តាកែវ៖ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយអភិបាលក្រុងស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធនៅព្រឹកថ្ងៃ ព្រហស្បត្ត៍ ទី ២៦ ខែ មីនា ឆ្នាំ ២០២០នេះ ឯកឧត្តមអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា អភិបាលក្រុងស្រុក ត្រូវណែនាំដល់អាជ្ញាធរឃុំ ថ្នាក់ដឹកនាំភូមិ ប្រជាការពារ និងយុវជន ឲ្យចុះផ្សព្វផ្សាយតាមភូមិ ក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ នូវសារអប់រំរបស់ ក្រសួងសុខាភិបាល តាមរយៈឧបករណ៍បំពងសំឡេង ស្តីពីវិធានការណ៍បង្ការ ទប់ស្កាត់មេរោគ Covid-19 ដល់បងប្អូនប្រជាពលរដ្ឋ ហើយក៏ត្រូវសហការជាមួយក្រុមគ្រូពេទ្យ ចុះទៅបាញ់ថ្នាំសម្លាប់មេរោគតាមផ្សារ សាលារៀន វត្តអារ៉ាមនិងទីសាធារណៈផ្សេងទៀតផងដែរ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩នេះ។
អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំដល់មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវរួមសហការគ្នាចុះផ្សព្វផ្សាយ និងបាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារ សាលារៀន ទីសាធារណៈមួយចំនួនទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យរីករាលដាល និងការពារជំងឺកូវីដ១៩ នៅពេលដែលជំងឺនេះកំពុងតែផ្ទុះឡើង នៅតាមបណ្ដាលប្រទេសមួយចំនួន ហើយដែលប្រទេសកម្ពុជាយើង ក៏កំពុងតែកើតមានឡើងផងដែរ។
ឯកឧត្តម អ៊ូច ភា បានថ្លែងបន្តថា អភិបាលក្រុងស្រុករួមនឹងមន្ត្រីរបស់ខ្លួន ក៏ត្រូវចុះធ្វើសកម្មភាព តាមរយៈការចុះអប់រំណែនាំដល់ខ្នងផ្ទះ របស់បងប្អូនពលករចំណាកស្រុក ដែលទើបវិលមកភូមិកំណើតនូវរបៀបថែរក្សាអនាម័យ ឲ្យបានត្រឹមត្រូវ និងត្រូវណែនាំពួកគាត់ឲ្យស្នាក់នៅក្នុងផ្ទះចំនួន១៤ថ្ងៃជាមុនសិន ហើយប្រសិនបើពួកគាត់ មានរោគសញ្ញាមួយចំនួនដូចជា គ្រុនក្តៅយ៉ាងតិច ៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជានោះ ត្រូវទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។ ការធ្វើបែបនេះ គឺដើម្បីចូលរួមទប់ស្កាត់ការរីករាដាល នៃមេរោគកូវីដ១៩ ដែលកំពុងតែកើតមានឡើង នៅក្នុងប្រទេសកម្ពុជាយើង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់អភិបាលស្រុក ជាប់ព្រំដែនត្រូវធ្វើការសម្របសម្រួល ជាមួយអាជ្ញាធរប្រទេសវៀតណាម ដើម្បីឲ្យដំណើរការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសទាំង២ មានភាពល្អប្រសើរ ជាពិសេសត្រូវជួយសម្រួល ដល់ការដឹកជញ្ជូនស្រូវ ទៅលក់នៅប្រទេសវៀតណាម របស់ប្រជាកសិករខ្មែរយើង ឲ្យបានរលូននិងកុំឲ្យមានការាំងស្ទះឲ្យសោះ ព្រោះព្រំដែនយើងបិទតែមនុស្សមិនឲ្យចេញចូល តែទំនិញគឺនៅចរាចរណ៏ដដែល៕ដោយ៖តាកែវ