Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ស្នើ​ប្រជាពលរដ្ឋ កុំ​ប្រើ​អ​បី​យ​ជំនឿ ដុត​ភ្លើង បណ្តេញ​ជំងឺ​កូ​វីដ

spot_img

សម្តេច​តេ​ជោ ស្នើ​សូមកុំ​ឲ្យ​ប្រជាពលរដ្ឋ កុំ​ប្រើ​អ​បី​យ​ជំនឿ បណ្តេញ​ជំងឺ​កូ​វីដ ដូចជា ការអុច​ភ្លើង​ជាដើម ពីព្រោះ​វា​អាច​បង្ក​នូវ​ហានិភ័យ​ខ្ពស់​។ ការប្រើ​ភ្លើង​ដេញ​ជំងឺ​កូ​វីដ​១៩ អាច​បង្ក​ជា​អគ្គិភ័យ ឆេះ​ផ្ទះ ព្រោះ​ក្នុង​ពេលនេះ​ជា​រដូវប្រាំង​ក្តៅ​ហួតហែង ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ប្រទេស​មហាអំណាច​មួយ​ចំនួន មើលងាយ​លើ​ប្រព័ន្ធ​វេជ្ជសាស្ត្រ​នៅ​កម្ពុជា មី​យ៉ាន់​ម៉ា និង​ឡាវ តែ​អ្នក​មើលងាយ​ប្រព័ន្ធ​វេជ្ជសាស្ត្រ​របស់គេ កំពុង​រាតត្បាត​ធ្ងន់ធ្ងរ​ដោយសារ​កូ​វីដ​១៩​។ អ្នកខ្លាំង​មិន​ប្រាកដថា​ខ្លាំង​ទេ ហើយ​អ្នកខ្សោយ ក៏​មិន​ប្រាកដថា​ខ្សោយ​នោះដែរ ព្រោះតែ​ការមើលស្រាល​សភាពការណ៍ និង​ចាត់វិធានការ​មិនទាន់​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែមីនា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រមាណ​ជា ៤២២​នាក់ មុននឹង​ពួកគេ​ចេញ​បេសកកម្ម​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូ​វីដ​១៩ (COVID-19)​។​

​តាម​របាយការណ៍​រប​ស់ លោកស្រី ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​បាន​ក្រុមគ្រូពេទ្យ​ស័​គ្រ​ចិត្ត​សម្តេច​តេ​ជោ បាន​ឲ្យ​ដឹងថា ក្រោយពី​ការ​មានការ​ពី​ការអំពាវនាវ ពី​ក្រសួងសុខាភិបាល ក្នុងការ​ចូលរួម​ជា​កម្លាំង​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នោះ ក៏មាន​អ្នក​ប្រកប​វិជ្ជាជីវៈ​ពេទ្យ សិស្ស និង​និស្សិត ដែល​បានបញ្ចប់​ការសិក្សា និង​កំពុង​សិក្សា ក៏បាន​ដាក់ពាក្យ​ចូលរួម​សកម្មភាព​ប្រយុទ្ធ នឹង​ជំងឺ​កូ​វីដ​១៩​ជា​បន្តបន្ទាប់​។ ក្រោយ​បានទទួល​អ្នកស្ម័គ្រចិត្ត​ហើយ​នោះ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ក៏បាន​បើក​វគ្គ​បណ្តុះបណ្តាល និង​បំពាក់បំប៉ន​បច្ចេកទេស​បន្ថែម ទៅលើ​ការបង្ការ និង​ត្រួតពិនិត្យ​ការចម្លង​ជំ​ង​កូ​វីដ​១៩​នេះ​។ បានចាត់ទុក​ការចូលរួម របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រយុទ្ធ​ជំងឺ​កូ​វីដ​១៩ ថា​ជា​ខ្សែត្រៀម​ទី​១ ដើម្បី​សង្គមជាតិ និង​គ្រួសារ ហើយ​ការចូលរួម​នេះ គឺ​ប្រកបដោយ​ទឹកចិត្ត​ដ៏​អង់អាច​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​ក្តី​រីករាយ ដែល​បាន​អញ្ជើញ​មកជួប​ក្រុមគ្រូពេទ្យ​ប្រឆាំង​ជំងឺ​កូ​វីដ​នាពេលនេះ ហើយក៏​ជា​ពេលវេលា​មួយ ដែល​សម្តេច​តេ​ជោ បាន​ថ្លែង​ជូន​សារ​ដ៏​សំខាន់ៗ ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។ សម្តេច​តេ​ជោ បាន​អរគុណ​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់ ដែល​បាន​ចូលរួម​លះបង់​កម្លាំងកាយ​ចិត្ត បើទោះបីជា​ដឹងថា ជំងឺ​នេះ​ជា​ឃាតករ​លាក់​មុខ​ក៏ដោយ​។ ការលះបង់​របស់​ក្មួយៗ​ក្រុមគ្រូពេទ្យ គឺជា​តម្លៃ​ដ៏​ធំធេង​សម្រាប់​ជួយសង្គ្រោះ​ជីវិត​មនុស្ស​។ សម្តេច​តេ​ជោ​ក៏បាន​អរគុណ​ដល់​អាណាព្យាបាល របស់​ក្មួយៗ​ទាំងអស់ ដែល​បានអនុញ្ញាត​កូនៗ មក​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​។​

