Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជអាជ្ញា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទើប​មកកាន់​តំណែង​ថ្មី ត្រូវគោរព​ច្បាប់ ឲ្យ​បាន​តឹងរ៉ឹង​បំផុត ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​

spot_img

​ឧ​ត្ត​រ​មានជ័យ ៖ លោក​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​ជំរុញ​ឲ្យ​លោក​ព្រះរាជអាជ្ញា​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ទើប​មកកាន់​តំណែង​ថ្មី ​ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​មន្ត្រីនគរបាល​យុត្តិធម៌ ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ​ការគោរព​ច្បាប់ ឲ្យ​បាន​តឹងរ៉ឹង​បំផុត ​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ដែល​កើតមាន​ផ្សេងៗ ក្នុង​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក ព្រហ្ម សិទ្ធ​ត្រា រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​ចូលកាន់​មុខតំណែង លោក តូច សុភ​ក្តី ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ត្រូវបាន​ផ្ទេរ​ភារកិច្ច​មកកាន់​តំណែង​ជា​ព្រះរាជអាជ្ញា ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជំនួស​លោក កូយ កាន់​យ៉ា ដែល​ត្រូវ​ផ្ទេរតំណែង​ថ្មី ជា​ព្រះរាជអាជ្ញា​ខេត្តពោធិ៍សាត់​។

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០​នេះ នៅ​សាលប្រជុំ​សាលាខេត្ត ក្រោម​វត្តមាន​តំណាង​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ លោក ស៊ី ប្រា​សិទ្ធ ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក សំ ប្រជាមានិត អគ្គលេខាធិការ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ព្រមទាំង​មន្ត្រី​សាលាដំបូង​ខេត្ត ​មន្ត្រី​យុត្តិធម៌ រួមទាំង​ភ្ញៀវ​កិ​ត្ត​យស តាម​បណ្តា​មន្ទីរ​អង្គភាព ក្នុង​ខេត្ត​ជាច្រើនរូប​ទៀត​។​

​លោក ព្រហ្ម សិទ្ធ​ត្រា បាន​ថ្លែងថា ការរៀបចំ​ផ្លាស់ប្តូរ​តួនាទី​ភារកិច្ច​របស់​អាជីព​ចៅក្រម ព្រះរាជអាជ្ញា ឬ​មន្ត្រីរាជការ​នានាៗ​គឺជា​ផ្នែក​មួយ នៃ​កំណែ​ទំរង់ ក្នុង​វិស័យ​ប្រព័ន្ធយុត្តិធម៌ ក្នុងការ​បម្រើសេវា​យុត្តិធម៌ ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​និង​ធ្វើយ៉ាងណា​បង្កើន​នូវ​ជំនឿ​ទុកចិត្ត ពី​សំណាក់​សាធារណជន និង​ប្រជាពលរដ្ឋ ក្នុង​វិស័យ​យុត្តិធម៌​។​

​លោក​រដ្ឋលេខាធិការ បាន​មានប្រសាសន៍ថា លោក​ព្រះរាជអាជ្ញា ដែល​ទើប​មកកាន់​តំណែង​ថ្មី​ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​មន្ត្រីនគរបាល​យុត្តិធម៌ ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ​ការគោរព​ច្បាប់ ឲ្យ​បាន​តឹងរ៉ឹង​បំផុត​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ដែល​កើតមាន​ផ្សេងៗ ក្នុង​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ដូចជា បទល្មើស​នេសាទ បទល្មើស​ព្រៃឈើ​ជាពិសេស​គ្រឿងញៀន ជា​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កំពុងតែ​ចាត់វិធានការ​ទប់ស្កាត់​យ៉ាង​តឹងរ៉ឹង​។​

​លោក​រដ្ឋលេខាធិការ បានលើកឡើង​ទៀតថា ចៅក្រម និង​ព្រះរាជអាជ្ញា ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​សម្បជញ្ញៈ មនសិការ​ខ្ពស់​ក្នុង​ការផ្តល់សេវា​យុត្តិធម៌ និង​ស្វែងរក​យុត្តិធម៌ ប្រកបដោយ​តម្លាភាព សមភាព និង​យុត្តិធម៌ ស្របតាម​ច្បាប់ គឺ​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​មនសិការ​កាន់តែ​ទទួល​នូវ​ជំនឿ​ទុកចិត្ត ពី​ប្រជាពលរដ្ឋ​។ ចូលរួម​យ៉ាងសកម្ម ក្នុង​ដំណើរការ​ក្រម​និតិ​វិធី​ព្រហ្មទណ្ឌ​និង​ប្រើប្រាស់​អំណាច ក្នុង​ក្របខ​ណ្ឌ័​ដែលមាន​បញ្ញត្តិ ក្នុង​ច្បាប់ លើ​ការដឹកនាំ​សម្របសម្រួល​ណែនាំ ដល់​មន្ត្រីនគរបាល​យុត្តិធម៌ក្នុងការ​ស៊ើបអង្កេត​ប​ទ​ល្មើស​ព្រហ្មទណ្ឌ​។ ត្រូវអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន​យ៉ាង​ម៉ឺង​មាត់ ព្រោះ​ក្រមសីលធម៌​នេះ​ជា​ត្រីវិស័យ​សម្រាប់​ជួយ​តម្រង់ផ្លូវ​ឲ្យ​ចៅក្រម និង​ព្រះរាជអាជ្ញា បានក្លាយ​ខ្លួន​គោរព​ច្បាប់ ដែលជា​សកម្មភាព​ខ្ពស់ ក្នុង​គោលបំណង​ពង្រឹង​សេចក្តីថ្លៃថ្នូរ ក្នុងការ​អនុវត្ត​ភារកិច្ច​តុលាការ​។ ត្រូវ​ជំរុញ​លើកកម្ពស់​ឯករាជ្យភាព របស់​តុលាការ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ខ្លួន​ក្លាយជា​បុគ្គល ដែលមាន​ចរិត​យុត្តិធម៌​។ ត្រូវ​រៀបចំ​ទុកដាក់​បញ្ជី​រឿងក្តី​ឲ្យ​បាន​ត្រឹមត្រូវ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​បន្ត​ចាត់ការ ឲ្យ​បាន​ទាន់ពេលវេលា ទៅតាម​នី​តី​វិធី ដែល​ច្បាប់​បានកំណត់​ជៀសវាង​ទុក​សំណុំរឿង​ចោល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​សិទ្ធិសេរីភាព នៃ​ការឃុំខ្លួន​ជនសង្ស័យ ឬ​ជនល្មើស​លើស​ការកំណត់​នៃ​ច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×