Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា គួច ម៉េង​លី ៖ កុំ​កប់​លុយ​ទុកចោល​

spot_img

​ភ្នំពេញ​៖ ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​ថ្លែងថា បច្ចុប្បន្ន​ទោះបី​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​យល់ដឹង​ច្រើន​ពី​ការប្រើប្រាស់​លុយ​ប្រកបដោយ​ប្រសិទ្ធភាព​ហើយក៏​ដោយ ក៏​យើង​នៅតែ​សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ជាពិសេស​ប្រជាពលរដ្ឋ​នៅតាម​ទីជនបទ នៅតែមាន​ទម្លាប់​កប់​លុយ​ចោល​ក្នុងផ្ទះ​ជា​ដដែល​។

​ឧកញ៉ា​វេជ្ជបណ្ឌិត បាន​សរសេរ​សារ​លើ​ផេ​ក MJQ University Press នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ​ថា តើ​កប់​លុយ​ចោល​ក្នុងផ្ទះ​យ៉ាងដូចម្ដេច​? គឺ​ពួកគាត់​អត់​ហ៊ាន​ចាយលុយ អត់​ហ៊ាន​យកលុយ​ទៅធ្វើ​ដើមទុន​រកស៊ី ឬ​ធ្វើ​ជំនួញ​ជួញដូរ​។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ​មួយចំនួនទៀត ពួកគាត់​សុខចិត្ត​យកលុយ​ទៅ​ទិញ​មាស ឬ​គ្រឿងអលង្ការ ដើម្បី​លម្អ​ខ្លួន​ទៅវិញ​។​

​លោក បាន​បន្តថា ការយក​លុយ​ទៅ​ទិញ​មាស ឬ​គ្រឿងអលង្ការ​ដើម្បី​លម្អ​ខ្លួន មិន​ត្រឹមតែ​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​មិន​ដើរ និង​គ្មាន​ផលចំណេញ​ដល់​ខ្លួនឯង​នោះទេ តែ​ថែមទាំង​អាច​បង្កឱ្យមាន​ហានិភ័យ​ផ្សេងៗ​ជាច្រើន​ទៀត ដូចជា​ប្រឈម​នឹង​ការ​លួច ប្លន់ ឆក់ និង​ឆាបឆេះ​ជាដើម​។​

​កាលពី​ប៉ុន្មាន​ឆ្នាំមុន អ្នកមាន​នៅតាម​ទីជនបទ​មួយចំនួន ពួកគាត់​មាន​លុយ​ច្រើនណាស់ ហើយ​ទុក​លុយ​នៅក្នុង​ផ្ទះ​ទាំង​គីបៗ ដោយ​មិន​ហ៊ាន​ចាយវាយ​ផ្ដេសផ្ដាស ឬ​យកទៅ​វិនិយោគ​លើ​មុខ​ជំនួញ ឬក៏​យកទៅ​ផ្ញើ​នៅ​ធនាគារ ដើម្បី​ឱ្យមាន​សុវត្ថិភាព​ទេ​។ លុះ​ពេល​មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ លុយកាក់​និង​គ្រឿងអលង្ការ​របស់​ពួកគាត់ ទាំង​អម្បាលម៉ាន ក៏​ឆេះ​អស់​ទៅតាម​ហ្នឹង​ដែរ ហើយ​ចុងក្រោយ​ពួកគាត់​ក៏​ធ្លាក់ខ្លួន​ក្រលំបាក​វេទនា​។​

​ដូច្នេះ​ដើម្បី​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ធ្វើឱ្យ​លុយ​មាន​ចរន្ត វិល​ចុះឡើងៗ​នៅក្នុង​សង្គម បើ​យើង​មិនចេះ​ប្រើប្រាស់​លុយ​ទាំងនោះ ដើម្បី​បង្កើន​ចំណូល​ទេ យ៉ាងហោចណាស់ យើង​គួរតែ​យកលុយ​ទាំងនោះ ទៅ​ផ្ញើ​នៅ​ធនាគារ ដើម្បី​ទទួលបាន​ការប្រាក់​បន្តិច​បន្តួច​ដែរ ឬ​យើង​អាច​យកលុយ​ទៅ​ទិញ​អចលនទ្រព្យ​ទុក ក៏​ជាការ​ប្រសើរ​ម្យ៉ាងដែរ​។​

​លោក​បាន​ថ្លែងថា យើង​ត្រូវ​ដឹងថា បើ​ប្រជាពលរដ្ឋ​យើង​មិន​ប្រើប្រាស់​លុយ ឱ្យមាន​ចលនា​យ៉ាងសកម្ម​ទេ ពេលនោះ​សេដ្ឋកិច្ច​នឹង​ធ្លាក់ចុះ ហើយ​បើ​សេដ្ឋកិច្ច​យើង​ធ្លាក់ចុះ នោះ​បរទេស​ប្រាកដជា​មិន​ហ៊ាន​ចូលមក​វិនិយោគទុន នៅក្នុង​ប្រទេស​យើង​នោះឡើយ ជាហេតុ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន គ្មាន​ការងារ​ធ្វើ​។​

​តើ​អ្នកដឹង​ទេ ថា​កាលពី​ឆ្នាំ​២០០៧ សេដ្ឋកិច្ច​អាមេរិក ធ្លាក់ចុះ​ជា​គំហុក ដោយសារ​កត្តា​អ្វី​? គឺ​ដោយសារតែ​ប្រជាពលរដ្ឋ​អាមេរិក ទុក​លុយ​រៀងៗ​ខ្លួន មិន​ហ៊ាន​ចាយវាយ​លុយ​ហ្នឹងឯង​។ ដូច្នេះ​ដើម្បី​បង្ការ​កុំឱ្យ​កម្ពុជា ជួប​បញ្ហា​ដូច​សហរដ្ឋអាមេរិក ប្រជាពលរដ្ឋ​គ្រប់រូប ទាំង​អ្នក​នៅក្នុង​រាជធានី​ភ្នំពេញ ទាំង​អ្នក​នៅតាម​បណ្ដា​ខេត្ត​នានា ត្រូវតែ​ចូលរួម​ប្រើប្រាស់​លុយ ឱ្យមាន​ចលនា​យ៉ាងសកម្ម​ទាំងអស់គ្នា ហើយ​ចៀសវាង​យកលុយ ទៅ​ចាក់សោ​ទុកចោល​ក្នុង​ទូដែក ឬ​ហិប​ដែក ព្រោះ​វា​គ្មាន​សុវត្ថិភាព​ប៉ុន្មាន​ទេ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×