​សម្តេច​តេ​ជោ បានបញ្ជាក់​ពី​មូលហេតុ ដែល​ត្រូវយក​ក្រុមគ្រូពេទ្យ​នេះ​ស្ម័គ្រចិត្ត​នេះ គឺ​យើង​បន្ថែម​លើក​ក្រុមគ្រូពេទ្យ​ជំនាញ ដែលមាន​ជាង​២.០០០​នាក់​នោះ ហើយ​យើង​មិន​ត្រឹមតែ​ព្យាបាល​តែ​កូ​វីដ​១៩​ទេ គឺ​យើង​មាន​ជំងឺ​ផ្សេងៗ​ទៀត ហើយ​ប្រតិបត្តិការ​នេះ ក៏​ជា​ពេល​ឲ្យ​ពួកគាត់​បានទទួល​ការបណ្តុះបណ្តាល​ជំនាញ​វិ​ជ្ជ​សាស្ត្រ​ផងដែរ​។​

​នៅថ្ងៃនេះ​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា ពេល​យើង​បាន​រៀប​បន្ទប់​ចំនួន ៣.០០០​បន្ទប់​ហើយ សម្រាប់​ត្រៀប​ដាក់​អ្នកជំងឺ មាន​ទាំង​សណ្ឋាគារ សា​សា​រៀន និង​អគារ​ស្នាក់នៅ របស់​សិស្ស​ផងដែរ​។​
​សម្តេច​តេ​ជោ បាន​ធានា​ពី​សុវត្ថិភាព​ក្រុមគ្រូពេទ្យ​ទាំងអស់ ដែល​សម្រេចចិត្ត​មកនេះ​។ សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់ថា បើ​គ្មាន​អាវុធ​មិន​គ្រប់គ្រាន់​ទេ គឺ​មិន​ឲ្យ​ចូល​ប្រយុទ្ធ​ទេ បើ​គ្មាន​បរិក្ខារ​ពេទ្យ​គ្រប់គ្រាន់​ទេ គឺ​មិន​ឲ្យ​ចេញ​ព្យាបាល​អ្នកជំងឺ​នោះឡើយ​។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ បាន​ថ្លែង​នូវ​ការ​អរ​ព្រះ​គុណ ចំពោះ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ដែល​បាន​ព្រះរាជទាន អំណោយ​ជា​ថវិកា ក្នុង​សកម្មភាព​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ និង​អរគុណ​បណ្តា​សប្បុរសជន និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ចូលរួម​បរិច្ចាគ​ក្នុង​សកម្មភាព​នេះ ដែល​រហូតមក​ដល់ពេលនេះ យើង​ទទួលបាន​ថវិកា​ប្រមាណ​ជាង​៨​លាន​ដុល្លារ និង​នៅ​ទទួល​ជា​បន្តបន្ទាប់​ទៀត ហើយ​បើ​ថវិកា​នេះ​សល់​ក្រោយ​បញ្ចប់​កូ​វីដ​១៩ យើង​នឹង​បង្វែរ​ចូល​មូល​និ​ធី​គន្ធបុប្ផា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា តាមរយៈ​ការវិវត្ត​នៃ​ជំងឺ​នេះ កម្ពុជា​បានដាក់​វិធានការ ដល់​ដំណាក់កាល​ទី​២​ហើយ​។ ក្នុងស្ថានភាព​នាពេល​បច្ចុប្បន្ននេះ សម្តេច​តេ​ជោ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ត្រូវ​ប្រមូល​ការខិតខំ ចុះ​មូលដ្ឋាន ដើម្បី​ផ្សព្វផ្សាយ​ពី​ការការពារ​ជំងឺ​នេះ នៅតាម​ស្រុកភូមិ​ឲ្យ​ប្រជាពលរដ្ឋ​យើង​បានដឹង ជាពិសេស​អ្នក​ដែល​ទើប​មកពី​ក្រៅប្រទេស ។ សម្តេច​តេ​ជោ​បន្តថា ក្នុងដំណាក់កាល​ទី​២​នេះ យើង​មាន​កិច្ចការ​សំខាន់​៣ គឺ​៖

