Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ដាក់​វិធានការ​ចាំបាច់​បំផុត ពលរដ្ឋ​ស្ទើ​តែ​១​ភាគ​៤ លើ​ពិភពលោក អនុវត្ត​វិធានការ​ស្នាក់នៅ​ក្នុងផ្ទះ​

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា ទោះបី​ស្ថិតក្នុង​ស្ថានភាព​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ មន្ត្រីនគរបាល​អន្តោប្រវេសន៍ មានការ​ប្ដេជ្ញា​ខ្ពស់ បន្ត​ខិតខំ​បំពេញការងារ ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ដោយបាន​ដាក់ចេញ​វិធាន​ការប្រើ​ម៉ាស់ ស្រោមដៃ និង​បាញ់​ទឹក ឬ​ថ្នាំ​សម្លាប់​មេរោគ​ជាប្រចាំ​។ យ៉ាណា​ក៏មាន​មន្ត្រី​អន្តោប្រវេសន៍​មួយចំនួន ត្រូវបាន​រកឃើញថា មាន​ទំនាក់ទំនង​ជាមួយ​ភ្ញៀវ ចេញចូល​អាកាសយានដ្ឋាន ដែល​ត្រូវបាន​រកឃើញថា ផ្ទុក​វីរុស​កូ​វីដ​១៩ ប៉ុន្តែ​ជា​សំណាងល្អ ពួកគាត់​ត្រូវបាន​ពិនិត្យថា មិនបាន​ឆ្លង​នោះទេ​។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែមីនា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីនគរបាល​អ​ន្តោ​ប្រវេសន៍ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្ដើម តំណាង​មន្ត្រី​អន្តោប្រវេសន៍ នៃ​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កងកេង និង​សៀមរាប បាន​អញ្ជើញ​ថ្លែង​របាយការណ៍ ស្វាគមន៍​ជូន​សម្ដេច​ក្រឡាហោម ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ដោយបាន​ចាត់ទុក​វត្តមាន ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​របស់​សម្ដេច នាឱកាស​នេះ​ថា ជាការ​លើកទឹកចិត្ត និង​ផ្ដល់​ថាមពល​ដ៏​ខ្លាំងក្លា ដល់​នគរបាល​អន្តោប្រវេសន៍​ទាំងអស់ សម្រាប់​ការខិតខំ​បំពេញ ភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ​ដោយស្មោះ​ស្ម័គ្រ​។​

​បន្ទាប់មក​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​មានប្រសាសន៍ សំណេះសំណាល​ប្រកបដោយ​អត្ថន័យ យកចិត្តទុកដាក់ និង​លើកទឹកចិត្ត​យ៉ាង​ជ្រាលជ្រៅ​បំផុត ដល់​កម្លាំង​នគរបាល​អន្តោប្រវេសន៍ ដោយបាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ច្រកទ្វារ​អាកាសយានដ្ឋាន ដែល​បាន​ខិតខំ​រួមគ្នា បំពេញការងារ​ប្រកបដោយ ការទទួលខុសត្រូវ គោរព​តាម​វិជ្ជាជីវៈ បង្កលក្ខណៈ​សម្បត្តិ​យ៉ាងច្រើន ដល់​ភ្ញៀវ​បរទេស និង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចេញ និង​ចូល​ប្រទេស​កម្ពុជា និង​បានរួម​ចំណែក​យ៉ាងសំខាន់ ដល់​ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​។​

​សម្ដេច​ក្រឡាហោម បាន​គូសបញ្ជាក់ថា សព្វថ្ងៃនេះ ពិភពលោក​កំពុង រួមដៃគ្នា​ប្រយុទ្ធ​នឹង​សង្គ្រាម ដ៏​កាច​សាហាវ​មួយ ដែល​មិនមែនជា​សង្គ្រាមលោក សង្គ្រាម​ប្រដាប់អាវុធ ឬ​សង្គ្រាម​ក្នុង​តំបន់​អ្វី​នោះទេ ប៉ុន្តែ​គឺជា​សង្គ្រាម​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ដែល​បាន​រាតត្បាត​ដ៏​កាច​សាហាវ ហើយ​មកដល់ពេលនេះ យើង​បានដឹងថា មាន​ប្រទេស​ជិត​១៨០ ដែល​បាន​ឆ្លង​ជំងឺ​នេះ ក្នុងនោះ​ក៏មាន​កម្ពុជា​យើង​ដែរ​។​

