Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណុំរឿង ឪពុកមា​របស់​តារាចម្រៀង ជុំ លី​ណូ ទទួលបាន​យុត្តិធម៌ បន្ទាប់ពី​ប្រើពេល​ប្តឹងតវ៉ា អស់​រយៈពេល​៥​ឆ្នាំ​

spot_img

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២០ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ឃុំខ្លួន​ទណ្ឌិត លេខ 015 អ​.​យ​.​ឃ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​ស្រាវជ្រាវ​រក​ចាប់​ទណ្ឌិត ០១​រូប​ឈ្មោះ ភុំ មុនី​រ័ត្ន ដែលជា​អតីត​ជា​ព្រះសង្ឃ​ល្បីឈ្មោះ លួច​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រពន្ធ​របស់​ឪពុកមា​តារាចម្រៀង ជុំ លី​ណូ និង​បាន​ប្រើ​ហឹ​ង្សា​លើ​កូនចុង ដែលជា​អ​និតិ​ជន ត្រូវបាន​តុលាការ​បី​ថ្នាក់ សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ ឲ្យ​ជាប់ពន្ធនាគារ រយៈពេល​២​ឆ្នាំ​៦​ខែ ពិន័យ​ជា​ប្រាក់​៤​លាន​រៀល និង​សង​សំណង​រដ្ឋប្បវេណី​និង​សំណង​ជំងឺ​ចិត្ត ចំនួន​១២​លាន​រៀល ទៅ​ដើមបណ្តឹង​។​

​គួរ​រំលឹក​ដែរ​ថា កាលពី​ឆ្នាំ​២០១៥ មាន​ករណី ជម្លោះ​ដ៏​ក្តៅគគុក​មួយ​កើតឡើង​រវាង​គ្រួសារ​ឪពុកមា របស់​តារាចម្រៀង ជុំ លី​ណូ និង​អតីត​សង្ឃ​ល្បី​មួយអង្គ​ឈ្មោះ ភុំ មុនី​រ័ត្ន ។ លោក មាស ឡេង ដែលជា​ឪពុកមា របស់​តារាចម្រៀង ជុំ លី​ណូ បាន​រៀបរាប់ថា ប្រពន្ធ​គាត់​បាន​សុំ​ធ្វើលិខិត​លែងលះ​ម្តង​ហើយ​ម្តងទៀត ដោយ​ប្រាប់ថា​ដើម្បី​រក​អ្នក​មក​ការ​និង​ធានា​យក​កូន​ទៅ​នៅ​អូស្ត្រាលី ទោះបី​លោក​ហាមឃាត់​យ៉ាងណា​ក៏​នាង​មិន​ព្រម ទើប​លោក​សម្រេចចិត្ត​ផ្តិតមេដៃ​លែងលះ​ប្រគល់​កូន​ទាំងបី​ឲ្យ​ទៅ​ម្តាយ​ជា​អ្នកគ្រប់គ្រង តែ​មិន​នឹកស្មានថា អតីត​សង្ឃ​ល្បីឈ្មោះ ភុំ មុន្នី​រ័ត្ន បាន​លួច​ទំនាក់ទំនង​ជាមួយ​ប្រពន្ធ​របស់ខ្លួន តាំងពី​នៅ​ជា​សង្ឃ​នោះឡើយ​។ បន្ទាប់ពី​លោក​បាន​ផ្តិតមេដៃ​លែងលះ​ប្រពន្ធ​បាន​៣​ខែ អតីត​សង្ឃ​អង្គ​នោះ ក៏បាន​សឹក មក​រៀបការ​ជាមួយ​ប្រពន្ធ​ខ្លួន​តែម្តង​។

​កូនស្រី​០២​រូប និង​កូនប្រុស​០១​រូប ដែល​លោក មាស ឡេង បានប្រគល់​ឲ្យ​ទៅ​ម្តាយ​គ្រប់គ្រង គឺ​សុទ្ធ​តែមាន​អាយុ​តិចជាង​១២​ឆ្នាំ អំឡុងពេល រស់នៅ​ជាមួយ​ឪពុកចុង រយៈពេល​១​ឆ្នាំ កូនស្រី​ទាំង​០២​របស់លោក ត្រូវបាន​ឪពុកចុង​មានឈ្មោះ ភុំ មុនី​រ័ត្ន អតីត​ជា​ព្រះសង្ឃ​ផង​នោះ បានធ្វើ​ទារុណកម្ម​ជាច្រើនលើក ហើយ​មាន​សភាព​ធ្ងន់ធ្ងរ បង្ក​ស្លាកស្នាម​លើ​រាងកាយ គួរ​ឲ្យ​ខ្លោចចិត្ត​បំផុត​។ ក្រោយពេល​ដឹងថា ប្ដី​ចុង​អតីត​ភរិយា​របស់លោក ធ្វើ​ទារុណកម្ម​លើ​កូនស្រី​យ៉ាងធ្ងន់ធ្ងរ ហើយ​លោក​មាន​ទាំង​ភស្តុតាង និង​សាក្សី​ទៀត​នោះ លោក​ក៏បាន​ដាក់ពាក្យ​ប្ដឹង​ទាមទារ​សិទ្ធិ គ្រប់គ្រង​ចិញ្ចឹម​កូន​ទាំង​៣​មកវិញ​។ ប៉ុន្តែ​នៅពេលដែល​លោក​ប្ដឹង​ទាមទារ សិទ្ធិ​គ្រប់គ្រង​កូន​ទាំង​៣​មកវិញ​នោះ ស្រាប់តែ​ខាង​អតីត​ភរិយា​និង​ប្ដី​ចុង បាន​ប្ដឹង​លោក​ពីបទ ពង្រត់​និង​បង្ខាំង មនុស្ស​ខុសច្បាប់ ទៅកាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដោយ​សំណូមពរ​ឲ្យ​លោក​ជាប់គុក និង​ទាមទារ​ឲ្យ​សងជំងឺចិត្ត​១០​ម៉ឺន​ដុល្លារ​ទៀតផង​។​

