Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រូពេទ្យ​ចិន នឹង​បណ្តុះបណ្តាល មន្ត្រី​សុខាភិបាល នៅតាម​រាជធានី ខេត្ត អំពី​ការធ្វើ​តេស្ត និង​ការពិសោធ ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩

spot_img

​ព្រះសីហនុ​៖ នា​រសៀល​ថ្ងៃ​សុក្រ ទី​២៧ ខែមីនា ឆ្នាំ​២០២០ គណៈប្រតិភូ​ក្រុមគ្រូពេទ្យ​ចិន ដឹកនាំ​ដោយ​លោក អៃ ស៊ា​ង (AI XIANG) អនុប្រធាន​ការិយាល័យ​សុខាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើការ​ចែករំលែក​បទពិសោធ ក្នុងការ​ព្យាបាល និង​ទប់ស្កាត់​ជំងឺ Covid-19 នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ ។​

​លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​ថ្លែង អំណរគុណ ដល់​គណៈប្រតិភូ​ក្រុមគ្រូពេទ្យ​ចិន ដែល​បាន​អញ្ជើញ​មកកាន់ ខេត្ត​ព្រះសីហនុ និង​បាន​ជម្រាបជូន​អំពី​វិធានការ​ទប់ស្កាត់ Covid-19 ទី​១. នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ទី​២.​ច្រក​កំពង់ផែ​សមុទ្រ និង​ទី​៣.​ការផ្សព្វផ្សាយ​ទប់ស្កាត់​នៅតាម​មូលដ្ឋាន ឃុំ សង្កាត់ ក្រុង ស្រុក ។ យើង​ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ Airline ក្នុងការ​តាមដាន ស្ថានភាព​ភ្ញៀវ​នៅលើ​យន្តហោះ​។
​លោក​ក៏បាន​ជម្រាបជូន​ប្រតិភូ​ផងដែរ​ថា កាលពី​ខែកុម្ភៈ​កន្លងមក កម្ពុជា​បានទទួល​នាវា Westerdam ឱ្យចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដោយមាន​ការទទួល​ស្វាគមន៍ ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ខណៈពេល​ដែលមាន​ប្រទេស ៦ ផ្សេងទៀត មិន​អនុញ្ញាត​ឱ្យចូល​ចត ទាំងនេះ​គឺ​បង្ហាញ​អំពី​ទឹកចិត្ត​មនុស្សធម៌​របស់​កម្ពុជា ទៅកាន់​សកលលោក ។​

​លោក ម៉ាង ស៊ី​ណេ​ត បន្តថា នៅ​ខេត្ត​ព្រះសីហនុ​មាន​អ្នកជំងឺ Covid-19 ចំនួន ៣៦​នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន ១​នាក់​(​បានជា​សះស្បើយ​) ជនជាតិខ្មែរ ២ នាក់​(​ជា​អ្នកបកប្រែ​) និង ជនជាតិ​បារាំង​៣៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ សណ្ឋាគារ​មួយ​ដោយ​ដាក់​នៅ​ដាច់ដោយឡែក​ពីគ្នា​។​

​លោក អៃ ស៊ា​ង (AI XIANG) បាន​ជម្រាបជូន​លោក​អភិបាលរង​ខេត្ត​ថា វិធានការ ផ្សព្វផ្សាយ​របស់​ចិន និង​កម្ពុជា អំពី​វិធី​ការពារ និង​ទប់ស្កាត់​ជំងឺ Covid-19 ជូន​ដល់​សាធារណជន មាន​ប្រហាក់ប្រហែលគ្នា ក៏ប៉ុន្តែ​ការព្យាបាល​មានការ​ខុសគ្នា​ខ្លះ ។ ជាមួយគ្នានេះដែរ ដោយសារ​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា មាន​ទំនាក់ទំនង​ល្អ និង​ចំណង​ការទូត​ដ៏​រឹងមាំ ទើប​រដ្ឋាភិបាល​ចិន បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត មកជួយ​ព្យាបាល​ទប់ស្កាត់​ជំងឺ Covid-19 នៅ​កម្ពុជា ដោយ​ក្រុមគ្រូពេទ្យ​របស់លោក បានធ្វើ​ការងារ​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​ចែករំលែក​បទពិសោធ និង​វិធីសាស្ត្រ​ក្នុងការ​ព្យាបាល និង​ការទប់ស្កាត់​ការឆ្លង​ជំងឺ Covid-19 មានដូចជា​៖ ទី​១.​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​ឱ្យនៅ​ឆ្ងាយ ពី​ជនបរទេស ឬ​ជន​ចំណូល​ថ្មី​។ ២.​ទប់ស្កាត់​ជំងឺ ដែល​នាំចូល​ពី​ក្រៅប្រទេស​។ ៣.​ការព្យាបាល​។ ៤.​បណ្តុះបណ្តាល ដល់​មន្ត្រី​សុខាភិបាល នៅតាម​រាជធានី ខេត្ត អំពី​ការធ្វើ​តេស្ត និង​ការពិសោធ ៥.​បណ្តុះបណ្តាល​ក្រុមគ្រូពេទ្យ នៅតាម​មន្ទីរពេទ្យ​ក្នុងការ​ព្យាបាល​ជំងឺ Covid-19 ។​

​ក្នុងនោះ​ផងដែរ លោក អៃ ស៊ា​ង (AI XIANG) ចង់ឱ្យ​ខេត្ត​នីមួយៗ មាន​មន្ទីរពិសោធន៍​ខ្លួនឯង ដោយ​មិនចាំបាច់ នាំយក​នូវ​សំណាក​ទៅកាន់ រាជធានី​ភ្នំពេញ​នាំឱ្យ​ខាត​ពេលវេលា ។​

​ជាមួយគ្នានេះ លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ថ្លែង អំណរគុណ​ដល់ លោក អៃ ស៊ា​ង (AI XIANG) និង​គណៈប្រតិភូ​ទាំងអស់ ដែល​បានធ្វើការ​ចែករំលែក នូវ​បទពិសោធ​ល្អៗ ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង នឹង​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​។

​លោក ម៉ាង ស៊ី​ណេ​ត ក៏បាន​ស្នើសុំ​ទៅ រដ្ឋាភិបាល​ចិន តាមរយៈ លោក អៃ ស៊ា​ង (AI XIANG) ដែលជា​ប្រធាន​ប្រតិភូ នូវ​សម្ភារ​បរិក្ខារ ដើម្បី​ធ្វើការ​ព្យាបាល និង​ទប់ស្កាត់ Covid-19 នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ បន្ថែមទៀត​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×