​សម្ដេច​បានបង្ហាញ​ការកត់សម្គាល់ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ ជំងឺ​នេះ​បាន​រាលដាល និង​សម្លាប់​មនុស្ស​ជា​បន្តបន្ទាប់ ជាក់ស្ដែង​ចាប់ពី​ម៉ោង​៦​ព្រឹក​ថ្ងៃ​ម្សិលមិញ ដល់​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៤​មីនា​នេះ មាន​អ្នក​ឆ្លង​ជា​មេរោគ​នេះ​ថ្មី ដល់​ទៅ​ជាង​៤​ម៉ឺន​១​ពាន់​នាក់ ដែលជា​ចំនួន​ច្រើន​។ ផ្អែកលើ​វេ​ប​សាយ​ព័ត៌មាន​បរទេសមួយ សម្ដេច​ក្រឡាហោម បាន​បន្ថែមថា មាន​មនុស្ស​ស្លាប់​ជា​មធ្យម​២​ពាន់​នាក់ ក្នុង​មួយថ្ងៃ ដោយសារ​ជំងឺ​កូ​វីដ​១៩​នេះ​។​

​សម្ដេច​បាន​រំលឹក​ជាថ្មីទៀត ពី​សវ​តារ​នៃ​ការរីក​រាលដាល​មេរោគ​កូ​វីដ​១៩ និង​បាន​ទាញ​ចំណាប់អារម្មណ៍​ថា រហូតមកដល់​ពេលនេះ ថ្វី​ដ្បិតថា​កូ​វីដ​១៩ បាន​ផ្ទុះ​ចេញ​ដំបូង ពី​តំបន់​វូ​ហាន​ប្រទេស​ចិន ប៉ុន្តែ​រហូតមក​ដល់ពេលនេះ អ្នកស្រាវជ្រាវ និង​អ្នកសារព័ត៌មាន បាន​និយាយ​ខុសគ្នា ពី​ប្រភពដើម នៃ​មេរោគ​នេះ ដោយ​ខ្លះ​បាន​សន្និដ្ឋានថា វា​មិនមែន​មានកំណើត នៅ​វូ​ហាន​នោះទេ​។ យ៉ាងណាក៏ដោយ​បញ្ហា​នេះ ត្រូវបាន​សម្ដេច គូសបញ្ជាក់ថា ជា​បញ្ហា​បន្ទាប់​ទេ ហើយ​បញ្ហា​ធំ​គឺ​នាំគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​។​

​សម្ដេច​បាន​មានប្រសាសន៍ថា ឥឡូវ​ជំងឺ​នេះ បាននិងកំពុង​ប្រឈម​ខ្លាំង នៅ​តំបន់​អឺរ៉ុប និង​អាមេរិក ហើយ​បញ្ហា​ប្រឈម​ធំ​បំផុត​នោះ គឺ​ជំងឺ​នេះ​មិនទាន់មាន​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​ការពារ​ជាក់លាក់​នៅឡើយ​។ សម្ដេច​បាន​បន្ថែមថា នៅពេលនេះ ទន្ទឹមនឹង​ការព្យាបាល​អ្នកជំងឺ និង​ការខិតខំ​ស្រាវជ្រាវ​រក​ថ្នាំ និង​វ៉ាក់សាំង​នោះ វិធានការ​ចាំបាច់​បំផុត​នោះ គឺ​ការដាក់ឱ្យ​ពលរដ្ឋ​នៅតែ​ក្នុងផ្ទះ ដែល​ពលរដ្ឋ​ស្ទើ​តែ​១​ភាគ​៤ លើ​ពិភពលោក បាន​អនុវត្ត​វិធានការ​ស្នាក់នៅ​ក្នុងផ្ទះ​។​

​យ៉ាងណាក៏ដោយ ដោយសារ​ពលរដ្ឋ​ប្រទេស​ខ្លះ មិន​គោរព​តាម​វិធានការ ស្នាក់នៅ​ក្នុងផ្ទះ និង​បំពាន​ការហាម​ប្រាម​សកម្មភាព ដែលនាំឱ្យ​ងាយ​ឆ្លង​ជំងឺ COVID19 ទើបបានជា​ធ្វើឱ្យ​អត្រា​ឆ្លង មានការ​ហក់​ឡើង​ខ្លាំង ខណៈ​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស​ប្រជា​ជា​ជន និង​ប្រជ​ន លើ​គ្រប់​វិស័យ ក៏​ត្រូវបាន​កាត់ផ្ដាច់ ឬ​បង្កើន​ការ​រឹតបន្តឹង ដូចជា​ការបិទ​ព្រំដែន បិទ​ជើងហោះហើ​យ ការផ្អាក​ពិធី​ជួបជុំ​សាសនា អាពាហ៍ពិពាហ៍ ការបិទ​ទី​កម្សាន្ត ជាដើម គឹ​ត្រូវបាន​រដ្ឋាភិបាល ស្ទើរ​គ្រប់​ប្រទេស​អនុវត្ត​។​

