ខេត្តស្វាយរៀងៈ ប្រធានគណៈកម្មការប្រយទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តស្វាយរៀង បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅខេត្តស្វាយរៀងទើបមកពីចំណាកស្រុកជិតមួយពាន់នាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាពពាក់ព័ន្ធនិងជំងឺកូវីដ១៩។
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការបង្កើតក្រុមការងារ ដើម្បីទទួលខុសត្រូវសម្របសម្រួល ក្នុងការដឹកនាំក្រុមការងារ ទទួលប្រជាពលរដ្ឋ មានទីលំនៅ នៅខេត្តស្វាយរៀង ដែលវិលត្រឡប់មកពីប្រទេសថៃ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ដោយអនុវត្តតាមស្មារតីលិខិតលេខ១០០៧ សជណ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងារ ដែលទទួលខុសត្រូវ និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀង មកពីប្រទេសថៃ ត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃ។ ត្រូវចាត់ចែងមធ្យោបាយសមស្រប ដើម្បីដឹកជញ្ជូនពួកគាត់ មកកាន់លំនៅដ្ឋាន រួមទាំងការឧបត្ថម្ភ នូវម្ហូបអាហារ ទឹក សម្ភារ និងថ្នាំពេទ្យជាដើម។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំ ឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាព សុខភាព និងទ្រព្យសម្បត្តិរបស់ពួកគាត់ ព្រមទាំងសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅពេលធ្វើដំណើរត្រឡប់មកវិញ ។ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចុះតាមខ្នងផ្ទះ ដែលប្រជាពលរដ្ឋទើបមកពីប្រទេសថៃ ដោយណែនាំ ពួកគាត់ឲ្យដាក់ខ្លួន ដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ស្របតាមនីតិវិធីកំណត់ របស់ក្រសួងសុខាភិបាល និងបង្កើនសកម្មភាពផ្សព្វផ្សាយ អំពីវិធីបង្ការ និងទប់ស្កាត់ ការឆ្លងវីរុសកូវីដ១៩ នៅតាមមូលដ្ឋានរៀងៗខ្លួន ៕ដោយ៖ វ៉ៃកូ