Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ឆបោក​លក់​ដី​ខ្យល់ និង​យកលុយ​កក់​ពី​អ្នកទិញ​ជាង ៦០០០០​ម៉ឺន​ដុល្លារ តែ​គ្មាន​ដី​ឲ្យ​គេ​

spot_img

ខេត្តកណ្ដាល​៖ នគរបាល​ខេត្តកណ្តាល បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ឆបោក​លក់​ដី​ខ្យល់ និង​យកលុយ​កក់​ពី​អ្នកទិញ​ជាង ៦០០០០​ម៉ឺន​ដុល្លារ ។ ជនសង្ស័យ បាន​សារភាព​ប្រាប់​នគរបាល​ថា ខ្លួន​ពិតជា​បាន ទទួល​ប្រាក់​កក់​ចំនួន ៦០០០០​ម៉ឺន​ដុល្លារ​ពី​ជនរងគ្រោះ​ពិតប្រាកដ​មែន តែ​ខ្លួន​មិនមាន​ដី​លក់​ឲ្យ​ជនរងគ្រោះ ដូចដែល​បានធ្វើ​កិច្ចសន្យា​ទទួល​ប្រាក់​កក់​។​

​នគរបាល​នៃ​ការ​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ក្រោម​ការបញ្ជា​ដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការ​ខេត្តកណ្ដាល និង​លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ធ្វើការ​ចាប់ខ្លួន​បុរស​សង្ស័យ​ម្នាក់ ឆបោក​លក់​ដី​ខ្យល់​ប្រមាណ​ជាង​២០០​ហិច​តា និង​យកលុយ​កក់​ពី​អ្នកទិញ​ជាង​៦០០០០​ម៉ឺន​ដុល្លារ ។
​ករណី​ចាប់ខ្លួន​នេះ ធ្វើឡើង​នៅ​វេ​១៤​និង​១០​នាទី ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ ត្រង់ចំណុច​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្តាល ។​

​មន្ត្រីនគរបាល​ខេត្តកណ្ដាល​បាន​ឲ្យ​ដឹងថា​៖ ជនសង្ស័យ​ឈ្មោះ ភួង សំ​អ៊ុ​ល ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្តាល ។ ចំណែក​ជនរងគ្រោះ​ជា​អ្នកទិញ​ឈ្មោះ នង ទ្រា​វ អាយុ​៥៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែកបាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល ។​

​ប្រភព​ដដែល​បន្តថា​៖ កាល​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ ជនសង្ស័យ​ឈ្មោះ ភួង សំ​អ៊ុ​ល មក​ទំនាក់ទំនង​ជាមួយ​ជនរងគ្រោះ​ដើម្បី​លក់​ដីស្រែប្រាំង​មួយកន្លែង​របស់ខ្លួន ដែល​ស្ថិតនៅ​ចំណុច​អូរ​ពាម​រាំង ភូមិ​តា​ហ៊ីង ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្តាល មាន​ទំហំ​២០៨​ហិកតា លក់​ក្នុងតម្លៃ​៤០០០​ដុល្លារ​ក្នុង​១​ហិកតា ជនរងគ្រោះ​ក៏​យល់ព្រម​ទិញ​ហើយក៏​ធ្វើឯកសារ​កិច្ចសន្យា ទិញ​-​លក់​ដី រួច​ប្រគល់​ប្រាក់​កក់​មាន​សាក្សី​ផ្តិតមេដៃ​ដឹងឮ​ទាំងសងខាង​ទៀតផង ដោយបាន​ឯកភាពគ្នា​សន្យា​កំណត់​ថ្ងៃ​ប្រគល់​ប្រាក់​កក់​៖ -​លើក​ទី​១ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ ជនរងគ្រោះ​បាន​កក់​ប្រាក់​ទៅ​ឲ្យ​ជនសង្ស័យ​ឈ្មោះ ភួង សំ​អ៊ុ​ល ចំនួន​២៥០០០​ដុល្លារ ,​លើក​ទី​២ ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ជនរងគ្រោះ​បាន​កក់​ប្រាក់​ទៅអោយ​ជនសង្ស័យ​ឈ្មោះ ភួង សំ​អ៊ុ​ល ចំនួន ៣៥០០០​ដុល្លារ ហើយ​នៅមាន​វគ្គ​បន្តបន្ទាប់​ទៀត​សរុប​ជាង​៦០០០០​ម៉ឺន​ដុល្លារ ។ ក្រោយមក បែរជា​ជនសង្ស័យ​ឈ្មោះ ភួង សំ​អ៊ុ​ល ក៏​ចាប់ផ្ដើម​គេចវេះ ធ្វើ​ឲ្យ​ជនរងគ្រោះ​មានការ​សង្ស័យ​ក៏​សម្រេចចិត្ត​ចុះ​ពិនិត្យមើល​ផ្ទៃដី ដែល​បាន​ទិញ​នៅ​តំបន់​នោះ លទ្ធផល​បញ្ជាក់ថា​ឈ្មោះ ភួង សំ​អ៊ុ​ល ពុំមាន​ដី​នៅ​ចំណុច​ខាងលើ ដែល​ខ្លួន​បានប្រកាស​លក់​ឲ្យ​ជនរងគ្រោះ​នោះទេ តាម​ការពិត​ដី​នោះ គឺមាន​ម្ចាស់​ផ្សេង​ជា​អ្នកគ្រប់គ្រង ។ លុះ​មកដល់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ ទើប​ជនរងគ្រោះ ដាក់ពាក្យ​បណ្ដឹង ទៅ​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឲ្យ​ចប់​ខ្លួន ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាពថា ខ្លួន​ពិតជា​បាន ទទួល​ប្រាក់​កក់​ចំនួន ៦០.០០០​ម៉ឺន​ដុល្លារ​ពី​ឈ្មោះ នង ទ្រា​វ ពិតប្រាកដ​មែន កាល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ តែ​ខ្លួន​មិនមាន​ដី​លក់​ឲ្យ​ជនរងគ្រោះ ដូចដែល​បានធ្វើ​កិច្ចសន្យា​ទទួល​ប្រាក់​កក់​នោះទេ ។​

​ករណីនេះ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×