Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​សុខាភិបាល បាញ់ថ្នាំ​សម្លាប់​មេរោគ កូ​វីដ ១៩ នៅតាម​ព្រះវិហារ​ឥស្លាម និង​តំបន់​មួយចំនួន នៃ​ស្រុក​កងមាស​

spot_img

​កំពង់ចាម ៖ ឆ្លើយតប​ទៅនឹង​ទៅនឹង​សំណូមពរ របស់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍ ជាពិសេស ការអនុវត្ត​នូវ​វិធានការ​បង្ការ ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺឆ្លង​កូ​វីដ​១៩ ក្រុមការងារ​ជំនាញ​សុខាភិបាល ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ កូ​វីដ ១៩ នៅលើ​ទីតាំង ៤​កន្លែង ដែល​ជនជាតិ​ម៉ាឡេស៊ី ៧​នាក់ មាន​ផ្ទុក​វីរុស​កូ​វីដ ១៩ ហើយ​ស្នាក់នៅ និង​ចុះ​ផ្សព្វផ្សាយ​សាសនា នៅក្នុង​ភូមិសាស្ត្រ នៃ​ស្រុក​កងមាស ។​

​តាម​ការ​ឲ្យ​ដឹង​ពី លោក ជា ក្រូច ប្រធាន​មន្ទីរ​ព័ត៌មាន និង​ជាម​ន្ត្រី​អ្នកនាំពាក្យ​រដ្ឋបាល ខេត្តកំពង់ចាម ឲ្យ​ដឹងថា
​ការអនុវត្ត​នូវ​វិធានការ​បង្ការ ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺឆ្លង​កូ​វីដ​១៩ របស់ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ កូ​វីដ ១៩ ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ បាន​បញ្ជា​ឲ្យ លោក ហាន កុសល អភិបាលរង​ខេត្ត ដឹកនាំ​ការចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅក្នុង​ភូមិសាស្ត្រ​ខាងលើនេះ គឺ ៖ ទី​១.​វិហារ​ខ្មែរ​ឥ ស្លាម​ភូមិ​ពង្រ ឃុំ រកា​គយ ។ ទី​២.​វិហារ​ខ្មែរឥស្លាម​ភូមិ សាច់​សូរ ឃុំ​ពាមជីកង ។ ទី​៣.​វិហារ​ខ្មែរឥស្លាម​ភូមិ សំបូរ​មាស ឃុំ​ពាមជីកង និង​ទី​៤.​ផ្ទះ ១​កន្លែង ដែល​ជនជាតិ ម៉ាឡេស៊ី ចំនួន ៧​នាក់ បាន​ស្នាក់នៅ អំឡុងពេល ផ្សព្វផ្សាយ​កិច្ចការ​សាសនា​នោះ ។

​លោក​បញ្ជាក់ដែរថា យុទ្ធនាការ​នេះ គឺជា​វិធានការ បង្ការ​ទប់ស្កាត់ មិន​ឲ្យ​រីក​រាលដាល​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ចូលទៅក្នុង​សហគមន៍ ជាពិសេស វា​ជា​ផ្នែក​មួយ បាន​ចូលរួមចំណែក​កាត់បន្ថយ​ភាពភ័យខ្លាច ដល់​ប្រជាពលរដ្ឋ ផងដែរ ។ ដោយឡែក បន្ទាប់ពី​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​ហើយ ក្រុមការងារ ក៏បាន​បិទ​វិហារ​ឥស្លាម បណ្ដោះអាសន្ន​សិន ។ ជាមួយ​នោះ ប្រជាពលរដ្ឋ ដែល​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​ជនជាតិ​ម៉ាឡេស៊ី​ទាំង ៧​នាក់ ក្រុមការងារ ក៏បាន​ធ្វើ​សំណូមពរ ឲ្យ​ពួកគាត់​រស់នៅ​ក្នុងផ្ទះ​ដាច់ដោយឡែក ចំនួន ១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព ពី​គ្រូពេទ្យ​ជំនាញ​ផងដែរ ។​

​គួរកត់សម្គាល់ ផងដែរ​ថា នាពេល​ថ្មីៗ​កន្លង​ទៅនោះ ក្រសួងសុខាភិបាល បានប្រកាស​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ ១៩ ទៅលើ​បុរស​ជនជាតិ​ម៉ាឡេស៊ី ចំនួន ៧​នាក់ ដែល​បានមក​ផ្សព្វផ្សាយ​សាសនា នៅក្នុង​ទីតាំង​ទាំង ៤​កន្លែង នៃ​ស្រុក​កងមាស ខេត្តកំពង់ចាម ។ បច្ចុប្បន្ន ពួកគាត់​កំពុង​សម្រាក​ព្យាបាល នៅ​បន្ទប់​ដាច់ដោយឡែក នៃ​មន្ទីរពេទ្យ ខេត្តកំពង់ចាម ។ ជនជាតិ​ម៉ាឡេស៊ី​ទាំង ៧​នាក់ នេះ បានមក​ស្នាក់អាស្រ័យ ដើម្បី​ផ្សព្វផ្សាយ​សាសនា និង​ស្នាក់នៅ​ស្រុក​កងមាស ចាប់តាំងពី​ថ្ងៃទី​១២ ខែមីនា មកម្ល៉េះ ។ លុះ​មកដល់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ ក្រុមគ្រូពេទ្យ​ជំនាញ ក៏បាន​រកឃើញ​ពួកគាត់ មាន​ផ្ទុក​វីរុស​កូ​វីដ ១៩ បន្ទាប់ពី​ធ្វើការ​ពិនិត្យ​សំណាក​នោះ ។ ដោយឡែក គិត​មក​ត្រឹម​ថ្ងៃទី​២១ មីនា នេះ ខេត្តកំពង់ចាម មាន​អ្នក​ផ្ទុកមេរោគ​កូ​វីដ ១៩ សរុប​ទាំងអស់​ចំនួន ១០​នាក់ ក្នុងនោះ ៖ ជនជាតិ​អង់គ្លេស ៣​នាក់ ជនជាតិ​ម៉ាឡេស៊ី ៧​នាក់ ។ ក្រៅពីនោះ ៨៦​នាក់ ទៀត គ្រូពេទ្យ​ជំនាញ កំពុង​ដាក់​នៅផ្ទះ​ដាច់ដោយឡែក រយៈពេល ១៤​ថ្ងៃ ដើម្បី តាមដាន​សុខភាព ខណៈដែល វីរុស​ដ៏​កាច់​សាហាវ​មួយ​នេះ ពុំទាន់​មានការ​ឆ្លង ទៅដល់​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍ នៅឡើយ ៕​ដោយ​៖​កូ​ឡាប​

spot_img
×