Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះ​រកស៊ី​បំពាន​ច្បាប់​! ឃាត់ខ្លួន អ្នកលក់​ឧបករណ៍​ធ្វើតេស្តរ​កវី​រុស Covid-19 ដោយ​ខុសច្បាប់​ម្នាក់ នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ ៦

spot_img

​ភ្នំពេញ​៖ កងកម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​លក់​ឧបករណ៍​ធ្វើតេស្តរ​កវី​រុស Covid-19​តាម​ប្រព័ន្ធ​អន​ឡាញ ។ ស្ត្រី​រូបនោះ ឈ្មោះ វ៉ា វួ​ច​គៀង បាន ប្រើប្រាស់ page facebook មានឈ្មោះ Rama Brand Shop ​បង្ហោះ​ផ្សព្វផ្សាយ​លក់​ឧបករណ៍​ធ្វើតេស្តរ​កវី​រុស Covid-19 ហើយ បាន​រៀបរាប់ ថា គ្រាន់តែ​ជួយ​បង្ហោះ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដើម្បី​លក់​ឧបករណ៍​ខាងលើនេះ ឲ្យ​ឈ្មោះ ម៉ូ​នី​តា សុខ រស់នៅ​សហរដ្ឋអាមេរិក តែ​ប្រសិនបើ មាន​អ្នក​កុម្មង់​ទិញ ខ្លួន​នឹង chat ដើម្បី​ទទួល​ឥ​វ៉ាន់​យកមក​លក់​បន្ត​។

​ដោយ​ទទួលបាន​បទបញ្ជា​ពី លោក ជា ពិសី ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ និង​ជា​អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ ថ្ងៃអាទិត្យ ទី​២៩ ​ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង ១៨ និង ០០ នាទី គណៈបញ្ជាការ​ឯកភាព ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ លោកស្រី សួស សូលី​ដា ​អភិបាលរងខណ្ឌ ដោយ​មានការ​ការចូល​រួម​សម្របសម្រួល​ពី លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​ព្រមទាំង​មានការ​ចូលរួម​ពី លោក ស៊ូ សារ៉ាត់ នាយករង​រដ្ឋបាល​ខ​ណ្ឌ លោក ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ ​អធិការរង​ខណ្ឌ មន្ត្រីនគរបាល​ខណ្ឌ​-​សង្កាត់ និង​តំណាង​អាជ្ញាធរ​សង្កាត់ គីឡូម៉ែត្រ​លេខ​៦ បាន​ចុះទៅ​ដល់ទី​តាំង​មួយកន្លែង ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ លក់​ឧបករណ៍​ធ្វើតេស្តរ​កវី​រុស Covid-19 នៅ​ចំណុច​ផ្ទះជួល​លេខ​៥ ក្រុមទី​៦ ភូមិ​បឹង​ឈូក សង្កាត់ គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ដោយមាន​ឈ្មោះ វ៉ា វួ​ច​គៀង ភេទ​ស្រី អាយុ ២៦ ឆ្នាំ ​មុខរបរ​លក់​ឥ​វ៉ាន់​តាម​ប្រព័ន្ធ​អន​ឡាញ ជា​ម្ចាស់​ផ្ទះជួល​។ ឈ្មោះ វ៉ា វួ​ច​គៀង បាន ប្រើប្រាស់ page facebook មានឈ្មោះ Rama Brand Shop បង្ហោះ​ផ្សព្វផ្សាយ​លក់​ឧបករណ៍​ធ្វើតេស្តរ​កវី​រុស Covid-19 ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។​

​អភិបាលខណ្ឌ​ឫស្សីកែវ បាន​ថ្លែងថា ជា​លទ្ធផល គណៈបញ្ជាការ​ឯកភាព​ខណ្ឌ រកឃើញថា ឈ្មោះ វ៉ា វួ​ច​គៀង បាន​រៀបរាប់ថា ​ខ្លួន​គ្រាន់តែ​ជួយ​បង្ហោះ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដើម្បី​លក់​ឧបករណ៍​ខាងលើនេះ ឲ្យ​ឈ្មោះ ម៉ូ​នី​តា សុខ ប៉ុណ្ណោះ ​ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក តែ​ប្រសិនបើ មាន​អ្នក​កុម្មង់​ទិញ ខ្លួន​នឹង chat ទៅ Facebook មានឈ្មោះ Monita Sok ​ដើម្បី​ទទួល​ឥ​វ៉ាន់​យកមក​លក់​បន្ត​។ ប៉ុន្តែ​ជាក់ស្ដែង ឈ្មោះ វ៉ា វួ​ច​គៀង​នេះ ពុំទាន់​ទទួលបាន​ឧបករណ៍​នោះ​នៅឡើយ​ទេ​។​

​បច្ចុប្បន្ននេះ អធិការដ្ឋាន​នគរបាល​ខណ្ឌ បាន​នាំខ្លួន អ្នកលក់​តាម​ប្រព័ន្ធ​អន​ឡាញ​រូបនេះ ទៅកាន់​អធិការដ្ឋាន ដើម្បី​សួរនាំ​បន្តទៀត ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