​កិច្ចការ ទី​១) គឺ​ត្រូវ​ទប់ស្កាត់​ការរីក​រាលដាល អ្នក​មកពី​ក្រៅប្រទេស​។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ជនជាតិ​បរទេស​ទាំងអស់ ដែល​កើត​ជំងឺ​នេះ នៅ​កម្ពុជា​ត្រូវ​បានទទួល​ការព្យាបាល ដោយ​មិន​គិតថ្លៃ​នោះទេ​។ ជាមួយគ្នានេះ​ផងដែរ កម្ពុជា​មិនត្រូវ​ការជម្លៀស​និស្សិត ដែល​កំពុង​សិក្សា​នៅក្រៅ​ប្រទេស​ឡើយ​។ ត្រូវ​មានការ​គ្រប់​គ្រង់​ពលករ ដែល​មកពី​ប្រទេស​ថៃ ត្រូវដាក់​ពួកគាត់​ឲ្យ​នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ​សិន​។ កម្ពុជា​ក៏ មិន​ឲ្យ​មាន​មន្ត្រី​កម្ពុជា ទៅ​ប្រជុំ​នៅ​ខាងក្រៅ​ប្រទេស​ឡើយ ។ ក្នុងនោះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​ឲ្យ​អាជ្ញាធរ​កម្ពុជា ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍ ប្រកបដោយ​សុវត្ថិភាព​នៃ​ពលករ​ខ្មែរ​។​

កិច្ចការ ទី​២) គឺ​ការពារ​អ្នក​ឆ្លង​កុំ​ឲ្យ​ឆ្លងទៅ​អ្នកដទៃ និង​បន្ត​រក​អ្នកពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ ត្រូវយក​គាត់​មក​ដាក់​ដោយឡែក មុនពេល​ដឹង​លទ្ធផល​នៃ​ការធ្វើ​តេស្ត​។ ត្រូវខិតខំ​ផ្សព្វផ្សាយ​គ្រប់​មធ្យោបាយ ពី​វិធី​បង្ការ​ការពារ​ជំងឺ​កូ​វីដ​១៩​។ សម្តេច​តេ​ជោ​បន្តថា រហូតមកដល់​ពេលនេះ កន្លែង​ដែល​អាច​ប្រឈម​យើង បាន​បិទ​មួយចំនួន​ហើយ តែ​យើង​មិនអាច​បិទ​បានទេ នៅ​កន្លែង​សំខាន់ៗ​មួយចំនួន​ដូចជា ផ្សារ រោងចក្រ ភោជនីយដ្ឋាន ហាង​កាហ្វេ ពិធីបុណ្យ​ចូលឆ្នាំ​នៅ​ប្រារព្ធ​ធ្វើ​ដដែល តែ​ហាម​ជួបជុំ​គ្នាច្រើន គឺ​ឆ្នាំនេះ​កម្ពុជា​មិនបាន​ធ្វើ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ទេ តែ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​សប្បាយ ជាមួយ​ក្រុមគ្រួសារ​នៅតាម​ផ្ទះ​។ សម្តេច​តេ​ជោ សូមកុំ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ប្រើ​អ​បី​យ​ជំនឿ​បណ្តេញ​ជំងឺ​កូ​វីដ ដូចជា​ការអុច​ភ្លើង​ជាដើម ពីព្រោះ​វា​អាច​បង្ក​នូវ​ហានិភ័យ​ខ្ពស់​។ សម្តេច​តេ​ជោ អំពាវនាវ​សូម​ឲ្យ​អាជ្ញាធរ​ចុះ​ចែក​ម៉ាស់ ឬ​ក្រមារ​ឲ្យ​ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត បើ​អាច​ធ្វើបាន​។ សម្តេច​តេ​ជោ ក៏បាន​ប្រកាសថា ស​ម្តេ​ត​តេ​ជោ​អាច​នឹង​បិទ​កន្លែង​លក់​ម៉ា​សណា ដែល​លក់​តម្លៃ​ថ្លៃ​ជ្រុល​ហួសហេតុ ហើយនឹង​អាច​នឹង​បិទ​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​រហូត​តែម្តង​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​មិន​ឲ្យ​មានការ​រើសអើង អ្នកជំងឺ​កូ​វីដ​នោះ ជាពិសេស​ក្រោយ​ពេលដែល​គាត់​បានជា​សះស្បើយ​។​

