Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​អ្នកកាសែត​២​នាក់ ទៅ​តុលាការ ​​ពាក់ព័ន្ធ​ករណី ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សម្លៀកបំពាក់ យានយន្ដ តួនាទី

spot_img

​ខេត្តស្វាយរៀង ៖ សម​កិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ ទី​២៦ ខែមីនា ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ ២​នាក់​ដែលជា​អ្នកកាសែត ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​ពាក់ព័ន្ធ​ករណី ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សម្លៀកបំពាក់ ជាអាទិ៍ សម្រាប់​អាជ្ញាធរ​សាធារណៈ និង​បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ នូវ​យានយន្ដ ដែលមាន​សញ្ញា​សម្គាល់​ប្រើប្រាស់​ដោយ​នគរបាល ឬ​យោធា និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ ក្នុងការ​បំពេញ​មុខងា​រ​សាធារណៈ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា យោងតាម​ការអនុញ្ញាត​ធ្វើ​ការបើក​ការស៊ើបអង្កេត​បឋម​លេខ ០២ អ​.​យ ចុះហត្ថលេខា​ដោយ​លោក ស៊ន មុនី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០​។ អនុញ្ញាតឱ្យ​មន្ត្រីនគរបាល​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ធ្វើការ​ស៊ើបអង្កេត​បឋម លើ​ករណី​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សម្លៀកបំពាក់ ជាអាទិ៍ សម្រាប់​អាជ្ញាធរ​សាធារណៈ និង​បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​យានយន្ដ ដែលមាន​សញ្ញា​សម្គាល់​ប្រើប្រាស់ ដោយ​នគរបាល ឬ​យោធា និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ ទៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ​។

​ប្រភព​ដដែល​បាន​បន្តថាៈ តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ហាស់ ស្រីមុំ ភេ​ស​ស្រី អាយុ ៣២​ឆ្នាំ មុខរបរ​អាជីវករ មាន​ទីលំនៅ​ភូមិ​ថ្ម​ស ឃុំ​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០​។ ក្រោយពី​បានការ​អនុញ្ញាត មន្ត្រីនគរបាល​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​កោះហៅ​ជនសង្ស័យ​ចំនួន ២​នាក់ គឺ​១.​ឈ្មោះ អុន សំអឿន (​ឈ្មោះ​ធ្លាប់ប្រើ ហង្ស ប​ណ្ឌ​ត ) ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្ពឺ​ខាងកើត ឃុំ​ស្ពឺ​ក ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ ២.​ឈ្មោះ ណ​យ ចំណាន (​ឈ្មោះ​ធ្លាប់ប្រើ ណាន​) ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃ​ស​ម្ភ័​រ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ឱ្យចូល​ខ្លួន​មក​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ដើម្បី​ធ្វើការ​សាកសួរ​។
​ក្រោយពី​បញ្ចប់​ការសាកសួរ មន្ត្រីនគរបាល​យុត្តិធម៌ បាន​រាយការណ៍​ជូន​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​។ ដោយបាន​ការអនុញ្ញាត​ពី​លោក ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង បានឱ្យ​មន្ត្រីនគរបាល​យុត្តិធម៌ ធ្វើការ​ឃាត់ខ្លួន​ជនជាប់សង្ស័យ បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​។​

​បច្ចុប្បន្ន ជនជាប់សង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្តស្វាយរៀង កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕ ដោយ​៖ វ៉ៃ​កូ​


spot_img
×