​សូមបញ្ជាក់ថា នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល ​នៃ​ស្នងការ​រា​ធានី​-​ខេត្ត​ទូទាំងប្រទេស ស្រាវជ្រាវ និង​ចាប់​ឃាត់ខ្លួន និង​ឱសថស្ថាន​ណា ដែល​លក់​ឧបករណ៍​ធ្វើ​ធ្វើ​តេ​ស្តិ៍​រក​ជំងឺ Covid-19 ។​

​ការចេញ​បទបញ្ជា​នេះ​ធ្វើឡើង​បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ Covid-19 នៅ​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២០​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ប្រសាសន៍ថា​នាយកដ្ឋាន​ជំនាញ សហការ​ជាមួយ​ស្នងការ​រាជធានី​-​ខេត្ត​ទាំង​២៥ ​អនុវត្ត​បន្ទាន់ កន្លែង​ណា​ដែលមាន​លក់​ឧបករណ៍​ធ្វើ​តេ​ស្តិ៍​ខូ​វីដ​១៩ សុំ​ឃាត់​មនុស្ស ហើយ​ដកហូត​សម្ភារៈ​បន្ទាន់ ​ហើយ​រាយការណ៍​ឡើង​មកលើ​។ ចាត់ការ​បន្ទាន់​ភ្លាម​សហការ​ជាមួយ​ព្រះរាជអាជ្ញា​សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ​នៅ​ខេត្ត​នោះ​ផ្ទាល់​។​

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បាន​ថ្លែង​សារ​ប្រាប់​អ្នកសារព័ត៌មាន​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម នៅ​ថ្ងៃអាទិត្យ​នេះ​ថា ចំពោះ​ការលើកឡើង​ពី​ការប្រើប្រាស់ rapid test លើ​បុគ្គល​នីមួយៗ​ដោយ​ខ្លួនឯង​នោះ គឺ​ក្រសួងសុខាភិបាល​មិនទាន់​អនុញ្ញាត​នៅឡើយ​ទេ ដោយ​យើង​មិនទាន់ មានការ​បញ្ជាក់​ណាមួយ​នៅឡើយ​ពី​អង្គការ​សុខភាព​ពិភពលោក ក្នុងការ​អនុញ្ញាត​ឲ្យ​ប្រើ rapid test នេះ​។

​លោកជំទាវ​វេជ្ជបណ្ឌិត បាន​មានប្រសាសន៍ថា “​គេ​កំពុងតែ​បង្កើនល្បឿន​ក្នុងការ​ធ្វើ validation សង្ឃឹមថានឹង​ទទួលបាន​ការបញ្ជា​ក់នា​ពេល​ដ៏​ខ្លី​ខាងមុខ​។ ជាការ​ពិត បើ​អាច​ប្រើ​បានជា​ការល្អ​ណាស់​តែ​យើង​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ចម្លង​ចូលទៅក្នុង​សហគមន៍ ចំពោះ​ភាពមិន​ទាន់​ច្បាស់លាស់​នៃ​តេស្ត​នេះដែរ​”​។

​លោកជំទាវ បាន​លើកឡើងថា ប្រទេស​នីមួយៗ បាន​ខិតខំ​ផលិត​តេស្ត​បែបនេះ​ច្រើន​ហើយ​សុទ្ធតែ​ស្ថិតនៅលើ​ការសាកល្បង​ទាំងអស់​។

​យើង​បាន​គិតគូរ​ពី​បញ្ហា​នេះ មុននឹង​តេស្ត​ទាំងនេះ លេចមុខ​មក​ម្លេះ តែ​ដើម្បី​កុំ​ឲ្យ​មានការ​ថ្លោះធ្លោយ ដោយ​ជាយថាហេតុ​យើង​តែងតែ​ពិភាក្សា​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​។ ប្រសិនបើ​បុគ្គល​ម្នាក់ ដែលមាន​វីរុស​កូ​វីដ​១៩​តែ​ដល់​ធ្វើតេស្ត​រហ័ស​នេះ​ទៅ បែរជា​ឃើញ​មិនមាន​វីរុស​កូ​វីដ​១៩​ទៅវិញ អ្នក​ដែលមាន​វីរុស​នេះ​នឹងមាន​ការចម្លង​ទៅ​សហគមន៍​ដែល​ពិបាក​នឹង​គ្រប់គ្រង​ណាស់​។ អរគុណ​នូវ​រាល់​ការ​ផ្តល់យោបល់​លើ​បញ្ហា​នេះ​ខ្ញុំ​ក៏​ចង់​ជម្រាបជូន​ថា ក្រសួងសុខាភិបាល នឹង​យកចិត្តទុកដាក់​ជាទីបំផុត លើ​វិធានការ​និង​មធ្យោបាយ​នានា​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​វីរុស​កូ​វីដ​១៩​នេះ ក្នុងនោះ​ក៏មាន​របៀប​នៃ​ការធ្វើ​តេស្ត​បែប​រហ័ស​នេះដែរ ហើយ​យើង​សង្ឃឹមថា​នឹងមាន​ការណែនាំ​ឆាប់ៗ​នេះ នូវ​តេស្ត​ប្រភេទ​ណា បែបណា ដែល​យើង​អាច​យកមកប្រើ​ប្រាស់​បាន ប៉ុន្តែ​មិនមែន​សម្រាប់​ការផ្សាយ​លក់ដូរ​បែប​អនាធិបតេយ្យ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ពី​ក្រ​សូង​សុខាភិបាល​នោះដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×