Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ប្រាប់​អា​មេ​រិច​ថា ការរួម​ដៃ​ជា​វិធី​តែមួយ ដែល​អាច​ដោះស្រាយ​បញ្ហា​វីរុស​បាន​

spot_img

​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​បាន​ប្រាប់​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ តាម​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ថា គាត់​សង្ឃឹមថា អា​មេ​រិច​នឹង​ចាត់វិធានការ​សំខាន់ៗ ដើ​ម្ប​បង្កើន​ចំណងមិត្តភាព​ទ្វេរ​ភាគី នៃ​ប្រទេស​ទាំងពីរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងការបរទេស​ចិន​។​

​លោក ស៊ី ក៏បាន​ប្រា​ប់លោក ត្រាំ​ដែរ​ថា កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ គឺជា​វិធី​ដ៏​ត្រឹមត្រូវ​តែមួយគត់ ហើយ​ចិន​មាន​ឆន្ទៈ​គាំទ្រ​អា​មេ​រិច ក្នុងការ​ដោះស្រាយ​បញ្ហា​វីរុស​កូ​រ៉ូ​ណា​។​

​ការលើកឡើង​របស់​ចិន​នេះ កើតឡើង​ក្រោយពេល​មាន​សង្គ្រាម​ពាក្យពេចន៍ រវាង​ទីក្រុង​ប៉េកាំង និង​វ៉ាស៊ីនតោន លើ​បញ្ហា​ជាច្រើន​ដូចជា ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា ដែល​បាន​ផ្ទុះឡើង​នៅ​ប្រទេស​ចិន កាលពី​ចុង​ឆ្នាំមុន ហើយ​រហូតមក​ដល់ពេលនេះ បាន​រាតត្បាត​ទូទាំង​ពិភពលោក​។​

​លោក ត្រាំ និង​មន្ត្រីជាន់ខ្ពស់​អា​មេ​រិច​ជាច្រើន បាន​ចោទប្រកាន់​ចិន​ថា គ្មាន​តម្លាភាព​លើ​បញ្ហា​វីរុស ដែល​បានសម្លាប់​មនុស្ស​ជាង ២៤.០០០​នាក់ ដែល​ការ​ចោទ​នោះ​ធ្វើ​ឲ្យ​ចិន​ខឹង​យ៉ាងខ្លាំង​។​

​នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ លោក ស៊ី ជីន​ពីង បានបញ្ជាក់​សាជាថ្មី​ប្រា​ប់លោក ត្រាំ​ថា ចិន​តែង​បើកចំហរ និង​មាន​តម្លាភាព ពី​ការ​រាតត្បាត​នៃ​វីរុស​នោះ​។​

​លោក ស៊ី ក៏បានផ្តល់​ការគាំទ្រ​ដល់​អា​មេ​រិច​ផងដែរ ដែល​ពេលនេះ​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ច្រើន​បំផុត​ក្នុង​លោក​។​

​លោក ត្រាំ បាន​និយាយ​នៅក្នុង​បណ្តាញ​សង្គម Twitter ថា លោក​បាន​ពិភាក្សា​លម្អិត​ពី​ការផ្ទុះ​វីរុស ជាមួយនឹង​លោក​ស៊ី​។​

​លោក ត្រាំ​បាន​សរសើរ​ចិន​ថា “​ចិន​បាន​ឆ្លងកាត់​យ៉ាងច្រើន និង​អភិវឌ្ឍន៍​ការយល់ដឹង​យ៉ាងខ្លាំង​ពី​វីរុស​”​។ “​ពួកយើង​កំពុងធ្វើការ​ងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា ដោយ​ការគោរព​យ៉ាងខ្លាំង​”​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃ​សុក្រ​នេះ អា​មេ​រិច​បាន​ឡើងមក​កំពូល​តារាង ដែលមាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ច្រើន​បំផុត ក្នុង​ពិភពលោក ដោយ​ប្រទេស​មហាអំណាច​យោធា និង​សេដ្ឋកិច្ច​នេះ មាន​អ្នក​ឆ្លង​ជាង ៨៥.០០០​នាក់ និង​មាន​អ្នកស្លាប់​ជាង ១.២០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×