​កិច្ចការ​ទី​៣) ត្រូវខិតខំ​ព្យាបាល​អ្នក​ជម្ងឺ​អោយ​ជាសះស្បើយ​។ ត្រូវ​រៀប​ចំប​ញ្ជើ​ឈ្មោះ​អ្នក​ជម្ងឺ អោយបាន​ត្រឹមត្រូវ ទាំង​អ្នក​ជម្ងឺ​បរទេស និង​ខ្មែរ​។ ការបែងចែក​ទីតាំង​សំរាប់​ព្យាបាល​អ្នក​ដែល​បាន​ឆ្លង ជម្ងឺ និង​ទីតាំង​សម្រាប់​អ្នក​ដែល​សង្ស័យ ដែល​ត្រូវដាក់​អោយនៅ​ដាច់ដោយឡែក គឺ​យើង​ត្រូវ​យកចិត្តទុកដាក់​សម្រាប់​ពួកគាត់ ដោយមាន​រៀបចំ​ជា​គ្រែ កន្ទេល ម៉ុង ភួយ ខ្នើយ ត្រឹមត្រូវ និង​រៀបចំ​អាហារ​៣​ពេល​ឲ្យ​គាត់​។ ចំពោះ​គ្រូពេទ្យ​ដែល​ចេញ​ប្រតិបត្តិការ​ទាំងអស់ ត្រូវ​បំពាក់​សម្ភារ​ឲ្យ​បាន​គ្រប់គ្រាន់ មុននឹង​ចេញ​ប្រយុទ្ធ ហ្វឹកហាត់​ឲ្យ​បានច្បាស់លាស់ មិនត្រូវ​ធ្វេសប្រហែស​នោះទេ ត្រូវ​គិតពី​សុខភាព​ខ្លួនឯង​។ ត្រូវមាន​កិច្ចសហប្រតិបត្តិការ ជាមួយ​ដៃ​គ្រូ​អន្តរជាតិ ដូចជា​អង្គការ​សុខភាព​ពិភពលោក ក្រុមគ្រូពេទ្យ​ជំនាញ​មកពី​ប្រទេស​ចិន និង​ក្រុម​ប្រទេស​ផ្តល់ជំនួយ​មក​យើង​។​

​សម្តេច​តេ​ជោ សូម​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ចូលរួម​ក្នុង​ប្រតិបត្តិការ ប្រឆាំង​កូ​វីដ​នេះ​ទាំងអស់គ្នា​។ សូម​ប្រែក្លាយ​វិបត្តិ​នៃ​ជំងឺ​នេះ ឲ្យ​ក្លាយទៅជា​កាលានុវត្តភាព នៃ​ការយកចិត្តទុកដាក់​ថែទាំ​សុខភាព របស់​ប្រជាពលរដ្ឋ​យើង​ម្នាក់ៗ​។ ក្នុង​ប្រតិបត្តិ​នេះ សម្តេច​តេ​ជោ​បាន​ផ្តល់ជូន​ម្នាក់​១​លាន​រៀល ស​សម្រាប់​ថ្ងៃ​ដំបូង និង​បន្ទាប់មកទៀត សម្តេច​តេ​ជោ បានទទួល​រ៉ាប់រង​ចិ​ញ្ជឹ​ម​ក្មួយៗ ពេទ្យ​ស្ម័គ្រចិត្ត ក្នុង​ប្រតិបត្តិការ​នេះ ទាំងអស់​១០០​ថ្ងៃ ដោយ​ម្នាក់ៗ​ទទួលបាន​ការ​ឧ​ប​ត្ត​ម្ភ ១​ខែ​ចំនួន​១​លាន​២​សែន រៀល​ដែលជា​ថវិការ​ក្រុមគ្រួសារ​សម្តេច​តេ​ជោ​ផ្ទាល់​។ ហើយ​សម្រាប់​ពេល​ហ្វឹកហាត់​វិញ ក្រសួង​នឹង​ផ្តល់ជូន​ពួកគាត់ ចំនួន​៨​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ និង​ពេលចេញ​ប្រតិបត្តិការ គឺ​ទទួលបាន​១៤​ម៉ឺន​រៀល ដូច​គ្រូពេទ្យ​ធម្មតា​ដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×