Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាបបាន​រថយន្ត​ដឹកឈើ​ខុសច្បាប់​ជាង​១​ម៉ែត្រគូប ខណៈ​កំពុង​ដឹក​ចូលក្នុង​ទី​រួម​ខេត្តសៀមរាប​

spot_img

​សៀមរាប​៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​បង្ក្រាប​រថយន្ត​បា​ឡែ​ន ១​គ្រឿង ដឹកឈើ​ប្រណីត​ល្មើសច្បាប់​ជាង​១​ម៉ែត្រគូប​។ នគរបាល បាន​បញ្ជាក់ថា រថយន្ត​នោះ កំពុង​ដឹកយក​មក​លក់​ក្នុង​ទី​រួម​ខេត្តសៀមរាប​។ ម្ចាស់​រថយន្ត​ដឹកឈើ និង​បក្ខពួក បាននាំគ្នា​រត់​បាត់អស់ ដោយ​បន្សល់ទុក​រថយន្ត​បទល្មើស​នៅនឹងកន្លែង​។​

ការបង្ក្រាប​នេះ ធ្វើឡើង​នៅវេលា​ម៉ោង​១៥​និង​០០​នាទី ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០​នេះ ជិត​វត្ត​ប្រាសាទ​ត្រាំ​នាគ ក្នុងភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ទោ ម៉េង សំណាង នាយរង​ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក​ផ្ទាល់ ក្រោម​ការបញ្ជា ពី​លោក​ប្រធានការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ក់ ធារ៉ា ស្នងការរង​ទទួល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​។​

​លោក​បន្តថា យោងតាម​បទបញ្ជា​ផ្ទាល់ ពី​សំណាក់ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ឲ្យ​សមត្ថកិច្ច​ចម្រុះ នៃ​ខេត្តសៀមរាប បន្ត​បង្ក្រាប​បទល្មើស​ផ្សេងៗ ក្នុង​ខេត្ត ឲ្យ​មានការ​ថយចុះ បើទោះបីជា​នៅលើ​សាកលលោក និង​នៅ​ប្រទេស​កម្ពុជា ទទួលរង​នូវ​មេរោគ​កូ​វីដ​១៩ នេះ​ក្តី​។​

​លោក​បន្តថា រថយន្ត​ដឹកឈើ​នេះ ត្រូវបាន​កម្លាំង​របស់​លោក អូស​យកមក​ស្នងការ​ដ្ឋា​ន​ខេត្តសៀមរាប រង់ចាំ​កម្លាំង​រដ្ឋបាល​ព្រៃឈើ មក​ទទួល​យកទៅ​រក្សា​ទុក ដើម្បី​ស្វែ​ក​ម្ចាស់​ឈើ ចាត់ការ​តាមផ្លូវ​ច្បាប់​។ លោក​បញ្ជាក់ថា រថយន្ត​បា​ឡែ​ន​នេះ ពាក់​ផ្លាកលេខ ភ្នំពេញ 2S-2432 ឈើ​ប្រភេទ​លេខ​១ មាន​ចំនួន​២២​ដុំ​ស្មើនឹង​១​ម៉ែត្រគូប​២​ផ្លាន​។ លោក​បញ្ជាក់ទៀតថា កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប នឹង​បន្ត​បង្ក្រាប​បទល្មើស​ផ្សេងៗ ក្នុង​ខេត្តសៀមរាប ឲ្យ​មានការ​ថយចុះ និង​ទៅ​បទបញ្ជា​របស់​ថ្នាក់លើ​ផងដែរ ៕​ដោយ​៖​កូ​ឡាប​

spot_img
×