Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ៖ បងប្អូន ដែល​ទើប​ធ្វើដំណើរ​ត្រឡប់ ពី​បរទេស​ទាំងអស់ សូមមេត្តា​ដាក់ខ្លួន​ឯង ឲ្យ​នៅ​ដោយឡែក​ចំនួន​១៤​ថ្ងៃ

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​រដ្ឋាភិបាល​ថៃ បាន​ផ្អាក​ការងារ ធ្វើ​ឲ្យ​ពលករ​ខ្មែរ​គ្មាន​ការងារ​ធ្វើ បាននាំគ្នា​វិលត្រឡប់​មក​ស្រុកកំណើត​វិញ តាម​ច្រកព្រំដែន​មួយចំនួន ហើយ​ករណីនេះ​ត្រូវបាន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អំពាវនាវ ស្នើ​សូម​បងប្អូន​ដែល​ទើប​ធ្វើដំណើរ​ត្រឡប់​ពី​បរទេស​ទាំងអស់ សូមមេត្តា​ដាក់ខ្លួន​ឯង​ឲ្យ​នៅ​ដោយឡែក​ចំនួន​១៤​ថ្ងៃ និង​តាមដាន​សុខភាព បើ​មាន​ចេញ​រោគសញ្ញា សូម​ពិគ្រោះ​ជំងឺ​ជាមួយ​ទូរស័ព្ទ​លេខ ១១៥ ។ បងប្អូន​ដែល​ទើប​ធ្វើដំណើរ​ត្រឡប់​ពី​បរទេស​ទាំងអស់ សូម​អាន​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ។​

​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានចេញ​សារ​ដោយ​សូម​បងប្អូន​កងទ័ព​ទាំងអស់ ក៏ដូចជា ប្រជាពលរដ្ឋ​របស់​យើង ថែរក្សា​សុខភាព និង​អនាម័យ​ឱ្យបាន​ល្អ ក្នុង​គ្រា​ដែល​យើង​មាន​ករណី​ឆ្លង​មេរោគ COVID-19​។ សូម​បងប្អូន បន្ត​តាមដាន​ព័ត៌មាន​អំពី​ការណែនាំ និង​វិធានការ​ការពារ​នានារ​បស់ ក្រសួងសុខាភិបាល​។​

​ចំណែក​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើងថា នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០ មនុស្សម្នា សម្រុក​ជិះ​រថយន្ត ដើម្បី​ត្រឡប់​ទៅ​ស្រុក ក្រោយពី​ទីក្រុង​បាងកក និង​ខេត្ត​ជុំវិញ ប្រកាស​បិទ​សកម្មភាព​ជួញដូរ ២៦ មុខ រយៈពេល ៣ អាទិត្យ ដើម្បី​ទប់​ការ​រាលដាល​នៃ​រោគ COVID-19​។​

​ចំណែក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​លើកឡើងថា អស់​ការងារ​? វេ​ប​សាយ​ស្រុកថៃ ផ្សាយ​ថា​ទាំង​ពលករ​ខ្មែរ ទាំង​ឡាវ និង​ភូមា រាប់ម៉ឺន​នាក់ បាន​សម្រុក​ត្រឡប់ទៅផ្ទះ​វិញ កាលពី​ថ្ងៃ​២២ ខែមីនា ឆ្នាំ​២០២០ បន្ទាប់ពី​ប្រទេស​ថៃ ប្រកាស​បិទ​ហាង ផ្សារ​ទំនើប បិទ​បារ រង្គសាល និង​កន្លែង​ធំៗ ដែល​បណ្តាល​ឲ្យ​បាត់បង់​ការងារ​ទាំងអស់​គ្នា​។ ណាមួយ ថៃ​បិទ​ព្រំដែន នៅ​ថ្ងៃ​២៣ ខែមីនា​នេះ​ផង​។​

​ពាក់ព័ន្ធ​នឹង​ករណី​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ នាំគ្នា​សម្រុក​វិល​មក​ស្រុកកំណើត​វិញ​នោះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​អាជ្ញាធរ នៅតាម​មូលដ្ឋាន​ឱ្យ​ចុះ​ចាត់វិធានការ ដោយ​ដាក់​ពលរដ្ឋ​ខ្មែរ ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ឱ្យនៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ដើម្បី​បង្ការ​ការចម្លង​មេរោគ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​ខ្លួនឯង​។​

