Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល គ្មាន​ជម្រើស​អ្វី ក្រៅតែពី​ការនាំ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ទៅ​ដាក់​ឱ្យនៅ​ដាច់ដោយឡែក ដើម្បី​តាមដាន និង​ពិនិត្យ​ព្យាបាល​

spot_img

​បន្ទាយមានជ័យ​៖ ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ សម្ដេច​ក្រឡាហោម បាន​គូសបញ្ជាក់ថា សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​ការសង្ស័យ​មាន​ជំងឺ​ក៏​កាច​សាហាវ​នេះ រាជរដ្ឋាភិបាល គ្មាន​ជម្រើស​អ្វី ក្រៅតែពី​ការនាំ​ពួកគាត់​យកទៅដាក់​ឱ្យនៅ​ដាច់ដោយឡែក ដើម្បី​តាមដាន និង​ពិនិត្យ​ព្យាបាល​ឡើយ ហើយ​សម្តេច​ថា សម្រាប់​ការដោះស្រាយ​បញ្ហា​នេះ ក្រៅតែពី​មន្ទីរពេទ្យ​រដ្ឋ​ដែលមាន​ស្រាប់ រាជរដ្ឋាភិបាល បាន​ចាត់តាំង​ឱ្យ​អភិបាលខេត្ត​នានា រៀបចំ​ទីកន្លែង​សម្រាប់​ការ​ស្នាក់នៅ​ដោយឡែក និង​ការពិនិត្យ​ព្យាបាល​ជំងឺ ជូន​ពលរដ្ឋ​រួច​នៅតាម​ទី​រួម​ខេត្ត​នីមួយៗ ដោយ​យក​អគារ​សាលារៀន មជ្ឈមណ្ឌល​រដ្ឋ និង​សណ្ឋាគារ​មួយចំនួន​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមីនា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជួប​សំណេះសំណាល ដោយផ្ទាល់​ជាមួយ​មន្ត្រី​នៃ​អង្គភាព និង​ស្ថាប័ន​នានា ដែល​កំពុង​បំពេញភារកិច្ច នៅតាម​បណ្ដា​ច្រកទ្វារព្រំដែន កម្ពុជា​-​ថៃ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ ដែល​ពិធី​ជួប​សំណេះសំណាល​នេះ បាន​ប្រារព្ធ​ឡើង​នៅ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​អញ្ជើញ​មានប្រសាសន៍​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងថា វត្តមាន​របស់​សម្ដេច​ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​នាឱកាស​នេះ គឺជា​ការរួម​គ្នា​មក​ផ្ដល់​ការលើកទឹកចិត្ត​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​បណ្ដា​អង្គភាព និង​ស្ថា​ប័​នានា ដែល​កំពុង​បំពេញភារកិច្ច​នៅតាម​បណ្ដា​ច្រកទ្វារព្រំដែន ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ជាពិសេស​នៅក្នុង​ស្ថានភាព​នៃ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ។​

​សម្ដេច​ក្រឡាហោម​បាន​បន្តថា ក្នុងនាម​រាជរដ្ឋាភិបាល ពិសេស​ក្នុងនាម​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ក្នុង​សម្ដេច​ផ្ទាល់ សម្ដេច​សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​មន្ត្រីរាជការ កងកម្លាំង​សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ទទួលបាន​ជោគជ័យ រួម​ណែ​ក​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ជាតិ​មាតុភូមិ បង្កលក្ខណៈ​សម្បត្តិ​ជូន​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន និង​ពលរដ្ឋ​នៅក្នុង​ប្រទេស​បាន​បំពេញការងារ អាជីវកម្ម និង​ធ្វើដំណើរ​ចេញចូល​ប្រកបដោយ​សេចក្ដីសុខ និង​សុវត្ថិភាព​។​

