Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ ដី​សាធារណៈ​របស់​រដ្ឋ ជិត​២​ម៉ឺន​ក្បាល​ដី ជូន​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​

spot_img

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន បានសម្រេច​ប្រទានកម្ម ដី​សាធារណៈ​របស់​រដ្ឋ​ប្រមាណ​ជិត​២​ម៉ឺន​ក្បាល​ដី​ជូន​ប្រជាពលរដ្ឋ​ជា​កម្មសិទ្ធិ​ស្របច្បាប់​លើ​ផ្ទៃដី​ប្រមាណ​៨៣​ហិច​តា​នៅ​ភ្នំពេញ​។​​លោក​សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សុរិយោដី​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្សតិ៍ ទី​១៨ មករា​ឆ្នាំ​២០១៨ ក្នុង​កម្មវិធី​​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​ភូមិបាល​ខណ្ឌទួលគោក​នៅ​សាលា​ខណ្ឌ​ទួលគោក​ថា មកដល់ពេលនេះ យើង​បាន​ប្រគល់​ដី​សាធារណៈ​របស់​រដ្ឋ​ប្រមាណ​ជិត​២​ម៉ឺន​ក្បាល​ដី​នៅ​ភ្នំពេញ ជា​កម្មសិទ្ធិ​ស្របច្បាប់​អោយ​ប្រជាពលរដ្ឋ ដែល​មាន​ផ្ទៃដី​ប្រមាណ​៨៣​ហិច​តា ក្នុងនោះ សម្រាប់​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក​វិញ​យើង​បាន​ប្រទានកម្ម​ជូន​រួចហើយ​ប្រមាណ​២០០​គ្រួសារ​។ ចំណែក​ប្រជាពលរដ្ឋ​នៅ​ផ្លូវ​៦០៨ សង្កាត់​បឹងកក់​ទី​២​និង​សង្កាត់​ទឹក​ល្អក់​ទី​១​មាន ជិត​២០០០​គ្រួសារ ក៏​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ប្រទានកម្ម​ជូន​ពួកគាត់​ផងដែរ​។​

​លោក​សារិន វណ្ណា ក៏​បាន​ពន្យល់​ពី​លក្ខណៈ​ច្បាប់​ពាក់ព័ន្ធ​ដីធ្លី​នេះ​យ៉ាង​លំអិត​ផងដែរ ដើម្បី​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​យកចិត្តទុកដាក់ ព្រោះថា បញ្ហាដីធ្លី​នេះ បើ​យើង​ធ្វើ​មិន​ត្រូវ​មាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​អាច​មាន​រឿង​ធំ​រហូត​មាន​ទោស​ដល់​ជាប់គុក​ថែម​ទៀត ដែល​តម្រូវ​ឲ្យ​មន្ត្រី​ទាំងអស់​ប្រុងប្រយ័ត្ន​។ ការរស់នៅ​សុខសាន្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ មិនមែន​សម្រេច​លើ​ការ​គូរ​​ប្លង់ ច្បាប់​ពី​យើង​នោះ​ទេ​។ បញ្ហា​នេះ​ក្នុងនាម​យើង​ជា​​មន្ត្រី​ត្រូវ​ចេះ​សម្របសម្រួល​ជាមួយ​ពួក​គាត់ បើ​យើង​ធ្វើ​បាន​ល្អ នឹង​កាត់បន្ថយ​បាន​ពី​សតិអារម្មណ៍​ប្រជាពលរដ្ឋ​។​
​លោក​បន្តថា ចំណូល​ពន្ធដា​កើន​ជាង​៦​ភាគរយ ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០១៧ ហើយ​ចំណូល​ដែល​កើន​នេះ មួយ​ចំនូ​ន​ធំ​បាន​មក​វិស័យ​ដីធ្លី​នេះ​ឯង​។​ ​ដើម្បី​បំពេញ​ការងារ​នេះ​បាន​ជោគជ័យ​លោក​សារិន វណ្ណា​បាន​ជម្រុញ​អោយ​ប្រធាន​ការិយាល័យ​ថ្មី ត្រូវ​​សាមគ្គីភាព​ផ្ទៃក្នុងអោយបាន​ល្អ និង​ធ្វើ​ជា​សេនាធិការ​​ចំពោះ​រដ្ឋបាល​ខណ្ឌ​លើ​បញ្ហាដីធ្លី​នេះ​អោយ​បាល​ល្អ ។​

​លោក​ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ទួលគោក បាន​មានប្រសាសន៍ថា ពាក់ព័ន្ធ​ការងារ​ដីធ្លី​នេះ​យើង​បាន​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​ហើយ ក្រោម​ការសហការ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​រាជធានី​ភ្នំពេញ ពិសេស​លើ​ការងារ​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ និង​ការបើក​តំបន់​វិនិច្ឆ័យ​ជាដើម ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ធ្វើអោយបាន ធ្វើអោយ​លឿន និង​មាន​តម្លាភាព​។ លោក​បន្តថា នៅ​ឆ្នាំ​២០១៤ យើង​បាន​បើក​ការិយាល័យ​ច្រកចេញ ចូល​តែ​មួយ ហើយ​មន្ទីរ​ដែនដី​បាន​បញ្ជូន​មន្ត្រី​មួយចំនួន​មក​ជួយ​លើ​សេវា​នេះ ។​យើង​បាន​ជម្រុញ​ការបង់ពន្ធ​ប្រថាប់ត្រា លើ​ការទិញ​លក់​អចល​ទ្រព្យ មិនទាន់​បាន​ចុះបញ្ជី ហើយ​កិច្ចការងារ​នេះ​យើង​ទទួលបាន​ជោគជ័យ រហូត​ទទួលបាន​ការកោតសរសើ​រ​ពី​សម្តេច​តេជោ ហ៊ុន សែន​ថែមទៀត​។​

​លោក​បន្តថា យើង​ធ្វើ​ការងារ​ល្អ​ហើយ តែ​ក៏​នៅ​មាន​ចំណុច​ខ្វះខាត​មួយចំនួន​ផងដែរ លើ​ការងារ​ផ្តល់​សេវា​នេះ ដែល​យើង​ត្រូវតែ​រួមគ្នា​កែលំអរ​អោយ​កាន់តែ​ប្រសើរ​ឡើង​មួយកម្រិត​ទៀត​។ លោក​ស្នើ​អោយ​មន្ត្រី​ទាំងអស់​រួម​គ្នា​ធ្វើ​ដោយ​ចុះ​ជា​ក្រុម លើ​ការ​ពិនិត្យ​ការដ្ឋាន​សំណង់ ហាម​ទៅ​ម្នាក់ឯង​ដែល​អាច​បង្ក​អោយ​មាន​បញ្ហា​ថ្នាំថ្នាក់​ពី​ប្រជាពលរដ្ឋ​។ លោក​ថា បើ​ដឹង​ខ្លួន​ធ្វើ​ខុស ហើយ​ចេះ​ធ្វើ​ការកែប្រែ​គឺ​ជា​ចំណុច​មួយ​ល្អ​ណាស់ មនុស្ស​តែងតែ​មាន​កំហុស​ហើយ សំខាន់ ដឹង​កំហុស​ចេះ​កែប្រែ​៕ ដោយ​៖​កូឡាប​

 

spot_img
×