​សារ​សំឡេង​ណែនាំ​ទៅកាន់​ថ្នាក់ដឹកនាំ​នៅតាម​បណ្តា​ខេត្ត ជាពិសេស​ខេត្ត​ជាប់​ព្រំដែន​ថៃ​នៅ​យប់​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០២០​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា “​ឥឡូវ​ខ្ញុំ​ស្នើ​អ៊ីចេះ ខេត្ត​សាមី​នីមួយៗ ណែ​នាំទៅ​មូលដ្ឋាន​ភូមិ​ឃុំ​ហ្នឹង ស្រុក​ហ្នឹង ឱ្យ​ផ្តល់ព័ត៌មាន​។ បានន័យថា ប្រជាជន​ទើប​មកពី​ថៃ ផ្តល់ព័ត៌មាន​មក ដើម្បីឱ្យ​គ្រូពេទ្យ​ពិនិត្យ ហើយ​បើ​សង្ស័យ​យ៉ាង ម៉េច ទុកឱ្យ​គាត់​នៅ​ដោយឡែក​សិន កុំឱ្យ​ប៉ះពាល់​ជាមួយ​អ្នកដទៃ នៅក្នុង​ផ្ទះ​គាត់​ណុង​។ សូម្បីតែ​គ្រួសារ​ក៏​កុំឱ្យ​ប៉ះ​ដែរ​។ ល្អ​មែនទែន គាត់​មក​អ៊ីចឹង​មែន ឱ្យ​គាត់​នៅក្នុង​ផ្ទះ​គាត់​ណុង ១៤​ថ្ងៃ ហើយ​បើ​មានអី​សង្ស័យ យក​កំហាក យក​អី​មក​ធ្វើតេស្ត​ធ្វើ​អី​។ ណែនាំ​ពួកគាត់ នៅក្នុង​ផ្ទះ​មែន តែ​នៅ​ដោយឡែក​ពី​គេ​ក្នុង​រយៈ ពេល ១៤​ថ្ងៃ ដើម្បី​ការពារ​ជំងឺ​រាតត្បាត​នេះ​។ បើ​មាន​សញ្ញា​អី​យកមក​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​។​

​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ខ្មែរ​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​នេះដែរ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ ពាក្យ​ក្រសួង​ក្រសួងសុខាភិបាល បាន​ចេញមក​អំពាវនាវ ដល់​អ្នក​ត្រឡប់​មកពី​ប្រទេស​ថៃ ត្រូវដាក់​ខ្លួនឯង​ឱ្យនៅ​ដាច់ដោយឡែក​រយៈពេល ១៤​ថ្ងៃ ដោយ​មិន​ត្រូវមាន​ទំនាក់ទំនង ជាមួយ​ក្រុមគ្រួសារ​នោះទេ​។ បន្ថែម​ពីលើ​នោះ ត្រូវ​អនុវត្តន៍​តាម​វិធាន​អនាម័យ​ទាំងឡាយ ដែល​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល ដើម្បី​បញ្ចៀស​ការចម្លង​មេរោគ​កូ​វីដ​១៩​។

​លោកស្រី ឱ វណ្ណឌី​ន ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ នៅតាម​មូលដ្ឋាន​ចូលរួម​ទប់ស្កាត់ ការចម្លង​មេរោគ​នេះ តាម រយៈ​ស្រង់​ស្ថិតិ​របស់​ប្រជាពលរដ្ឋ វិលត្រឡប់​ពី​ប្រទេស​ថៃ ហើយ​ណែនាំ​ឱ្យ​ពួកគាត់​អនុវត្ត តាម​វិធាន​របស់​ក្រសួង​សុខា​ភិ បាល ដែល​បាន​ដាក់ចេញ​នោះ ។

