Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​កឹម សុខា ស្នើ​ជនរួមជាតិ ប្រយុទ្ធប្រឆាំង វីរុស Covid-19 និង​កុំ​បំភ្លៃ កុំ​បំប៉ោង​ព័ត៌មាន កុំ​លាក់បាំង​ព័ត៌មាន​ពិត កុំ​ប្រកាន់​និន្នាការ​នយោបាយ កុំ​រើសអើង​គ្នា​

spot_img

​ភ្នំពេញ​៖ លោក​កឹម សុខា បាន​ថ្លែងថា វីរុស Covid-19 បាន​រាតត្បាត​បង្ក​ជំងឺ និង​សម្លាប់​មនុស្ស ដោយ​មិន​រើសមុខ មិន​រើសអើង ជាតិ​សាសន៍ ប្រទេស​តូច​ឬ​ធំ ប្លុក​កុ​ម្មុយ​នី​ស ឬ​សេរី អ្នកធំ អ្នកតូច អ្នកមាន​ឬ​អ្នកក្រ​នោះឡើយ ហើយ​លោក​ថា សូម​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​និង​ក្រៅប្រទេស ចូលរួម​សាមគ្គី​ជាតិ ឯកភាព​ជាតិ និង ផ្តល់​អាទិភាព​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បញ្ហា​ខាងលើនេះ​។ លោក​កឹម សុខា ក៏បាន​លើកទឹកចិត្ត និង​កោតសរសើរ ដល់​សមត្ថកិច្ច​ដែល​ខិតខំ ប្រឹងប្រែង ធ្វើការ​លះបង់​បំពេញការងារ​ដ៏​លំបាក និង​គ្រោះថ្នាក់​នេះ ជាពិសេស​សូមកុំ​បំភ្លៃ កុំ​បំប៉ោង​ព័ត៌មាន និង​ក៏​កុំ​លាក់បាំង​ព័ត៌មាន​ពិត និង​កុំ​ប្រកាន់​និន្នាការ​នយោបាយ និង​កុំ​រើសអើង​គ្នា​។​

“​សាមគ្គីភាព​ជាតិ និង​សាមគ្គីភាព​អន្តរជាតិ​” គឺជា​ការចាំបាច់​ណាស់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​Covid-19 ដ៏​សាហាវឃោរឃៅ​នៅពេលនេះ​។ ពីព្រោះ​គ្រោះអាសន្ន​នេះ មិនមែនជា​បញ្ហា​របស់​បុគ្គល​ណា គ្រួសារ​ណា សហគមន៍​ណា ប្រទេស​ណា ជាតិ​សាសន៍​ណាមួយ​នោះឡើយ វា​ក្លាយទៅជា​វិបត្តិ​សកល​ទៅហើយ​។ នេះ​បើតាម​ការ​ថ្លែង​របស់លោក​កឹម សុខា នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​។​

​លោក​កឹម សុខា បានលើកឡើង​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ថា ម្យ៉ាងទៀត​វីរុស Covid-19​នេះ វា​រាតត្បាត​បង្ក​ជំងឺ និង​សម្លាប់​មនុស្ស ដោយ​មិន​រើសមុខ មិន​រើសអើង ជាតិ​សាសន៍ ប្រទេស​តូច​ឬ​ធំ ប្លុក​កុ​ម្មុយ​នី​ស ឬ​សេរី អ្នកធំ អ្នកតូច អ្នកមាន​ឬ​អ្នកក្រ​…​នោះឡើយ​។ ជាពិសេស​ជំងឺ​រាតត្បាត​នេះ មិន​ត្រឹមតែ​វាយប្រហារ​ទៅលើ​សុខភាព និង​អាយុជីវិត​មនុស្ស ដោយផ្ទាល់​នោះទេ លើសពីនេះទៅទៀត វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចជាតិ និង​ជីវភាព​រស់នៅ របស់​មនុស្ស​ទូទៅ​យ៉ាងធ្ងន់ធ្ងរ បើ​យើង​មិន​រួបរួមគ្នា ប្រយុទ្ធ​យកឈ្នះ​លើ​វា​ឲ្យ​បាន​ព្រមៗ​គ្នា និង​ឲ្យ​បាន​ឆាប់រហ័ស​នោះទេ​។​

​បើតាម​លោក​កឹម សុខា ក្នុងឱកាស​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​Covid-19 នេះ ខ្ញុំ​សូម​អំពាវនាវ​៖” សូម​ឲ្យ​ពិភពលោក មានការ​សាមគ្គី​គ្នា​ជាស​កល ដោយ​កុំ​រើសអើង​ជាតិ​សាសន៍ ប្រទេស​ឬ​ប្លុក​នយោបាយ សេដ្ឋកិច្ច​ឬ​សង្គម ដោយ​ចាត់ទុកថា​នេះ​ជា​បញ្ហា​សកល​។ សូម​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​និង​ក្រៅប្រទេស ចូលរួម​សាមគ្គី​ជាតិ ឯកភាព​ជាតិ និង ផ្តល់​អាទិភាព​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បញ្ហា​ខាងលើនេះ ជាពិសេស​៖ សូម​ថែរក្សា​ការពារ​សុខភាព​ខ្លួន និង​គ្រួសារ​ផ្ទាល់ ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ក្បួន​វិ​ជ្ជ​សាស្ត្រ ដែល​បាន​ណែនាំ​ជា​ផ្លូវការ​ដោយ​ស្ថាប័ន​ជំនាញ​។ សូម​ចូលរួម​ចែករំលែក​ដោយ​សេចក្តី​មេត្តា ករុណា ជួយ​គ្នា​ទៅវិញទៅមក ជួយ​សង្គម​និង​ជួយ​ប្រទេសជាតិ តាម​ស្មារតី និង​តាម​លទ្ធភាព ក្នុងស្ថានភាព​ដ៏​អាសន្ន​នេះ​។ សូមជួយ​លើកទឹកចិត្ត និង​កោតសរសើរ ដល់​សមត្ថកិច្ច​ដែល​ខិតខំ ប្រឹងប្រែង ធ្វើការ​លះបង់​បំពេញការងារ​ដ៏​លំបាក និង​គ្រោះថ្នាក់​នេះ​។ សូមកុំ​បំភ្លៃ កុំ​បំប៉ោង​ព័ត៌មាន និង​ក៏​កុំ​លាក់បាំង​ព័ត៌មាន​ពិត​។ សូមកុំ​ប្រកាន់​និន្នាការ​នយោបាយ និង​កុំ​រើសអើង​គ្នា​ឲ្យ​សោះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×