​សម្រាប់​ប្រទេស​កម្ពុជា សម្ដេច​បាន​មានប្រសាសន៍ថា គិត​ត្រឹម​ថ្ងៃនេះ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប មិនមាន​ជើងហោះហើ​យ​ទេ ខណៈ​ព្រំដែន​គោក​ជាមួយ​វៀតណាម ដែល​បាន​បិទ​នោះ ភាគី​ទាំងពីរ បាន​ទុក​តែ​ការផ្លាស់ប្ដូរ​ទំនិញ ក្រោម​លក្ខខណ្ឌ​រឹតបន្តឹង​។ ដោយឡែក​ព្រំដែន​ជាមួយ​ថៃ សម្ដេច​បាន​មានប្រសាសន៍ថា មាន​ភាពខុសគ្នា​ជាមួយ​វៀតណាម ដ្បិត​កម្ពុជា មាន​ប្រជាជន​ចេញចូល​ច្រើន ហើយ​ពួ​គាត់​ក៏បាន​សម្រុក​មក​ប្រទេស​វិញ ក្នុងអំឡុងពេល​ថៃ បានប្រកាស​បិទ​ច្រកទ្វារ ជា​បន្តបន្ទាប់​នោះ​។​

​សម្ដេច​បាន​បន្ថែមថា ច្រកទ្វារព្រំដែន​កម្ពុជា​ថៃ ក៏​ដូចគ្នា​នឹង​ច្រកព្រំដែន ជាមួយ​វៀតណាម​ដែរ គឺ​ការផ្លាស់ប្ដូរ​ទំនិញ នៅតែ​ដំណើរការ​ជាធម្មតា ហើយ​ចំពោះ​ការ​សម្រុក​វិល​មក​ប្រទេស​វិញ ពី​សំណាក់​ពលរដ្ឋ​ខ្មែរ ពី​ប្រទេស​ថៃ​នោះ សម្ដេច​បានផ្ដល់​ការពន្យល់​ថា ដោយសារតែ​សកម្មភាព​អាជីវកម្ម ឬ​ការងារ​នៅ​ប្រទេស​ថៃ ត្រូវបាន​ផ្អាក ដែល​ធ្វើឱ្យ​ពួកគាត់ ក៏ដូចជា​ពលរដ្ឋ​ថៃ​ដែរ ត្រូវ​នៅ​ទំនេរ​ច្រើន ដូច្នេះហើយ​បានជា​ពួកគាត់ សម្រេច​វិល​មក​ប្រទេស​វិញ​តែម្ដង​។​

​ពាក់ព័ន្ធ​នឹង​វិធានការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ ហើយ​សម្ដេច​តេ​ជោ ក៏​បានចេញ​សារាចរ ណែនាំ​ជា​បន្តបន្ទាប់​ដែរ​។ ដោយឡែក​ក្រសួងមហាផ្ទៃ បាន​បង្កើត​គណៈកម្មកា​រ​ដោយឡែក ដោយបាន​បិទ​សាលា​បណ្ដុះបណ្ដាល​នគរបាល​ទូទាំងប្រទេស និង​បាន​ដាក់ចេញ​វិធានការ ជាក់ស្ដែង​មួយចំនួន ដូចជា​នៅតាម​ពន្ធនាគារ និង​កន្លែង​ប្រមូលផ្ដុំ​កងកម្លាំង​ជាដើម​។​

​សម្ដេច​ក៏បាន​មានប្រសាសន៍ អំពី​ការត្រៀម​រៀបចំ​ផ្សព្វផ្សាយ ឱ្យ​ប្រជាពលរដ្ឋ ចេះ​ម្ចាស់ការ ការពារ​ខ្លួនឯង ដែលជា​កត្តា​គន្លឹះ​បំផុត ដោយ​សម្ដេច​បាន​មានប្រសាសន៍ថា នឹង​ណែនាំ​ឱ្យមាន​ការរៀបចំ​សារ​ខ្លី ច្បាស់ៗ ដើម្បី​ចែក​ចាក់ផ្សាយ​តាម​ម៉ូតូ ឬ​មធ្យោបាយ​ធ្វើដំណើរ​។ សម្ដេច​បានស្នើ​អភិបាល​រាជធានី ខេត្ត រៀបចំ​អនុវត្ត ដោយ​ក្រសួង នឹង​រៀបចំ​ខ្លឹមសារ នៃ​សារ​អប់រំ​នេះ ហើយ​ក្រុមការងារ​រដ្ឋបាល នៅនឹងកន្លែង​ទាំងអស់ ត្រូវ​ត្រៀម​មធ្យោបាយ ដើម្បី​អនុវត្ត​ជា​រៀងរាល់ថ្ងៃ ពិសេស​ក្នុងពេល​បងប្អូន​ខ្មែរ ចាប់ផ្ដើម​វិល​ពី​ប្រទេស​ថៃ​។

