Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ដំរីព្រៃ​ឆ្លងដែន​ពី​ថៃ​មក​កម្ពុជា ដើរ​ជាន់​ស្ត្រី​ម្នាក់​កំពុង​ដេក របួសធ្ងន់ នៅ​ស្រុក​ភ្នំ​ព្រឹក្ស​

spot_img

បាត់ដំបង ៖ សត្វ​ដំរីព្រៃ​មួយ​ក្បាល​ដែល​ឆ្លង​ដែន​ពី​ថៃ ចូលមក​កម្ពុជា​ជាច្រើន​ថ្ងៃ​មក​ហើយ​នោះ បាន​ជាន់​ស្ត្រី​ម្នាក់​ដែល​ជា​កម្មករ​ស៊ីឈ្នួល​ដក​ដំឡូង បាន​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​រហូត​បាក់ឆ្អឹង​ជំនីរ​ខាងឆ្វេង​ចំនួន​១០ ខណៈ​ដែល​ស្ត្រី​រូបនេះ កំពុង​សម្រាក​យ៉ាង​លង់លក់​នៅក្នុង​រោង​កណ្តាល​ចំការ​ទាំង​កម្រោល ធ្វើអោយ​មាន​ការភ្ញាក់ផ្អើល​ទាំង​កណ្តាលយប់ ។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី រំលងអធ្រាត្រ​ឈាន​ចូល​យប់​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ភ្នំ​ណាំ​សាប ស្ថិតនៅក្នុង​ភូមិ ដំណាក់​ក្សាន្ត ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ។​

​គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​យប់ គឺ​មាន​ការភ្ញាក់ផ្អើល​មួយ​នៅត្រង់​ចំណុច​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ដោយសារតែ​មាន​សត្វ​ដំរីព្រៃ​មួយ​ក្បាល បាន​លុកលុយ​ចូលមក​ក្នុង​ភូមិ រហូត​ធ្វើអោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ​មាន​ការភ័យខ្លាច ដោយ​បាន​នាំគ្នា​បំពក់​ភ្នក់ភ្លើង​ដើម្បី​បង្ការ និង​ការពារ​មិន​អោយ​សត្វ​ដំរីព្រៃ​នេះ ចូល​មក​ក្បែ​មនុស្សបាន ។​

​ដោយឡែក​ភាគី​ថៃ​បាន​អះអាងថា សត្វ​ដំរីព្រៃ​មួយ​ក្បាល​នេះ បាន​រត់​ចេញពី​ព្រៃ ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ អាង​ឬ​ណៃ ស្ថិតក្នុង​ខេត្ត​ឆៈឈើង​សៅ ហើយ​បាន​រត់​មក​ឆ្លងដែន​ចូល​ទៅក្នុង​ទឹកដី​នៃ​ប្រទេស​កម្ពុជា ត្រង់​ចំណុច​ភូមិ​៧ ឃុំ​បាន​ថាប់​ភ្រិ​ក ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ បើទោះបីជា​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ថៃ បាន​យក​ត្រាក់ទ័រ​ប្រមាណ​ជាង​១០​គ្រឿង ទៅ​ដាក់​ពង្រាយ​ដើម្បី​ការពារ​កុំអោយ​សត្វ​ដំរី​នេះ​ឆ្លងដែន​បាន​យ៉ាងណាក៏ដោយ ។​

​យោងតាម​សេចក្តីរាយការណ៍​ពី​ប្រភព​ដែល​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ បានអោយដឹងថា ក្រោយមក​សត្វ​ដំរី​នេះ​គឺ​មិន​ព្រម​វិល​ចូល​ទៅក្នុង​ទឹកដី​ថៃ​វិញ​ឡើយ ដោយ​វា​បាន​ដើរ​វិលវល់​តាម​ស្រុក​មួយចំនួន​ដែល​ស្ថិតនៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន រហូត​ដល់​យប់មិញ​នេះ​ក៏​មាន​ការដេញ​ជាន់​មនុស្ស​តែ​ម្តង ដោយសារ​តែ​សត្វ​ដំរីព្រៃ​មួយ​ក្បាល​នេះ ទំនង​ជា​កំពុង​ចុះប្រេង​ទៅហើយ ដោយ​បាន​ជាន់​ទៅលើ​ស្ត្រី​ម្នាក់​ឈ្មោះ ចក់ គឹម​ហៃ អាយុ​៣២​ឆ្នាំ​របរ​កម្មករ​ជា​កម្មករ ស្នាក់​នៅ​ស៊ីឈ្នួល​កាប់​ដំឡូង​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​បណ្តាលឲ្យ​រងរបួស​ត្រង់​ស្មា​បោះដៃផុត ប៉ុន្តែ​ក្រោយពេល​បញ្ជូន​ទៅ​ដល់​មន្ទី​រ​ពេទ្យ ព្រមទាំង​បាន​ឆ្លុះ​មើល គឺ​ក្រុម​គ្រូពេទ្យ​បាន​អះអាង​ថា ស្ត្រី​រូប​នេះ​ត្រូវបាន​បាក់​ឆ្អឹងជំនី​ខាងឆ្វេង ចំនួន​១០​ឆ្អឹង​។​

​លោក សារ៉េត វិសេ​ដ្ឋ អធិការរង​នគរបាល​ស្រុក​ភ្នំព្រឹក បាន​លើកឡើង​ថា បញ្ហា​នេះ​លោក​បាន​រាយ​ការ​ទៅ​អង្គភាព​ជំនាញ​ហើយ ដើម្បី​ចុះ​ពិនិត្យ ឬក៏​អាច​ប្រើប្រាស់​កាំភ្លើង​សម្រាប់​បាញ់​អោយ​សន្លប់ ដែលជា​កិច្ចការ​របស់​អង្គភាព​ជំនាញ ។ ចំណែក​មន្ត្រី​របស់​លោក​នៅ​ចាំ​ឃ្លាំមើល​ជាប់​ជាប្រចាំ ក្រែងលោ​មាន​បញ្ហា​ណាមួយ​ដែល​បង្កឡើង​ដោយសារ​សត្វ​ដំរី​នេះ​ទៀត ដែល​រហូត​មក​ទល់​នឹង​ព្រឹក​ដែល​ដដែល សត្វ​ដំរីព្រៃ​មួយ​ក្បាល​នេះ កំពុងស្ថិត​នៅ​ច្រមុះ​ភ្នំ​ណាំ​សាប​នៅឡើយ​ទេ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×