​សម្ដេច​ក៏បាន​គូសបញ្ជាក់​អំពី​ស្ថានភាព នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដែល​បាននិងកំពុង​កើតមាន នៅ​បណ្ដា​ប្រទេស​ស្ទើរ ពាសពេញ​ពិភពលោក ស្រប​ពេលដែល​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​បង្ការ មិនទាន់​ត្រូវបាន​ប្រទេស​ណាមួយ រកឃើញ​នៅឡើយ ។ សម្ដេច​បាន​បន្ថែមថា ថ្វី​ដ្បិត​មាន​អ្នកជំងឺ​មួយចំនួន​ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ ប៉ុន្តែ​ពិភពលោក​នៅតែមាន​ក្ដី​ព្រួយបារម្ភ​ខ្លាំង​នៅឡើយ ព្រោះតែ​អត្រា​អ្នក​ឆ្លង​ថ្មី និង​អ្នកស្លាប់​នៅតែ​បន្ត​មាន​កំណើន ។​

​សម្ដេច​បាន​មានប្រសាសន៍​ទៀតថា​ពេលនេះ ប្រទេស​ចិន​ដែលជា​ចំណុចកណ្ដាល​នៃ​ការផ្ទុះ​ដំបូង​ជំងឺ​កូ​វីដ​១៩ មាន​សភាព​ធូរស្បើយ​ច្រើន​ហើយ ប៉ុន្តែ​វា​បាន​ប្រឈម​ខ្លាំង​នៅ​តំបន់​អឺរ៉ុប និង​អាមេរិក ខណៈ​ប្រទេស​អាស៊ាន ក៏មាន​អ្នកជំងឺ​នេះ​គ្រប់​ប្រទេស​ដែរ គ្រាន់តែ​តិច និង​ច្រើន​ប៉ុណ្ណោះ ក្នុងនោះ​ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និង​ថៃ មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ច្រើន និង​កំពុង​ដាក់ចេញ​វិធានការ ដោះស្រាយ​ជា​បន្តបន្ទាប់ រហូតដល់​ដាក់​ប្រទេស​ស្ថិតក្នុង​គ្រាអាសន្ន​តែម្ដង ។​

​សម្ដេច​បាន​គូសបញ្ជាក់ថា វិធានការ​ចំ​បាច់​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​នេះ គឺ​ការកាត់បន្ថយ​ការទំនាក់ទំនង និង​ជួបជុំគ្នា​រវាង​ពលរដ្ឋ និង​ពលរដ្ឋ ហើយ​មិនមែន​តែ​ប្រទេស​ផ្សេង​ទេ កម្ពុជា​ក៏បាន​អនុវត្ត​ដែរ ដូចជា​ការបិទ​សាលារៀន បិទ​ក្លឹប​កំសាន្ត ខារ៉ាអូខេ និង​ទី​កំសាន្ត​ផ្សេងៗ ការផ្អាក​រៀបចំ​កម្មវិធី​សាសនា កិច្ចប្រជុំ និង​ព្រឹត្តិ​ការជួបជុំ​នានា ព្រមទាំង​បានដាក់​ចេញ​វិធាន​ការអប់រំ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន តាមរយៈ​គ្រប់​មធ្យោបាយ ទាំង​តាម​បណ្ដាញ​ទូរទស្សន៍ វិទ្យុ វេ​ប​សាយ និង​តាមរយៈ​ការចាក់​មេក្រូ​ចល័ត​តាម​ភូមិ ។​

​ពាក់ព័ន្ធ​នឹង​វិធាន​ការបិទ​ព្រំដែន​គោក​ព្រំដែន​គោក ជាមួយ​ប្រទេស​ថៃ និង​វៀតណាម សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា ថ្វីដ្បិតតែ​បាន​បិទ​ការចេញចូល របស់​ពលរដ្ឋ​ទាំងសងខាង ប៉ុន្តែ​បានអនុញ្ញាត​សម្រាប់ ការដឹកជញ្ជូន​ទំនិញ​ចេញចូល ក្រោម​លក្ខខណ្ឌ​រឹតបន្តឹង​តាម​គោលការណ៍​សុខាភិបាល​។ សម្ដេច​ក៏បានផ្ដល់​ការពន្យល់​ជាថ្មីទៀត​ដែរ​ថា ការ​សំរុក​វិល​ចូល​កម្ពុជា​វិញ ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ​កន្លងមក គឺ​ដោយសារ​អាជ្ញាធរ​ថៃ បានសម្រេច​បិទ​ការដ្ឋាន​ការងារ​មួយចំនួន​ផង ពួកគាត់​មានការ​ភ័យខ្លាច​ផង​ក៏​សម្រុក​វិល​មកវិញ​។​