​ការ​ប្តឹងផ្តល់​បានអូសបន្លាយ​រហូតដល់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច ដោយបាន​កាត់ក្ដី​ឲ្យ​ជនជាប់ចោទ​ឈ្មោះ ភុំ មុនី​រ័ត្ន អតីត​ជា​ព្រះសង្ឃ​ល្បីឈ្មោះ ក្នុង​សំណុំរឿង​ប្រើ​អំពើហិង្សា លើ​អ​និតិ​ជន ដោយ​តុលាការ​បាន​កាត់​ឲ្យ​ជាប់ពន្ធនាគារ រយៈពេល​២​ឆ្នាំ​៦​ខែ ពិន័យ​ជា​ប្រាក់​៤​លាន​រៀល និង​សង​សំណង​រដ្ឋប្បវេណី​និង​សំណង​ជំងឺ​ចិត្ត ចំនួន​១២​លាន​រៀល ទៅ​ដើមបណ្តឹង​។ ប៉ុន្តែ​សាលក្រម មិន​ត្រូវបាន​អនុវត្ត​ទេ​ដោយ​ជនជាប់ចោទ ភុំ មុនី​រ័ត្ន បានដាក់​ពាក្យ​ប្ដឹងទៅ​ឧទ្ធរណ៍​បន្តទៀត​។​

​នៅ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៨ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ភ្នំពេញ បានប្រកាស​ជា​សាធារណៈ ដោយ​វិនិច្ឆ័យ​សេចក្តី​តម្កល់​សាលក្រម​ព្រហ្មទណ្ឌ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជាបានការ ជនជាប់ចោទ ភុំ មុនី​រ័ត្ន ក៏​បន្ត​ប្តឹង​សាទុក្ខ ទៅ​តុលាការ​កំពូល​ថែមទៀត​។​

​នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ តុលាការ​កំពូល បានប្រកាស​សវនាការ​ជា​សាធារណៈ និង តម្កល់​សាល​
​ដីកា​ព្រហ្មទណ្ឌ របស់​សាលាឧទ្ធរណ៍​ភ្នំពេញ ទុកជាបានការ​ពេញ​ទាំងមូល​ដដែល​។​

​បើទោះបីជា តុលាការ​ទាំងបី​ថ្នាក់ បានសម្រេច​ឲ្យ​លោក មាស ឡេង ឈ្នះក្តី​ក៏ដោយ តែ​ទណ្ឌិត​ឈ្មោះ ភុំ មុនី​រ័ត្ន នៅតែមាន​សេរីភាព​ជាធម្មតា និង​បាន​បង្ហោះ​សារ​ឌឺដង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទៅកាន់​ដើមបណ្តឹង​ទៀតផង ទើប​នៅ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២០ មេធាវី​តំណាង​ដោយ​អណ​ត្តិ​របស់លោក មាស ឡេង បានដាក់​ពាក្យស្នើសុំ​ដីកា​ស្វែងរក​ចាប់ខ្លួន​ទណ្ឌិត ភុំ មុនី​រ័ត្ន នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០ អយ្យការ​អម​សា​​លា​ដំបូង​រាជធានី​ភ្នំពេញ បាន​ពិនិត្យ​សំណុំរឿង​និង​ឯកសារ​ពាក់ព័ន្ធ ចប់សព្វគ្រប់​អស់ហើយ ក៏បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ឃុំខ្លួន ទណ្ឌិត ភុំ មុន្នី​រ័ត្ន ប្រគល់ជូន​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ទណ្ឌិត​រូបនេះ​រហូត​បានសម្រេច និង​បាន​បញ្ជូន​ទៅកាន់​ពន្ធនាគា​រ ដើម្បី​អនុវត្ត​ទោស​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែមីនា​ឆ្នាំ​២០២០ នេះ​រួចហើយ​៕​ដោយ​៖​កូ​ឡាប​

spot_img
×