន​ទាំង​៧៩​នាក់​នេះ គឺ​បាន​ពិនិត្យ​រួច​អស់ហើយ ចំណែក​ប្រពន្ធ កូន​ដែល​រស់នៅ​ជាមួយ ក៏បាន​ពិនិត្យមើល​អស់​ដែរ ហើយ​អ្នក​ដែល​ប្រាស្រ័យ ជាមួយ​ពួកគាត់​នោះ​នៅ​មិនបាន​ធ្វើការ​ពិនិត្យ តែ​ក៏​មិនយឺត​ដែរ​។

​លោក អូស្មាន ហាស្សាន់​បាន​បន្ថែមទៀតថា តើ​តាម​ព័ត៌មាន​ដែល​លោក​ទទួលបាន គឺមាន​បងប្អូន​ខ្មែរ​យើង​ដែល​ធ្វើតេស្ត​ទី​១ រកឃើញ​មាន​ផ្ទុក​វីរុស COVID-19 នេះ គឺ​ពួកគាត់​មាន​សុខ​ភាពល្អ​ធម្មតា ដែលមាន​បងប្អូន​ខ្លះ​រក​មិនឃើញ​ផ្ទុក​វីរុស​នេះ​ក៏មានដែរ ក៏ប៉ុន្តែ​បើតាម​ក្បូន​វេជ្ជសាស្ត្រ គឺ​ក្រុមគ្រូពេទ្យ​ថែរក្សា​ជនសង្ស័យ​ជាប់​ព័ន្ធ​នឹង​អ្នកមាន​ជំងឺ​នេះ រហូតដល់​១៤​ថ្ងៃ ដើម្បី​បញ្ជាក់ថា​គ្មាន ឬ​មិន​ផ្ទុក​វីរុស COVID-19 នេះ​។​

​លោក​ទេសរដ្ឋមន្ដ្រី បាន​បញ្ជាក់ថា ការឆ្លង​វីរុស COVID-19 មិន​រើសអើង​ថា ជាតិ​សាសន៍​ណា​នោះទេ ដូច្នេះហើយ​គ្មាន​អ្នកណាម្នាក់​ចង់​កើត​នោះទេ​។ ប្រសិនបើ​មាន​អ្នក​កើត​ហើយ យើង​ត្រូវ​ចូលរួម​លើកទឹកចិត្ត អ្នក​ទាំងអស់នោះ កុំ​ឲ្យ​អស់សង្ឃឹម និង​ដើម្បី​ឆាប់​ជាសះស្បើយ​ឡើងវិញ​។ កន្លងទៅនេះ មាន​បងប្អូន​យើង​ខ្លះ បាន​យក​ឱកាស​វាយប្រហារ​គ្នា ប៉ុន្ដែ​ពេលនេះ អ្វីដែល​សំខាន់ គឺ​យើង​រួមចំណែក​ការពារ​នូវ​ជំងឺ​នេះ កុំ​ឲ្យ​មាន​ការរីក​រាលដាល ហើយ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ជន​ដែល​កើត​ជំងឺ​នេះ គាត់​នៅតែ​កក់ក្ដៅ​ថា គាត់​ពុំមាន​ការរើសអើង​ពី​អ្នកភូមិ ពុំមាន​ការរើសអើង​ពី​ក្រុមគ្រួសារ​ជិតខាង ហើយ​ពុំមាន​ការរើសអើង ពី​បណ្ដា​ប្រជាជាតិ​។ អ្វីដែល​សំខាន់​នៅពេលនេះ គឺ​រួមគ្នា ការពារ រក្សា​អនាម័យ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល នៃ​វីរុស COVID-19 ។​

​លោក​ទេសរដ្ឋមន្ដ្រី បាន​បញ្ជាក់ថា ចាប់ពីពេលនេះ​តទៅ ប្រជាពលរដ្ឋ​ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា មិនថាតែ​សាសនា​ណា​នោះទេ នឹងមាន​ការយោគយល់ បញ្ឈប់​ការរើសអើង ដើម្បី​រួមគ្នា​រក្សាសុខ​សន្ដិភាព ក្រោម​ម្លប់​សន្ដិភាព​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×