​ពាក់ព័ន្ធ​នឹង​ការវិលត្រឡប់​ចូល​ប្រទេស​វិញ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា គិត​មកដល់​ថ្ងៃ​ម្សិលមិញ​នេះ នៅតែមាន​ពលរដ្ឋ​ខ្មែរ​ពី​ប្រទេស​ថៃ ឡាវ និង​វៀតណាម ធ្វើដំណើរ​ចូលមក​ប្រទេស​ជា​បន្តបន្ទាប់ ហើយ​យើង​ដាច់ខាត​មិនអាច​បដិសេធ មិនឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​វិល​ចូល​ប្រទេស​បានឡើយ​។ សម្ដេច​បាន​បន្ថែមថា សម្រាប់​ពលរដ្ឋ​ដែល​បាន​វិល ទៅដល់​ភូមិកំណើត​ហើយ​នោះ អាជ្ញាធរ​ភូមិ​ឃុំ​បាន​ចុះ​ស្រាវជ្រាវ កំណត់​អត្តសញ្ញាណ​ពួកគាត់ និង​បាន​ស្នើសុំ​នៅ​ដោយឡែក​ដើម្បី​តាមដាន​សុខភាព​។​

​ពាក់ព័ន្ធ​នឹង​ការវិល​ចូល​ប្រទេស​វិញ តាម​ច្រកទ្វារ​ខេត្តបន្ទាយមានជ័យ សម្ដេច​បានផ្ដល់​ការណែនាំ​ថា មន្ត្រី​យើង​ទាំងអស់​ត្រូវខិតខំ​បំពេញ​តួនាទី ប្រកប​ដោយមាន​មនសិការ​ខ្ពស់ ក្នុង​ការទទួល​បងប្អូន​ខ្មែរ​យើង ត្រូវ​ប្រកាន់​សីលធម៌​ថ្លៃថ្នូរ​ទន់ភ្លន់ មិន​ប្រើ​ពាក្យសម្ដី​គ​ម្រោះ​គម្រើយ ឬ​បង្ក​ការលំបាក​ដល់​ពួកគាត់ ពីព្រោះ​ពួកគាត់​ជួប​ការលំបាក ហើយ​ទើបបានជា​សម្រេចចិត្ត​វិល មក​ប្រទេស​កំណើត​វិញ​។ សម្ដេច​បាន​ណែនាំ​ឱ្យ​កំណត់​អត្តសញ្ញាណ​ពួកគាត់ ឱ្យបាន​ច្បាស់​ដើម្បី​ងាយស្រួល តាមរក​ពួកគាត់​ប្រសិនបើ មាន​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ។​

​ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម ក៏បាន​មានប្រសាសន៍ថា គោលការណ៍​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា និង​ថៃ មិនមាន​ការប្រែប្រួល​នោះទេ ពោលគឺ​អ្វីដែល​បានកើត​ឡើង​នេះ គឺ​ដោយសារ​គ្រាអាសន្ន​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩ ដែល​ទាមទារ​ឱ្យ​ភាគី​ទាំងសងខាង មានការ​យោគយល់​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​ធានា​ការពារ​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំងពីរ​។ សម្ដេច​បាន​ណែ​នាំឱ្យ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បន្ត​ទំនាក់ទំនង​ផ្លាស់ប្ដូរ​ព័ត៌មាន​ជាមួយ​ភាគី​ថៃ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ថ្មីៗ ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×