​នៅក្នុង​ឱកាស​នោះដែរ សម្ដេច​ក្រឡាហោម ស ខេង ក៏បានផ្ដល់​អនុសាសន៍ ណែនាំ​បន្ថែម​ពាក់ព័ន្ធ នឹង​តួនាទី​ភារកិច្ច មន្ត្រីនគរបាល​អន្តោប្រវេសន៍ ដោយ​សម្ដេច បាន​ណែនាំ​ឱ្យ​បន្ត​ពង្រឹង​វិន័យ និង​ក្រមសីលធម៌​វិជ្ជា​ជិ​វៈ ទប់ស្កាត់​ការ​ជ្រៀត ចូល​ពី​ក្រុមមនុស្ស បង្កបញ្ហា​ដល់​ប្រទេសជាតិ រួមគ្នា​ខិតខំ​ប្រឹងប្រែង ជាមួយ​ក្រុម​ច​ត្តា​ឡី​ស័ក​ត្រួតពិនិត្យ រក​អ្នក​សង្ស័យ និង​ត្រូវការពារ​ខ្លួនឯង ឱ្យ​បានល្អ​ទៅតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​។​

​សម្ដេច​ក៏បាន​មានប្រសាសន៍ ផ្ដល់​ការលើកទឹកចិត្ត ដោយ​ចាត់ទុក​មន្ត្រីនគរបាល អន្តោប្រវេសន៍ ប្រៀបបាន​យុទ្ធជន ក្នុង​សមរភូមិ​កូ​វីដ​១៩ បន្ទាប់ពី​គ្រូពេទ្យ​។ សម្ដេច​បាន​មានប្រសាសន៍ថា នេះ​គឺជា​ភាពក្លាហាន និង​ការរក្សាបាន​នូវ​ឧ​ត្ត​ម​គតិ​ជាតិ និង​ប្រជាជន របស់​កម្លាំង នគរបាល​អន្តោប្រវេសន៍​។ សម្ដេច​ក៏បាន​ណែនាំ ឱ្យ​ម្ចាស់​ខុន​ដូ ផ្ទះសំណាក់ សណ្ឋាគារ មេភូមិ មេឃុំ​ចៅសង្កាត់ ប៉ុស្តិ៍​រដ្ឋបាល ត្រូវ​ក្ដាប់​ឱ្យបាន​នូ​វត្តមាន ចេញចូល​របស់​ជនបរទេស ឬ​អ្នក​ចំណូល​ថ្មី​។​

​ឆ្លៀត​ក្នុងឱកាស សំណេះសំណាល​នេះដែរ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​មានប្រសាសន៍ ពី​ការត្រៀម​ប្រកាស ឱ្យ​អនុវត្ត​នូវ​អនុក្រឹត្យ​ថ្មី​មួយ ដែល​ពាក់ព័ន្ធ​នឹង​ការ​រឹតបន្តឹង ការផាកពិន័យ អ្នក​ល្មើ​សនឹង​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​។ សម្ដេច​បាន​មានប្រសាសន៍ថា ទន្ទឹមនឹង​ការព្រួយបារម្ភ នឹង​ជំងឺ​កូ​វីដ​១៩​នេះ គ្រោះថ្នាក់​ចរាចរណ៍ ក៏​មិន​មានការ​ថមថយ​ដែរ ពិសេស​អត្រា​អ្នកស្លាប់ ដែលមាន​ប្រមាណ​៥​នាក់ ជា​រៀងរាល់ថ្ងៃ​។​

​មុននឹង​បញ្ចប់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្ដែង​សេចក្ដីសង្ឃឹម​ជឿជាក់ថា ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​អន្តោប្រវេសន៍ នៃ​ច្រកទ្វារ​អាកាស​អន្តរជាតិ​ទាំងអស់ នឹង​ខិតខំ​បំពេញភារកិច្ច ព្រមទាំង​ថែទាំ​ង​សុខភាព​ខ្លួនឯង ឱ្យបាន​ល្អ ចៀស​ផុតពី​ជំងឺ​កូ​វីដ​១៩​។ សម្ដេច ក៏បាន​ប្រកាស និង​ផ្ដល់ជូន​នូវ​ម៉ាស់ ចំនួន​១១០០០​ម៉ាស់ ស្រោមដៃ​៦​ពាន់​គូ ជេ​ល​សម្លាប់​មេរោគ​៥០០​ដប និង​អាល់កុល​លាងដៃ ៨០០​លីត្រ ជូន​ប៉ុស្តិ៍​អន្តោប្រវេសន៍ ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ព្រះសីហនុ និង​កងកេង​៕​ដោយ​៖​កូ​ឡាប​

spot_img
×