​លោកស្រី​អ្នកនាំពាក្យ បាន​អំពាវនាវ​ទៅកាន់​អ្នក​ទើប​ត្រឡប់​មកពី​ថៃ ត្រូវ​តាមដាន​សុខភាព​របស់ខ្លួន បើ​មាន​អ្វី​ខុស​ប្រក្រតី ឬ​មាន​រោគសញ្ញា​ណាមួយ​សង្ស័យ​ពាក់ព័ន្ធ​ជំងឺ​បង្កដោយ​មេរោគ​កូ​វីដ​១៩ សូម​ប្រញាប់​ទាក់ទង​ទៅកាន់​ក្រុមគ្រូពេទ្យ ឬ​រាយការណ៍​តាម​លេខ​ទូរស័ព្ទ ១១៥​។ ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​ចូលរួម​អនុវត្តន៍​វិធាន និង​ដំបូន្មាន​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់ ឬ​កាត់បន្ថយ​ការឆ្លង​រាលដាល​មេរោគ​កូ​វីដ​១៩ នៅក្នុង​សហគមន៍ ឬ​នៅក្នុង​ភូមិឋាន​ដែល​ខ្លួន​រស់នៅ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានចេញ​សេ​ក្តី​អំពាវនាវ និង​ស្នើ​សូម​ជម្រាបជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ទើប​ត្រឡប់​មកពី​ក្រៅប្រទេស ឬ​តំបន់​ដែល​កើត​ជំងឺ​កូ​វីដ​-១៩ ពេល​បាន​មកដល់​មូលដ្ឋាន​ស្រុក​-​ក្រុង​ហើយ សូមកុំ​ទាន់​មាន​ភាពស្និទ្ធស្នាល ជាមួយ​ក្រុមគ្រួសារ បងប្អូន ឪពុកម្ដាយ ឬ​អ្នកជិតខាង សូម​ដាក់​ខ្លួនឯង ឱ្យនៅ​ដាច់ដោយឡែក ក្នុង​រយៈពេល ១៤​ថ្ងៃ​សិន​។ នៅពេល​ដឹងខ្លួន​ថា មាន​អាការ​មិន​ស្រួល សូម​ទំនាក់ទំនង មក​ការិយាល័យ​សុខាភិបាល​ស្រុក ដើម្បី​ក្រុមគ្រូពេទ្យ និង​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ​ដល់​គេហដ្ឋាន​តែម្ដង​។ សូម​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា ដើម្បី​កុំឱ្យ​កូ​វីដ​-១៩ កាន់តែ​រីក​រាលដាល​ខ្លាំង​ឡើង នៅក្នុង​ប្រទេស​កម្ពុជារ​បស់​យើង​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​ប្រជាពលរដ្ឋ​ខ្លួនឯង ក្រុមគ្រួសារ និង​សង្គមជាតិ​យើង​ទាំងមូល​ផងដែរ​។

​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង សូម​អំពាវនាវ ដល់​បងប្អូន​ពលករ​ទាំ​អស់ ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ សូម​លើកទឹកចិត្ត បងប្អូន​ទាំងអស់ អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ របស់​ក្រសួងសុខាភិបាល​។ ដោយសារ​ប្រទេស​ថៃ ក៏​កំពុងមាន​ការចម្លង រាលដាល​នូវ​ជំងឺ​រលាក​សួត​កូ​វីដ ១៩ ខ្លាំ​ក្លា​ណាស់ដែរ ក្នុង​ពេលនេះ ដូច្នេះ​យើង​ក៏​មិន​បានដឹង​ដែរ នឹងមាន​ការចម្លង​មក បងប្អូន​ដែរឬទេ ដូច្នេះ​ចាំបាច់​បំផុត ដែល​បងប្អូន​ត្រូវ​រស់នៅ ដោយឡែក​ពី​ប្រពន្ធ កូន និង​ឪពុកម្តាយ​ជាទី​ស្រឡាញ់​មួយរយៈ​សិន តែ​១៤​ថ្ងៃ​ទេ សូម​លើកទឹកចិត្ត បើសិន​អ្នក​មិន​ចង់​ពោល​ពាក្យ​ថា ស្តាយក្រោយ ដែល​ពេលនោះ ចង់​និយាយ ក៏​គ្មាន​ឱកាស​ដែរ​។ សូមកុំ​ឲ្យ​ជាប់​ឈ្មោះថា​ជា​អ្នក​បានធ្វើ​បាប​ដល់​ប្រពន្ធ កូន និង​ឪពុកម្តាយ​របស់ខ្លួន​ឯង​ឲ្យ​សោះ ជាពិសេស​គឺ​ធ្វើបាប ដល់​សហគមន៍​របស់​ខ្លួន ស្រុកកំណើត​របស់ខ្លួន​។​
​សូម​អនុវត្ត​នូវ​វិធាន​ការបង្ការ​ជំងឺ អនាម័យ​ដៃ និង​បរិស្ថាន ថែទាំ​សុខភាព ដើម្បី​ជីវិត​យើងទាំងអស់គ្នា​។ យើងទាំងអស់គ្នា​ពិតជា​មិន​ចង់ឃើញ មិន​ចង់​ឮ ការស្លាប់​ដ៏​រង្គាល​ដូច​នៅ ប្រទេស​អ៊ីតាលី មែន​ទេ​?? យើង​តែ​ម្នាក់ តែ​បង្ក​សោ​នាដកម្ម ដល់​ប្រជាពលរដ្ឋ​ទូទាំង​ភូមិ ឃុំ ស្រុក តើ​អ្នក​ព្រម​ទេ​?? ជឿជាក់​យ៉ាង​មាំ​ថា អ្នក​ធ្លាប់​បានរស់នៅ​ជិតខាង ដែលមាន​ការអនុវត្ត​ច្បាប់​តឹងរ៉ឹង ដូច្នេះ​អ្នកនឹង​គោរព​អនុវត្ត​វិធានការ របស់​រាជរដ្ឋាភិបាល​បាន​ខ្ជាប់ខ្ជួន​ជាមិនខាន​៕​ដោយ​៖​កូ​ឡាប​

spot_img
×